33 C
Phnom Penh

មន្ត្រីម្នាក់​លើក​ឡើង​ថា ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ថ្មី​នៅ​សល់​ច្រើន​ខែទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​ទោះ​ជាច្បាប់​ចរាចរណ៍ផ្លូវគោក​​ដែលគេ​រង់ចាំ​ជាយូរ​មក​ហើយ​នោះ​​ត្រូវ​បាន​អនុម័ត​ដោយ​​រដ្ឋសភា​កាលពី​ខែ​ធ្នូ​ក៏ដោយ ក៏មន្ត្រីនគរបាលបាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា រដ្ឋា​ភិបាល​នឹង​មិន​ទាន់​ចាប់ផ្តើមអនុវត្ត​ទេ ដោយ​​អនុវត្ត​ក្នុង​រយៈពេល​៥ឬ​​៦ខែទៀត​ឯណោះ​។

ច្បាប់​នេះ​កំណត់​ដាក់​ទោស​ធ្ងន់​ធ្ងរ​សម្រាប់​បទ​ល្មើស​ចរាចរណ៍​ជាច្រើន​ រួមមាន​ការ​បើក​បរ​ដោយ​ស្រវឹង​ ការ​កំណត់​ចំនួន​អ្នក​រួមដំណើរតាម​ម៉ូតូ​ចំពោះ​​មនុស្ស​ពេញវ័យ​ម្នាក់ និង​ក្មេង​ម្នាក់ ហើយ​តម្រូវ​ឲ្យ​អ្នករួមដំណើរ​តាម​ម៉ូតូ​ទាំង​អស់​​ពាក់មួក​សុវត្ថិភាព។

លោក ទី ឡុង អនុប្រធាន​​នាយកដ្ឋាន​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​នគរបាល​ជាតិ​​បានមាន​ប្រសា​សន៍​កាលពី​ម្សិល​មិញ​ថា ក្រសួង​មហា​ផ្ទៃ​​កំពុង​ដំណើរការ​ព្រាង​អនុក្រឹត​​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​អនុវត្ត​ច្បាប់នេះ។

លោក​បានមាន​ប្រសាសន៍ថា “​យើង​ត្រូវ​ការ​ពេល​វេលា​ ៥​ទៅ​៦​ខែឯណោះ​​ ដើម្បី​
ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍ថ្មី​​មុនចាប់​ផ្តើម​អនុវត្ត​ច្បាប់នេះ​”។

យោង​តាមឧត្តម​សេនីយ៍ទោ​ ទី ឡុង បានឲ្យ​ដឹង​ថា អនុក្រឹត្យ​ដំបូង​​ដែលរំពឹងថា នឹង​បញ្ចប់​នៅ​ដំណាច់ខែ​ក្រោយនោះ​ នឹង​​អនុញ្ញាត​ឲ្យ​នគរបាល​​ផាក​ពិន័យ​​អ្នក​បើក​បរ​ម៉ូតូ​​​ដែល​អ្នក​រួមដំណើរ​មិន​ពាក់មួក​សុវត្ថិភាព។ការ​ផាក​ពិន័យ​ចំពោះ​ការ​មិន​ពាក់មួក​សុវត្ថិភាព​ក៏ត្រូវ​បាន​កំណត់​បង្កើន​ពី​៥.០០០រៀល ទៅ ១៥.០០០រៀល​ផងដែរ។

​​​​ឧត្តម​សេនីយ៍ទោ​​​ ទី ឡុង បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​នឹង​ជា​​​បញ្ហាប្រឈម​​​​ក្នុ​​​ងការ​​​អនុវត្ត​​​ច្បាប់​​​នេះ ប៉ុន្តែ យើង​​​ចង់​​​ផ្លាស់​​​ប្តូរ​​​ឥរិយាបថ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ដើម្បីឲ្យ​​​ពួក​​​គាត់​​​គិត​​​ថា នៅ​​​ពេល​​​ពួក​​​គាត់​​​ជិះ​​​​ម៉ូតូ​​​ ពួក​​​គាត់​​​ពាក់​​​មួក​​​សុវត្ថិភាព​​​”។

លោក អា៊ា ចរិយា អ្នក​​​ពិគ្រោះ​​​យោបល់​ឯករាជ្យផ្នែក​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ បាន​​​មាន​ប្រសា​សន៍​​​ថា ច្បាប់​​​ថ្មីនេះ​​​គឺជា​​​ជំហាន​​​វិជ្ជមានមួយ​ ប៉ុន្តែ ថាក្រសួង​​​គួរ​​ពិចារណា​​​ផាក​​​ពិន័យ​​​អ្នក​រួម​​​ដំណើរ​​​ដោយ​​​ផ្ទាល់​​​ជា​​​ជាង​​​អ្នក​​​បើក​​​បរ​​​។

លោក ចរិយា បានមានប្រសាសន៍​​​ថា “វា​​​នឹង​​​ប៉ះពាល់​​​ដល់​​​ការ​ងារ​របស់​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ បើ​​​ពួក​​​គាត់​​​តម្រូវ​​​ឲ្យទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​ការ​​​ដាក់​​​ទោស​​​ទណ្ឌនោះ​ ពីព្រោះ​​​ពួក​​​គាត់​​​មិនអាច​​​បង្ខំ​​​អ្នក​​​ជិះ​​​ពាក់​​​ឲ្យ​មួក​​​សុវត្ថិភាព​​​បាន​​​ឡើយ ហើយ​​​អ្នក​​​ជិះ​​​​​​នឹង​​​ទៅ​​​ជិះ​​​ម៉ូតូ​​​ផ្សេង​​​”។

អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ដែល​​​ត្រូវ​​​បាន​​​សម្ភាស​​​កាល​​​ពីម្សិលមិញ ក៏​​​បាន​​​និយាយ​​​ផង​​​ដែរ​​​ថា ច្បាប់​​​ថ្មី នេះ​​​មិន​យុត្តិធម៌​​​ឡើយ​​​ ប៉ុន្តែថា ពួក​​​គាត់​​​នឹង​​​អនុវត្ត​​​តាម​​​។

លោក​​​ គង់​​​ អេង​​​ អាយុ​​​៤០​​​ឆ្នាំ​​​ ដែល​​​រង់​​​ចាំ​​​អ្នក​​​ដំណើរ​​​នៅ​​​ផ្លូវ​​​លេខ​​​២៤០​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​នឹង​​​ទិញ​​​មួក​​​សុវត្ថិភាព​​​សម្រាប់​​​អ្នក​​​ដំណើរ​​​ ប៉ុន្តែ ពួក​​​គាត់​​​ពាក់​​​ឬមិន​​​ពាក់​​​នោះ​​​វា​​​ជាសិទ្ធិ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ជួន​​​កាល​​​ពួក​​​គាត់​​​មិន​​​ចង់​​​ពាក់​​​ទេ ពីព្រោះ​​​មាន​​​មនុស្ស​​​ច្រើន​​​នាក់​​​ពាក់​​​មួក​​​នេះ​​​ ហើយ​​​វា​​​ធំុ​​​ក្លិន​​​អាក្រក់​​​”។

លោក ពៅ ឈាង អាយុ​​​៤២​​​ឆ្នាំ ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ម្នាក់​​​ទៀត​​​ដែល​​​រត់​​​​​តាមផ្លូវ​ជិត​​​វិទ្យាល័យ​​​ចតុមុខដែលស្ថិតនៅ​តាម​​​​មហាវិថីព្រះ​នរោត្តម​​​បាន​​​និយាយ​​​ថា អនុក្រឹត្យ​​​នោះ​​​​នឹង​​គ្រាន់​​​តែ​​​ផ្តល់​​​ឱកាស​​​ថ្មី​​​ឲ្យ​​​នគរ​​​បាល​​​បង្ក្រាប​​​ “អ្នក​​​តូច​​​តាច” ​​​ដូច​​​ជា​​​រូប​​​លោក​​​តែ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​និយាយ​​​ថា “ម៉ូតូ​​​ឌុប​​​មិន​​​មាន​​​ប្រាក់​​​ច្រើន​​​ទេ​​​។ យើង​​​រក​​​បាន​​​តែ​​​៥​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។ អ្នក​​​រួម​​​ដំណើរ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ដោយ​​​ខ្លួន​​​ឯង៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស