សមាជិក១០រូបនៃរណសិរ្សរំដោះជាតិខ្មែរ ជាក្រុមតស៊ូមតិដែលតាមចោទថា បានវាយប្រហារគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានសាកសួរនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញជុំវិញការខំប្រឹងប្រែងសុំការដោះលែងនៅក្រៅឃុំ។
បុរសទាំង១០នាក់នេះត្រូវបានចាប់ខ្លួនកាលពីខែតុលាពាក់ព័ន្ធសកម្មភាពមួយចំនួនរួមមានការនិយាយអុជអាល និងការតវ៉ានៅខាងក្រៅស្ថានទូតវៀតណាមដែលចាត់ថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

ចៅក្រម ភូពៅស៊ុន ដែលជាអធិបតីក្នុងសវនាការជំនុំជម្រះកាលពីម្សិលមិញបានច្រានចោលសំណើសុំនៅក្រៅឃុំដែលត្រូវបានច្រានចោលកាលពីពេលមុននោះបានមានប្រសាសន៍ថា លោក ជូង ជូងី មេធាវីតំណាងក្រុមនេះបានស្នើសុំពន្យារពេល ប៉ុន្តែថា បុរសទាំងនេះបានជំទាស់ចំពោះការពន្យារពេលនេះ ដូច្នេះហើយ ពួកគេបានសម្រេចតំណាងដោយខ្លួនឯង។
លោកបានមានប្រសាសន៍ថា “មេធាវីរបស់ពួកគេបានស្នើសុំពន្យារពេលសវនាការនេះ ប៉ុន្តែចុងចោទទាំងអស់នេះបានលើកឡើងថា ពួកគេមិនចង់ពន្យារពេលទេ ពីព្រោះពួកគេអាចការពារខ្លួនឯងបាន”។ ចៅក្រមរូបនេះបានមានប្រសាសន៍ថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៨ ខែមេសា។
លោក ជូង ជូងី ដែលតែងតែតំណាងសមាជិកគណបក្សសង្គ្រោះជាតិនៅក្នុងតុលាការនោះ មិនអាចទាក់ទងបានទេ។
អ្នកប្រឆាំងទាំង១០រូបនេះមានលោក លីវ យី អាយុ៣០ឆ្នាំ ឃុន ណារ៉ុង អាយុ២៩ឆ្នាំ ឈុន ឆាត អាយុ៣០ឆ្នាំ ជ្រាច មុជ អាយុ២៤ឆ្នាំ ឡាត់ លីហេង អាយុ២២ឆ្នាំ ចាន់ ស្នា អាយុ២៧ឆ្នាំ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ អាន ចាន់ អាយុ៣៥ឆ្នាំ ចាន់ រ៉ា អាយុ២៣ឆ្នាំ និង ឆាយ វិត អាយុ៤០ឆ្នាំ ភាគច្រើនជាពលករ និងកសិករ ហើយអ្នកទាំងអស់នេះប្រឈមការចោទប្រកាន់ពីបទ “ញុះញង់ឲ្យមានការប្រើអំពើហិង្សា” អំឡុងការតវ៉ាកាលពីឆ្នាំមុន។
អ្នកស្រី ហ៊ិន សៅរី អាយុ៣០ឆ្នាំ ជាប្រពន្ធរបស់លោក យី បានលើកឡើងបន្ទាប់ពីសវនាការកាលពីម្សិលមិញថា ប្តីរបស់អ្នកស្រី មិនមានទោសទេ។
អ្នកស្រីបាននិយាយថា “ប្តីរបស់ខ្ញុំមិនបានប្រព្រឹត្តបទឧក្រិដ្ឋនោះទេ ពីព្រោះគាត់មិនមានអាវុធដើម្បីប្រឆាំងរដ្ឋាភិបាលឡើយ”។
លោក អំ សំអាត ទីប្រឹក្សាផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា លោកជឿថា ការចាប់ខ្លួនក្រុមនេះកាលពីឆ្នាំមុនគឺជាហេតុផលនយោបាយ ហើយថា អ្នកទាំង១០នាក់គួរត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ពីព្រោះមិនមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកពួកគេឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា [ពួកគេគួរត្រូវបានដោះលែងឲ្យនៅក្រៅឃុំ] លុះណាតែពួកគេបានធ្វើសកម្មភាព ឬមានអាវុធដើម្បីផ្តួលរំលំរដ្ឋាភិបាល”៕ សារុន