27.5 C
Phnom Penh

មេដឹកនាំ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​មន្ត្រី​គណបក្ស​កុម្មុយនីស្ត​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ៊នស៊ិនប៉ិច និង​លោក ញឹក ប៊ុនឆៃ អនុ​ប្រធាន​ទី២​បាន​​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន​កាលពី​ម្សិលមិញដើម្បី​ជួប​ជាមួយ​មន្ត្រី​មក​ពី​គណបក្ស​កុម្មុយនីស្ត​ចិន​ ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ដល់​គណបក្ស​រាជានិយមនេះ​​ជាយូរ​មក​ហើយ​។

ចិន​បាន​​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ចាប់​តាំង​ពី​គណបក្ស​នេះ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៨១​ ជា​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​ព្រះអង្គម្ចាស់ នរោត្តម សីហនុ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​បាន​បន្ត​ផ្ដល់​មូល​និធិ និង​ការ​បណ្ដុះ​បណ្ដាល​​នយោបាយ​ដល់​គណបក្ស​នេះ​។

គណៈប្រតិភូ​ជាច្រើន​រូប​ត្រូវ​បាន​ផ្លាស់​ប្តូរបទពិសោធន៍​​ដោយ​​គណបក្ស​ទាំងពីរ​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​​​ដំណើរ​លើក​នេះ​គឺ​ជា​ការ​ចេញ​ដំណើរ​លើក​ដំបូង​របស់​ព្រះអង្គម្ចាស់​ រណឫទ្ធិ ចាប់​តាំង​ពី​ព្រះ​អង្គ​បាន​យាង​មក​ដឹកនាំ​​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​វិ​ញ​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​ព្រះ​អង្គ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រធាន​គណបក្ស​កាលពី​ឆ្នាំ​២០០៦។

មាន​បន្ទូល​នៅ​សន្និសីទ​​កាសែត​ខ្លី​មួយ​មុន​ពេល​យាង​​ទៅ​ប្រទេស​ចិន ព្រះអង្គម្ចាស់​ រណឫទ្ធិ បាន​ច្រាន​ចោល​ការ​ដែល​ថា គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ជា​កម្លាំង​មិន​សំខាន់​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​ចាប់​តាំង​ពី​គណបក្ស​នេះ​បាន​បាត់​បង់​អាសនៈទាំង​អស់​នៅ​ក្នុង​សភា។

ព្រះអង្គ​ម្ចាស់​បាន​មាន​បន្ទូល​ថា គណបក្ស​រាជានិយម​នៅ​តែ​ដើរ​​តួនាទី​សំខាន់​ពាក់ព័ន្ធ​​នយោ​បាយ​ក្នុង​​​ប្រទេស​ និង​អន្តរជាតិ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ធ្វើបាន​។

ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​ថា ” គណបក្ស​ប្រឆាំង​ពឹង​ផ្អែក​ទៅ​លើ​វប្បធម៌​នៃ​ការ​ចរចា​ និង​ការ​ពិភាក្សា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​…​គណបក្ស​មួយ​ជា​ដៃគូ​ ហើយ​គណបក្ស​មួយ​ទៀត​ជា​គណ​បក្ស​ប្រឆាំង​។ គណបក្ស​ហ្វុ៊នស៊ិនប៉ិច​គឺ​ជា​ដៃគូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពួកគេ​​ជា​គណបក្ស​ប្រឆាំង​”។

មេដឹកនាំគណបក្ស​ហ្វុ៊នស៊ិនប៉ិច​បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ឆ្នាំ​មុន​ថា គណបក្ស​កុម្មុយនីស្ត​ចិន​បាន​បន្ត​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ប្រចាំ​ឆ្នាំ​ដល់​មន្ត្រី​រាជការ និង​យុវជន​របស់​គណបក្ស​ ព្រមទាំង​ផ្ដល់​កង់​អគ្គិសនី និង​ប្រាក់​សម្រាប់​ថ្លៃ​ជួលការិយាល័យ​​ និងការ​ចំណាយ​ផ្សេង​ៗ​ទៀត​​​។

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ សិរីរ័ត្ន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​បាន​មាន​បន្ទូល​ថា ព្រះអង្គ​មិន​ដឹង​​ពី​គោល​បំណង​ជាក់​លាក់​នៃ​ការ​យាង​​ដំណើរ​​នេះ​ទេ ប៉ុន្តែ​ថា ទំនាក់​ទំនង​ជិត​ស្និទ្ធ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​គណបក្ស​ហ្វុ៊នស៊ិនប៉ិច និង​ចិន​អំឡុង​សង្គ្រាម​ស៊ីវិល​នា​ទសវត្សរ៍​ឆ្នាំ​១៩៨០។

ព្រះអង្គម្ចាស់​​បាន​មាន​បន្ទូល​​បន្ថែម​ថា ” គណបក្ស​កុម្មុយនីស្ត​ចិន​មាន​ទំនាក់​ជិតស្និទ្ធ​បំផុត​ជាមួយ​យើង​ ហើយ​តែង​តែ​ជួយ​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​អំឡុង​ការ​តស៊ូ​របស់​យើង។ យើងរក្សា​បាន​ទំនាក់ទំនង​នោះ​រហូត​មកដល់​សព្វ​ថ្ងៃ​នេះ​ ហើយ​យើង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​ចំពោះ​​ពួក​គេ”។

ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ សិរីរ័ត្ន បាន​ពន្យល់​ថា ” ទោះ​ជាយ៉ាង​ណា មន្ត្រី​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​នឹង​ចេញ​ដំណើរ​ទៅ​​ប្រទេស​ចិន ហើយ​យើង​ទៅ​ទី​នោះ​ក្នុង​ឋានៈ​ស្មើ​គ្នា​ដូច​គណបក្ស​​ប្រជាជន​កម្ពុជា​ដែរ”។

​ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​ថា ” មន្ត្រី​​ចិន​ជួប​ពិភាក្សាជាមួយ​យើង​ក្នុង​ឋានៈ​ស្មើ​គ្នា”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស