26 C
Phnom Penh

លោក​ ម៉ម សូណង់ដូ បង្កើតគណបក្ស​ដើម្បី​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ ​​មាន​ប្រសាសន៍​កាលពី​​ម្សិលមិញ​ថា លោក​​នឹង​​​បង្កើត​គណបក្ស​​នយោបាយ​របស់​លោក​ឡើង​វិញ គឺ​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ ដើម្បី​​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​លើក​ក្រោយ បន្ទាប់ពី​លោក​បាន​ខក​ចិត្ត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ ម៉ម សូណង់ដូ បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មាន​គម្រោង​បង្កើត​គណបក្ស​ថ្មី ពីព្រោះ​​ខ្ញុំលែង​ជឿ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ”។

លោក ម៉ម សូណង់ដូ បាន​បង្កើត​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​​បាន​រម្លាយ​​គណបក្ស​នេះ​វិញ​បន្ទាប់ពី​មិន​ទទួល​បានអាសនៈ​នៅ​ក្នុង​សភា​។

នៅ​ពេល​នេះ ​​លោក​មាន​គម្រោង​ដាក់ជូន​ឯកសារ​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​​ចុះ​ឈ្មោះ​គណបក្ស​ឡើង​វិញ​ជាផ្លូវ​ការ​នៅ​ខែ​កញ្ញា ឬខែ​តុលា បន្ទាប់ពី​ធ្វើ​សមាជ​គណបក្ស​រួច​។

លោក​បាន​បន្ថែម​ថា ” ពីមុន​ខ្ញុំ​បាន​ចូល​រួម​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​បន្ទាប់​មក​ខ្ញុំ​សង្កេត​ឃើញ​ថា មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​សមត្ថភាព​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​ពួកគេ​បាន​សន្យា​​យ៉ាង​ច្រើន​ជាមួយ​ប្រជាជន​ ប៉ុន្តែ​មិន​​អាច​ធ្វើ​បាន​ឡើយ​​”។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​គិត​ថា ម្ចាស់​ស្ថានីយ​វិទ្យុ​រូប​នេះ​នឹង​មាន​ឥទ្ធិពល​​​នៅ​ពេល​បោះ​ឆ្នោត​ច្រើន​ជាង​គាត់​​បាន​ធ្វើ​កាលពី​ឆ្នាំ​១៩៩៨នោះ​ឡើយ​​។

លោក​ យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “នេះមិន​មែន​ជា​អ្វី​ថ្មី​សម្រាប់​លោក ម៉ម សូណង់ដូ ទេ ពីព្រោះ​គាត់​បាន​បង្កើត​គណបក្ស​ក្នុង​ពេល​កន្លង​មក ប៉ុន្តែ​គាត់​មិន​ទទួល​បាន​អាសនៈ​ឡើយ”៕ សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស