29 C
Phnom Penh

អ្នក​ជំនាញ​មាន​តួលេខ​ថ្មី​អំពី​ការ​ស្លាប់​ក្រោម​របប​ខ្មែរ​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា ក្រុង​ឡស អេនជិឡែស (UCLA) បាន ​ឲ្យ​ដឹង​ថា សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​អាមេរិក​ម្នាក់​និង​ជា​អ្នក​ប្រជា​សាស្ត្រ​ និយាយ​ថា លោក​បាន​រក​ឃើញ​កា​ប្រមាណ​ត្រឹមត្រូវ​បំផុត​សម្រាប់​ចំនួន​មនុស្ស​ដែល​ ស្លាប់​ក្រោម​របប​ខ្មែរ​ក្រហម ដោយ​លោក​បាន​កំណត់​តួលេខ​រវាង​១,២​លាន​ទៅ​២.៨​លាន​នាក់។

លោក ប៉ាទ្រិក ហឺវេលីន សាស្ត្រាចារ្យ​ផ្នែក​សង្គម​វិទ្យា​នៅ UCLA បាន​ទទួល​ស្គាល់​ថា ការ​ប៉ាន់​ប្រមាណ​របស់​លោក​គឺ​ទូលំ​ទូលាយ ប៉ុន្តែ​បាន​និយាយ​ថា វិធីសាស្ត្រ​របស់​លោក​បាន​បន្ថែម​ភាព​ស្របច្បាប់​ចំពោះ​លេខ​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ជា​ញឹក​ញាប់។

លោក ហឺវេលីន បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន ដែល​បាន​បង្ហោះ​តាម​វិបសាយ​របស់ UCLA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “មនុស្ស​ច្រើន​បំផុត​រាយការណ៍​ក្នុង​កម្រិត​ដែល​ឆ្លុះ​បញ្ចាំង​ភាព​មិន​ជាក់លាក់​ភ្ជាប់​ទៅ​នឹងបញ្ហា​នេះ។ ខ្ញុំ​ចង់​ផ្តល់​ភាព​ជឿ​ជាក់​ថា ​ចំនួន​ស្លាប់​សរុប​ពិតប្រាកដ​ស្ថិត​ក្នុង​កម្រិត​មួយ​ជាក់លាក់”។

យោង ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា លោក ហឺវេលីន ដែល​ការ​ស្រាវជ្រាវ​របស់​លោក​នឹង​មាន​ក្នុង​ការ​ចេញ​ផ្សាយ​នៃ​ទស្សនាវដ្តី​ ស្តីពី​ការ​សិក្សា​អំពី​ប្រជាជន​នៅ​ពេល​ខាង​មុខ​នេះ បាន​និយាយ​ថា ការ​ប៉ាន់​ប្រមាណ​ថ្មី​របស់​លោក​ខុសគ្នា​ពី​ការ​ប្រមាណ​មុនៗ ហើយ​ត្រឹមត្រូវ​ជាង ពីព្រោះ ការ​សិក្សា​នេះ​យក​ចំនួន​ដ៏​ធំ​នៃ​អថេរ​មក​គិត។

សេចក្តី​ប្រកាស​ព័ត៌មាន​និយាយ​ថា “អ្នក ​ធ្វើ​កិច្ចការ​នេះ​មុន​លោក បាន​យក​អថេរ​មិន​លើស​ពី​ប្រាំ​ទេ​មក​ពិចារណា ចំណែក​លោក​បាន​បញ្ចូល​៤៧​អថេរ។ ជា​សរុប លោក ហឺវេលីន បាន​សិក្សា​បន្សំ​១០.០០០​នៃ​៤៧​អថេរ”។

គំរូ ​ក្នុង​កុំព្យូទ័រ​របស់​លោក ហឺវេលីន បង្ហាញ​ថា មាន​ឱកាស​៩៥​ភាគរយ ដែល​ចំនួន​មនុស្ស​ស្លាប់​សរុប​ក្រោម​របប​ខ្មែរ​ក្រហម​នៅ​ចន្លោះ​១,២​ទៅ​២,៨​លាន ដោយ​ឱកាស​១៥​ភាគរយ មាន​តិច​ជាង​១,៥​លាន និង​ឱកាស​១៥​ភាគរយ មាន​ច្រើន​ជាង​២,២៥​លាន​នាក់។

ក្នុង ​របាយការណ៍​ឆ្នាំ​២០០៩ លោក​ស្រី អេវ៉ា តាបូ អ្នក​ប្រជាសាស្ត្រ​ម្នាក់​ដែល​ជួល​ដោយ​សាលាក្តី​ខ្មែរ​ក្រហម បាន​ពិនិត្យ​មើល​តួលេខ​ពី​១២​ប្រភព​ផ្សេង​គ្នា ក្នុង​នោះ​មាន​ទាំង​កិច្ចការ​ពីមុន​របស់​លោក ហឺវេលីន ផងដែរ ហើយ​បាន​កំណត់​ថា ទំនង​បំផុត​មាន​ចំនួន​មនុស្ស​ស្លាប់​រវាង​១,៧៤៧​លាន​នាក់​និង​២,២​លាន​នាក់ អំឡុង​របប​ខ្មែរ​ក្រហម។

ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “កម្ពុជា ឆ្នាំ​១៩៧៥-១៩៨២” អ្នក ​ប្រវត្តិសាស្ត្រ ម៉ៃឃើល វិឃើរី សរសេរ​ថា ការ​ប៉ាន់​ប្រមាណ​មាន​ភាព​ខុស​គ្នា ពីព្រោះ​ស្ថិតិ​ជាច្រើន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល ដូចជា​ចំនួន​ប្រជាជន​សរុប ពី​មុន​និង​ក្រោយ​សម័យ​ខ្មែរ​ក្រហម ក៏​មិន​ស៊ី​សង្វាក់​គ្នា​ដែរ។

លោក ហិនរី ឡូកាដ អ្នក​ប្រវត្តិសាស្ត្រ​បារាំង​ដែល​សិក្សា​អំពី​ប្រទេស​កម្ពុជា បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ ការ​ប៉ាន់​ប្រមាណ​មួយ​ថា​មាន​អ្នក​ស្លាប់​ប្រហែល​២​លាន​នាក់ ទំនង​ជា​ត្រឹមត្រូវ​បំផុត។

ដោយ​ពន្យល់​ថា គាត់​បាន​មក​ពី​ការ​វិភាគ​ដែល​ធ្វើ​ដោយ​លោក ម៉ារេក ស្លីវីនស្គី អ្នក​ប្រជាសាស្ត្រ​បារាំង លោក​បាន​និយាយ​ថា “វា ​មិន​មែន​មិន​អាច​ទៅ​រួច​ទេ​ដែល​ថា មាន​ជាង​ពីរ​លាន​នាក់​នោះ។ ប៉ុន្តែ ចំពោះ​ការ​អភិរក្ស​និង​សុវត្ថិភាព ពីរ​លាន​នាក់​គឺ​ជា​ការ​ប៉ាន់​ប្រមាណ​ប្រាកដ​ប្រជា”។

លោក ឡូកាដ បាន​និយាយ​ដែរ​ថា កម្រិត​ប្រមាណ​របស់​លោក ហឺវេលីន ទូលំ​ទូលាយ​ពេក​មិន​មាន​ប្រយោជន៍​ទេ។

លោក​បាន​និយាយ​ថា “ទូលំ​ទូលាយ​ណាស់ គ្មាន​ន័យ​ឡើយ។ អ្នក​មិន​អាច​បាន​ផល​ពី​នោះ​ទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស