28.4 C
Phnom Penh

ជន​ភៀសខ្លួន​ណូរូ​ទី១​យល់​ព្រម​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃ​របស់​កម្ពុជា​ បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​​ដែល​ប្រទេស​អូស្ត្រាលី ​កំពុង​ឃាត់ទុក​នៅ​លើ​ប្រទេស​ដែន​កោះណូរូ ​នៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ខ្លួន​​រក​បាន​​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​ដែល​​ចង់​មក​កសាង​ជីវិត​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា គណៈប្រតិភូ​មួយ​ក្រុម​របស់​កម្ពុជា ​ដែល​បច្ចុប្បន្ន​កំពុង​ចុះទៅ​ពិនិត្យ​មើល​ជំរំ​ជន​ភៀស​ខ្លួន​​លើ​កោះណូរូ​ បាន​បញ្ជាក់​ថា បុរស​ជនជាតិ​​ភាគ​តិច​​រ៉ូហ៊ីងយ៉ា ​​​​ម្នាក់​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​​ភូមា​ ដោយ​សង្ឃឹម​ថានឹង​បាន​ទៅ​ដល់​ទឹក​ដី​នៃ​ប្រទេស​អូស្ត្រាលី​នោះ​​ បាន​ស្ម័គ្រ​ចិត្ត​មក​តាំង​លំនៅ​ក្នុង​ប្រទេសកម្ពុជា​ហើយ​ ប៉ុន្តែ​លោក​​មិន​ដឹង​ថា បុរស​ម្នាក់​នោះ​នឹង​មក​ដល់​នៅ​ពេល​ណា​ទេ។

លោក​​មាន​ប្រសាសន៍​ថា ” យើង​ទទួល​បាន​អ្នក​ស្ម័គ្រចិត្ត​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​​ពេល​នេះ​ក្រុម​របស់​យើង​កំពុង​ធ្វើ​ការ​ជាមួយ​សមភាគី​អូស្ត្រាលី”។

ប្រទេស​អូស្ត្រាលី​សង្ឃឹម​​ថា នឹង​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​មក​កាន់​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​បាន​ពន្យារពេល​ជើង​ហោះ​ហើរ​ដំបូង​ដោយសារ “​បញ្ហា​ភ័ស្តុភារ​​ទាក់​ទិន​នឹង​​មន្ត្រីទៅពី​កម្ពុជា ដែលជាប់​​ពាក់​ព័ន្ធ​​ក្នុង​ដំណើរ​ការ​នេះ”។ នៅ​ពេល​នោះ ​កម្ពុជា​បាន​លើក​ឡើង​ថា ខ្លួន​មិន​ដឹង​ថា​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ទេ។

ប្រសិន​បើ​បុរស​ជនជាតិ​រ៉ូហុីងយ៉ា ​​ខាង​លើ​នេះ​​ពិត​ជា​មក​ដល់​​មែន​នោះ គាត់​នឹង​ក្លាយ​ជា​ជន​​ភៀស​ខ្លួន​ទី១​ នៅ​លើ​កោះ​ណូរូ​ ដែល​មក​តាំង​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​កិច្ច​ព្រមព្រៀង​ដ៏ចម្រូងចម្រាសមួយ​ដែល​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំមុន ដើម្បី​ទទួល​យក​ជនភៀស​ខ្លួន​ក្នុង​ចំនួន​គ្មាន​កំណត់​ ជា​ថ្នូរ​នឹង​កញ្ចប់​ជំនួយ​ថវិកា​៣១​លាន​ដុល្លារ​។

ប្រទេស​អូស្ត្រាលី ​បាន​បដិសេធមិន​ទទួល​យក​ជនភៀស​ខ្លួន​ទាំង​នេះ​ដោយ​ខ្លួន​ឯង​ទេ ហើយ​​ដោយសារ​តែ​បែប​នេះ​បាន​រង​ការ​រិះគន់​ពី​សំណាក់​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន និង​​ក្នុង​ប្រទេស​កម្ពុជា​ព្រមទាំង​អង្គការ​សហប្រជា​ជាតិ​ផង​ដែរ​ចំពោះ​ការ​​ប្រគល់​ពួកគេ​ឲ្យ​មក​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្របំផុត​ និង​ពុក​រលួយ​បំផុត​ក្នុង​ពិភព​លោក​។

សម្ព័ន្ធ​សកម្មភាព​ជនភៀស​ខ្លួន (Refugee Action Coalition) ជា​អង្គការ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ ដែល​តស៊ូមតិ​ដើម្បី​សិទ្ធិ​របស់​ជនភៀស​ខ្លួន ​បាន​លើក​ឡើង​កាលពី​សប្ដាហ៍​មុន​ថា ខ្លួន​​ដឹង​ថា ជន​ស្វែង​រក​សិទ្ធិ​​ជ្រក​កោន​​រហូត​ដល់​ទៅ​ប្រាំ​នាក់​នៅ​លើ​កោះ​ណូរូ​​ដែល​បាន​យល់​ព្រម​ផ្លាស់​មក​រស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​​ការ​អះអាង​ទាំង​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​​ទេ។

ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​របស់​ខ្លួន​ជា​មួយ​អូស្ត្រាលី កម្ពុជា​បាន​យល់​ព្រម​​ទទួល​យកតែ​​ជន​ភៀស​ខ្លួន​ផ្លូវ​ការ​ និង​​នៅ​ក្នុង​ករណី​ដែល​ពួកគេ​ស្ម័គ្រ​ចិត្ត​​ប៉ុណ្ណោះ​។ ​អង្គការ​​នេះ​ព្រួយបារម្ភ​ថា ​ប្រទេស​អូស្ត្រាលី ​កំពុង​ដាក់​គំនាប​ឲ្យ​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នេះ​ចុះហត្ថលេខា​ និង​​ជំរុញ​ឲ្យ​ពួកគេ​រើចេញ​ឆាប់ៗតាម​រយៈ​ដំណើរ​ការ​អះអាង​នេះ​។

លោក ខៀវ សុភ័គ​ បាន​មាន​ប្រសាសន៍​ថា បុរស​ជនជាតិ​រ៉ូហុីង​យ៉ា​នេះ​គឺ​ជា​ជន​ភៀស​ខ្លួន​ម្នាក់​ដែល​មាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ។ លោក​ថ្លែង​ថា ” ពួកគេ​មាន​ឋានៈ​ជាជន​ភៀសខ្លួន​រួច​ទៅ​ហើយ ហើយគាត់​បានស្ម័គ្រ​ចិត្ត​មក​តាម​រយៈ​ការ​បញ្ជាក់​​​របស់​​ក្រុម​កម្ពុជា​យើង”។

លោក​បាន​លើក​ឡើង​ទៀត​ថា លោក​មិន​ដឹង​ថា បុរស​ម្នាក់​នេះ​នឹង​មក​ប្រទេស​កម្ពុជា​​នៅ​ពេល​ណា​ទេ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា បុរស​ម្នាក់​​នេះ​នឹង​មិន​មក​ជាមួយ​គណៈប្រតិភូ​កម្ពុជា ​​ដែល​បាន​ចេញ​ទៅ​កាន់​កោះណូរូ ​កាលពី​ថ្ងៃ​អាទិត្យ​ ​​និង​ដែល​​​​រំពឹង​​ថា​នឹង​ត្រឡប់​មក​វិញ​នៅ​សប្ដាហ៍​នេះ ឬ​សប្ដាហ៍​ក្រោយ​​ទេ។

លោក​ថ្លែង​ថា ” គាត់​នឹង​នៅ​ទីនោះ​រហូត​ទាល់​តែ​គាត់​ទទួល​បាន​ភ្លើង​ខៀវ”។ ឧត្ដម​សេនីយ៍​​​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ក្រសួង​មហាផ្ទៃ​នឹង​បន្ត​​ធ្វើ​ការ​​ពី​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​​មើល​អ្នក​ស្ម័គ្រ​ចិត្ត​រូប​នេះ ប៉ុន្តែ​មិន​មាន​ប្រសាសន៍​ថា ដំណើរ​ការ​នេះ​ស៊ីពេល​យូរ​ប៉ុណ្ណា​ឡើយ។

ក្រោម​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ជាមួយ​អូស្ត្រាលី​ កម្ពុជា​ ត្រូវ​ពិនិត្យ​​មើល​ “ឯកសារ​ពាក់​ព័ន្ធ” របស់​អ្នក​ស្ម័គ្រចិត្ត​ទាំង​អស់ រួម​ទាំង​ឯកសារគ្រប​ដណ្ដប់​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ប្រវត្តិ​សុខភាព​​ផង​ដែរ។

លោក កែម សារិន ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​ក្រសួង​មហាផ្ទៃ​​ បាន​មាន​ប្រសាសន៍​ថា “​យើង​មិន​ទាន់​មាន​​ប្រវត្តិ​របស់​គាត់​នៅ​ឡើយ​ទេ។ នៅ​ពេល​​យើង​ពិនិត្យ​មើល​ប្រវត្តិ​ និង​សុខភាព​របស់​គាត់រួច​រាល់ ហើយ​នៅ​ពេល​យើង​ដឹង​ថា គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណាមួយ​ និង​មិន​ប្រើ​ប្រាស់​គ្រឿងញៀន ពេល​នោះ​យើង​នឹង​ជូន​ដំណឹង​ទៅ​គាត់​ថា គាត់​អាច​​មក​រស់នៅ​ក្នុង​​ប្រទេស​របស់​យើង​បាន”។

ស្ត្រី​អ្នក​នាំពាក្យ​ក្រសួង​អន្តោប្រវេសន៍​​​នៃ​ប្រទេស​​​អូស្ត្រាលី​ បាន​លើក​ឡើង​ថា លោក​ស្រី​គ្មាន​ព័ត៌មាន​បច្ចុប្បន្ន​ភាព​ស្ដីពី​កិច្ច​ប្រឹង​ប្រែង​តាំង​លំនៅថ្មី​ទេ​ចាប់តាំង​ពី​សប្ដាហ៍​មុន​
ជា​ពេល​ដែល​លោកស្រី​លើក​ឡើង​ថា ក្រសួង​នេះ​កំពុង​ចរចា​ជាមួយ​ជន​ភៀស​ខ្លួន​ដែល​បាន​បង្ហាញ​​ចំណាប់​​អារម្មណ៍​ចង់​ផ្លាស់​មក​រស់​នៅ​​​​ក្នុង​ប្រទេស​កម្ពុជា​។

ការ​បញ្ជាក់​អំពី​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​នេះ ​កើត​មាន​ឡើង​ចំពេល​​អូស្ត្រាលី​​ ជំរុញ​យ៉ាង​ខ្លាំង​
ឲ្យ​ជន​ភៀស​ខ្លួន​នៅ​លើ​កោះ​ណូរូ​ ទទួល​យក​​ការ​ផ្តល់​ឲ្យ​​នេះ​។កាលពី​ម្សិលមិញ កាសែត ឌឹ ហ្គាឌាន (The Guardian) បាន​បង្ហោះ​ខ្សែ​​វីដេអូ​​លោក​ ភីតធើ ដាត់ធិន (Peter Dutton) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​​ នៅ​លើ​គេហទំព័រ​​របស់​ខ្លួន​ដែលត្រូវ​បាន​ចាក់​បញ្ចាំង​

ឲ្យ​ជន​ភៀស​ខ្លួន​នៅ​លើ​កោះ​ណូរូ​ មើល​កាលពី​ពេល​រសៀល​ថ្ងៃ​នោះ។

នៅ​ក្នុង​វីដេអូ​នោះ លោក ភីតធើ ដាត់ធិន បាន​លើក​ឡើង​ថា ” បងប្អូន​​មិន​អាច​តាំង​លំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​ទេទោះ​ស្ថិត​​​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ប្រទេស​អូស្ត្រាលី ​មិន​មែន​ជា​គោលដៅ​​តាំង​​លំនៅ​សម្រាប់​​បង​ប្អូន​ ឬគ្រួសារ​របស់​​បង​ប្អូន​ឡើយ​។ នៅ​ពេល​​វា​​មិន​មែន​ជា​ប្រទេស​អូស្ត្រាលី​នោះ កម្ពុជា​ ផ្ដល់​សុវត្ថិភាព​ សន្តិសុខ និង​ឱកាស​ដល់​​បង​ប្អូន​​”។

រដ្ឋមន្ត្រីរូប​នេះ​បាន​​ហៅ​កម្ពុជា​ថាជា​ “ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​ឆាប់រហ័ស និង​ស្វាហាប់ជាមួយ​នឹង​សេដ្ឋកិច្ច​មាន​​ស្ថិរភាព​ និង​មាន​ឱកាស​ការ​ងារ​ច្រើន​​” ហើយ​បាន​ជំរុញ​​ឲ្យ​ជន​ភៀសខ្លួន​ទាំង​នេះ​​កុំ​យក​ចិត្ត​ទុកដាក់​ចំពោះ “ជនប្រឆាំង​” ដែល​ណែនាំពួកគេ​មិន​ឲ្យ​ទទួល​យក​ការ​ផ្តល់​ឲ្យ​នេះ​។

ការ​ចាក់​បញ្ចាំង​ខ្សែវីដេអូ​នេះ​ធ្វើ​ឡើង​ក្រោយ​​មាន​លិខិត​មួយ​ច្បាប់​កម្រាស់​ប្រាំទំព័រ​ដែល​​ក្រសួង​របស់​លោក​បាន​​ចាប់​ផ្តើម​​​ចែក​​ទៅ​ឲ្យ​​ជន​ភៀស​ខ្លួន​ទាំង​នេះ​កាលពី​ដើម​ខែ​​នេះ ដោយ​​​​ប្រាប់​ពួកគេ​អំពី​ជំនួយ​ដែល​​ខ្លួន​អាច​រំពឹង​ទទួល​បាន​ នៅ​ពេល​​ពួកគេ​មក​ដល់​រាជធានី​ភ្នំពេញ​​ភ្លាម​។

ការ​ផ្ដល់​ឲ្យ​នេះ​ រួម​មាន​សាច់​ប្រាក់​ក្នុងដៃ និង​ការ​ចំណាយ​រស់​នៅ​ទាំងអស់​បង់​ឲ្យ​រយៈ​ពេល​១ឆ្នាំ ព្រមទាំង​មាន​អត្ថប្រយោជន៍​មួយ​ចំនួន​ ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធានារ៉ាបរង​សុខភាព​រយៈ​ពេល​វែង ហើយ​ជួយ​ស្វែង​រក​ការ​ងារ​​ ឬ​ចាប់​ផ្ដើម​​​អាជីវកម្ម​។

ប៉ុន្តែ​លិខិត​នេះ​ក៏​ធ្វើ​ការ​អះអាង​មិន​ពិត​មួយ​ចំនួន​ដែរ​អំពី​ជីវិត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លិខិត​នេះ​សរសេរ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​ “ការ​ថែទាំសុខភាព​ដែល​មាន​ស្តង់ដារ​ខ្ពស់​ មាន​សេរីភាព​​គ្រប់បែប​យ៉ាង​ក្នុង​សង្គម​ប្រជាធិបតេយ្យ” ហើយ​​មិន​ប្រឈម​បញ្ហា​​ឡើយ​​ជា​មួយ​​នឹង​បទ​ល្មើស​ហិង្សា។

ទោះ​ជា​យ៉ាង​ណា ដំបូន្មាន​​ផ្ទាល់​ខ្លួន​​​របស់​រដ្ឋាភិបាល​អូស្ត្រាលី ​ស្តីពី​ការ​ធ្វើ​ដំណើរ​​​​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​​នៅ​កម្ពុជា ​ផ្ទុយ​គ្នា​ពី​ការ​អះអាង​នៅ​​ក្នុង​លិខិត​នេះ​
លើ​ចំណុច​ទាំង​បី។

​ប៉ុន្តែ​ទោះ​បី​ជា​​បែប​នេះ​ក្តី ក្រសួង​អន្តោប្រវេសន៍​របស់​​អូស្ត្រាលី​ បាន​បដិសេធ​មិន​ធ្វើ​ការ​បកស្រាយ​ឡើយ​ជុំ​វិញ​ការ​ភូត​​កុហក​នៅ​ក្នុង​លិខិត​​នេះ​៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស