33 C
Phnom Penh

អភិបាល​ខេត្ត​ព្រះ​សីហនុ​ពន្យារ​ពេល​ដេញ​អ្នក​លក់​ដូរ​ម្ហូប​អាហារ​តាមឆ្នេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​ព្រះសីហនុ​បាន​និយាយ​​កាលពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ពន្យារ​ពេល​ការ​បណ្តេញ​អ្នក​លក់់​ដូរ​អាហារ​៣២​នាក់​ពី​ឆ្នេរ​អូរ​ឈើ​ទាល បន្ទាប់ពី​បាន​អាន​លិខិត​មួយ តាម​ហ្វេសប៊ុក ដែល​តាម​ការ​អះអាង​ថា ​បាន​ចេញ​ឲ្យ​លោក​ដោយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​សភា ស្នើ​ឲ្យ​លោក​ផ្អាក​សិន។

កាលពី​ថ្ងៃ​ទី១​ខែ​មេសា អភិបាល​ខេត្ត លោក ឈិត សុខុន បាន​ទុក​ពេល​ពីរ​សប្តាហ៍​ឲ្យ​អាជីវករ​រើ​តូប​លក់​ដូរ​របស់​ខ្លួន​ចេញ​ពី​ឆ្នេរ​ក្នុង​បំណង​ធ្វើ​ឲ្យ​តំបន់​នោះ​មាន​សោភ័ណ​ភាព​ស្អាត។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា “អាជ្ញាធរ​ត្រូវការ​គ្រប់គ្រង​ឆ្នេរ​នេះ ពីព្រោះ​ប្រសិនបើ​យើង​បណ្តោយ​ឲ្យ​ពួកគេ​បន្ត​លក់​ដូរ​អាហារ​នៅ​ទី​នេះ​ទៀត វា​នឹង​ធ្វើ​ឲ្យ​ខូច​ឆ្នេរ”។

អាជីវករ​ដែល​ទោមនស្ស​បាន​ប្រតិកម្ម​តប​ទៅ​នឹង​បទ​បញ្ជា​នេះ ដោយ​សរសេរ​លិខិត​ទៅ​លោក ហេង សំរិន ប្រធាន​សភា​កាលពី​ថ្ងៃ​ទី​៦​ខែ​មេសា ដោយ​ស្នើ​ឲ្យ​លោក​អន្តរាគមន៍ និង​ពន្យារ​ពេល​ការ​រុះ​រើ​ចេញ។

អ្នក​ស្រី ភឿក សុខេន ជា​តំណាង​អាជីវករ បាន​និយាយ​ថា លោក​អភិបាល​ខេត្ត​ប៉ុនប៉ង​ដេញ​ពួកគេ​ចេញ​ពី​តំបន់​នោះ ពីព្រោះ​ដី​មួយ​ឡូតិ៍​នៅ​ពី​ក្រោយ​តង់​របស់​ពួកគេ ជា​របស់​សណ្ឋាគារ សុខា ហូតែល ហើយ​ក្រុមហ៊ុន​នេះ​ចង់​បាន​ឆ្នេរ​ផ្ទាល់ ដោយ​មាន​ការ​យល់​ព្រម​ពី​លោក សុខុន។

អ្នកស្រី​បាន​និយាយ​ថា “យើង​អាច​ចូលរួម​ថែរក្សា​តំបន់​ឲ្យ​ស្អាត។ អាជ្ញាធរ​មិន​គួរ​គាំទ្រ​ក្រុមហ៊ុន ហើយ​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​មុខរបរ​របស់​ខ្លួន​នោះ​ទេ”។

អ្នក​ស្រី​បាន​និយាយ​ថា គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​សភា​ជាតិ​បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​អាជីវករ ហើយ​បាន​សរសេរ​ទៅ​អភិបាល​ខេត្ត​នៅ​ថ្ងៃ​ទី៨​ខែ​មេសា ដោយ​ស្នើ​ឲ្យ​លោក​ពិនិត្យ​ឡើង​វិញ​នូវ​សេចក្តី​សម្រេច​របស់​ខ្លួន​​ក្នុង​ការ​ដេញ​ពួកគេ។ អ្នក​ស្រី សុខេន ដែល​បាន​ផ្តល់​ឯកសារ​មួយ​ច្បាប់​ទៅ​អ្នក​កាសែត បាន​និយាយ​ថា អ្នក​ស្រី​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ទទួល​ចម្លើយ​ពី​គណៈ​កម្មាធិការ​នេះ​ដោយ​ផ្ទាល់។

លោក សុខុន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ឃើញ​ឯកសារ​ចម្លង​លើ​ហ្វេសប៊ុក ហើយ​ក៏​បាន​សម្រេច​ពន្យារ​ពេល​បណ្តេញ​អាជីវករ​សិន ក្នុង​ពេល​ដែល​លោក​ពិនិត្យ​សេចក្តី​សម្រេច​របស់​លោក​ជាថ្មី និង​រាយការណ៍​ទៅ​គណៈកម្មាធិការ​នេះ​វិញ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ពន្យារ​ពេល​ការ​រើ​ចេញ ពីព្រោះ​ខ្ញុំ​ចង់​បញ្ជៀស​ការ​កើត​មាន​ជម្លោះ”។

អភិបាល​ខេត្ត​រូប​នេះ​បាន​បដិសេធ ថា​លោក​មិន​ព្យាយាម​ជួយ​សណ្ឋាគារ សុខា ហូតែល ឲ្យ​បាន​គ្រប់​គ្រង​ឆ្នេរ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា “យោង​តាម​ច្បាប់ និង​គំនិត​របស់​ខ្ញុំ​ផ្ទាល់ វា​នឹង​នៅ​តែ​ជា​ឆ្នេរ​រដ្ឋ”។

លោក សុខ គង់ ដែល​ជា​ម្ចាស់​សណ្ឋាគារ សុខា ហូតែល មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

យោង​តាម​អ្នក​ស្រី សុខេន និង ជៀប សុធារី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ក្នុង​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា ដី​នៅ​ពី​ក្រោយ​តង់​របស់​អាជីវករ ត្រូវ​បាន​ប្រគល់​ឲ្យ​សណ្ឋាគារ​នេះ​ដោយ​សាលា​ខេត្ត​នៅ​ឆ្នាំ​២០០៦ ប៉ុន្តែ​មិន​ទាន់​បាន​អភិវឌ្ឍ​នៅ​ឡើយ​ទេ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស