បន្ទាប់ពីមានវោហារសាស្ត្រជូរចត់និងអំពើហិង្សាជាច្រើនឆ្នាំ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ដែលទទួលបានការលើកលែងទោសថ្មីៗ បានត្រឡប់ពីការរស់នៅនិរទេសក្នុងប្រទេសបារាំង ដើម្បីប្រកាសការបញ្ចប់វប្បធម៌នយោបាយដែលឈ្នះចាញ់នៅប្រទេសកម្ពុជា និងការចាប់ផ្តើមថ្មីក្នុងទំនាក់ទំនងរបស់លោកជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក រង្ស៊ី បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំនៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីក្នុងក្រុងភ្នំពេញថា “យើងចង់បង្កើតវប្បធម៌ថ្មី ដែលជាវប្បធម៌សន្ទនា ហើយបោះបង់ចោលការវាយប្រហារគ្នា ក្នុងបំណងឲ្យមានជំហររួបរួមគ្នាដើម្បីការពារប្រយោជន៍ជាតិ”។
លោកបានមានប្រសាសន៍ថា “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យខ្ញុំប្រើគតិបណ្ឌិតដើម្បីជួយកសាងជាតិ”។
គឺនៅខែកុម្ភៈឆ្នាំ២០០៦ហើយ ការសាទរចំពោះ “វប្បធម៌សន្ទនា” ថ្មីដែលទទួលបានការសរសើរពីសំណាក់លោក រង្ស៊ី និង លោក ហ៊ុន សែន ដែលលុបបំបាត់ចោលប្រវត្តិនៃការមើលងាយគ្មានមេត្តាលើគូប្រឆាំងរបស់លោក គឺជាការអំពល់ចិត្តចុងក្រោយរបស់បក្សប្រឆាំង។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានមានប្រសាសន៍នៅពេលនោះថា “នេះជាវប្បធម៌ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដែលប្រមុខរដ្ឋាភិបាលចរចានឹងបក្សប្រឆាំង។ ពេលដែលខ្មែររៀននិយាយរកខ្មែរ គឺល្អសម្រាប់ប្រទេស”។
បីឆ្នាំក្រោយមក ក្នុងពេលមានបណ្តឹងរដ្ឋាភិបាលដ៏ច្រើនចំពោះសកម្មជននិងតំណាងរាស្ត្របក្សប្រឆាំង លោក រង្ស៊ី បានដកបង្គោលតម្រុយព្រំដែនវៀតណាម ក្នុងការតវ៉ាមួយ ហើយខ្លួនលោកបានជាប់បណ្តឹងព្រហ្មទណ្ឌ និងប្រឈមការជាប់ពន្ធនាគារមួយទសវត្សរ៍។ ជាថ្មីទៀត លោកបានភៀសខ្លួនទៅប្រទេសបារាំង ស្នាក់នៅទីនោះរហូតដល់ខែកក្កដាឆ្នាំ២០១៣ ខណៈដែលលោក ហ៊ុន សែន សប្បាយនឹងអំណាចលើសលុបគ្មានគូប្រៀប។
ឥឡូវនេះ ជិតមួយទសវត្សរ៍បន្ទាប់ពីការប្រកាសពីដំបូងរបស់លោក រង្ស៊ី នូវ “វប្បធម៌សន្ទនា” ពាក្យនេះស្ថិតនៅលើបបូរមាត់ជាថ្មីទៀត ដោយមេដឹកនាំបក្សប្រឆាំងលើកកម្ពស់គំនិតមួយប្រកបដោយសុទិដ្ឋិនិយមថា លោក ហ៊ុន សែន ជាមនុស្សកែប្រែ។
នៅអង្គរសង្ក្រាន្តក្នុងក្រុងសៀមរាបកាលពីសប្តាហ៍មុន លោក រង្ស៊ី បានអង្គុយញញឹមពីក្រោយលោកនាយករដ្ឋមន្ត្រី ស្តាប់សុន្ទរកថាដ៏វែងរបស់លោកនាយករដ្ឋមន្ត្រី ក្រោយមកទៀតអ្នកទាំងពីរដើរទស្សនាពិធីបុណ្យយ៉ាងសប្បាយជាមួយគ្នា ដោយពាក់មួកស្លឹកត្នោតទៀតផង។
លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងសុន្ទរកថារបស់លោក ដោយបែរទៅរកលោក រង្ស៊ី ថា “ប្រទេសយើងបានឈានដល់ចំណុចថ្មីមួយដោយមានវត្តមានឯកឧត្តម សម រង្ស៊ី …នៅវេទិកាថ្ងៃនេះ។ វប្បធម៌សន្ទនាបានកើតមានក្នុងប្រទេសកម្ពុជា ហើយជំនួសវប្បធម៌ឈ្លោះទាស់ទែងនិងសម្លាប់គ្នា”។
យោងតាមលោក សុខ ទូច អ្នកវិភាគនយោបាយបានឲ្យដឹងថា លើផ្ទៃមុខ អារម្មណ៍ថ្មីរបស់លោក ហ៊ុន សែន លេចឡើង បង្ហាញជំនឿមុតមាំថា ការបោះឆ្នោតជាតិឆ្នាំ២០១៨នឹងត្រូវប្រកួតគ្នាដណ្តើមយកអ្នកបោះឆ្នោតនិយមកណ្តាល ដែលមិនគាំទ្របក្សណាមួយ ហើយដែលចង់បានកំណែទម្រង់ខ្លាំង ប៉ុន្តែស្ទាក់ស្ទើរចំពោះការប្តូររបប។
លោក ទូច បានមានប្រសាសន៍ថា “វាជាវិធីមួយដើម្បីបានសន្លឹកឆ្នោតពីម្ចាស់ឆ្នោតគណបក្សប្រជាជនកម្ពុជានិយមកណ្តាលមួយចំនួន ដែលអាចពិចារណាអំពីការប្តូរទៅរកគណបក្សសង្គ្រោះជាតិ ក្នុងពេលដែលរដ្ឋាភិបាលត្រូវធ្វើការកែប្រែនិងធ្វើឲ្យប្រសើរឡើង បើពុំនោះទេ ខ្លួនអាចចាញ់ការបោះឆ្នោតលើកក្រោយ”។
លោកបាននិយាយថា “វាត្រឹមត្រូវដែរដែលភាគរយតិចតួចអាចរបូតចេញពីបក្សប្រឆាំង។ ពួកគេអាចលើកហេតុផលនិងប្រកួតប្រជែងគ្នាអំឡុងពេលបោះឆ្នោត ប៉ុន្តែឥឡូវ ពួកគេត្រូវតែធ្វើខ្លួនជាកីឡាករ ដើម្បីទទួលយកលទ្ធផលបោះឆ្នោត ទោះជាអ្នកណាឈ្នះក៏ដោយ”។
ក្រោមទស្សនៈបែបនេះ ការសម្រេចចិត្តរបស់លោក រង្ស៊ី ដែលអាចធ្វើឲ្យបាត់បង់អ្នកគាំទ្រមួយចំនួន ដោយការស្និទ្ធស្នាលនឹងលោក ហ៊ុន សែន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីបង្ហាញថា វប្បធម៌ហិង្សានយោបាយចាស់និងការបែកបាក់ ពិតជាមិនអាចកើតឡើងទេ។
លោក ធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក និងជាមេដឹកនាំសង្គមស៊ីវិលលេចធ្លោម្នាក់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកបានមានប្រសាសន៍ថា “ឥឡូវនេះមានរបៀបដោះស្រាយថ្មីពីបក្សប្រឆាំង”។
លោក សារ៉ាយ បានមានប្រសាសន៍ថា “ពេលនេះ ខ្ញុំគិតថា លោក សម រង្ស៊ី មានលក្ខណៈស្និទ្ធស្នាលជាងមុន ហើយកំពុងព្យាយាមមិនរិះគន់គណបក្សប្រជាជនកម្ពុជាខ្លាំងៗទេ ដើម្បីព្យាយាមបង្កើតឲ្យមានការផ្ទេរអំណាចដោយរលូន ប្រសិនបើគណបក្សប្រឆាំងឈ្នះក្នុងការបោះឆ្នោតលើកក្រោយ”។
“លោក ហ៊ុន សែន កំពុងព្យាយាមបង្ហាញថា គណបក្សប្រឆាំងគាំទ្រសេចក្តីសម្រេចរបស់លោក ថាលោកព្យាយាមស្វែងរកការសម្របសម្រួល និងថា បក្សប្រឆាំងគឺមិនខុសគ្នាខ្លាំងពីលោកទេ”។
ចំពោះលោក រង្ស៊ី ការមានទំនាក់ទំនងល្អូកល្អិនជាថ្មីជាមួយលោក ហ៊ុន សែន គឺតាមពិត ជំរុញដោយជំនឿស្មោះត្រង់ថា លោកនាយករដ្ឋមន្ត្រីអាចទទួលការលួងលោមទៅក្នុងអារម្មណ៍ប្រជាធិបតេយ្យ និងជឿជាក់ ក្នុងការប្រគល់អំណាច ប្រសិនបើលោកចាញ់នៅឆ្នាំ២០១៨មែននោះ។
លោក រង្ស៊ី បានមានប្រសាសន៍ក្នុងអីុម៉េលកាលពីថ្ងៃច័ន្ទថា “ខ្ញុំធ្លាប់ស្អប់ លោក ហ៊ុន សែន ដូចដែលខ្ញុំស្អប់ជនផ្តាច់ការលើពិភពលោកដូច្នោះដែរ។ ប៉ុន្តែ ថ្មីៗនេះខ្ញុំនឹកឃើញថា ខ្ញុំមិនគួរស្អប់ខ្ពើមនរណាម្នាក់ទេក្នុងនាមជាមនុស្ស ទោះជាពួកគេអាក្រក់យ៉ាងណាក៏ដោយ ប៉ុន្តែ ខ្ញុំស្អប់និងប្រឆាំងតែឧក្រិដ្ឋកម្ម ដែលមនុស្ស ‘អាក្រក់’ បានប្រព្រឹត្តប៉ុណ្ណោះ។
លោកបានបន្ថែមថា “ខ្ញុំដឹងថា សូម្បីសត្វចម្លែកក៏អាចមានអារម្មណ៍មនុស្សជាតិដែរ។ បញ្ហាប្រឈមបំផុត គឺត្រូវជួយមនុស្សឲ្យចម្រើនលូតលាស់គ្រប់ទីកន្លែង”។
“ពេលណាអ្នកគ្មានការស្អប់ខ្ពើមក្នុងខ្លួន ពេលនោះអ្នកក៏គ្មានអារម្មណ៍ភ័យខ្លាចដែរ ហើយសេរីភាពថ្មីនេះ ធ្វើឲ្យលោកអ្នកចាប់ផ្តើមធ្វើអ្វីមួយ ដែលលោកអ្នកមិនដែលគិតដល់ពីមុនមក ដូចជាការចូលរួមសន្ទនាជាមួយអតីតសត្រូវអាក្រក់បំផុតរបស់អ្នកជាដើម”។
ប៉ុន្តែ លោក ដេវិដ ឆាណ្ឌល័រ (David Chandler) ជាអ្នកប្រវត្តិសាស្ត្រដ៏ល្បីអំពីប្រទេសកម្ពុជា និងជាសាស្ត្រាចារ្យកិត្តិយស នៅសាកលវិទ្យាល័យម៉ែលប៊ិន បានមានប្រសាសន៍ថា សុទិដ្ឋិនិយមរបស់លោក រង្ស៊ី ផ្ទុយគ្នានឹងបទពិសោធអតីតកាលជាមួយលោក ហ៊ុន សែន ដែលលោកបានមានប្រសាសន៍ថា ទំនងជាប្រើមេដឹកនាំគណបក្សប្រឆាំងរូបនេះជាវ៉ាល់សម្ពាធ ដើម្បីដោះស្រាយភាពទោមនស្សកាន់តែច្រើនឡើងនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣កន្លងមកនេះ។
លោក ឆាណ្ឌល័រ បានមានប្រសាសន៍ថា “តាមពិតទៅ លោក ហ៊ុន សែន ជាអ្នកលេងអុក មិនបានធ្វើអ្វីមួយដែលបន្ធូរបន្ថយ ឬគំរាមកំហែងពីចម្ងាយលើការគ្រប់គ្រងល្បែងរបស់លោកឡើយ។ លោកអាចគិតថា ការមានវត្តមានលោក រង្ស៊ី ដែលស្តាប់តាមនិងដែលមានសង្ឃឹមនៅក្នុងក្រុមចម្រុះដែលគ្រប់គ្រងដោយ ហ៊ុន សែន នឹងដោះស្រាយបញ្ហាបក្សសង្គ្រោះជាតិ”។
លោក ឆាណ្ឌល័រ បានមានប្រសាសន៍បន្តថា “តាមពិត បញ្ហាគឺចេញពីប្រអប់នយោបាយបោះឆ្នោត គណបក្សនានា។ល។ និងមានភាពច្រាស់ច្រាលនិងការមិនពេញចិត្តដែលកើតឡើងជាទូទៅ ជំរុញដោយសារព័ត៌មានបណ្តាញសង្គម និងតាមវិធីដែលកម្ពុជាត្រូវគ្រប់គ្រង”។
លោក អ៊ា សុផល អ្នកនិពន្ធសៀវភៅឆ្នាំ២០១២ ដែលមានចំណងជើងថា “ការពឹងផ្អែកជំនួយនៅក្នុងកម្ពុជា” បានមានប្រសាសន៍ថា ដរាបណាស្ថានការណ៍នៅតែដដែល ដរាបនោះ លោក ហ៊ុន សែន នឹងបន្តសរសើរលោក រង្ស៊ី ហើយនិងមានទស្សនៈថា មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះកំពុងផ្លាស់ប្តូរវប្បធម៌នយោបាយប្រទេសជាតិ។
លោក សុផល ដែលជាសាស្ត្រាចារ្យរងផ្នែកកិច្ចការពិភពលោកនៅឯមហាវិទ្យាល័យ អុកស៊ីដិនថល ក្នុងក្រុងឡូសអេនជេឡេស បានមានប្រសាសន៍ថា “វាគ្មានអ្វីថ្មីទេ។ លោកអ្នកចាប់បានរុយច្រើន ដោយប្រើទឹកឃ្មុំ ជាជាងប្រើទឹកខ្មេះ។ ទោះជាយ៉ាងនេះក្តី វាគ្រាន់តែជានយោបាយប៉ុណ្ណោះ។ ថ្ងៃស្អែក អ្វីៗនឹងផ្សេងទៅវិញ”។
លោក សុផល បានមានប្រសាសន៍បន្តថា “មនុស្សខ្លះនឹងត្រូវចាប់ខ្លួនមិនយូរមិនឆាប់។ មនុស្សខ្លះនឹងត្រូវដោះលែង។ វាជាល្បែងឆ្មានិងកណ្តុរ។ ប៉ុន្តែ មានតែកណ្តុរប៉ុណ្ណោះដែលផ្លាស់ប្តូរ”។
លោក រង្ស៊ី បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសដាច់ដោយឡែកមួយ កាលពីថ្ងៃអាទិត្យថា លោកមិនព្រួយបារម្ភអំពីការប្រៀបធៀបរវាងស្ថានការណ៍បច្ចុប្បន្ន និងការប៉ុនប៉ងដែលមិនបានសម្រេចកន្លងមក ដើម្បីធ្វើការឆ្ពោះទៅរកវប្បធម៌នយោបាយថ្មីមួយជាមួយលោក ហ៊ុន សែន នោះទេ។
លោក សម រង្ស៊ី បានមានប្រសាសន៍ការពារសេចក្តីសង្ឃឹមនៃការផ្លាស់ប្តូរយូរអង្វែងថា ការប៉ុនប៉ងទី១ ទី២ ឬទី៣ មិនតែងតែទទួលបានជោគជ័យទេ។ វាត្រូវការពេលវេលានិងការថ្លឹងថ្លែង ដើម្បីទទួលបានទំនាក់ទំនងយូរអង្វែង និងប្រកបដោយសន្តិវិធី។
លោក រង្ស៊ី បានមានប្រសាសន៍ថា ជួនកាលប្រវត្តិសាស្ត្រអាចផ្លាស់ប្តូរតាមរយៈទំនាក់ទំនងផ្ទាល់ខ្លួន។ នៅពេលដែលអ្នកចាប់ផ្តើមកសាងទំនុកចិត្តនោះ គឺជាទំនាក់ទំនងមនុស្ស។ ការវិភាគផ្នែកនយោបាយស៊ីជម្រៅ ធ្វើឲ្យយល់បញ្ហានេះ។ វាជារឿងផ្ទាល់ខ្លួន ឬខ្ញុំអាចនិយាយថា ការផ្សះផ្សាស្មារតី។
យោងតាមលោក ឆាណ្ឌល័រ ឲ្យដឹងថា តាមវិធីមួយ គណបក្សប្រឆាំងដែលរួបរួមគ្នារបស់លោក សម រង្ស៊ី គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះអំណាចលោក ហ៊ុន សែន ចាប់តាំងពីគណបក្ស ហ្វុនស៊ីនបុិច នាទសវត្សរ៍ឆ្នាំ១៩៩០ ដែលលោក ហ៊ុន សែន បានអូសទាញយ៉ាងប៉ិនប្រសប់ ហើយបន្ទាប់មកទាត់ចោលដោយមានប្រសិទ្ធភាពវិញនោះ។
លោក ឆាណ្ឌល័រ បានមានប្រសាសន៍ថា “ខ្ញុំមានមន្ទិល ថាតើ រង្ស៊ី នឹងអាចចាកចេញពីសំបុកពីងពាង បានងាយស្រួលដូចជាពេលដែលលោកបានចូលមកនោះឬយ៉ាងណាទេ។ រាល់ថ្ងៃ ឬរាល់សប្តាហ៍នឹងមិនមានអំពើហិង្សា គឺជារឿងល្អ ប៉ុន្តែខ្ញុំមិនមានសុទិដ្ឋិនិយមថា សន្តិភាពនេះនឹងកើតមានយូរអង្វែងឡើយ”៕ និត និង រើន