31 C
Phnom Penh

ទាហាន​ដែល​បាញ់​សម្លាប់​ប្អូន​ថ្លៃស្រី និង​ម្តាយក្មេក​របស់ខ្លួន​​​កំពុង​សម្ងំ​លាក់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិល​​​មិញ​​​ នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​ចាប់​​​ផ្តើម​​​ល្បាត​​​តាម​​​ជើង​​​​ភ្នំ​​​ថ្មពូន​​​ ខណៈ​​​ដែល​​​ទាហាន​​​មួ​​​យ​​​ក្រុម​​​តូច​​​បាន​​​ចាប់​​​ផ្តើម​​​ស្វែង​​​រក​​ទាហាន​​​ប្រដាប់​​​អាវុធ​​​ម្នាក់​​​តាម​​​ជម្រាល​​​ព្រៃ​​​ក្រាស់​​​ដែល​​​​​​តាម​​​ចោទ​​​ថាទាហាន​​​រូប​​​នេះ បាន​​​បាញ់​​​សម្លាប់​​​ប្អូន​​​ថ្លៃ​​​ស្រី និង​​​ម្តាយ​​​ក្មេក​​​របស់​​​ប្រពន្ធ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ប្រពន្ធ​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។

យោង​​​​​​តាម​​​នគរ​​​បាល​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សំ វណ្ណ អាយុ​​​៤០​​​ឆ្នាំ​​​ជា​​​ព្រឹន្ទ​​​បាល​​​ទោ​​​នៅ​​​កង​​​ពល​​​ធំ​​​លេខ​​​៣១​​​នៃ​​​កង​​​យោធពល​​ខេមរភូមិន្ទ​​​បាន​​​យក​​​កាំ​​​ភ្លើង​​​អាកា-៤៧​​​របស់​​​ខ្លួន​​​បាញ់​​​ប្អូន​​​ថ្លៃ​​​ស្រី និង​​​ម្តាយ​​​ក្មេក​​​ចំទ្រូង​​​ បន្ទាប់​​​ពី​​​បុរស​​​រូប​​​នេះ​​​បាន​​​ទៅ​​​ដល់​​​ផ្ទះ​​​នៅ​​​ក្នុង​​​ឃុំ​​​ដំបូក​​​រូង​​​ស្រុក​​​ភ្នំ​​​ស្រួច ដើម្បី​​​ទៅ​​​និយាយ​​​ជាមួយ​​​ប្រពន្ធ​​​របស់​​​ខ្លួន ហើយ​​​បន្ទាប់​​​មក​​​​​​​​​មាន​​​កំហឹង​​​ពេល​​​ដឹង​​​ថា នាង​​​មិន​​​នៅ​ទី​​​នោះ​​​។

ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​បាន​​​​​​ស្លាប់​​​ភ្លាម​​​ៗ ហើយ​​​លោក សំ វណ្ណ​ ជា​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម ដែល​​​គេ​​​ដឹង​​​ថា ជា​​​មនុស្ស​​​ស្រវឹង​​​ខួប ហើយ​​​តែង​វាយ​​​ធ្វើ​​​បាប​​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នោះ​​​បាន​​​រត់​​​ចូល​​​​​​ក្នុង​​​ព្រៃ​​​នៃ​​​ភ្នំ​​​ថ្ម​​​ពូន។

លោក គង់ គិន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​នគរ​​​បាល​​​ឃុំ និង​​​នគរ​​​បាល​​​ស្រុក​​​ជាង​​​២០​​​នាក់​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ដើម្បី​​​ល្បាត​​​តាម​​​ជើង​​​ភ្នំ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​មិន​មាន​​​​ជំនាញនិង​កម្លាំង​គ្រប់គ្រាន់​​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​លោក សំ វណ្ណ នៅ​​​ក្នុង​​​ព្រៃ​​​ឡើយ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “វា​​ត្រូវ​​​ការ​​​មនុស្ស​​​យ៉ាង​​​តិច​​​២.០០០​​​នាក់​​​ដើម្បី​​​ឡោម​​​ព័ទ្ធ​​​ភ្នំ​​​ថ្មពូន​​​ទាំង​​​មូល ពីព្រោះ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ជា​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ ដែល​​​អាច​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ ប្រសិន​​​បើ​​​យើង​​​ចូល​​​ក្នុង​​​ព្រៃ​​​”។

លោក គង់  គិន បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​មួយ​​​ចំនួន​​​ក៏បាន​​​ឃ្លាំ​​​មើល​​​តាម​​​ភូមិមួយ​ចំនួន​​​​នៅជើង​​​ភ្នំ​​​ផងដែរ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ភូមិ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​។ គ្មាន​​​នរណា​​​ម្នាក់​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន​​​ទេ​​​ ពីព្រោះ​​​ពួក​​​គាត់​​​​គិត​​​ថា​​​ ជន​​​សង្ស័យរូបនេះ​​​​នឹង​​​ត្រឡប់មក​​​​វិញ​​​”។

មន្ត្រី​​​ទាហាន​​​ម្នាក់​​​នៅកង​​​ពល​​​ធំ​​​លេខ​​​៣១ ដែល​​​ប្រាប់​​​តែឈ្មោះថា ភាជ ពីព្រោះ​​​គាត់​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយនោះ​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ទាហាន​​​១២​​​នាក់​​​ កាល​​​ពីម្សិលមិញ បាន​​​​​​ចាប់​​​ផ្តើម​​​ស្វែងរក​​​លោក សំ វណ្ណ​ នៅ​​​តាម​​​ភ្នំ​​​ ដោយ​​​បំបែក​​​គ្នា​​​ជា​​​ក្រុម​​​តូច​​​ៗ ដើម្បី​​​តាម​​​រក​​​​ជន​​​នេះ​​​។

លោក​​​បាន​​​ពន្យល់ថា ទាហាន​​​ទាំង​​​អស់​​​ត្រូវ​​​ស្ងៀម​​​ស្ងាត់ ​​​ពីព្រោះ​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​ជន​​​សង្ស័យ​​​ឮសំឡេង​​​ពួកគេ​​​ ហើយ​​​បាញ់មក​​​លើ​​​ពួក​​​គេនោះឡើយ​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ព្រៃ​​​នេះ​​​មាន​​​ទំហំ​​​ជាង​​​១០០ហិកតាឯណោះ​​​​។ វា​​​មិន​​​មែន​​​ជា​​​តំបន់​​​តូច​​​ទេ​​​”។

កាល​​​ពី​​​ថ្ងៃអាទិត្យ​​​ លោក សាយ​​​ ប៊ុន​​​ថន អធិការ​​​នគរ​​​បាល​​​ស្រុក​​​ភ្នំ​​​ស្រួច បាន​​​មាន​​​ប្រសា​សន៍ ថា មេបញ្ជាការ​​​កង​​​ពល​​​ធំ​​​លេខ​​​៣១​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​លោក​​​ សំ វណ្ណ បន្ទាប​​​់​​​ពី​​​ជន​​​នេះ​​​បាន​​​រត់​គេច​​​ខ្លួន​​​ចូលព្រៃ​​​​ភ្នំ​​​ថ្ម​​​ពូន​​​ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​បន្តិច​​​ក្រោយ​មក​​​ ហើយ​​​បាន​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​ជននេះ​ឲ្យ​​​ចេញ​​​មក​​​ប្រគល់​​​ខ្លួន​​​។

លោក ប៊ុនថន បាន​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ ជន​នេះ​​​​បាន​​​បដិសេធ​​​ ហើយ​​​បាន​​​ប្រាប់​​​មេ​​​បញ្ជា​​​ការ​​​រូប​​​េនះ​​​ថា ប្រសិន​​​បើ​​​លោក​បាន​​​បញ្ជូន​​​ទាហាន​​​​​​ឲ្យ​​​ស្វែង​​​រក​​​ខ្លួន​​​ ខ្លួន​​​នឹង​​​បាញ់​​​សម្លាប់​​​ពួក​​​គេ​​​ទាំង​​​អស់​​​ ហើយ​​​បន្ទាប់​​​មក​​​សម្លាប់​​​ខ្លួន​​​ឯង​​​”៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស