ក្រុងព្រះសីហនុ-លើផ្លូវដីហុយសំពោងនៅជាយក្រុងកំពង់ផែនេះ យុវនារីរាប់ពាន់នាក់ និងយុវជនពីរបីរយនាក់បានធ្វើឲ្យកកស្ទះចរាចរណ៍ពេលល្ងាច នៅពេលដែលពួកគេដើរចេញពីរោងចក្រស្បែកជើង ញ៉ូ ស្តា (New Star Shoes)។
លោក អាត់ ធន់ ប្រធានសហជីពឯករាជ្យធំបំផុតនៅក្នុងប្រទេសកម្ពុជា បាននិយាយថា “ស្ទើរតែគ្មាននរណាម្នាក់មានអាយុលើសពី២៥ឆ្នាំទេនៅរោងចក្រនេះ។ វាល្អសម្រាប់ក្រុមហ៊ុន ពីព្រោះយុវនារីខ្លាចមិនហ៊ានរៀបចំសហជីព និងមិនមានកូន”។
កម្មករស្ទើរតែទាំងអស់ដែលព្រមឲ្យសម្ភាសកាលពីខែមុននៅហាងកាហ្វេមានមនុស្សអ៊ូអរនៅចិញ្ចើមផ្លូវក្បែររោងចក្រនេះ ក្នុងសង្កាត់១ បាននិយាយថា ពួកគេមានអាយុចន្លោះ១៦ឆ្នាំទៅ១៨ឆ្នាំ។
កម្មករអាយុ១៦ឆ្នាំម្នាក់ ដែលបានធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍ពីក្រោយម៉ាស៊ីនដេរ ញ៉ូ ស្តា បន្ទាប់ពីចាប់ផ្តើមធ្វើការនៅរោងចក្រនេះរយៈពេល៧ខែមកហើយ ដោយប្រើឯកសារសម្គាល់ខ្លួនក្លែងក្លាយ បាននិយាយថា “ខ្ញុំមិនសប្បាយចិត្តធ្វើការនៅទីនេះទេ ប៉ុន្តែខ្ញុំគ្មានជម្រើស”។
កម្មករអាយុ១៨ឆ្នាំម្នាក់ ដែលបានចាប់ផ្តើមធ្វើការនៅរោងចក្រ ញ៉ូ ស្តា ពេលនាងមានអាយុ១៧ឆ្នាំ បានបន្ថែមថា “យើងគ្មានជម្រើសទេ ព្រោះអីឪពុកម្តាយរបស់យើងក្រីក្រ ដូច្នេះយើងត្រូវបង្ខំចិត្តធ្វើការក្នុងរោងចក្រនេះ”។
អាយុស្របច្បាប់ធ្វើការបាននៅរោងចក្រក្នុងប្រទេសកម្ពុជាគឺ១៥ឆ្នាំ។ ប៉ុន្តែច្បាប់នេះចែងថា “យុវជន” ក្មេងជំទង់អាយុចន្លោះ១៥ឆ្នាំដល់១៧ឆ្នាំ មិនអាចធ្វើការលើសម៉ោង ឬក៏ធ្វើការធ្ងន់បានទេ ហើយត្រូវមានពេលឈប់សម្រាកយ៉ាងហោចណាស់១៣ម៉ោងក្នុងវេននីមួយៗ។
ដូច្នេះ ដូចរោងចក្រជាច្រើនទៀតដែរ ញ៉ូ ស្តា ដែលមានកម្មករប្រហែល៤.០០០នាក់ បានកំណត់អាយុត្រឹម១៨ឆ្នាំប៉ុណ្ណោះ។
ប៉ុន្តែយោងតាមលោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា ជាការអនុវត្តធម្មតានៅរោងចក្រ ញ៉ូ ស្តា និងរោងចក្រនៅទូទាំងប្រទេស ក្នុងការជួលកម្មករមិនគ្រប់អាយុដែលប្រើប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយដើម្បីតម្រូវអាយុ។
លោក តុលា បាននិយាយថា “ពីព្រោះម្ចាស់រោងចក្រមិនចង់ធ្វើតាមច្បាប់សម្រាប់កម្មករយុវជនទេ ពួកគេទទួលយកឯកសារក្លែងក្លាយ ហើយធ្វើពុតមិនដឹងថា កម្មករមានអាយុក្រោម១៨ឆ្នាំទេ”។
រោងចក្រ ញ៉ូ ស្តា របស់ថៅកែតៃវ៉ាន់ ផលិតស្បែកជើងឲ្យក្រុមហ៊ុនអន្តរជាតិល្បីៗ ក្នុងនោះមានក្រុមហ៊ុន GEOX ជាក្រុមហ៊ុនអីុតាលី ដែលមានហាង១.២២៥នៅទូទាំងពិភពលោក ដែលមានការលក់បានឡើងដល់៨៧៣លានដុល្លារកាលពីឆ្នាំមុន។ រហូតដល់ខែមករា រោងចក្រ ញ៉ូ ស្តា ក៏បានផលិតស្បែកជើងកីឡាអន្តរជាតិឲ្យក្រុមហ៊ុនអាសិកស៍ (Asics)។
ក្នុងផ្ទះខ្ទមប្រក់ស័ង្កសីមានមួយបន្ទប់ ស្ថិតនៅចម្ងាយជិះម៉ូតូតែពីរបីនាទីប៉ុណ្ណោះពីរោងចក្រនេះ លោក ថា ជាឪពុកកម្មករអាយុ១៧ឆ្នាំនៅរោងចក្រ ញ៉ូ ស្តា បានពន្យល់ពីភាពងាយស្រួលដែលគ្រួសាររបស់លោកទទួលបានប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ ដើម្បីគេចពីលក្ខខណ្ឌដែលតម្រូវអាយុរបស់រោងចក្រនេះ។
លោក ថា ដែលសុំមិនឲ្យចេញផ្សាយឈ្មោះពេញ ព្រោះខ្លាចក្រែងកូនស្រីរបស់លោកបាត់បង់ការងាររបស់នាងនោះបាននិយាយថា “កូនស្រីរបស់ខ្ញុំក្មេងណាស់មិនអាចធ្វើការនៅរោងចក្រ ញ៉ូ ស្តា នេះទេ ដូច្នេះយើងបានខ្ចីសៀវភៅគ្រួសារនិងសំបុត្រកំណើតពីគ្រួសារផ្សេង ដែលជារបស់អ្នកដែលមានអាយុច្រើនជាង”។
លោកបាននិយាយថា “គ្រួសារទាំងអស់ជួយគ្នាទៅវិញទៅមក”។
លោក ថា បាននិយាយថា កូនស្រីរបស់លោកគ្រាន់តែត្រូវទន្ទេញឯកសារក្លែងក្លាយនោះឲ្យចាំ ក្នុងនោះមានឈ្មោះ ទីកន្លែងកំណើត ថ្ងៃខែកំណើត និងឈ្មោះសមាជិកគ្រួសារថ្មីប៉ុណ្ណោះ មុនពេលត្រូវសួរដោយរដ្ឋបាលរោងចក្រម្នាក់ដើម្បីទទួលបានការងារធ្វើ។
លោក ថា បានប្រើរបៀបដដែលនេះសម្រាប់ក្មួយស្រីរបស់គាត់ ដែលមានអាយុ១៦ឆ្នាំ ពេលដែលនាងចាប់ផ្តើមធ្វើការនៅរោងចក្រ ញ៉ូ ស្តា កាលពីឆ្នាំមុន។
លោកបាននិយាយថា “ងាយស្រួលណាស់ក្នុងការខ្ចីប័ណ្ណសម្គាល់ខ្លួនពីនរណាម្នាក់ ពីព្រោះមិនមានរូបថតនៅលើសំបុត្រកំណើត ឬសៀវភៅគ្រួសារទេ”។
ដោយសារនាងត្រូវគេចាត់ទុកដូចកម្មករផ្សេងទៀតដែរនៅរោងចក្រ ញ៉ូ ស្តា នោះ កូនស្រីរបស់លោក ថា មិនទទួលបានការការពារខាងផ្លូវច្បាប់ ដែលកម្មករក្មេងៗមានសិទ្ធិទទួលនោះទេ។ នាងបាននិយាយនៅផ្ទះគ្រួសារនាងថា “ជួនកាលខ្ញុំអស់កម្លាំង ដៃហើម ពីព្រោះយើងត្រូវទាញបាតស្បែកជើងខ្លាំងៗ ដែលធ្វើឲ្យកដៃរបស់ខ្ញុំនិងដៃទាំងពីររបស់ខ្ញុំឈឺ”។
កូនស្រីរបស់លោក ថា និងអ្នករួមការងាររបស់នាងនៅរោងចក្រ ញ៉ូ ស្តា មានពេលមួយម៉ោងសម្រាប់អាហារថ្ងៃត្រង់ ប៉ុន្តែគ្មានការសម្រាកផ្សេងទៀតពេលថ្ងៃធ្វើការប្រាំបួនម៉ោងក្នុងមួយថ្ងៃនោះទេ។
នាងនិយាយថា “ប្រសិនបើយើងទៅបន្ទប់ទឹកញឹកញាប់ពេក មេក្រុមស្រែកដាក់យើង”។
ស្តង់ដារមិនប្រាកដប្រជា
លោក លីវីង លូ អ្នកគ្រប់គ្រងជាន់ខ្ពស់នៅរោងចក្រ ញ៉ូ ស្តា ខ័រភរ៉េសិន ជាក្រុមហ៊ុនធំរបស់ក្រុមហ៊ុន ញ៉ូ ស្តា ហ្សូ បាននិយាយថា ស្តង់ដាររបស់រោងចក្រក្នុងការពិនិត្យអាយុរបស់អ្នកដាក់ពាក្យធ្វើការ គឺ”ការសម្ភាសធម្មតានិងតេស្តផ្ទាល់មាត់” ដើម្បីឲ្យប្រាកដថា ព័ត៌មានលើឯកសារសម្គាល់ខ្លួនយ៉ាងហោចណាស់ពីរ គឺត្រឹមត្រូវ។
លោកបាននិយាយតាមរយៈអីុម៉េលថា “លក្ខខណ្ឌសម្រាប់ធ្វើការងារនៅពេលនេះគឺអាយុ១៨ឆ្នាំ”។
យោងតាមកម្មករនិងតំណាងសហជីពមួយចំនួនបានឲ្យដឹងថា លោក លូ បានបន្ទោសអាជ្ញាធរកម្ពុជាចំពោះភាពមិនស៊ីគ្នារវាងគោលនយោបាយរបស់រោងចក្រនិងអាយុពិតរបស់កម្មកររបស់ខ្លួន ដែលជួនកាលអាយុក្រោម១៥ឆ្នាំ។
កម្មកររោងចក្រ ញ៉ូ ស្តា ម្នាក់ ដែលផ្តល់ការសម្ភាសសម្រាប់អត្ថបទនេះ និងមិនប្រាប់ឈ្មោះរបស់នាង បាននិយាយថា នាងមានអាយុ១៤ឆ្នាំ។
លោក លូ បាននិយាយថា “ដោយសារការគ្រប់គ្រងខ្សោយលើឯកសារសម្គាល់ខ្លួនពីសំណាក់រដ្ឋាភិបាលកម្ពុជា កម្មករមួយចំនួនអាចទទួលបានលិខិតសម្គាល់ខ្លួនក្លែងក្លាយដោយងាយ។ ហើយស្ថានការណ៍នេះក៏ធ្វើឲ្យក្រុមហ៊ុនបរទេសមួយចំនួនមានអារម្មណ៍ខ្វល់ខ្វាយ”។
លោកស្រី អានដា ហ៊ុង ប្រធានទំនាក់ទំនងសាធារណៈនៅតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ GEOX បាននិយាយថា ក្រុមហ៊ុនរំពឹងថា អ្នកផ្គត់ផ្គង់ទាំងអស់របស់ខ្លួនប្រកាន់ខ្ជាប់តាមក្រមប្រតិបត្តិ និងកិច្ចព្រមព្រៀងរបស់ម្ចាស់រោងចក្រ ដែលមានការអនុវត្តតាមច្បាប់ក្នុងស្រុកផង។
លោកស្រី ហ៊ុង បាននិយាយថា “ការគោរពក្រមទាំងនេះពេញលេញចាំបាច់ធ្វើសហការជាមួយ GEOX។ ក្នុងករណីមិនគោរពទេ Geox នឹងបញ្ចប់កិច្ចសន្យា និងសហប្រតិបត្តិការ ហើយត្រូវបង់សំណង ក្នុងនោះរួមមានសំណងចំពោះមុខមាត់និងកេរ្តិ៍ឈ្មោះ”។
លោកស្រីនិយាយថា “យើងមិនមានភ័ស្តុតាងណាមួយទាក់ទិននឹងកម្មករមិនគ្រប់អាយុក្នុងរោងចក្រណាមួយទេ”។ លោកស្រីបន្ថែមថា Geox ទទួលទិញផ្ទាល់ពីរោងចក្រ ញ៉ូ ស្តា តាំងពីឆ្នាំ២០១១មកម៉្លេះ។
ទោះជាយ៉ាងនេះក្តី លោកស្រី មីណាកូ យ៉ូស៊ីកាវ៉ា មន្ត្រីទំនាក់ទំនងសាធារណៈរបស់ អាសិកស៍ (Asics) បាននិយាយថា ក្រុមហ៊ុនបានទទួលដំណឹងជាមុនអំពីការសង្ស័យថាមានពលកម្មកុមារនៅរោងចក្រ ញ៉ូ ស្តា កាលពីដើមឆ្នាំមុន ពីកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា (BFC) ជាកម្មវិធីរបស់អង្គការពលកម្មអន្តរជាតិ ដែលត្រួតពិនិត្យរោងចក្រកាត់ដេរនិងស្បែកជើងក្នុងប្រទេសនេះ។
ក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ លោកស្រីបាននិយាយថា “អាសិកស៍ បានគាំទ្របណ្តុះបណ្តាលការបង្ការពលកម្មកុមារ ដោយបង្រៀនដល់រោងចក្រកម្ពុជាទាំងអស់ (មានទាំង ញ៉ូ ស្តា ផងដែរ) ក្នុងការសហការជាមួយ BFC”។
ការដឹងជាទូទៅ
យោងតាមលោក រស់ ធឿន មន្ត្រីដែលធ្វើការស៊ើបអង្កេតពលកម្មកុមារដល់ទីកន្លែងសម្រាប់ BFC បានឲ្យដឹងថា នៅខែកុម្ភៈឆ្នាំមុន BFC បានរកឃើញកម្មករពីរនាក់ អាយុក្រោម១៥ឆ្នាំ នៅរោងចក្រ ញ៉ូ ស្តា ដែលត្រូវបានដកចេញពីរោងចក្រនេះ និងដាក់ក្នុង “កម្មវិធីស្តារសម្បទា” របស់ BFC។
លោកបាននិយាយថា “យើងជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលនានា ផ្តល់ឲ្យក្មេងស្រីទាំងនោះនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាការដេរប៉ាក់ កែសម្ផស្សជាដើម។ ប៉ុន្តែពួកគេ[អាច]ត្រឡប់[មករោងចក្រវិញ]នៅអាយុ១៥ឆ្នាំ”។
លោក ធឿន បាននិយាយថា កម្មករមិនគ្រប់អាយុទាំងពីរនាក់ដែល BFC បានរកឃើញនៅរោងចក្រ ញ៉ូ ស្តា ពិតជាបានត្រឡប់មករោងចក្រនេះវិញ ពេលដែលពួកគេមានអាយុ១៥ឆ្នាំ ទោះជាមានគោលការណ៍ដែលចែងរបស់ ញ៉ូ ស្តា ដែលតម្រូវឲ្យកម្មករត្រូវមានអាយុ១៨ឆ្នាំក៏ដោយ។
យោងតាមលោកស្រី យឹម ពេជ្រម៉ាលីកា មន្ត្រីគម្រោងជាន់ខ្ពស់របស់ BFC បានឲ្យដឹងថា មិនមានការចុះពិនិត្យវាយតម្លៃថែមទៀតដោយ BFC នៅរោងចក្រ ញ៉ូ ស្តា ទេ តាំងពីខែកុម្ភៈឆ្នាំ២០១៤មក ហើយគ្មានការកំណត់កាលបរិច្ឆទសម្រាប់ការចុះពិនិត្យទេ។
យ៉ាងណាក៏ដោយ លោកស្រី យឹម បាននិយាយថា គណៈកម្មការត្រួតពិនិត្យនេះបានរៀបចំ “សិក្ខាសាលាអន្តរក្រសួង”មួយនៅខែមិថុនា សម្រាប់នាយកដ្ឋានរដ្ឋាភិបាលដើម្បីពិភាក្សារកវិធីបញ្ឈប់ការប្រើលិខិតសម្គាល់ខ្លួនក្លែងក្លាយក្នុងវិស័យកាត់ដេរ។ លោកស្រីបាននិយាយថា វាមិនច្បាស់ ថាតើវិធានការណាមួយរបស់រដ្ឋាភិបាលកើតមកពីសិក្ខាសាលានេះទេ”។
លោក ដេវ វែល (Dave Welsh) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ជាក្រុមសិទ្ធិការងារមានមូលដ្ឋាននៅអាមេរិកបាននិយាយថា រោងចក្រនានាក្នុងប្រទេសនេះ និងក្រុមហ៊ុនម៉ាកល្បីៗដែលពួកគេទទួលបានទំនិញពីរោងចក្រទាំងនេះ ដឹងច្បាស់ថា ប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយជាបញ្ហាមួយក្នុងរោងចក្រកាត់ដេររបស់ប្រទេសនេះ ប៉ុន្តែកម្មករក្មេងៗនិងដែលព្រមធ្វើតាម មានលក្ខណៈងាយស្រួលសម្រាប់ថៅកែ។
លោកបាននិយាយថា “ក្រុមហ៊ុនម៉ាកល្បីណាមួយដែលនិយាយថា ពួកគេមិនដឹងអំពីទំនាក់ទំនងរវាងប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយនិងបញ្ហាកម្មករមិនគ្រប់អាយុ គឺជារឿងមិនពិត ឬក៏ទទួលស្គាល់ថា ពួកគេមិនអាចត្រួតពិនិត្យឧស្សាហកម្មដែលម៉ាកល្បីៗគ្រាន់តែវិនិយោគក្នុងរោងចក្រ២០ឬ៣០នោះទេ”។
លោក តុលា នៅ CLEC បាននិយាយថា ដោយសារភាពក្រីក្រមានជាទូទៅក្នុងប្រទេសនេះ ចៀសមិនផុតទេដែលគ្រួសារមួយចំនួននឹងជ្រើសរើសបញ្ជូនកូនស្រីរបស់ខ្លួនទៅធ្វើការនៅតាមរោងចក្រ ទាំងពួកគេនៅ “ក្មេង”នៅឡើយ។ លោកបានបន្ថែមថា ប៉ុន្តែមិនត្រឹមត្រូវទេចំពោះរោងចក្រក្នុងការអះអាងថាមិនដឹង ខណៈដែលរោងចក្រទាំងនោះរំលោភច្បាប់ ដោយមិនផ្តល់កិច្ចការពារត្រឹមត្រូវដល់កម្មករក្មេងៗទាំងនោះ។
លោកបាននិយាយថា “យើងយល់អំពីការខ្វះខាតរបស់គ្រួសារទាំងនោះ។ ប៉ុន្តែរោងចក្រឆ្លៀតកេងចំណេញពីការខ្វះខាតទាំងនោះ។ ការធ្វើជំនួញត្រូវតែគោរពលក្ខខណ្ឌសម្រាប់យុវជនក្មេងៗ ប្រសិនបើរោងចក្រទាំងនោះចង់ជួលពួកគេ”។តម្លាភាពគ្មានអានុភាព
សង្កត់បញ្ជាក់អំពីអ្វីដែលពួកគេកំពុងធ្វើដើម្បីធានាឲ្យមានលក្ខខណ្ឌត្រឹមត្រូវនៅតាមរោងចក្ររបស់ខ្លួនក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនម៉ាកល្បីៗនាំមុខគេ ដូចជា អាសិកស៍ ឡេវី ស្ត្រោ និង អាឌីដាស (Asics, Levi Strauss and Adidas) ជាញឹកញាប់លើកឡើងនូវការចូលរួមរបស់ខ្លួនជាមួយកម្មវិធីរោងចក្រល្អប្រសើររបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលផ្តល់របាយការណ៍ទៅក្រុមហ៊ុនម៉ាកល្បីៗ អំពីលក្ខខណ្ឌនៃរោងចក្រ ដែលពួកគេទិញទំនិញពីនោះ។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអាជ្ញាប័ណ្ណនាំចេញ រោងចក្រកាត់ដេរត្រូវចុះឈ្មោះចូលរួមកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា។ បច្ចុប្បន្នមានរោងចក្រកាត់ដេរ៥១៤បានចុះហត្ថលេខាជាមួយកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា ក៏ដូចជារោងចក្រស្បែកជើង១១ទៀតដែរ។
ទើបតែជាងមួយឆ្នាំមុននេះ ការរកឃើញពីការចុះពិនិត្យនៅរោងចក្រដោយ BFC ឲ្យបានតែរោងចក្រខ្លួនឯង និងក្រុមហ៊ុនម៉ាកល្បីៗដែលពួកគេផ្តល់ទំនិញប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តីបន្ទាប់ពីមានការស្លាប់កម្មករជំទង់ម្នាក់នៅរោងចក្រសម្ព័ន្ធរបស់ ញ៉ូ ស្តា គឺ វីង ស្តា នៅឆ្នាំ២០១៣ និងរបាយការណ៍សាលាច្បាប់ ស្តែនហ្វដឆ្នាំនោះដែលនិយាយអំពីលក្ខខណ្ឌនៅតាមរោងចក្រ គឺអាក្រក់ជាងពេលដែល BFC ចាប់ផ្តើមទៅទៀតនេះ ស្ថាប័នត្រួតពិនិត្យនេះទទួលរងសម្ពាធខ្លាំងឲ្យមានការបើកចំហថែមទៀត។
ដូច្នេះនៅចុងឆ្នាំ២០១៣ BFC បានចាប់ផ្តើមធ្វើសន្ទស្សន៍តម្លាភាពរបស់ខ្លួន។ ឥឡូវនេះ របាយការណ៍សង្ខេបត្រូវផ្សព្វផ្សាយលើវិបសាយ BFC ដោយបង្ហាញឲ្យដឹង ថាតើរោងចក្រមួយបានប្រឡងជាប់ ឬធ្លាក់ទាក់ទិននឹង ‘បញ្ហាសំខាន់’២១ ដែលមានចាប់ពីពលកម្មកុមាររហូតដល់ការរើសអើងនឹងសមាជិកសហជីព សុខភាព និងសុវត្ថិភាព និងការបើកប្រាក់ខែ។
យោងតាមនាយករងកម្មវិធី BFC លោកស្រី ខាមីលឡា រ៉ូម៉ាន បានឲ្យដឹងថា ប៉ុន្តែបញ្ហានៅសេសសល់មួយគឺការអនុវត្តច្បាប់ដែលជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ បើទោះជា BFC ផ្តល់ឲ្យរដ្ឋាភិបាលនូវសេចក្តីលម្អិតនៃរាល់ករណីពលកម្មកុមារដែលខ្លួនរកឃើញក៏ដោយ ក៏លោកស្រី រ៉ូម៉ាន និយាយថា អង្គការរបស់លោកស្រីមិនដឹងពីសកម្មភាពអនុវត្តច្បាប់ណាមួយឡើយ។
លោកស្រីបាននិយាយថា “នៅពេលនេះ យើងមិនមានព័ត៌មានណាមួយអំពីសកម្មភាពតាមដានរបស់ក្រសួងការងារទេ។ យើងចង់មានការទាក់ទងថែមទៀតជាមួយក្រសួងការងារ និងព័ត៌មានបន្ថែមអំពីសកម្មភាពតាមដាន ដែលពួកគេធ្វើ ពេលដែលយើងបញ្ជូនទៅឲ្យពួកគេនូវករណីដែលមានការអះអាងថាមានពលកម្មកុមារ”។
លោកស្រី រ៉ូម៉ាន បាននិយាយថា យោងតាម “របាយការណ៍សំយោគ” ចុងក្រោយរបស់ BFC បានឲ្យដឹងថា តែ៤ភាគរយប៉ុណ្ណោះនៃរោងចក្រដែលខ្លួនតាមដាន ត្រូវបានរកឃើញថាជួលកម្មករក្រោមអាយុ១៥ឆ្នាំ ប៉ុន្តែនេះទំនងជាការប៉ាន់ប្រមាណមិនគ្រប់ជ្រុងជ្រោយ។
លោកស្រីបាននិយាយថា “BFC ស៊ើបអង្កេតតែគំរូមួយ[នៃរោងចក្រ]ប៉ុណ្ណោះ ដូច្នេះ ការកើតមានជាទូទៅនៃពលកម្មកុមារ គឺទំនងជាច្រើនជាងទិន្នន័យរោងចក្របញ្ជាក់ប្រាប់ទៅទៀត”។
យោងតាមរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ផ្សព្វផ្សាយនៅខែមុន ដែលមានចំណងជើងថា “ធ្វើការប្រញាប់ឡើង ឬចាកចេញ: ការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា” បានឲ្យដឹងថា ធ្វើឲ្យបញ្ហាកាន់តែពិបាកថែមទៀតនោះ រោងចក្រមួយចំនួនលាក់កម្មករមិនគ្រប់អាយុ នៅពេលដែល “អ្នកចុះពិនិត្យ” ទៅដល់។
ក្មេងអាយុ១៥ឆ្នាំម្នាក់ ដែលបានចាប់ផ្តើមធ្វើការក្នុងរោងចក្រកាត់ដេរកាលពីអាយុ១៤ឆ្នាំ បានប្រាប់ក្រុមអ្នកស្រាវជ្រាវសម្រាប់របាយការណ៍ HRW ថា “ពួកគេបានប្រាប់ខ្ញុំឲ្យលាក់ខ្លួនក្រោមតុ ហើយដាក់គំនរខោអាវលើយើង។ យើងក៏ខ្លាចដែរថាយើងនឹងត្រូវគេដេញចោល។ ដូច្នេះយើងព្យាយាមខំនៅស្ងៀមនៅពេលដែលភ្ញៀវនៅទីនោះ”។
ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ដែលសម្ភាសដោយ HRW នៅរោងចក្រមួយទៀត បានប្រាប់អំពីហេតុការណ៍មួយកាលពីដើមឆ្នាំមុន។
ក្មេងស្រីនេះបាននិយាយថា “មួយថ្ងៃមុនពួកគេជិតមានភ្ញៀវមករោងចក្រ រោងចក្របានធ្វើការប្រជុំក្មេងៗទាំងអស់ដែលធ្វើការក្នុងរោងចក្រនេះ និងបានប្រាប់ក្មេងៗទាំងនោះថា កុំឲ្យមកធ្វើការ”។
“ហើយបន្ទាប់មក អ្នកចាត់ការរោងចក្របានសួរអាយុរបស់ខ្ញុំ ហើយពេលដែលខ្ញុំប្រាប់គាត់ គាត់បានប្រាប់ខ្ញុំឲ្យទៅផ្ទះនៅថ្ងៃនោះ”៕ និត