
ទីប្រជុំជនអន្លង់វែង, ខេត្តឧត្តរមានជ័យ- នៅពេលកងទ័ពខ្មែរក្រហមក្មេងៗបានសម្រុកចូលក្រុងភ្នំពេញ និងដណ្តើមអំណាចកាលពី៤០ឆ្នាំមុន គិតត្រឹមថ្ងៃសុក្រនេះ ទីប្រជុំជនដាច់ស្រយាលនៅតាមបណ្តោយព្រំដែនខ្មែរថៃនេះបានស្ថិតនៅក្រោមរដ្ឋបាលក្មេងខ្ចីរបស់ខ្លួនអស់រយៈពេល៥ឆ្នាំហើយ។
ជាតំបន់ព្រៃស្ងាត់ជ្រងំនៅជាយដែនក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ទីប្រជុំជននេះមានតួនាទីតិចតួចក្នុងចលាចលដែលបន្ទាប់មកមានការឡើងកាន់អំណាចនៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥របស់ ប៉ុល ពត រហូតដល់ជនផ្តាច់ការដែលគេបណ្តេញចេញពីតំណែងរូបនេះតាំងទីលំនៅនៅទីនេះក្នុងឆ្នាំ១៩៩៣ ដោយនាំមកជាមួយគាត់នូវទាហានជាច្រើននាក់ ដែលបានជួយគាត់ដណ្តើមបានអំណាច។
ទីប្រជុំជននៅតំបន់អង្លង់វែងមានទាហានខ្មែរក្រហមរស់នៅច្រើននៅឡើយ ដែលអ្នកទាំងនោះកាលពីដើមទសវត្សរ៍ឆ្នាំ១៩៧០បានរត់ចូលព្រៃម៉ាគី ជាចលនាប្រឆាំងរបបសាធារណរដ្ឋ ដែលមានជាច្រើនក្រុម ក្នុងនោះមានខ្មែរក្រហមផងដែរ នៅតាមខេត្តនានា ដូចជាខេត្តកំពត បាត់ដំបង និងកំពង់ចាម។ ហើយនៅតែជាកន្លែងមួយក្នុងចំណោមកន្លែងពីរបីដែលការដួលរលំក្រុងភ្នំពេញ ជាអនុស្សាវរីយ៍ដ៏សប្បាយ។
អតីតទាហានថ្មើរជើង ឈ្មោះ ខន អាយុ៦១ឆ្នាំ ដែលរបួសពោះដោយសារគ្រាប់បាញ់ពីរថក្រោះ ពេលរុលចូលក្រុងភ្នំពេញពីខេត្តកំពតមកនោះបាននិយាយថា “ជាថ្ងៃមួយនៃការសប្បាយរីករាយ ជ័យជម្នះ និងអបអរសាទរ ពីព្រោះយើងសប្បាយដោយបានរំដោះប្រជាជនដែលរងការជិះជាន់ពីសំណាក់អ្នកមាន និងជួយអ្នកក្រ”។
លោក ខន ដែលមិនប្រាប់ឈ្មោះត្រកូលរបស់គាត់ បាននិយាយថា ថ្ងៃ១៧មេសា បាននាំមកនូវរយៈពេលមួយដែលការបែងចែកវណ្ណៈ ដែលគាត់ធំដឹងក្តីក្នុងគ្រួសារក្រីក្រ ត្រូវបានបំភ្លេចចោលមួយរយៈពេលខ្លី បើទោះជា បញ្ហានោះសម្រេចបានតាមរយៈការសម្លាប់គ្នាក៏ដោយ។
លោក ខន បាននិយាយថា “មានរឿងល្អនិងរឿងអាក្រក់។ ការសម្លាប់រង្គាលគឺជារឿងអាក្រក់ ប៉ុន្តែមិនមានអ្នកមានអ្នកក្រទេ ហើយគ្រប់គ្នាមានសិទ្ធិស្មើគ្នា”។
លោកបាននិយាយថា “យើងបានធ្វើពលិកម្មសាច់ឈាមស្រស់របស់យើង ប៉ុន្តែទីបញ្ចប់ យើងមិនបានជោគជ័យទេ។ យើងធ្លាប់ប្រើរបស់របររួមគ្នា ប៉ុន្តែឥឡូវនេះ ប្រជាជនរស់ជាក្រុមតូចៗ ឬតាមគ្រួសាររបស់ខ្លួន។
ក្រេបកាហ្វេបន្តិចនៅតូបអាហារមួយនៅជិតរង្វង់មូលធំរបស់ទីប្រជុំជននេះ ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០០ លោក ខន បានបន្ថែមថា “ខ្ញុំមិនចេះតែសប្បាយជាមួយនឹងបច្ចុប្បន្ននេះទេ”។
នៅផ្ទះចាស់របស់តាម៉ុក ជាមេបញ្ជាការយោធាខ្មែរក្រហមដ៏ព្រៃផ្សៃដែលសង់លើមាត់បឹងមានទស្សនីយភាពស្អាតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ទាហានម្នាក់ផ្សេងទៀតដែលរបួសពេលវាយចូលក្រុងភ្នំពេញ បាននិយាយថា ថ្ងៃនោះជាជ័យជម្នះលើចក្រពត្តិបរទេស។
លោក សាន រឿង អាយុ៦២ឆ្នាំ ដែលសព្វថ្ងៃមើលខុសត្រូវផ្ទះរបស់ តាម៉ុក ដែលជាកន្លែងទេសចរណ៍មួយនោះ បាននិយាយថា “ថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ជាថ្ងៃដែលខ្មែរក្រហមបានរំដោះក្រុងភ្នំពេញពីអាណានិគមអាមេរិក ព្រោះអាមេរិកបានគាំទ្រ លន់ ណល់ និងបានទម្លាក់គ្រាប់បែក៩លានតោនពីយន្តហោះបេ៥២ក្នុងរយៈពេលជាងបីឆ្នាំ”។
សំដៅដល់ប្រជាជនខ្មែរដែលរស់ក្នុងប្រទេសថៃ វៀតណាម និងកម្ពុជា លោក រឿង បាននិយាយថា “ប៉ុល ពត មានផែនការបង្រួបបង្រួមប្រជាជនខ្មែរទាំងបីក្រុម ពោលគឺ ខ្មែរលើ ខ្មែរក្រោម និងខ្មែរកណ្តាល”។
ដោយច្រានចោលគំនិតដែលថា ប៉ុល ពត ដួលរលំដោយសារការកាប់សម្លាប់និងបង្អត់អាហារប្រជាជន ដែលគេជឿថាមានមនុស្សស្លាប់ជាង១,៧លាននាក់នោះ លោកបាននិយាយថា “ក៏ប៉ុន្តែ ពេលវេលាមិនគ្រប់គ្រាន់ទេ។ ក្នុងពេលតែពីរឬបីឆ្នាំ យើងមិនអាចធ្វើបានសម្រេចទាំងអស់ទេ”។
លោក រឿង បាននិយាយថា “ប្រជាជនបានងាកមកគាំទ្រខ្មែរក្រហម។ ខ្មែរក្រហមដឹងថា ការសម្លាប់ប្រជាជនខ្មែរគឺមិនមែនជា ប៉ុល ពត ទេ ប៉ុន្តែគឺវៀតណាមជាអ្នកសម្លាប់។ ក្រោយពីឆ្នាំ[១៩៧៩] ប្រជាជនបានមើលឃើញយ៉ាងច្បាស់ ដូច្នេះហើយ ពួកគេបានគាំទ្រខ្មែរក្រហម”។
លោក រឿង បាននិយាយថា លោកមិនមានការសោកស្តាយក្នុងការជួយ ប៉ុល ពត និងខ្មែរក្រហមឲ្យមកកាន់អំណាចនៅខែមេសាឆ្នាំ១៩៧៥នោះទេ។
លោកបានបន្តទៀតថា “ខ្ញុំជាជនកម្មុយនិស្តទាំងគំនិតទាំងគោលជំហរ ហើយខ្ញុំបូជាជីវិតរបស់ខ្ញុំដើម្បីជាតិ។ ប្រសិនបើប្រទេសកម្ពុជានៅតែជាប្រទេសកម្មុយនិស្ត ប្រទេសនេះអាចការពារទឹកដីរបស់ខ្លួនបាន ពេលដែលអ្នកផ្សេងឈ្លានពាន…ព្រមទាំងអាចប្រយុទ្ធនឹងវៀតណាមហើយនឹងថៃបាន”។
អង្គុយនៅមុខផ្ទះខ្ទមប្រក់ស្បូវតូចមួយ ដែលជាលំនៅរបស់លោកលើដីឡូតិ៍មួយកន្លែង ធ្វើដំណើរប្រហែល១០នាទីពីទីប្រជុំជននោះ លោក ឈឹម ជា អាយុ៦៦ឆ្នាំ បាននិយាយថា លោកបានចូលក្រុងភ្នំពេញពីទិសខាងជើង ហើយបន្ទាប់មកបានជួយសម្របសម្រួលជម្លៀសប្រជាជនចេញពីក្បែរវត្តភ្នំ។
ក្រោយមកទៀត លោក ជា បានបន្តធ្វើជាទាហានរបបនេះ ហើយត្រូវគេបញ្ជូនទៅប្រយុទ្ធនៅព្រំដែនវៀតណាម ជាកន្លែងដែលលោកនិយាយថា លោកមិនបានដឹងអំពីការសម្លាប់ដែលបានកើតឡើងនៅផ្ទៃក្នុងប្រទេសទេ”។
លោកបាននិយាយថា “ដោយសារសង្គ្រាម យើងចាំបាច់ត្រូវជម្លៀសប្រជាជន…ហើយខ្ញុំមិនបានដឹងថា អង្គការតាមមូលដ្ឋានសម្លាប់ប្រជាជននោះទេ។ គេបញ្ជូនខ្ញុំទៅទប់ទល់នឹងសត្រូវ ប៉ុន្តែពេលដែលខ្ញុំត្រឡប់មកវិញ ពួកគេបានសម្លាប់ម្តាយ ឪពុក និងបងប្អូនប្រុសស្រីទាំងអស់របស់ខ្ញុំអស់ទៅហើយក្នុងពេលជាងបីឆ្នាំនេះ”។
ទោះជាដូចនេះក្តី លោក ជា បាននិយាយថា លោកមិនបន្ទោស ប៉ុល ពត ឬ មេដឹកនាំខ្មែរក្រហមផ្សេងទៀត ដែលលោកបានដើរតាមទៅអង្លង់វែងនោះទេ ប៉ុន្តែលោកជឿថា អ្នកដែលបានរត់ភៀសខ្លួនទៅវៀតណាមនិងបានត្រឡប់មកវិញដើម្បីផ្តួល ប៉ុល ពត ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ទាំងនោះ។
លោកបាននិយាយថា “ខ្មែរក្រហមមានពីរក្រុមខុសគ្នា គឺខ្មែរក្រហមខ្មែរ និងខ្មែរក្រហមវៀតណាម។ ខ្មែរក្រហមខ្មែរការពារប្រទេស រីឯខ្មែរក្រហមវៀតណាមសម្លាប់ប្រជាជនខ្មែរ”។
លោកបាននិយាយថា ខ្មែរក្រហមវៀតណាមជា “ខ្មែរដឹកនាំប្រទេសសព្វថ្ងៃនេះ”។
“ហ៊ុន សែន ជាខ្មែរក្រហម។ ហេង សំរិន ជាខ្មែរក្រហម។ ជា ស៊ីម ជាខ្មែរក្រហម…៉។
“ហេតុអ្វីសាលាក្តី[ខ្មែរក្រហម]មិនចាប់ខ្លួន ហ៊ុន សែន?”។
អតីតទាហានខ្មែរក្រហមផ្សេងទៀតបាននិយាយថា ពួកគេមានអារម្មណ៍ក្បត់ដោយបដិវត្តន៍ដែលបានសន្យាថានឹងនាំមកនូវអនាគតល្អប្រសើរដល់ប្រជាជនក្រីក្រដូចខ្លួន ប៉ុន្តែមិនយូរប៉ុន្មានបានធ្លាក់ចូលក្នុងជម្លោះផ្ទៃក្នុងច្របូកច្របល់ ពេលដែលភាគីរបស់ ប៉ុល ពត បានចាប់ផ្តើមចេញមុខក្នុងនាមជាមេដឹកនាំរបបនេះ។
លោក ចក់ ឈឿន អាយុ៦១ឆ្នាំ ដែលបានចូលរួមក្នុងព្រៃម៉ាគីក្នុងខេត្តកំពង់ចាមនិងបាននៅទីនោះនៅថ្ងៃដែលក្រុងភ្នំពេញដួលរលំ បាននិយាយថា “បន្ទាប់ពីការអបអរថ្ងៃ១៧មេសា ពេលដែលរណសិរ្សនេះបានចូលកាន់អំណាច របបនេះបានធ្វើមិនឲ្យមានអ្នកក្រ ហើយអ្វីៗគឺល្អ”។
លោក ឈឿន បាននិយាយថា “ថ្ងៃដែលសង្គ្រាមបានបញ្ចប់ មានការអបអរ។ កម្លាំងតស៊ូនិងទាហានសាធារណរដ្ឋខ្មែរបានមកជួបជុំគ្នាសប្បាយរីករាយនិងស៊ីផឹកទាំងអស់គ្នារួមមានទាំងប្រជាជនចូលរួមផងដែរ ដោយគិតថាសង្គ្រាមចប់ហើយ”។
លោកបាននិយាយថា “អ្វីទាំងអស់គឺស្មើភាពគ្នា ហើយយើងធ្វើការទាំងអស់គ្នាតាមសហករណ៍ស្រែចម្ការ ដោយផលបានពីការធ្វើស្រែចម្ការនិងចិញ្ចឹមសត្វត្រូវចែករំលែកគ្នា។ រណសិរ្សនេះបានសង្គ្រោះជីវិតប្រទេស តែបន្ទាប់មក ខ្មែរក្រហមបានមកតាំងខ្លួនជាមេដឹកនាំរបស់យើង”។
ទួន ភាព អាយុ៦៣ឆ្នាំ អតីតទាហានខ្ពស់ស្រដឺត ដែលឥឡូវមានផ្ទះថ្មធំមួយនៅជាយទីប្រជុំជនអន្លង់វែង បាននិយាយថា លោករីករាយដែលការច្បាំងគ្នា ដែលធ្វើឲ្យគាត់ដាច់ជើងម្ខាង បានបញ្ចប់។
លោក ភាព ដែលមិនព្រមនិយាយអំពីថ្ងៃដែលភ្នំពេញដួលរលំ បាននិយាយថា ៉ខ្ញុំតស៊ូជាង៣០ឆ្នាំ ប៉ុន្តែវាឥតប្រយោជន៍។ សង្គ្រាមបានធ្វើឲ្យខ្ញុំដាច់ជើងម្ខាង នេះជាលទ្ធផលនៃការចូលរួមតស៊ូអស់រយៈពេល៣០ឆ្នាំ”។
លោកបាននិយាយថា លោកបានចូលរួមជាមួយខ្មែរក្រហមក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានការបណ្តេញសម្តេច នរោត្តម សីហនុ ចេញពីអំណាច ដែលពេលនោះពួកកម្មុយនិស្តបានដើរកាត់តាមភូមិកំណើតរបស់លោកក្នុងខេត្តកំពង់ចាម អំពាវនាវដល់យុវជនឲ្យជួយស្តេចបានកាន់អំណាចវិញ ដើម្បីសង្គ្រោះប្រទេស។
លោក ភាព បាននិយាយថា “ខ្ញុំមិនមែនជាអ្នកយល់ដឹងជ្រៅជ្រះទេ ខ្ញុំគ្រាន់តែដើរតាមគេ ហើយបុព្វហេតុគឺសង្គ្រោះប្រទេស ដើម្បីអនាគតមនុស្សជំនាន់ក្រោយ”។ លោកបានបន្ថែមថា ជ័យជម្នះឆ្នាំ១៩៧៥បាននាំមកនូវលទ្ធផលផ្សេងខុសពីអ្វីដែលបានសន្យាទៅវិញ។
លោក ភាព បាននិយាយថា “ក្រោយថ្ងៃ[១៧មេសា] ខ្ញុំបានបាត់បង់ម្តាយ ឪពុក របស់ខ្ញុំ ហើយខ្ញុំមិនអាចធ្វើអ្វីបានទេ។ ខ្ញុំមិនសប្បាយចិត្ត ប៉ុន្តែតើយើងអាចធ្វើអ្វីបាន? យើងរស់នៅក្នុងស្រមោល[របស់ពួកមេដឹកនាំខ្មែរក្រហម] ហើយប្រសិនបើយើងប្រឆាំងនឹងពួកគេ យើងនឹងស្លាប់”។
លោកបាននិយាយថា “ចំពោះខ្ញុំ ខ្ញុំគ្រាន់តែជាទាសករម្នាក់ឲ្យពួកគេប្រើប៉ុណ្ណោះ។ សព្វថ្ងៃនេះ ខ្ញុំនិយាយប្រាប់កូនៗរបស់ខ្ញុំកុំឲ្យពាក់ព័ន្ធនឹងរឿងនយោបាយ”៕ និត