35 C
Phnom Penh

បង​ប្អូន​ជីដូន​មួយ​ពីរនាក់​លង់​ទឹក​ស្លាប់​ក្នុង​ទន្លេ​ស្រែ​ពក​ក្នុង​ខេត្ត​រតនគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សាកសព​បងប្អូន​ជីដូន​មួយ​ពីរនាក់​ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​ទឹក​ទន្លេ​ស្រែពក​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី​​កាលពីព្រឹក​ម្សិលមិញ មួយ​ថ្ងៃបន្ទាប់ពី​ក្មេងប្រុស​ជំទង់​ទាំងពីរនាក់នេះ​បាន​បាត់​ខ្លួន​នៅ​ពេល​ក្រុម​គ្រួសារ​ជួបជុំគ្នា។

យោង​តាម​លោក ដែន ឧដន អធិការ​រង​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃអាទិត្យ ហង្ស នី​ អាយុ​១៧ឆ្នាំ និង​ ហ៊ុយ រតនៈ អាយុ​២០ឆ្នាំ​​បាន​ទៅ​លេង​កន្លែង​លំហែកាយ​ដ៏ពេញ​និយម​មួយ​ជាមួយ​ក្រុម​គ្រួសារ​​​ស្ថិត​នៅ​តាម​ដង​ទន្លេ​​ក្នុង​ភូមិ​​ដី​ឡូត៍ ឃុំ​ជ័យ​ឧត្តម​ ទីដែលពួកគេ​​ត្រូវ​បាន​គេ​ឃើញ​ចុងក្រោយ​​ហែល​ទឹក​ទន្លេ​លេង​នៅវេលា​ប្រហែលជា​ថ្ងៃត្រង់។

លោក​បានមាន​ប្រសាសន៍ថា “ក្មេងប្រុស​ជំទង់​ទាំងពីរនាក់នេះ​ត្រូ​វបាន​គេឃើញ​ហែល​ទឹក​លេង​នៅក្នុង​ទន្លេ​ស្រែពក ខណៈដែល​ឪពុកម្តាយនិង​សាច់ញាតិ​របស់ពួកគេ​​កំពុង​បរិភោគ​អាហារ​ថ្ងៃត្រង់”។

លោក​បានបន្ថែមថា រយៈពេល​បីម៉ោង​ក្រោយ​មក នៅពេល​ក្រុមគ្រួសារ​បាន​ចាកចេញ ទើប​ពួកគាត់​ដឹង​ថា បាន​បាត់​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នេះ។

លោក ឧដន បាន​មាន​ប្រសាសន៍ថា នគរបាល អាជ្ញាធរ​ឃុំ និង​អ្នក​ភូមិ​បាន​ដើរ​រក​បង​ប្អូន​ជីដូន​មួយ​នេះរហូត​ដល់ម៉ោង​​៩យប់​ថ្ងៃអាទិត្យ ប៉ុន្តែ​​រក​មិន​ឃើញ​ឡើយ​រហូត​ដល់​ព្រឹក​ម្សិល​មិញ​​ ទើប​សាក​សព​របស់​ពួកគេ​ត្រូ​វបាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ចម្ងាយ​ប្រហែល​១គីឡូ​ម៉ែត្រ​​ពី​កន្លែង​ដែល​ពួកគេ​ត្រូវ​បាន​ឃើញ​ចុង​ក្រោយ។

លោក​បានមាន​ប្រសាសន៍ថា “​បន្ទាប់ពី​ធ្វើកោសល្យ​វិច័យ ​សាក​សព​​មិនមាន​សញ្ញា​ណា​ត្រូវ​គេ​សម្លាប់ឡើយ ប៉ុន្តែ​​ពួកគេ​បាន​លង់​ទឹក​ទន្លេ​ស្លាប់”។

លោក​ ឆាយ ធី អ្នកសម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​​អាដហុក​ប្រចាំ​ខេត្ត​​នេះ​បានមាន​ប្រសា​សន៍​ថា សាកសព​ជន​រងគ្រោះ​​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​កាលពី​ម្សិលមិញ ដែល​រស់​នៅ​ទី​ប្រជុំជន​​ក្រុង​បាន​លុង​។

លោក​បានមានប្រសាសន៍ថា “​វាជា​ការ​​ក្រៀម​ក្រំណាស់ក្នុង​ការ​បាត់​បង់​​ក្មេង​ប្រុស​ជំទង់​ទាំង​ពីរ​នាក់​នេះដែល​ជា​សាច់ញាតិ​នឹង​គ្នា ប៉ុន្តែ​​ឪពុកម្តាយ​​ និង​អ្នកគ្រប់គ្រង​តំបន់​ទេសចរណ៍​ឥឡូវនេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ក្រើន​រំឭក​ក្មេង​ៗ​​ឲ្យ​ពាក់​អាវ​ពោង​​ឲ្យ​បាន​ត្រឹម​ត្រូវ​​នៅពេល​ពួកគេ​ហែល​ទឹក​លេង”៕សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស