32 C
Phnom Penh

រដ្ឋាភិបាល​ខក​ខាន​​ឱសានវាទ​​ដែល​​ខ្លួន​បាន​ដាក់​​​សម្រាប់​តារាង​តម្លៃ​ថ្មី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជិត​៣សប្ដាហ៍​ក្រោយ​ពី​បញ្ចេញ​តារាង​តម្លៃ​ផ្លូវ​ការ​​សម្រាប់​សេវា​​សាធារណៈ​ជាមូលដ្ឋាន ដូចជា​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ និង​​អត្តសញ្ញាណ​ប័ណ្ណ​​​ជា​ដើម​​ក្នុង​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​​​ មន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ទទួល​ស្គាល់ថា​ តម្លៃ​ថ្មី​ទាំង​នេះ​មិន​​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ។

តារាង​តម្លៃ​ថ្មី​ដ៏វែង​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា បាន​រៀបចំ​ជា​ប្រព័ន្ធ​នូវ​តម្លៃ​សេវា​មូលដ្ឋាន​ទាំង​អស់​ដែល​ផ្ដល់​ដោយ​ក្រសួង​មហាផ្ទៃ ហើយ​បានណែនាំ​មន្ត្រី​សាធារណៈ​កុំ​ឲ្យ​យក​តម្លៃ​ខុស​ពី​តម្លៃ​​កំណត់​ដោយ​ត្រូវ​​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​១ ខែ​មេសាទៅ។

ប៉ុន្តែ​រយៈ​ពេល​៣​សប្ដាហ៍​ក្រោយពី​​ឱសានវាទ​ដាក់​ដោយ​ខ្លួន​ឯង​​នេះ​ មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​ចាំបាច់​ត្រូវ​មាន​​នីតិវិធី​ និង​ការ​ណែនាំ​បន្ថែម​ទៀត​ មុន​ពេល​អាច​អនុវត្ត​តាម​បទ​បញ្ជា​​នៃ​តារាង​តម្លៃ​នេះ​បាន​។

លោក ម៉ៅ ច័ន្ទតារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា ” យើង​​ត្រៀម​នឹង​​អនុវត្ត​​វា​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​មាន​នីតិវិធី​មួយ​ដើម្បី​អនុវត្ត​។ នោះ​ជាមូលហេតុ​ដែល​នាយកដ្ឋាន​ភ័ស្តុភា​របស់​យើង​ដែល​ទទួល​​បន្ទុក​​លើ​ការ​ងារ​ប្រភេទ​នេះ​​ នឹង​រៀបចំ​កិច្ច​ប្រជុំមួយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា នៅ​ក្រសួង​​នេះ​ពាក់​ព័ន្ធ​​ការ​អនុវត្ត​ ដូច​ជាពេល​​ណា​យើង​នឹង​ចាប់​ផ្ដើម​អនុវត្ត ហើយ​ឯកសារ​ថ្មីអ្វី​ខ្លះ​ដែល​យើង​ចាំ​បាច់​ត្រូវ​ត្រៀម​ជា​ដើម​”។

លោក កែ សាវ៉ាត អនុប្រធាន​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា នាយកដ្ឋាន​របស់​លោក​​មិន​អាច​ចាត់​វិធានការ​ណាមួយ​បាន​ឡើយ រហូត​ទាល់​តែ​ខ្លួន​ទទួល​បាន​​ការណែនាំ​បន្ថែម​ពី​មន្ត្រីជាន់​ខ្ពស់​​ជាមុន​សិន​។ លោក​មាន​ប្រសាសន៍​ថា ” យើង​មិន​ទាន់​បាន​អនុវត្ត​​សេចក្ដី​ប្រកាស​នេះ​នៅ​ឡើយ​ទេ ពីព្រោះយើង​​​មិន​ទាន់​បាន​ឃើញ​ ឬ​ទទួល​បាន​ការ​ណែនាំ​ឲ្យ​អនុវត្ត​ពី​ថ្នាក់​លើ​របស់​យើង​នៅឡើយ”។

លោក សុន ឆ័យ តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​ថា ​លោក​ជឿ​ថា ការ​ពន្យារ​ពេល​នេះ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រសួង​នេះ​​ច្រើន​ជាង​កង្វះ​ការ​ណែនាំ​សមរម្យ​។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ” មាន​ជន​ពុក​រលួយ​ជាប់​ពាក់ព័ន្ធ​…។ វា​មិន​ងាយ​ស្រួល​ទេ​សម្រាប់ពួកគេ​ចេញពី​ទម្លាប់​ទទួល​ប្រាក់​ មុន​ពេល​ផ្ដល់​សេវា​ ឬ​ទទួល​ការ​សូកប៉ាន់​មុន​ពេល​ផ្ដល់​សេវា​។ ដំណោះ​ស្រាយ​គឺ​ត្រូវ​ដក​មន្ត្រី​ចាស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​នេះ ហើយ​ដាក់​មន្ត្រី​ដែល​មាន​សមត្ថភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ​ជំនួស​ពួកគេ​។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​តែ​យល់​ពីបញ្ហា​នេះ។ រដ្ឋាភិបាល​​ត្រូវ​តែ​​បោស​សម្អាត​ភាព​រញ៉េរញ៉ៃ​នៅក្នុង​ក្រសួង​ បើ​មិន​ដូច្នោះ​ទេ គំនិត​ផ្ដួច​ផ្ដើម​ថ្មី​នឹង​មិន​អាច​អនុវត្ត​បាន​ឡើយ​”៕ សុខុម​

(រាយការណ៍​បន្ថែម​ដោយ Anthony Jensen)​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស