យោងតាមអង្គការតស៊ូមតិសម្រាប់ជនភៀសខ្លួនបានឲ្យដឹងថា ជនស្វែងរកសិទ្ធិជ្រកកោនប្រហែល៥នាក់ក្នុងចំណោមជនស្វែងរកសិទ្ធិជ្រកកោនរាប់រយនាក់ ដែលប្រទេសអូស្ត្រាលីកំពុងឃុំខ្លួននៅលើប្រទេសដែនកោះណូរូនោះបានយល់ព្រមធ្វើជាអ្នកដំបូងគេដែលទទួលយកការផ្តល់ពីប្រទេសកម្ពុជាឲ្យតាំងទីលំនៅថ្មីនៅទីនេះ។
ប្រទេសអូស្ត្រាលីបានបដិសេធមិនទទួលយកជនស្វែងរកសិទ្ធិជ្រកកោនដែលព្យាយាមចូលប្រទេសរបស់ខ្លួនណាម្នាក់ឡើយ ហើយបានប្រើកញ្ចប់ជំនួយដែលមានទឹកប្រាក់៣១លានដុល្លារ កាលពីឆ្នាំមុនដើម្បី បញ្ចុះបញ្ចូលប្រទេសកម្ពុជាឲ្យយល់ព្រមផ្តល់លំនៅថ្មីសម្រាប់ជនស្វែងរកសិទ្ធិជ្រកកោនចំនួនមួយដែលមិនកំណត់ជំនួសខ្លួនវិញ។
កាលពីម្សិលមិញ លោក អៀន រិនថូល (Ian Rintoul) អ្នកតស៊ូមតិមួយរូបនៅសម្ព័ន្ធសកម្មភាពជនភៀសខ្លួន (Refugee Action Coalition) ដែលមានមូលដ្ឋាននៅទីក្រុងសីុដនី និងដែលកំពុងទាក់ទងជាមួយជនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសដែនកោះណូរូ បានលើកឡើងថា ជនស្វែងរកសិទ្ធិជ្រកកោនម្នាក់មកពីប្រទេសអីុរ៉ង់បានយល់ព្រមមកប្រទេសកម្ពុជា ហើយថា ជនស្វែងរកសិទ្ធិជ្រកកោនបួននាក់ទៀតមកពីប្រទេសភូមា និងស្រីលង្ការក៏ប្រហែលជាយល់ព្រមដែរ។
លោក រិនថូល បានលើកឡើងតាមរយៈអុីម៉េលថា “ខ្ញុំអាចត្រឹមតែបញ្ជាក់ថា ជនជាតិអីុរ៉ង់ម្នាក់បានយល់ព្រម ប៉ុន្តែ គេបានប្រាប់ខ្ញុំថា មានជនជាតិភាគតិចខ្លាតាមិលចំនួនបីនាក់ និងជនជាតិភាគតិចរ៉ូហីងយ៉ា ម្នាក់ក៏ប្រហែលជាយល់ព្រមដែរ”។
លោកបានលើកឡើងទៀតថា ជនស្វែងរកសិទ្ធិជ្រកកោនទាំងប្រាំនាក់នេះគឺសុទ្ធតែជាបុរស ហើយត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនផ្សេងៗដែលត្រូវបានឃុំខ្លួននៅលើប្រទេសដែនកោះណូរូនេះ។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលយល់ព្រមជួយជនភៀសខ្លួនណាដែលទទួលយកការផ្តល់លំនៅថ្មីនៅកម្ពុជាបានលើកឡើងថា ខ្លួនមិនអាចបញ្ជាក់អំពីអ្វីដែលលោក រិនថូល បានលើកឡើងនេះឡើយ។
យោងតាមកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី កម្ពុជាបានយល់ព្រមទទួលយកតែអ្នកដែលគេចាត់ទុកជាជនភៀសខ្លួនដែលទទួលបានសិទ្ធិរស់នៅលើប្រទេសដែនកោះណូរូ និងអ្នកដែលស្ម័គ្រចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារនៅមិនទាន់មានជនភៀសខ្លួនណាម្នាក់ចាប់អារម្មណ៍មកតាំងលំនៅថ្មីនៅប្រទេសកម្ពុជានៅឡើយនោះ លោក រិនថូល បានលើកឡើងថា ប្រទេសអូស្ត្រាលីប្រហែលជាព្យាយាមពន្លឿនដំណើរការរៀបចំពាក្យសុំសម្រាប់ជនស្វែងរកសិទ្ធិជ្រកកោនទាំងប្រាំនាក់នេះ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនជនស្វែងរកសិទ្ធិជ្រកកោននៅលើប្រទេសដែនកោះណូរូ កាលពីសប្តាហ៍មុនដោយបញ្ចុះបញ្ចូលថា ប្រទេសកម្ពុជាជាប្រទេសលំនៅថ្មីនោះ ប្រទេសអូស្ត្រាលីបានលើកឡើងថា ការធ្វើដំណើរជាលើកដំបូងរបស់ជនស្វែងរកសិទ្ធិជ្រកកោនមករាជធានីភ្នំពេញ នឹងចាប់ផ្តើមកាលពីម្សិលមិញ។ តែទោះជាយ៉ាងណា កាលពីព្រឹកម្សិលមិញ លោក ផេតធើ ដាត់ធិន (Peter Dutton) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបានលើកឡើងថា ការធ្វើដំណើរនេះ ត្រូវបានពន្យារពេល។
លោក រិនថូល បានមានប្រសាសន៍បន្ថែមថា” ក្តីព្រួយបារម្មណ៍របស់យើងគឺថា រដ្ឋាភិបាល [អូស្ត្រាលី] កំពុងព្យាយាមនាំមនុស្សឡើងយន្តហោះដើម្បីស្តារមុខមាត់ផ្នែកនយោបាយ ហើយព្រួយបារម្ភថា ជនស្វែងរកសិទ្ធិជ្រកកោនកំពុងត្រូវបានគេបង្ខិតបង្ខំឲ្យទទួលយកអ្វីដែលខ្លួនមិនចង់បាន ព្រោះពួកគេទទួលបានប្រាក់ជាច្រើន ដែលជាហេតុធ្វើឲ្យពួកគេយល់ឃើញថា ការទទួលយកប្រទេសកម្ពុជា គឺជាជម្រើសតែមួយគត់ដើម្បីធានាឲ្យពួកគេទទួលបានទិដ្ឋាការជនភៀសខ្លួននោះ”។
លោកបានលើកឡើងទៀតថា គេបានផ្តល់ប្រាក់រហូតដល់ចំនួន១១.៦៧៥ដុល្លារ ឲ្យជនស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសណូរូសម្រាប់ការយល់ព្រមមកប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ខ្លួនមិនបានដឹងអំពីបញ្ហានេះទេ។ រីឯអ្នកនាំពាក្យក្រសួងមហាផ្ទៃវិញក៏បានលើកឡើងផងដែរថា ខ្លួនក៏មិនទទួលបានព័ត៌មានថ្មីៗអំពីបញ្ហានេះដែរ។
លោក គឹម សារិន ប្រធានការិយាល័យជនភៀសខ្លួននៃនាយកដ្ឋានអន្តោប្រវេសន៍នៅ ក្រសួងមហាផ្ទៃបានលើកឡើងថា គណៈប្រតិភូកម្ពុជាចំនួនបីរូបបានចាកចេញទៅប្រទេសដែនកោះណូរូ កាលពីល្ងាចថ្ងៃអាទិត្យដើម្បីស្វែងរកអ្នកស្ម័គ្រចិត្ត ប៉ុន្តែ មិនបានជួបជាមួយជនស្វែងរកសិទ្ធិជ្រកកោនណាម្នាក់ឡើយ។
លោកបានមានប្រសាសន៍ថា “គោលដៅរបស់យើងគឺដើម្បីជួបជាមួយជនភៀសខ្លួន គឺមានន័យថា អ្នកដែលទទួលបានសិទ្ធិជាជនភៀសខ្លួនរួចហើយមិនមែនជនស្វែងរកសិទ្ធិជ្រកកោននោះទេ”។
គណៈប្រតិភូកម្ពុជាចំនួនពីររូបលើកមុន ដែលបានទៅប្រទេសណូរូនៅក្នុងឆ្នាំនេះបានត្រឡប់មកប្រទេសកម្ពុជាវិញដោយដៃទទេ។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យរបស់លោក ដាត់ធិន បានលើកឡើងថា ជនភៀសខ្លួនមួួយចំនួនបានសំដែងការចាប់អារម្មណ៍ក្នុងការមកប្រទេសកម្ពុជាហើយថា ក្រុមទី១នឹងមកដល់កម្ពុជា”ក្នុងពេលឆាប់ៗ” ។
លោក ដាត់ធិន បានប្រាប់វិទ្យុABC ថា ការធ្វើដំណើរមករាជធានីភ្នំពេញត្រូវបានពន្យារពេល គឺដោយសារតែ “បញ្ហាភស្តុភារ”។ លោកមិនបានពន្យល់ឲ្យបានច្បាស់ថា តើបញ្ហានោះជាអ្វីនោះឡើយ ប៉ុន្តែ បានចោទប្រកាន់អ្នកតស៊ូមតិសម្រាប់ជនភៀសខ្លួនថា បានរំខានដល់កិច្ចខិតខំប្រឹងប្រែងផ្តល់លំនៅថ្មីដល់ជនភៀសខ្លួន តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត។
លោកត្រូវបានគេដកស្រង់សម្តីមកថា “ទាក់ទិននឹងការអះអាងថា គេមិនបានរៀបចំធ្វើដំណើរនោះ គឺជារឿងខុស។ ខ្ញុំគិតថា យើងនឹងបង្ហាញឲ្យឃើញពីភាពជោគជ័យ ប្រសិនបើអ្នកទាំងនោះមកដល់ប្រទេសកម្ពុជា ប្រសិនបើពួកគេរៀបចំជីវិតថ្មីនៅទីនេះ។ ពួកគេនឹងអាចផ្ញើសារទៅវិញ ហើយខ្ញុំគិតថាអ្នកតស៊ូមតិសម្រាប់ជនភៀសខ្លួន និងអ្នកដែលព្យាយាមរំខានដល់ដំណើរការនេះ គឺសុទ្ធតែមានបំណងល្អ ប៉ុន្តែ បញ្ហានៅត្រង់ថា ពួកគេទទួលព័ត៌មានខុស”។
ការិយាល័យរបស់លោក ដាត់ធិន មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយឡើយ។ លិខិតពីការិយាល័យរបស់លោកដែលផ្ញើទៅកាន់ប្រទេសណូរូគឺរៀបរាប់អំពីជំនួយដល់ជនភៀសខ្លួនដែលយល់ព្រមមកតាំងទីលំនៅថ្មីនៅកម្ពុជានៅពេលដែលពួកគេមកដល់រាជធានីភ្នំពេញ។ ជំនួយទាំងនេះរួមមានដូចជាការផ្តល់ប្រាក់សុទ្ធដល់ដៃ គណនីធនាគារ ការធានារ៉ាប់រងសុខភាព ការបង្រៀនភាសា ការផ្តល់លំនៅបណ្តោះអាសន្នដោយឥតគិតថ្លៃ និងការជួយរកកន្លែងស្នាក់នៅ និងការងារអចិន្ត្រៃយ៍។ ហើយគ្រួសាររបស់អ្នកទាំងនោះអាចនឹងមករស់នៅជាមួយពួកគេបាន ដោយដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ហើយប្រសិនបើពួកគេមានកូននៅក្នុងប្រទេសកម្ពុជានោះ កូនរបស់ពួកគេក៏នឹងទទួលបានសញ្ជាតិខ្មែរដែរ។
ប៉ុន្តែ លិខិតនេះក៏បានធ្វើការអះអាងខុសមួយចំនួនដែរអំពីស្ថានភាពរស់នៅក្នុងប្រទេសកម្ពុជា។
លិខិតនេះអះអាងថា ពលរដ្ឋខ្មែរ “សុទ្ធតែមានសិទ្ធិសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ” រួមមានដូចជាការបញ្ចេញមតិយោបល់ដោយសេរី មិនប្រឈមនឹងអំពើហិង្សា ហើយមានស្តង់ដារថែទាំសុខភាពខ្ពស់។
គេហទំព័ររបស់ក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ដែលបានណែនាំភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជា ផ្ទុយទៅនឹងការអះអាងទាំងបីចំណុចនៅក្នុងលិខិតនេះ។ គេហទំព័រនេះបានលើកឡើងថា ជួនកាលនគរបាលបានឆ្លើយតបនឹងអ្នកតវ៉ាពាក់ព័ន្ធរឿងនយោបាយដោយប្រើកម្លាំង ហើយបានរៀបរាប់ពីភាពគ្រោះថ្នាក់មួយចំនួន និងបានចាត់ទុកការថែទាំសុខភាពជាទូទៅនៅកម្ពុជាថា មានស្តង់ដារ “អន់ណាស់”។
ក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបានបដិសេធមិនទទួលខុសត្រូវចំពោះការអះអាងខុសនៅក្នុងលិខិតនេះឡើយ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)