29 C
Phnom Penh

កម្ពុជា ​កំពុង​ព្យាយាម​ស្វែង​រក​​វត្ថុ​បុរាណ​​របស់​ខ្លួន​ដែល​ចោរ​លួច​យក​ទៅ ត្រឡប់​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ស្ថានទូត​មួយ​រូប​បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រោយ​ពី​រឹប​អូស​​​វត្ថុបុរាណ​​​អាស៊ី​​យ៉ាង​ច្រើន​ដែល​ឈ្មួញ​​គំនូរ​ម្នាក់​​រស់​នៅ​ក្នុង​បុរីញូវយ៉ក រត់​ពន្ធ​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក​រួច​មក​ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​វ៉ាស៊ីនតោន​ឌីស៊ី បាន​ចាប់​ផ្ដើម​សហការ​ជាមួយ​​អាជ្ញាធរអាមេរិក​ ដើម្បី​បញ្ជូន​វត្ថុបុរាណ​ខ្មែរ​ដែលមាន​តម្លៃ​ជាង​៣លាន​ដុល្លារ​ត្រឡប់មក​កាន់​​ប្រទេស​កម្ពុជា​វិញ។

បន្ទាប់ពី​ការ​ស៊ើបអង្កេត​អស់​រយៈ​ពេល​២ឆ្នាំ កាលពី​សប្ដាហ៍​មុន ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់​មែនហាតធែន (Manhattan) ​បាន​ចេញ​ដីកា​​ឃាត់​ខ្លួន​ឈ្មួញ​ម្នាក់​ឈ្មោះ សាប់បាស ខាពួ (Subhash Kapoor) ដែលជាប់​ចោទ​ពីបទ​រត់ពន្ធ​វត្ថុបុរាណ​ចោរ​ដែល​មាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ​ចូល​ក្នុង​សហរដ្ឋអាមេរិក។យោង​តាម​បញ្ជី​សារពើភណ្ឌ​នៃ​​វត្ថុបុរាណ​ដែល​អាជ្ញាធរ​សហរដ្ឋអាមេរិក​​​រឹបអូស​​បាន​បង្ហាញ​ថា វត្ថុបុរាណ​​រាប់​សិប​របស់​កម្ពុជា​ ដែល​មាន​តម្លៃ​ជាង​៣លាន​ដុល្លារ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​វិចិត្រសាល​ដែល​មានឈ្មោះ​ថា Art of the Past របស់​លោក សាប់បាស ខាពួ ​នៅ​ក្នុង​សង្កាត់​មែនហាតធែន និង​កន្លែង​ស្តុក​ទុក​ផ្សេងទៀត​របស់​គាត់។

លោកស្រី​ ឡាំ បញ្ចពណ៌ ប្រធាន​​​បេសកកម្ម​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញថា ស្ថានទូត​បាន​ចាប់​ផ្ដើម​​ធ្វើ​ការងារ​លើ​ករណី​នេះ​ហើយ​​ដោយ​សហការ​ជាមួយ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក និង​ប្រតិភូ​របស់​កម្ពុជា​​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​បាន​បដិសេធ​​មិន​​បញ្ជាក់​​ថា តើ​មាន​ការ​​ទាមទារ​ជា​ផ្លូវ​ការ​ឲ្យ​បញ្ជូន​វត្ថុបុរាណ​ទាំង​នេះ​មក​កាន់​ប្រទេស​កម្ពុជា​ វិញ​ ឬ​យ៉ាង​ណា​ឡើយ។

លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ” ពេល​នេះ​ខ្ញុំ​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​ការ​បរទេសអាមេរិក​​ ហើយ​វា​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៅ​ឡើយ។ យើង​ព្យាយាម​ធ្វើ​ការ​ឲ្យ​បាន​ល្អ​បំផុត និង​ឆាប់​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ យើង​មិន​ទាន់​មាន​អ្វី​នៅ​ឡើយ​ទេ យើង​កំពុង​តែ​ធ្វើ​ការ​”។

យោង​តាម​ដីកា​​ឃាត់​ខ្លួន​​ខាង​លើ​បង្ហាញ​ថា លោក សាប់បាស ខាពួ ជាប់​ចោទ​ពី​បទ​ព្រហ្មទណ្ឌរួម​ទាំង​ការ​រក្សា​ទុក​ទ្រព្យ​សម្បត្តិចោរ បទ​សមគំនិត​ និង​បទ​​លាង​លុយ​កខ្វក់​ផងដែរ​​។ ដីកា​នោះលើក​ឡើង​ថា លោក​ សាប់បាស ខាពួ បាន​ប្រើ​ប្រាស់​លិខិត​​សម្ដែង​ការ​ពិត​​ដែល​ក្លែង​បន្លំ​ ហើយ​បាន​ប្រឌិត​ប្រវត្តិ​ម្ចាស់​កម្មសិទ្ធិ​ដើម្បី​លក់​វត្ថុបុរាណ​រាប់​រយ​ដែល​គេ​ជឿ​ថា ​យក​ចេញ​ពី​ប្រទេសប្រភព​​ដើម​កំណើត​របស់​វា​​​ដោយ​ខុស​ច្បាប់​ក្នុង​ពេល​ថ្មីៗ​នេះ​។

ដីកា​នេះ​បន្ត​ថា ” វត្ថុបុរាណ​ជាច្រើន​ក្នុង​ចំណោម​វត្ថុបុរាណ​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​​ ‘ថ្មី’ និង​ ‘ស្រស់​’​ ដែល​ក្នុង​​ពាណិជ្ជកម្ម​មាន​ន័យ​ថា គេ​ទើប​រក​ឃើញ​វា​ថ្មីៗ​ និង​ទើប​​យក​ចេញ​
ពី​ក្នុង​ដី​ ប្រាសាទ​ ឬ​ទីតាំង​ដែល​​​គេ​រក​ឃើញ​វា”។

នៅ​ក្នុង​បញ្ជី​សារពើភណ្ឌ​​បង្ហាញ​ថា វត្ថុបុរាណ​ជាច្រើន​របស់​កម្ពុជា​​​ បាន​​ចូលទៅ​​ក្នុង​សហរដ្ឋអាមេរិក​ក្រោយ​ឆ្នាំ​២០០៥។ វត្ថុបុរាណ​​របស់​កម្ពុជា ដែល​មាន​តម្លៃ​ខ្ពស់​បំផុតនៅ​ក្នុង​បញ្ជី​សារពើភណ្ឌ​ គឺ​រូប​ចម្លាក់​នា​គ​មួយ​ដែល​តម្លៃ​១,២លាន​ដុល្លារ និង​ដែល​ត្រូវ​បាន​​នាំ​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិក​ក្រោយ​ឆ្នាំ​២០០៧។

នៅ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​​សប្ដាហ៍​មុន លោក ជេម ឌីកឃីនស៍ (Jams Dinkins) អតីត​នាយក​​ប្រតិបត្តិ​រង​​នៃ​ផ្នែក​ស៊ើបអង្កេត​របស់​ក្រសួង​​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក ( Department of Homeland Security)​ ដែលបាន​ស៊ើបអង្កេត​ការ​​រត់ពន្ធ​របស់​លោក​ សាប់បាស ខាពួ ដែល​គេ​ស្គាល់​ថា​ប្រតិបត្តិការ​ Operation Hidden Idol បាន​មាន​ប្រសាសន៍​ថា ឈ្មួញ​គំនូរ​រូប​នេះ​គ្រប់​គ្រង​បណ្ដាញ​​ឧក្រិដ្ឋជន​ដ៏ធំ​មួយ។

លោក​បាន​លើក​ឡើង​ថា ” មាន​ក្រុម​លួច ក្រុម​ដឹកជញ្ជូន ក្រុម​​ជួស​ជុល ក្រុម​លក់ និង​ក្រុម​ចែក​ចាយ”។ លោក​បាន​ពន្យល់​ថា ជាធម្មតា​​លោក សាប់​បាស ខាពួ បានជួល​អ្នក​ក្នុង​មូលដ្ឋាន​​​នៅ​តាម​តំបន់​ដាច់​ស្រយាល​ដែល​មាន​មនុស្ស​រស់​នៅឆ្ងាយៗ​ដាច់​ពីគ្នា​ឲ្យ​ធ្វើ​ការ​ងារ​​ស្មោកគ្រោក​។ លោក​មាន​​ប្រសាសន៍​ថា “​គាត់​​ជួល​គេ​ឲ្យ​ទៅ​រក​វត្ថុបុរាណ​ដែល​ពួកគេ​គិត​ថា មាន​តម្លៃ​ និង​ធ្វើ​ឲ្យ​អតិថិជន​របស់​គាត់​ចាប់​អារម្មណ៍។ ​អាស្រ័យ​លើ​ទំហំ​វត្ថុ​បុរាណ​ ពួកគេ​នឹង​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​​ចេញ​ចូល​ឆ្លង​កាត់​តាម​ព្រំដែន​ខុសៗ​គ្នា​ដោយ​របៀប​ណា”។

លោក​មាន​ប្រសាសន៍​ថា ដើម្បី​ឆ្លង​ដែន​រួច​​ វត្ថុ​បុរាណ​ទាំង​នោះ​ត្រូវ​​បាន​បិទ​​ស្លាក​​ជា​វត្ថុ​អនុស្សាវរីយ៍​ ឬ​រូប​សំណាក​ បើមិន​ដូច្នោះ​ទេ​​ត្រូវ​លាក់​ទុក​ក្នុង​ដី។ “ពេល​ខ្លះ​ពួកគេ​កាត់​វត្ថុបុរាណ​ជាពីរ​ចំណែក​ដើម្បី​លាក់​បាំង​វា ហើយ​បន្ទាប់​មក​ជួស​ជុល​វា​ឲ្យ​ដូច​ដើម​វិញ នៅ​ពេល​ទៅដល់​ប្រទេស​ណាមួយ​ដែល​គេ​លក់វា​ទៅ​​ឲ្យ​។ ប៉ុន្តែ​វត្ថុបុរាណ​នីមួយៗ​នឹង​​​ត្រូវ​ឆ្លង​កាត់​​​ការ​​ធ្វើ​ដំណើរ​ និង​មាន​​ប្រវត្តិផ្ទាល់​របស់​វា​”។

លោក ជេម ឌីកឃីនស៍ បាន​លើក​ឡើង​​ថា ដំណើរ​ការ​រត់ពន្ធ​វត្ថុបុរាណ​ពី​ប្រទេស​​​ប្រភព​ដើម​កំណើត​​របស់​វា​ទៅ​ឲ្យ​អ្នក​ទិញ​​ អាច​នឹងចំណាយ​ពេល​រាប់​ខែ ឬ​សូម្បី​រាប់​ឆ្នាំ​ទៀត​ឯ​ណោះ​​។លោក​បាន​ថ្លែង​ថា ” ពេល​ខ្លះ​វា​ត្រូវ​ឆ្លង​កាត់​ការ​​ធ្វើ​ដំណើរ​ទៅ​មក​ៗ​ពី​ប្រទេស​ខុស​ៗ​គ្នា។ ពីប្រទេស​មួយ​នៅ​ក្នុង​​អឺរ៉ុប​ទៅ​ប្រទេស​មួយ​ទៀត​នៅ​ក្នុង​​អឺរ៉ុប ​ដោយ​គ្រាន់​តែរង់ចាំ​អ្នក​ទិញ ​ឬ​ការ​​ជួស​ជុលឡើង​វិញ​​ប៉ុណ្ណោះ​​”។

លោក​បាន​​បន្ថែម​​​​ថា ក្រុង​ញូវយ៉កគឺ​ជា​ចំណុច​​​វត្ថុបុរាណ​ដែល​​​ក្នុង​​ទីផ្សារ​ងងឹត​មក​ពី​អាស៊ី​​ហូរ​​​​ចូល​ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមរិក ​ញឹក​ញាប់​បំផុត។

លោក​ស្រី អាន​ ឡឺម៉េស តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា លោកស្រី​មិន​ដឹង​ទេ​ជុំវិញ​ការ​រក​ឃើញ​វត្ថុបុរាណ​ថ្មី​ៗទាំង​នេះ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ប៉ុន្តែ​ថា ​លោកស្រី​កំពុង​ចាប់​ផ្ដើម​ស៊ើបអង្កេត​ករណី​នេះ។ ថ្លែង​ជាទូទៅ​អំពី​បញ្ហា​ប្រឈម​​​របស់​កម្ពុជា នៅ​ក្នុង​ការ​ការ​ពារ​វត្ថុបុរាណ​របស់​ខ្លួន​ពី​ការ​រត់ពន្ធ ​លោកស្រី​បាន​លើក​ឡើង​ថា ការ​ឃ្លាំមើល​​ប្រាសាទ​នានា​នៅ​តាម​តំបន់​ដាច់​ស្រយាល​ឲ្យ​ស្អិត​​ ​គឺ​​តែង​តែ​មិន​​អាច​ទៅ​រួច។

លោកស្រី​បាន​បន្ត​ថា “ទីតាំង​ ​៣.០០០ កន្លែង​​ដែល​មាន​​សំណល់​បុរាណ​វិទ្យា​ មាន​នៅ​​ពាស​ពេញ​ប្រទេស​។ ដូច្នេះ​វាស្ថិត​ក្នុង​ចំណោម​ប្រទេស​បុរាណ​វិទ្យា​​ដ៏សម្បូរ​បែប​​បំផុត​ក្នុង​ពិភព​លោក​។ ក្នុងករណី​ប្រាសាទ​អង្គរវត្ត ​វាច្បាស់​ណាស់​​ថា ប្រាសាទនេះ​ទទួល​បាន​ការ​មើល​ថែទាំ​ ប៉ុន្តែ​សម្រាប់​ប្រាសាទ​តូចៗ​ដែល​សាធារណជន​ទូទៅមិន​ស្គាល់​ ប៉ុន្តែ​អ្នក​ជំនាញ​ស្គាល់​វិញ​នោះ​​ វា​មាន​ការ​ស្មុគស្មាញណាស់​​ក្នុង​ការ​មើល​ថែ”៕ សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស