30 C
Phnom Penh

មិនដល់​​​មួយ​​​ឆ្នាំ​​​ផង​​​បន្ទាប់​​​ពី​​​បើក​​​ដំណើរ​​​ការ​​​ ហាង​​​មួយ​​​ចំនួន​​​នៅ​​​ផ្សារ​​​ទំនើប​​​អីុអន​​​​​​បាន​​​បិទ​​​ទ្វារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​​​ដល់​​​១០​​​ខែ​​​ផង​​​ បន្ទាប់​​​ពី​​​ផ្សារទំនើប​​​អីុអន ដែល​​​ចំណាយ​​​អស់​​​ទឹក​​​ប្រាក់​​​២០០លាន​​​ដុល្លារ​​​​​បាន​​​បើក​​​ទ្វារ​​​សម្រាប់​​​អតិថិជន​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ មាន​​​ហាង​​​យ៉ាង​​​តិច​​​ចំនួន​​​ប្រាំពីរ​​​នៅ​​​ក្នុង​​​ផ្សារ​​​ទំនើប​​​ដ៏ធំបំផុត​​​នៅ​​​កម្ពុជា​​​នេះ​​​បាន​​​បិទ​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ដោយ​​​ពួក​​​​​​គេ​​​លើក​​​ឡើង​​​ពី​​​មូល​​​ហេតុ​​​ថា មាន​​​តែ​​​មនុស្ស​​​ច្រើន​​​ ប៉ុន្តែ​​​ពុំ​​​សូវ​​​មាន​​​អ្នក​​ទិញ​​​ និង​​​ដោយ​​សារ​​​តែ​​​ការ​​​រំខាន​​​ពី​​​​​​ការ​​​សាង​​​សង់​​​នៅ​​​ផ្សារ​​​នេះ​​​។

សញ្ញា​បិទ​ផ្លូវ​ចូល​ហាង​ ហ្វក់​ វ៉ាញ​ បិស្ត្រូ នៅ​ឯ​អុីអន។ Ottavia Fabbri/The Cambodia daily
សញ្ញា​បិទ​ផ្លូវ​ចូល​ហាង​ ហ្វក់​ វ៉ាញ​ បិស្ត្រូ នៅ​ឯ​អុីអន។ Ottavia Fabbri/The Cambodia daily

ខណៈ​​​ផ្សារទំនើប​​​អីុអន​​​បដិសេធ​​​មិន​​​ផ្តល់​​​តួលេខ​​​​​ពិត​​​ប្រាកដ​​​សម្រាប់​​​ចំនួន​​​នៃ​​​ហាង​​​ ភោជនីយដ្ឋាន និង​​​ហាង​​​កាហ្វេ ដែល​​​ដើរ​​​ចេញ​​​ពី​​​ផ្សារ​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជប៉ុន​​​នេះ​​​ ការ​​​សម្ភាស​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​​​​បាន​​​បង្ហាញ​​​ថា មាន​​​ហាង​​​យ៉ាង​​​តិច​​​​​​ប្រាំពីរ​​​បាន​​​បិទ​​​ទ្វារ​​​ ក្នុង​​​នោះ​​​មាន​​ហាង​​​​​​​ចំនួន​​​ប្រាំ​​​មួយ​​​បាន​​​បិទទ្វារ​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ខែ​​​កុម្ភៈ​​​មក​​​ម្លេ៉ះ​​​។

ហាង​​​ទាំង​​​នោះ​​​រួម​​​មាន​​​ដូច​​​ជា​​​ហាង​​​ Fox Wine Bistro ​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ហ៊ុន​​​តែមួយ​​​ដែលបើក​​​​​​ហាង​​​​​​ Brown Cafe នៅ​​​ក្នុង​​​ស្រុក​​​ និង​​ហាង​​​​​​​ Miam Miam  ជា​​​ភោជនីយដ្ឋាន​​​សិង្ហបុរី​​​ដែល​​​ចាប់​​​ដៃ​​​គូរ​​​​​​ជា​​​មួយ​​​​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​​​​ CBM ។ ហាង​​​ដែល​​​បិទ​​​ទ្វារ​​​ផ្សេង​​​ៗ​​​ទៀត​​​គឺ​​​ហាង​​​ Ya Kun Kaya Toast របស់​​​សិង្ហបុរី​​​ ភោជនីយដ្ឋាន​​​ជប៉ុន Kushiage Kushisho  ហាង​​​ជប៉ុន Pao Pao ហា​​​ង​​​សម្លៀក​​​បំពាក់​​​ក្នុង​​​ស្រុក​​​ Espada  និង​​​ហាង​​​ Amadana ជាហាង​​​របស់​​​ជប៉ុន​​​ដែល​​​លក់​​​ឧបករណ៍​​​អេឡិចត្រូនិក​​​​​​ទំនើប​​​ៗ។

ហើយ​​​ហាង​​​នំប័ុង​​​របស់បារំាង​​​ដែល​​​​​​ទិញ​​​សិទ្ធិ​​​ពី​​​ហាង​​​ឈ្មោះ Eric Kayser និង​​​ដែល​​​មាន​​​ទីតាំង​​​នៅខាង​​​ក្រៅ​​​អគារ​​​ផ្សារ​​​ទំនើប​​​អីុអន​​​ ក៏​​​​​គ្រោង​​​នឹង​​​បិទ​​​ទ្វារ​​​​​​របស់​​​ខ្លួន​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​ដែរ​​​ ប៉ុន្តែ នៅ​​​រក្សា​​​ហាង​​​នំប័ុង​​​ដ៏​​​តូច​​​មួយ​​​ក្នុង​​​អគារ​​​។

ដោយ​​​មាន​​​ទី​​​តាំង​​​នៅ​​​លើ​​​ដី​​​ទំហំ​​​១០០.០០០ម៉ែត្រក្រឡា​​​​​​ស្ថិត​​​នៅ​​​តាម​​​បណ្តោយ​​​មហាវិថី​​​សុធារស​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ ផ្សារ​​​ទំនើប​​​ដែល​​​មាន​​កម្ពស់​​​៤ជាន់​​​នេះ​​​ ត្រូវ​​​បាន​​​សម្ពោធ​​​កាល​​​ពីខែ​​​មិថុនា​​​ នៅ​​​ក្នុង​​​ពិធី​​​មួយ​​​ក្រោម​​​អធិបតីភាព​​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក Fumio Kishida រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ជប៉ុន​​​។ ដោយ​​​មាន​​​ហាង​​​សរុប​​​ចំនួន​​​១៩០​​​ រោង​​​កុនអេក្រង់​​​​​​ប្រាំពីរ​​​​​​មួយ​​​ កន្លែង​​​ជិះ​​​ស្គី​​​ទឹក​​​កក​​​មួយ​​​ ស្ទូឌីយ៉ូ​​​ទូរទស្សន៍​​​មួយ​​​ និង​​​កន្លែង​​​លក់​​​អាហារ​​​ចម្រុះ​​​​​​មួយ​​​កន្លែង​​​នោះ​​​ ផ្សារ​​​ទំនើប​​​នេះ​​​ផ្តល់​​​នូវ​​​ទំនិញ​​​ដែល​​​ហាង​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​រា​​​ជធានី​​​គ្មាន ហើយ​​​វា​​​គឺ​​​ជា​​​ជំហាន​​​ដ៏​​​សំខាន់​​​មួយ​​​នៅ​​​ក្នុង​​​ការ​​​ពង្រីក​​​សេដ្ឋកិច្ច​​​នៅ​​​កម្ពុជា​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​នៅពេល​​​នោះ​​​ថា “ទីតាំង​​​នេះ​​​គឺជា​​​កន្លែង​​​មួយ​​​ដែល​​​បង្ហាញ​​​ពី​​​សក្ដានុពល​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​នានា​​​នៅ​​​កម្ពុជា”។

ប៉ុន្តែ ទោះ​​​បី​​​ជា​​​ផ្សារ​​​ទំនើប​​​អីុអន​​​អះអាង​​​ថា មាន​​​មនុស្ស​​​ប្រហែល​​​១២​​​លាន​​​នាក់​​​បាន​​​មក​​​ផ្សារ​​​របស់​​​​​​ខ្លួន​​​ចាប់​​​តាំង​​​​​​ពី​​​ពេល​​​បើក​​​ទ្វារ​​​មក​​​ក៏​​​ដោយ​​​ តែ​​​ម្ចាស់​​​ហាង​​​មួយ​​​ចំនួន​​​ដែល​​​ត្រូ​​​វបាន​​​សម្ភាស​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​បាន​​​បញ្ជាក់​​​ប្រាប់​​​ពី បញ្ហា​​​មួយចំនួន​​​ដែល​​ជះឥទ្ធិពល​​​​​​ដល់​​​ការ​​​លក់​​​ និង​​​ដែល​​​ជា​​​បញ្ហា​​​ដ៏​​​​​​គួរ​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​នោះ​​​។

លោក​​​ ចាង​​​ ប៉ុន​​​លាង​​​  ដៃគូ​​​គ្រប់គ្រង​​​ហាង​​​ Fox Wine Bistro បាន​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​មាន​​​មនុស្ស​​​ច្រើន​​​នាំ​​​គ្នា​​​មក​​​ផ្សារ​​​ទំនើប​​​នេះ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ក៏​​​ដោយ​​​ តែ​​​មាន​​​មនុស្ស​​​តែ​​​បន្តិច​​​បន្តួច​​​ប៉ុណ្ណោះ​​​បាន​​​មក​​​ហាង​​​របស់​​​ខ្លួន ដោយ​​​លោក​​​បាន​​​ពន្យល់​​​ហេតុ​​​ផល​​​ថា បរិស្ថាន​​​ជុំ​​​វិញ​​​ផ្សារ​​​ទំនើប​​​អីុអន​​​ ក៏​​​ជា​​​ផ្នែក​​​មួយ​​​ដែល​​​ជះ​​​ឥទ្ធិពល​​​ដល់​​​ការ​​​លក់​​​ដែរ​​​។

លោក ប៊ុនលាង​​​ បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ថា “មាន​​​អតិថិជន​​​ជា​​​ច្រើន​​​ទៅ​​​ [ផ្សារ​​​ទំនើប​​​នេះ​​​]​​​​​​​​​​​​ ប៉ុន្តែ តាម​​​អ្វីដែល​​​យើង​​​​​​សង្កេត​​​ឃើញ​​​គឺ​​​ថា ពុំ​​​សូវ​​​មាន​​​មនុស្ស​​​ទិញទំនិញ​​​ឡើយ​​​ ជា​​​ពិសេស​​​​​​ហាង​​​ដែល​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​ ហេតុ​​​ដូច្នេះ​​​ទើប​​​យើង​​​សម្រេច​​​បិទទ្វារ​​​”។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ទៀត​​​ថា “តាម​​​អ្វី​​​ដែល​​​ខ្ញុំ​​​និង​​​ក្រុម​​​ការ​​​ងារ​​​គិត​​​គឺ​​​ថា ប្រសិន​​​បើ​​​យើង​​​​​​ក្រឡេក​​​មើល​​​ផ្សារ​​​ទំនើប​​​នៅ​​​ក្នុង​​​ទីក្រុង​​​ផ្សេង​​​ៗ​​​ និង​​​​​​ប្រទេស​​​ជិត​​​ខាង​​​​​​ វា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​ជា​​​ផ្សារ​​​ទំនើប​​​នោះ​​​ទេ​​​។វា​​​មាន​​​ការិយាល័យ​​​នៅ​​​ព័ទ្ធ​​​ជុំវិញ ហេតុ​​​ដូច្នេះ​​​មាន​​​មនុស្ស​​​មក​​​ហាង​​​ទាំង​​​នោះ បន្ទាប់​​​ពី​​​​​​​​​ធ្វើ​​​ការ​​​ងារ​​​រួច។ រីឯ​​​ផ្សារ​​​ទំនើប​​​អីុអន​​​វិញ គឺ​​​គ្មាន​​​ការិយាល័យ​​​ណា​​​មួយ​​​នៅ​​​ព័ទ្ធ​​​ជុំ​​​វិញ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​មក​​​ផ្សារ​​​នេះ​​​ ហើយ​​​ចូល​​​ទៅ​​​​​​ខាង​​​ក្នុង​​​ផ្សារ​​​​​​ដោយ​​​មិន​​​បាន​​​ចំណាយ​​​ពេល​​​វេលា​​​សម្រាប់​​​ហាង​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​ឡើយ​​​”។

លោក Alex Matcheret ម្ចាស់​​​ហាង​​​នំប័ុង​​​បារាំង​​​ដែល​​​ទិញ​​​សិទ្ធិ​​​ពី​​​ហាង​​​ Erikc Kayser ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ខណៈ​​​ទី​​​តាំង​​​នៅ​​​ខាង​​​ក្នុង​​​ផ្សារ​​​ទំនើប​​​អីុអន​​​​​​មាន​​​មនុស្ស​​​យ៉ាង​​​ច្រើន​​​នោះ​​​ បរិវេណ​​​នៅ​​​ខាង​​​ក្រៅ​​​ពុំ​​​មាន​​​មនុស្ស​​​ឡើយ​​​​​​ ដោយ​​​លោក​​​លើក​​​ឡើង​​​ពី​​​មូល​​​ហេតុ​​​ថា ផ្សារ​​​នេះ​​​ធ្វើ​​​ពុំទាន់​​​​​​ត្រូវ​​​តាម​​​លក្ខណៈ​​​បចេ្ចកទេស​​​។

លោក​​​បាន​​​និយាយ​​​ថា​​​ “យើង​​​អាច​​​ឃើញ​​​ស្រាប់​​​ហើយ​​​ថា នៅ​​​ពេល​​​អតិថិជន​​​ទៅ​​​ផ្សារ​​​ទំនើប​​​អីុអន​​​ ពួក​​​គេ​​​ចូល​​​ទៅ​​​ក្នុង​​​ផ្សារ​​​តែ​​​ម្តង​​​ ដោយ​​​មិន​​​បាន​​​​​​ចាប​​​់អារម្មណ៍​​​​​​​​​​​ហាង​​​នៅ​​​បរិវេណ​​​ខាង​​​ក្រៅ​​​អគារ​​​ឡើយ​​​។ ប្រហែល​​​ជា​​​ពួក​​​គេ​​​ [ផ្សារ​​​ទំនើប​​​អីុអន] ត្រូវ​​​តែ​​​ផ្លាស់​​​ប្តូរ​​​អ្វី​​​មួយ​​​ដើម្បី​​​ទាក់​​​ទាញ​​​អតិថិជន​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​ផ្នែក​​​ខាង​​​ក្រៅ​​​ឲ្យ​​​បាន​​​ច្រើន​​​​​​ហើយ​​​មើល​​​ទៅ​​​”។

លោក​​​ Matcheret ដែល​​​និយាយ​​​ថា លោក​​​មាន​​​គម្រោង​​​បើក​​​ហាង​​​ Eric Kayser មួយ​​​ផ្សេង​​​ទៀត​​​នៅ​​​អគារ​​​ពាណិជ្ជកម្ម​​​វឌ្ឍនៈ​​​ក្នុង​​​ខែកក្កដា​​​នោះ​​​បាន​​​គូស​​​បញ្ជាក់​​​ថា ការ​​​សាង​​​សង់​​​កន្លែង​​​ចត​​​រថយន្ត​​​ដែល​​​មានកម្ពស់​​​ជា​​​ច្រើន​​​ជាន់​​​ជាប់​​​បរិវេណ​​​នៅ​​​ខាង​​​ក្រៅ​​​គឺ​​​ជា​​​បញ្ហា​​​សម្រាប់​​​ហាង​​​ដែល​​​មាន​​​ទី​​​តាំង​​​នៅ​​​ទី​​​នោះ​​​។

លោក​​​បាន​​​និយាយ​​​ថា “ឥឡូវ​​​នេះ​​​យើង​​​ដឹង​​​ហើយ​​​ថា គេ​​​បាន​​​សម្រេច​​​សាង​​​សង់​​​កន្លែង​​​ចត​​​រថយន្ត​​​ ហើយ​​​វា​​​បាន​​​ធ្វើ​​​ឲ្យ​​​បរិស្ថាន​​​នៅ​​​បរិវេណ​​​ខាង​​​ក្រៅ​​​ផ្លាស់​​​ប្តូរ​​​ទាំង​​​ស្រុង​​​ ហើយ​​​ច្រក​​​ចូល​​​វិញ​​​ គឺ​​​វា​​​មិន​​​មាន​​​ភាព​​​ងាយ​​​ស្រួល​​​សម្រាប់​​​អតិថិជន​​​ទេ​​​”។

រីឯលោក​​​ Jean-Pierre Muselli ម្ចាស់​​​ហាង​​​ Original Steakhouse ដែល​​​ស្ថិត​​​នៅ​​​បរិវេណ​​​ខាង​​​ក្រៅ​​​ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា ហាង​​​របស់​​​លោក​​​ទទួល​​​រង​​​ផល​​​ប៉ះពាល់​​​ទាំង​​​ស្រុង​​​ពី​​​ចំណត​​​រថយន្ត​​​នេះ​​​។ចាប់​​​តាំង​​​ពីការ​​​សាង​​​សង់​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពីខែ​​​ធ្នូ​​​មក​​​ការ​​​លក់​​​​​​របស់​​​លោក​​​បាន​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​។

លោក​​​បាន​​​សរសេរ​​​ថា “ការ​​​លក់​​​របស់​​​យើង​​​ធ្លាក់​​​ចុះ​​​៤០​​​ភាគ​​​រយ​​​ចាប់​​​តាំ​​​ងពី​​​​​​ការ​​​ងារ​​​សាង​​​សង់​​​ចាប់​​​ផ្តើម​​​​​​មក​​​។ នៅ​​​ពេល​​​អតិថិជន​​​មិន​​​អាច​​​ចត​​​រថយន្ត​​​ក្បែរ​​​ហាង​​​របស់​​​យើង​​​ ពួក​​​គេ​​​បាន​​​ប្តូរ​​​ទៅ​​​ហាង​​​ផ្សេង​​​សម្រាប់​​​អាហារ​​​ថ្ងៃ​​​ត្រង់ និង​​​ពេល​​​ល្ងាច​​​។ ដំបូង​​​ឡើយ​​​យើង​​​ទទួល​​​បាន​​​ប្រាក់​​​ចំណេញ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​យើង​​​បាន​​​ខាត​​​បង់​​​ជា​​​រឿង​​​រាល់​​​ខែ​​​”។

តែ​​​ទោះជា​​​​​​យ៉ាង​​​ណា​​​ លោក​​​ ជី សិលា អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៅ​ក្រុមហ៊ុន CBM Corp ដែល​​​ភោជនីយដ្ឋាន​​​ Miam Miam របស់​​​ខ្លួន​​​មាន​​​ទី​​​តាំង​​​ស្ថិត​​​នៅ​​​ជាន់​​​ទី​​​៣​​​ក្នុង​​​ផ្សារ​​​ទំនើប​​​អីុអន​​​ ហើយ​​​បាន​​​បិទ​​​ទ្វារ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​នោះ​​​បាន​​​និយាយ​​​ថា មិន​​​មែន​​​គ្រាន់​​​តែ​​​​​​ហាង​​​នៅ​​​បរិវេណ​​​​​​​​​ខាង​​​ក្រៅ​​​នោះ​​​ទេ​​​ដែល​​​ជួប​​​បញ្ហា​​​នោះ​​​។

លោក​​​បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ថា “ភោជនីយដ្ឋាន Miam Miam បាន​​​បិទ​​​ទ្វារ​​​រួច​​​ទៅ​​​ហើយ​​​ ព្រោះ​​​យើង​​​បាន​​​កត់​​​សម្គាល់​​​ថា អ្នក​​​ដែល​​​មក​​​ផ្សារ​​​ទំនើប​​​នេះ​​​គ្មាន​​​លទ្ធភាព​​​ទិញម្ហូប​​​អាហារ​​របស់​​​​​យើង​​​បាន​​​ឡើយ ហើយ​​​ខ្ញុ​​​ំ​​​អាច​​​និយាយ​​​បាន​​​ថា យើង​​​ជ្រើស​​​រើស​​​ទី​​​តាំង​​​ខុស​​​”។

លោក សិលា បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា អ្នក​​​ដែល​​​ចូល​​​មក​​​ភោជនីយដ្ឋាន Miam Miam ត្រូវ​​​ចំណាយ​​​ចន្លោះ​​​ពី​​​១២​​​ដុល្លារ ទៅ​​​១៥​​​ដុល្លារ ប៉ុន្តែ តាម​​​ជាក់​​​ស្តែង​​​មនុស្ស​​​ភាគ​​​ច្រើន​​​ដែល​​​មក​​​ផ្សារ​​​ទំនើប​​​នេះ​​​មាន​​​លទ្ធភាព​​​ចំណាយ​​​ត្រឹម​​​តែ​​​១០​​​ដុល្លារ​​​ ឬក៏​​​តិ​​​ច​​​ជាង​​​នេះ​​​។

សិស្ស​​​វិទ្យាល័យ​​​ម្នាក់​​​​​​ឈ្មោះ​​​ ជុត មីអីុង ​​​​​​​​​​​​ដែល​​​មក​​​​​​ផ្សារ​​​ទំនើប​​​អីុអន​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា តាម​​​អ្វីដែល​​​នាង​​​ដឹង​​​គឺ​​​ថា មនុស​​​្ស​​​ភាគ​​​ច្រើន​​​ចូល​​​ចិត្ត​​​ទៅ​​​កន្លែង​​​លក់​​​ម្ហូប​​​អាហារ​​​ជាន់​​​ក្រោម​​​។

នាង​​​បាន​​​និយាយ​​​ថា “មាន​​​ភោជនីយដ្ឋាន​​​ជា​​​ច្រើន​​​ដែល​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗគ្នា ដូច​​​ជា​​​អីុតាលី និង​​​ជប៉ុន​​​ជា​​​ដើម ប៉ុន្តែ ខ្ញុំ​​​បាន​​​គត់​​​សម្គាល់​​​ឃើញ​​​ថា មនុស្ស​​​ជា​​​ច្រើន​​​ចូល​​​ចិត្ត​​​កន្លែង​​​លក់​​​ម្ហូប​​​អាហារ​​​ចម្រុះ​​​នៅ​​​ជាន់​​​ក្រោម​​​ ព្រោះ​​​វា​​​មាន​​​អាហារ​​​ដែល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចូល​​​ចិត្ត ហើយ​​​តម្លៃ​​​ក៏​​​សម​​​រម្យ​​​ដែរ”។

លោក​​​ Yajima Makoto ប្រធាន​​​គ្រប់​​​គ្រង​​​​​​​​ផ្សារ​​​ទំនើប​​​អីុអន​​​នៅ​​​កម្ពុជា​​​បាន​​​​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ថា  ខណៈ​​​ ផ្សារ​​​ទំនើប​​​​​​កំពុង​​​ជួប​​​រឿង​​​អាក្រក់​​​ដោយ​​​មាន​​​ហាង​​​មួយ​​​ចំនួន​​​បាន​​​បិទ​​​ទ្វារ​​​នោះ​​​ ការ​​​បិទ​​​ទ្វារ​​​នេះ​​​គឺ​​​ជា​​​រឿង​​​ធម្មតា​​​ក្នុង​​​ផ្សារ​​​ទំនើប​​​។

លោក​​​បាន​​​សរសេរ​​​ថា “ជា​​​ការ​​​ពិត​​​​​​ វាគឺជា​​​រឿង​​​អាក្រក់​​​សម្រាប់​​​យើង​​​ និង​​​ម្ចាស់​​​ហាង​​​ដែល​​​បិទ​​​ហាង​​​របស់​​​ខ្លួន​​​។ ប៉ុន្តែ សម្រាប់​​​ប្រតិបត្តិការ​​​របស់​​​ផ្សារ​​​ទំនើប​​​ វា​​​គឺ​​​ជា​​​ការ​​តម្រូវ​​​ការ​​​របស់​​​អតិថិជន​​​ដែល​​​គាំទ្រ​​​ជំនួញ​​​របស់​​​យើង​​​ ហេតុ​​​ដូច្នេះ​​​វា​​​ជា​​​រឿង​​​ធម្មតា​​​សម្រាប់​​​ការ​​​រៀប​​​ចំ​​​ឡើង​​​វិញ​​​ដើម្បី​​​ទាក់​​​ទាញ​​អ្នក​​​មក​​​​​​ជួល​​​​ហាង​​​ថ្មី​​​ៗ​​​​​​​​​”។

លោក​​​ Makoto មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណួរ​​​បន្ថែម​​​ដើម្បី​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រអូរទាំ​​​របស់​​​ម្ចាស់​​​ហាង​​​អំពី​​​ការ​​​សាង​​​សង់​​​ និង​​​ទីតាំង​​​ឡើយ។

លោក លូ ម៉េង​​​ ប្រធាន​​​សមាគម​​​សណ្ឋាគារ​​​នៅ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អភិវឌ្ឍ​​​ពាណិជ្ជកម្ម​​​ទៅ​​​ថ្ងៃ​​​អនាគត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ គឺ​​​ពឹង​​​ផ្អែក​​​ទៅលើ​​​ភាព​​​ជោគ​​​ជ័យ​​​​​​របស់​​​ផ្សារ​​​ទំនើប​​​អីុអន។

លោក លូ ម៉េង ដែល​​​ក៏​​​ជា​​​ម្ចាស់​​​ភា​​​គ​​​ហ៊ុន​​​​​​នៅ​​​ក្នុង​​​ហាង​​​ Khmer World Food Court នៅ​​​

​​​ជាន់​​​ទី​​​៣​​​ក្នុង​​​​​​ផ្សារ​​​ទំនើប​​​អីុអន និង​​​ជា​​​ប្រធាន​​​ក្រុមហ៊ុន​​​ Thalias ដែល​​​គ្រប់​​​គ្រង​​​ភោជនីយដ្ឋាន  Khema មាន​​​ទីតាំង​​​នៅ​​​បរិវេណ​​​ខាង​​​ក្រៅ​​​ផ្សារ​​​អីុអនដែរ​​​នោះ​​​​​​បាន​​​និយាយ​​​ថា “ការអភិវឌ្ឍនៅ​​​កម្ពុជា​​​អាច​​​ឆ្លុះ​​​បញ្ចាំង​​​បាន​​​តាម​​​​​​រយៈ​​​ភាព​​​ជោគ​​​ជ័យ​​​ ឬ​​​បរាជ័យ​​​របស់​​​ផ្សារ​​​ទំនើប​​​អីុអន​​​។ ប្រសិន​​​បើ​​​ផ្សារ​​​ទំនើប​​​អីុអន​​​មិន​​​​​​ដំណើរ​​​ការ​​​ យើង​​​មាន​​​ការ​​​វិនិយោគ​​​ជា​​​ច្រើន​​​កំពុង​​​រង់ចាំ ប៉ុន្តែ ប្រសិន​​​បើ​​​ផ្សារ​​​ទំនើប​​​នេះ​​​ដំណើរ​​​ការ​​​វិញ​​​ ខ្ញុំ​​​គិត​​​ថា ​​​នឹង​​​មាន​​​ការ​​​វិនិយោគ​​​ថ្មី​​​ៗ​​​ជា​​​ច្រើន​​​ទៀត​​​៕ ស៊ុយ​​​ឈាង​​​​​​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស