នៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញនឹងបន្តការសាកសួរឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ដែលប្រឈមការចោទប្រកាន់ពីបទរៀបចំការធ្វើឃាតលោកឧកញ៉ា អុឹង ម៉េងជឺ កាលពីខែវិច្ឆិកា ហើយត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីរត់គេចខ្លួនរយៈពេលជាង៤ខែ។
លោក លឹម វណ្ណា មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ បានមានប្រសាសន៍កាលពីម្សិលមិញថា ចៅក្រមស៊ើបសួរ លី សុខឡេង នឹងបន្តសាកសួរកូនក្ដីរបស់លោកដែលត្រូវបានចោទប្រកាន់កម្បាំងមុខកាលពីខែធ្នូ ពីបទញុះញង់ឲ្យមានការធ្វើឃាតដោយគិតទុកជាមុន នៅម៉ោង២រសៀលថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា ” ចៅក្រមស៊ើបសួរ លី សុខឡេង នឹងសាកសួរកូនក្ដីរបស់ខ្ញុំនៅថ្ងៃស្អែកម៉ោង២រសៀល”។ លោកបានបន្ថែមថា លោកនិងសមាជិកផ្សេងទៀតនៃមេធាវីការពាររបស់ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ នឹងមានវត្តមាននៅសវនាការជំនុំជម្រះនោះ។
ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់ ទីដែលលោកត្រូវបានសាកសួររយៈពេលប្រហែល២ម៉ោង មុនពេលបញ្ជូនទៅពន្ធនាគារព្រៃស។
កាលពីថ្ងៃសុក្រ នគរបាលបានលើកឡើងខុសៗគ្នាពីការចាប់ខ្លួនឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់។ នគរបាលរាជធានី និងការិយាល័យអាំងទែប៉ូលក្នុងប្រទេសកម្ពុជាលើកឡើងថា ឧត្ដមសេនីយ៍ទោរូបនេះត្រូវបានចាប់ខ្លួនក្នុងប្រទេសវៀតណាម ចំណែកឯនគរបាលជាតិបានអះអាងថា លោកត្រូវបានចាប់ខ្លួនក្នុងទឹកដីកម្ពុជាតាមព្រំដែនវៀតណាម ក្នុងខេត្តស្វាយរៀង ដោយអាជ្ញាធរកម្ពុជា។
លោក វណ្ណា បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនទាន់មានព័ត៌មានលម្អិតពីការចាប់ខ្លួនកូនក្ដីរបស់លោកឡើយ ពីព្រោះលោកមិនមានឱកាសនិយាយជាមួយគាត់។
ទោះជាយ៉ាងណា លោក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានស្វះស្វែងបញ្ជាក់ពីហេតុការណ៍ដែលឈានទៅដល់ការចាប់ខ្លួននេះ។
លោកបានមានប្រសាសន៍ថា ” អាជ្ញាធរវៀតណាមបានរកឃើញថា លោក ថោង សារ៉ាត់ បានឆ្លងព្រំដែនចូលប្រទេសវៀតណាមដោយខុសច្បាប់។ បន្ទាប់មកយើងដឹងថា អាជ្ញាធរវៀតណាមបានចាប់ខ្លួនគាត់ ហើយមានគម្រោងបណ្តេញគាត់ពីប្រទេសវៀតណាមមកកម្ពុជា”។
ប្រធាននាយកដ្ឋានសន្តិសុខរូបនេះបានមានប្រសាសន៍ថា ” បន្ទាប់ពីយើងទទួលបានព័ត៌មាននេះ យើងបានបញ្ជូនកម្លាំងនគរបាលទៅព្រំដែន ដើម្បីអនុវត្តដីកាចាប់ខ្លួនរបស់តុលាការនៅពេលគាត់ត្រូវបានបណ្ដេញចេញពីប្រទសវៀតណាម”។
លោក ស៊ីណារិទ្ធ បានមានប្រសាសន៍ថា នគរបាលជាតិបានឃុំខ្លួនឧត្ដមសេនីយ៍ទោរូបនេះក្នុងក្រុងបាវិត មិនមែននៅច្រកព្រំដែនទេ។
អង្គរក្សប្រាំនាក់ក្នុងចំណោមអង្គរក្សរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ស្ថិតក្នុងពន្ធនាគារនៅឡើយរង់ចាំការកាត់ក្ដី ដែលតាមចោទពីបទសម្លាប់លោក អុឹង ម៉េងជឺ ដែលត្រូវបានបាញ់សម្លាប់នៅខាងក្រៅហាងលក់ផ្លែឈើមួយកណ្ដាលរាជធានីភ្នំពេញតាមបញ្ជារបស់ចៅហ្វាយខ្លួន៕សារុន