34 C
Phnom Penh

នគរ​បាល​និង​ទាហាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​ស្វែង​រក​ចាប់​ខ្លួន​ទាហាន​ម្នាក់ ​ដែល​បាញ់​សម្លាប់​ប្អូន​ថ្លៃ​ស្រី ​និង​ម្តាយ​ក្មេក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា នគរ​បាល​និង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​កំពង់​ស្ពឺ​​កំពុង​ស្វែង​រក​​ទាហាន​​មាន​ប្រពន្ធ​ប្រាំ​មួយ​នាក់​ម្នាក់​​​ដែល​បាន​បាញ់​សម្លាប់​ប្អូន​ថ្លៃស្រី​និង​ម្តាយ​ក្មេក​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បន្ទាប់ពី​​បាន​ស្តីបន្ទោស​ប្រពន្ធ​ទី​២របស់ខ្លួន​​ចំពោះ​ការ​និយាយ​ជាមួយ​បុរស​ផ្សេង​​​កាល​ពី​ថ្ងៃ​មុន។

យោង​តាម​លោក គង់ គិន នាយ​ប៉ុស្តិ៍ឃុំ​បាន​ឲ្យ​ដឹង​ថា លោក សំ សុវណ្ណ អាយុ​៣៩ឆ្នាំ​​ជា​ព្រឹន្ទ​បាល​ទោ​​នៅ​កង​ពលធំលេខ​៣១នៃ​​កង​យោ​ធពល​ខេមរ​ភូមិន្ទ បាន​យក​កាំភ្លើង​អាកា-៤៧​របស់​ខ្លួន​បាញ់​ស្ត្រីទាំង​ពីរ​នាក់​នេះ​ចំ​ទ្រូងនៅ​ផ្ទះ​ដែលពួកគេ​រស់នៅ​ជាមួយ​ប្រពន្ធ​​របស់ខ្លួន​នៅក្នុង​ឃុំដំបូក​រូង​ ស្រុក​​ភ្នំស្រួច បន្ទាប់មក​បាន​រត់​គេ​ចខ្លួន​​ដោយ​ថ្មើរ​ជើង​។

លោក​បាន​មាន​ប្រសាសន៍​ថា “​លោក សំ សុវណ្ណ បាន​បាញ់​ប្អូន​ថ្លៃស្រី បន្ទាប់មក​​បាញ់​ម្តាយ​ក្មេក រួច​គេ​ចខ្លួន​ចូលព្រៃ​នៃភ្នំ​ថ្មពូន​។ យើង​បាន​ឡោម​ព័ទ្ធ​​តំបន់ព្រៃ​មួយ​ចំនួនភ្លាម​ៗ ប៉ុន្តែ​​យើងរក​បុរស​រូប​នេះ​មិន​ឃើញ​ឡើយ”។

លោក គង់ គិន បាន​បង្ហាញ​អត្ត​សញ្ញាណ​ជន​រងគ្រោះ​ថា ឈ្មោះ សំ ស្រីវិត អាយុ​៣១ឆ្នាំ និង​ស្ត្រី​ជាម្តាយ​ក្មេក​​ឈ្មោះ គង់ ហៅ អាយុ​៧៥ឆ្នាំ។

នាយ​ប៉ុស្តិ៍​ឃុំ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា លោក សុវណ្ណ បាន​រៀប​ការ​ជាមួយ​ស្ត្រី​៦នាក់​នៅ​ក្នុង​តំបន់​នេះ​ ប៉ុន្តែ​​ក្រោយ​មក​បាន​មក​រស់​នៅ​ជាមួយ​​ប្រពន្ធ​ទី​២ ឈ្មោះ គង់ ស្រីម៉ៅ អាយុ​៣៥ឆ្នាំ និង​ក្រុម​គ្រួសារ​របស់​នាង។

លោក​បានមាន​ប្រសាសន៍​ថា លោក សុវណ្ណ បាន​បាញ់ប្អូនស្រី របស់​ ស្រីម៉ៅ និង​ម្តាយ​នៅ​ផ្ទះ​របស់ពួកគេ​​តែម្តង​​នៅ​ពេល​បុរស​រូបនេះ​មក​និយាយជាមួយ​ប្រពន្ធរបស់ខ្លួន​ ហើយ​ដឹង​ថា នាងមិន​នៅ​ទីនោះទេ ដោយ​លោក​ពន្យល់ថា ជន​នេះ​បានស្តី​​បន្ទោស​ប្រពន្ធ​របស់​ខ្លួនកាលពី​ព្រឹក​ថ្ងៃសុក្រ​​ចំពោះការ​និយាយ​ជាមួយ​បុរស​ផ្សេង​ ហើយ​មាន​បំណង​ដោះស្រាយ​បញ្ហា​នេះ​​ជាថ្មី​ម្តង​ទៀត។

លោក គង់ គិន បាន​មាន​ប្រសាសន៍ថា “​បុរស​រូបនេះ​មិន​ទុក​ចិត្ត​ប្រពន្ធ​របស់ខ្លួន​ទេ ពី​​ព្រោះ​​ខ្លួនមាន​ប្រពន្ធ​ច្រើន”។

លោក សាយ ប៊ុនថន អធិការ​នគរបាល​ស្រុក​​បានមាន​ប្រសាសន៍ថា មន្ត្រី​របស់លោក​​កំពុង​ជួយ​ទាហាននៅ​​កង​ពល​ធំ​លេខ​៣១​ដើម្បី​ស្វែងរក​លោក សុវណ្ណ ដែលលោក​ចាត់​ទុក​ថា ជា​មនុស្ស​ស្រវឹង​ខួប និង​ជាប្តី​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា។

លោក ប៊ុនថន បាន​មាន​ប្រសាសន៍ថា “​មេបញ្ជាការ​កង​ពល​ធំ​លេខ​៣១​បាន​ទូរស័ព្ទ​ទៅ​បុរស​រូបនេះ​កាលពី​ម្សិលមិញ ដោយ​ព្យាយាម​បញ្ចុះ​បញ្ចូល​ជននេះ​ឲ្យ​ចូលខ្លួនមក​ទទួល​ទោស​។ ប៉ុន្តែ​​ជន​នេះ​បាន​បដិសេធ ហើយ​បាន​ប្រាប់​​មេបញ្ជាការ​រូបនេះ​ថា ប្រសិន​បើ​លោក​​បញ្ជូន​ទាហាន​ទៅ​ស្វែង​រក​គាត់ គាត់​នឹង​បាញ់សម្លាប់​ពួកគេ ហើយ​បន្ទាប់មក​សម្លាប់​ខ្លួន​ឯង”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​យើង​បាន​បញ្ជូន​ករណី​នេះ​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ហើយ”។

លោក​ ស៊ុម បូរ៉ា ស្នងការ​រង​នគរបាល​ខេត្ត​​បាន​មាន​ប្រសាសន៍ថា មន្ត្រី​របស់លោក​​ក៏កំពុង​ជួយ​ស្វែង​រក​លោក សុវណ្ណ ដែរ ហើយ​ថា លោក​បាន​ដាក់សំណើ​សុំ​​ដីកា​​ចាប់ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​។

គេមិន​អាច​ទាក់​ទង​​មន្ត្រី​នៅ​កង​ពល​ធំ​លេខ​៣១​បាន​ទេ៕សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស