លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញថា ស្ថានីយទូរទស្សន៍ដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងជាលើកដំបូងនៅកម្ពុជា នឹងចាប់ផ្ដើមធ្វើការផ្សាយទូទាំងប្រទេសនៅត្រឹមដំណាច់ឆ្នាំនេះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ដោយពន្យល់ពីស្ថានីយទូរទស្សន៍នេះនឹងជាការផ្ដោតដ៏សំខាន់របស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ថ្មី ដែលត្រូវបានធ្វើកំណែទម្រង់នោះបានចាប់ផ្ដើមដំណើរការកាលពីសប្ដាហ៍មុនថា ” វានឹងចាប់ផ្ដើមនៅមុនដំណាច់ឆ្នាំនេះ”។
លោកបានមានប្រសាសន៍បន្ថែមថា ” យើងកំពុងតែស្វែងរកជម្រើសបច្ចេកទេសមួយចំនួន។ មួយគឺត្រូវជួលឧបករណ៍ជាជាងបង្កើតដោយខ្លួនឯង។ ឧបករណ៍ខ្លះ ឬអគារជាដើមអាចជួលគេ ដើម្បីធ្វើយ៉ាងណាឲ្យយើងអាចធ្វើការផ្សាយត្រឹមមុនដំណាច់ឆ្នាំនេះបាន។ វាមានពីរតំបន់ តំបន់ក្រុងយើងនឹងប្រើខ្សែកាបអ៊ុបទិក ហើយរលកសញ្ញានេះនឹងមានលក្ខណៈជា Digital។ រីឯនៅតំបន់ជនបទវិញ គឺយើងនៅប្រើតាមប្រព័ន្ធអាណាឡូក នៅឡើយ។ យើងបានស្នើឲ្យអ្នកបច្ចេកទេសរកជម្រើសដ៏ល្អបំផុតដែលអាចទៅរួច”។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នភាគច្រើនមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា ឬគ្រប់គ្រងទាំងស្រុងដោយសមាជិករបស់ខ្លួន រួមទាំងកូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
គណបក្សប្រឆាំងត្រូវបានរារាំងមិនឲ្យធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាអំឡុងការបោះឆ្នោតកាលពីឆ្នាំកន្លងទៅ ហើយការទទួលបានការសន្យាផ្ដល់អាជ្ញាប័ណ្ណទូរទស្សន៍គឺដោយសារតែមានកិច្ចព្រមព្រៀងនយោបាយ ដែលលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។
លោក សម រង្ស៊ី បានលើកឡើងទៀតថា ឥឡូវនេះយុទ្ធនាការរៃអង្គាសប្រាក់បានចាប់ផ្ដើមហើយ ដើម្បីជួយឲ្យមានការបើកស្ថានីយទូរទស្សន៍ដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំង និងដែលមានឈ្មោះជាបណ្ដោះអាសន្នថា ” ទូរទស្សន៍ព្រះអាទិត្យ” ជាឈ្មោះសំដៅទៅលើរូបសញ្ញាព្រះអាទិត្យរះដែលជារូបសញ្ញារបស់គណបក្សប្រឆាំងតែម្ដង។
លោកបានមានប្រសាសន៍ថា ” យើងនឹងធ្វើការអំពាវនាវដល់សាធារណជនដើម្បីសុំជំនួយ។ ឧបមាថា យើងត្រូវការដើមទុនប្រហែល៣លានដុល្លារ យើងនឹងចែកភាគហ៊ុន៣.០០០ភាគហ៊ុន ដោយភាគហ៊ុននីមួយៗមានតម្លៃ១.០០០ដុល្លារ ហើយយើងនឹងអាចប្រមូលបាន៣លានដុល្លារ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ” ដើម្បីឲ្យច្បាស់ វាមិនមែនគណបក្សតែម្នាក់ទេ [ដែលគ្រប់គ្រងស្ថានីយនេះ] វានឹងមានក្រុមហ៊ុនឯកជនមួយដែលមានទំនាក់ទំនងជាមួយគណបក្ស ប៉ុន្តែវាងនឹងមានការផ្សាយកម្មវិធីរបស់យើងមួយចំនួន”។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្សី ដែលកំពុងផ្ដល់ប្រឹក្សាដល់ស្ថានីយទូរទស្សន៍ប្រឆាំងថ្មីនេះ បានលើកឡើងថា ស្ថានីយនេះអាចនឹងចាប់ផ្ដើមដំណើរការឆាប់ៗនៅក្នុងរាជធានីភ្នំពេញប្រសិនបើប្រាក់អាចរៃអង្គាសបានគ្រប់គ្រាន់ក្នុងពេលឆាប់ៗ។
លោក សុខហួរ បានមានប្រសាសន៍ថា ” រឿងសំខាន់គឺត្រូវរៃអង្គាសប្រាក់នៅក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗដើម្បីចាប់ផ្ដើមដំណើរការរៃអង្គាសប្រាក់ ហើយនឹងមានព្រឹត្តិការណ៍ធំមួយនៅទីនោះនៅថ្ងៃទី៣០ ខែឧសភា។ និយាយពីផ្នែកបច្ចេកទេសវិញ យើងមានការរីកចម្រើនច្រើនហើយឥឡូវនេះ។ យើងដឹងឧបករណ៍ដែលត្រូវទិញ ហើយយើងមានការប្រកួតប្រជែង [តម្លៃ] ពីអ្នកផ្គត់ផ្គង់មួយចំនួន”។
លោក សុខហួរ បានបន្ថែមទៀតថា លោកមិនព្រួយបារម្ភខ្លាចក្រែងក្រុមហ៊ុនផ្សេងៗមិនមកធ្វើការផ្សព្វផ្សាយដើម្បីជៀសវាងថា មានទំនាក់ទំនងជាមួយគណបក្សប្រឆាំងនោះឡើយ ឬមិនខ្លាចក្រែងពីជម្លោះនយោបាយនៅថ្ងៃអនាគត ដែលនាំឲ្យអ្នកផ្សព្វផ្សាយដកខ្លួនពីស្ថានីយទេ។
លោកបានមានប្រសាសន៍ថា ” សំណួរនេះគួរតែត្រូវបានចោទសួរនៅក្នុងបរិបទនយោបាយចាស់ ប៉ុន្តែឥឡូវនេះយើងមានវប្បធម៌ចរចាគ្នា ហើយគ្មានជម្លោះរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងទៀតឡើយ ហេតុដូច្នេះអ្វីដែលយើងត្រូវធ្វើដើម្បីទាក់ទាញអ្នកមកផ្សព្វផ្សាយ គឺត្រូវបង្កើតកម្មវិធីល្អៗ។ យើងនឹងមានកម្មវិធីជជែកដេញដោលពាក់ព័ន្ធរឿងនយោបាយ កម្មវិធីព័ត៌មាន ការអប់រំ និងកម្មវិធីវប្បធម៌។ នៅពេលយើងមានទស្សនិកជនច្រើន អ្នកផ្សព្វផ្សាយនឹងមករកយើង”។
ប៉ុន្តែស្ថានីយទូរទស្សន៍របស់គណបក្សប្រឆាំងមិនមែនជាស្ថានីយថ្មីតែមួយគត់ ដែលនឹងឈានចូលក្នុងទីផ្សារនោះទេ ព្រោះថា ស្ថានីយទូរទស្សន៍ “PNN” របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាអ្នកជំនួញ និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាក៏នឹងបើកដំណើរការនៅខែក្រោយនេះដែរ នេះបើយោងតាមលោក សោម ឆាយ៉ា ដែលជានាយករងនៃស្ថានីយទូរទស្សន៍នេះ និងដែលធ្លាប់តែជាអ្នករិះគន់គណបក្សសង្គ្រោះជាតិនាពេលកន្លងមក។
លោក សោម ឆាយ៉ា បានមានប្រសាសន៍ថា ” យើងនឹងសាកល្បងចាប់ពីពាក់កណ្ដាលខែឧសភាទៅក្នុងរយៈពេល១ខែ ហើយបន្ទាប់មកយើងនឹងសម្ពោធ”។ លោកបានបន្ថែមថា អ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ “PNN” គឺនឹងមកពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
លោកបានមានប្រសាសន៍បន្ថែមថា ” ពួកគេមកពីកន្លែងជាច្រើនរួមមានដូចជា ស៊ីធីអិន ស៊ីអិនស៊ី ខេមបូឌា ដេលី ភ្នំពេញប៉ុស្តិ៍ និងវិទ្យុអាស៊ីសេរីជាដើម។ យើងនឹងធ្វើឲ្យស្ថានីយថ្មីនេះមានភាពពិសេសជាងស្ថានីយទូរទស្សន៍ចាស់ៗ ហើយអ្នកទាំងនោះដែលមិនដែលបង្ហាញមុខតាមទូរទស្សន៍នឹងលេចមុខតាមកញ្ចក់ទូរទស្សន៍របស់យើង”។
លោកបានមានប្រសាសន៍បន្ថែមថា ” យើងនឹងមានព័ត៌មានស៊ីជម្រៅ ប៉ុន្តែយើងនឹងមិនវាយប្រហារនរណាមួយ ឬញុះញង់ឲ្យកើតរឿងអ្វីឡើយ។ យើងនឹងធ្វើព័ត៌មានស៊ីជម្រៅដែលពលរដ្ឋចង់បាន”។
មុនកិច្ចព្រមព្រៀងនយោបាយកាលពីឆ្នាំមុន រដ្ឋាភិបាលតែងតែលើកឡើងម្ដងហើយម្ដងទៀតថា គ្មានហ្វ្រេកង់ទំនេរឡើយសម្រាប់គណបក្សសង្គ្រោះជាតិ ឬអ្នកផ្សេងដូចជាវិទ្យុប្រឆាំងរដ្ឋាភិបាលគ្រប់គ្រងដោយលោក ម៉ម សូណង់ដូ ជាដើម។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ទាក់ទិននឹងបញ្ហាថាតើហ្វ្រេកង់អាចនៅទំនេរសម្រាប់អ្នកផ្សេងទៀតដែរឬទេក្រោយពេលផ្ដល់ឲ្យគណបក្សសង្គ្រោះជាតិ និងលោកឧកញ៉ា លី យ៉ុងផាត់ រួច។
លោក សម រង្ស៊ី បានលើកឡើងទៀតថា លោកជឿជាក់ថា ការបើកដំណើរការស្ថានីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិនឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា ” ខ្ញុំមិនចង់ផ្ដល់មតិយោបល់ទាក់ទិននិងថាតើគណបក្សសង្គ្រោះជាតិគ្រប់គ្រងស្ថានីយទូរទស្សន៍នេះឬយ៉ាងណានោះឡើយ ប៉ុន្តែវាគឺជាប្រវត្តិសាស្ត្រលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលគណបក្សប្រឆាំងមានស្ថានីយទូរទស្សន៍។ ខ្ញុំគិតថា វាគឺជាសមិទ្ធផលមួយដ៏អស្ចារ្យ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)