27 C
Phnom Penh

រដ្ឋាភិបាល​ដោះ​ស្រាយ​វិវាទ​ដីធ្លី​​រយៈ​ពេល​ពីរ​ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីការចុះ​មករបស់​​លោក ហ៊ុន​ សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​តែ​ពីរថ្ងៃប៉ុណ្ណោះ​​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សន្យា​ដោះ​ស្រាយ​​វិវាទ​ដីធ្លី​ដែល​អូសបន្លាយ​២០ឆ្នាំ​មក​ហើយ​នៅក្នុងក្រុង​សៀម​រាបមក កាលពី​ថ្ងៃ​សុក្រមក ​រដ្ឋា​ភិបាលបាន​ចេញ​អនុក្រឹត្យ​​មួយ​បែង​ចែក​ដី​​ដែលមាន​វិវាទ​ទំហំ​​១១៥ហិកតារវាង​អ្នក​ភូមិ​ជាង​​៧០០​គ្រួសារ​។

សេចក្តី​សម្រេចដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន មាន​ខ្លឹម​សារ​ថា រដ្ឋាភិបាល​បានធ្វើការ​​ដោះ​ស្រាយ​​ដោយ​ផ្តល់​ដី​ទំហំ​១១៥,៤១ហិកតា​ដល់​អ្នកភូមិ​​៧៤៧​គ្រួសារ​នៅក្នុងសង្កាត់​ស្លក្រាមដែលនឹង​ត្រូវកាត់​ចេញពី​ដីសម្បទាន​ដែលផ្តល់ទៅ​ឲ្យ​​អាជ្ញាធរ​អប្សរា​កាលពី​ពីរ​ទស្សវត្សរ៍​កន្លង​មក។

សេចក្ដី​សម្រេច​នេះ​មាន​ខ្លឹមសារ​ថា ” រដ្ឋាភិបាល​​បាន​សម្រេច​ផ្ដល់​ដី​របស់​អាជ្ញាធរ​អប្សរា​ទៅ​ឲ្យ​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្តដើម្បី​បែង​ចែក​ដល់​គ្រួសារ​អ្នកភូមិ​នៅ​ក្នុង​សង្កាត់​ស្លក្រាម​”។

​អ្នក​ភូមិ​សរុប​១.១២០​គ្រួសារ​មាន​វិវាទ​ជាមួយ​អាជ្ញាធរ​អប្សរា​ ជា​ស្ថាប័ន​រដ្ឋាភិបាល​ដែល​​មើល​ការ​ខុស​ត្រូវ​ឧទ្យាន​បុរាណ​វត្ថុអង្គរ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក នៅ​ពេល​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​​ផ្ដល់​ដីទំហំ​១.០៧០​ហិកតា​ ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍។

លោក ខៀវ សត ចៅសង្កាត់​​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា គ្រួសារ​អ្នកភូមិ​មួយ​ចំនួន​ត្រូវ​បាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​​មុន​​ពេល​ការ​ចុះ​មក​តំបន់​នេះ​​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​ថា លោក​មិន​ចាំ​ថា​មាន​ប៉ុន្មាន​គ្រួសារ​ឡើយ។

លោក ឡុង កុសល អនុប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់​អាជ្ញាធរ​អប្សរា​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នឹង​អនុវត្ត​​តាម​អនុក្រឹត្យ​ថ្មី​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” អាជ្ញាធរ​អប្សរា​សូម​គាំទ្រ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​​ ដែល​ដឹក​នាំ​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយយើង​​នឹង​អនុវត្ត​​តាម​គោល​នយោ​បាយ​ និង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល”។

លោក ប៊ុន ថារិទ្ធ អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​​និង​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​​ ជាមួយ​មន្ត្រី​មក​ពី​អាជ្ញាធរ​អប្សរា​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​គ្រួសារ​ទាំង​នោះ​កាល​ពីថ្ងៃ​សៅរ៍។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ជួប​ជាមួយ​ប្រជាពល​រដ្ឋ​…​ហើយ​បាន​ប្រាប់​ពួក​គាត់​ឲ្យ​រៀបចំ​ឯកសារ​​ច្បាប់​ដើម្បី​ពួកគាត់​អាច​កាន់​កាប់​ដី​នៅ​ក្នុងសង្កាត់​ស្លក្រាម​ផ្លូវ​ការ​”។

លោក ថារិទ្ធ បាន​បន្ថែម​ថា អ្នកភូមិ​២៥៥​គ្រួសារ​នៅ​ក្នុងសង្កាត់​អំពិល ដែល​បាន​តសូ៊
​ជា​មួយ​អាជ្ញាធរ​អប្សរា​ជុំវិញ​ដី​មួយ​ក្បាល​ផ្សេង​ទៀត​នោះ ក៏​នឹង​ទទួល​បាន​ដី​​ដែល​កាត់​ចេញពី​ដី​សម្ប​ទាន​របស់​អាជ្ញាធរ​អប្សរា​ផង​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​វាស់​វែង​ដី​នេះ​រួច​ហើយ ហើយ​​យើង​នឹង​ផ្ដល់​ទៅ​ឲ្យ​គ្រួសារអ្នក​ភូមិ​បន្ទាប់ពី​ទទួល​បាន​អនុក្រឹត្យ​ពី​រដ្ឋាភិបាល​”។

លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា លោក​មិន​ដឹង​ថា​អនុក្រឹត្យ​នោះ​នឹង​ត្រូវ​បាន​ចេញ​នៅ​ពេល​ណា​នោះ​ឡើយ៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស