លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់ក្រុមអ្នកគាំទ្រកាលពីម្សិលមិញថា ថ្វីបើគណបក្សរបស់លោកចូលរួមក្នុងវប្បធម៌ថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចក្ដី ក៏គណបក្សប្រឆាំងមួយនេះនៅតែខិតខំដើម្បីទម្លាក់រដ្ឋាភិបាល “កុម្មុយនីស្ត” ចេញពីអំណាចឲ្យបានតាមរយៈការបោះឆ្នោត។
លោកបានថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងខេត្តកំពង់ឆ្នាំងថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិកុំគួរភាន់ច្រឡំឲ្យសោះចំពោះឥរិយាបថរួសរាយរាក់ទាក់ថ្មីរវាងគណបក្សនយោបាយធំទាំងពីរដូចបានឃើញក្នុងសប្ដាហ៍កន្លងទៅ នៅពេលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានចូលរួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រារព្ធអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅក្នុងក្រុងសៀមរាប។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា ” បងប្អូនខ្លះក្នុងដំណាក់កាលនយោបាយចុងក្រោយនេះ មានការភាន់ច្រឡំ មានការមន្ទិលថាតើគោលនយោបាយ គោលដៅរបស់គណបក្សសង្គ្រោះជាតិទៅណា? គោលដៅរបស់គណបក្សសង្គ្រោះជាតិគឺដើម្បីឈានទៅដឹកនាំប្រទេស។ គោលដៅរបស់យើងគឺត្រូវធ្វើឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំនៅប្រទេសកម្ពុជាតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឲ្យបាន។ យើងត្រូវស្គាល់ឲ្យច្បាស់ថា ខ្លួនយើងជាអ្នកណា គណបក្សសង្គ្រោះជាតិនេះ? យើងជាអ្នកប្រជាធិបតេយ្យ ហើយគូប្រកួតរបស់យើងជាអ្នកណា? ជាពួកកុម្មុយនីស្ត។ កុំយល់ថាឥឡូវឃើញមេដឹកនាំជិតស្និទ្ធគ្នា អីបែបយើងដូរហើយ។ អត់ទេ គណបក្សសង្គ្រោះជាតិរក្សាគោលជំហរដដែល ប៉ុន្តែគណបក្សនយោបាយមួយៗមានយុទ្ធសាស្ត្រ យុទ្ធសាស្ត្រវាទៅតាមពេលវាលា ទៅតាមកាលៈទេសៈដើម្បីសម្រេចគោលដៅដែលយើងចង់បានទាំងអស់គ្នា”។
ក្នុងពេលថ្មីៗនេះ លោក ហ៊ុន សែន បានធ្វើល្អដាក់លោក សម រង្ស៊ី ប៉ុន្តែបែរជាធ្វើផ្ទុយពីនេះដាក់លោក កឹម សុខា ដោយអះអាងថា លោក កឹម សុខា មានបំណងប្រើប្រាស់មហាបាតុកម្មក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោកដោយខុសច្បាប់។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោក កឹម សុខា យល់ថាខ្លួនឯងកាន់តែឯកោខ្លាំងឡើង ដោយសារលោកបដិសេធមិនចូលរួម “វប្បធម៌សន្ទនា” ថ្មីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លោកបានមានប្រសាសន៍បន្តថា ” ពេលនេះ គឺជាចុងបញ្ចប់នៃជីវិតនយោបាយរបស់គាត់ហើយនៅក្នុងការជំទាស់អ្វីដែលគណបក្សប្រជាជនកំពុងធ្វើ ជាពិសេសវប្បធម៌នៃការសន្ទនារវាងសម្ដេចនាយករដ្ឋមន្ត្រី និងលោកប្រធាន សម រង្ស៊ី។ លោក កឹម សុខា ខ្លួនឯងកំពុងតែស្លន់ស្លោដោយសារតែសាធារណមតិជាតិ និងអន្តរជាតិបានបោះបង់គាត់ចោល”៕ សុខុម