33.3 C
Phnom Penh

​កូន​ប្រុស​របស់​ឧកញ៉ា ឌួង ងៀប ត្រូវ​បាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ប៉េហ្ស៊ី ទៅ​បន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កូន​ប្រុស​របស់​ឧកញ៉ា​ម្នាក់​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​សប្ដាហ៍​មុន ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​ប្រុស​របស់​ឧកញ៉ា​មេឈ្មួញ​ឈើ​ ទ្រី ភាព ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ប៉េហ្ស៊ី​ដែល​មាន​សន្តិសុខ​ធូររលុង​ទៅ​ បន្ត​​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ដែល​មាន​សន្តិសុខ​តឹងរ៉ឹង​បំផុត​កាលពី ​ថ្ងៃអង្គារ។

លោក ថាន់ សាវឿន ប្រធាន​ពន្ធនាគារ​ប៉េហ្ស៊ី​បាន​មាន​ប្រសាសន៍​ថា ” ​​ឆ្មាំពន្ធនាគារ​របស់​យើង​បាន​ផ្ទេរ​គាត់​ចេញ​​កាលពី​ពេល​រសៀល​ [ថ្ងៃអង្គារ]” មុន​ពេល​បង្វែរ​សំណួរ​បន្ថែម​ទៀត​ទៅ​មន្ត្រី​ទៅ​នៅ​ពន្ធនាគារ​ព្រៃស ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​។

ឌួង ឧត្ដម​ឆវិន ហៅ ឌួង ឆាយ អាយុ​២៧​ឆ្នាំ ​ដែល​ជា​កូន​ប្រុស​របស់​លោក ឌួង ងៀប ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ​បន្ទាប់​ពី​​រូប​គេ​បាន​ទះ​កំផ្លៀង​យុវជន​ ទ្រី ដាលុច អាយុ​២១​ឆ្នាំ​ដែល​ជា​កូន​ប្រុស​របស់​ឧកញ៉ា ទ្រី ភាព​ នៅ​ក្នុង​ហាង​ចាក់​សាក់​មួយ​កន្លែង​។

យោង ​តាម​កង​រាជអាវុធ​ហត្ថ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ឌួង ឆាយ ​បាន​ផ្ទុះ​កំហឹង​នៅ​ពេល​ខ្លួន​ដឹង​ថា យុវជន​ ទ្រី ដាលុច មិន​ស្គាល់​ថា​រូប​គេ​ជា​នរណា។ ឌួង ឆាយ ​បាន​និយាយ​​ក្នុង​ពេល​កើត​ហេតុ​ថា ” អញ្ញ​នឹង​បាញ់​វា​ចោល​ព្រោះ​វា​មិន​ស្គាល់​អញ្ញ​” ដោយ​ប្រាប់​ឲ្យ​អង្គរក្ស​របស់​ខ្លួន​យក​កាំភ្លើង​ចេញពី​រថយន្ត​​ Cadillac ស៊េរី​ទំនើប​​​មក​ឲ្យ​រូប​គេ​ ក្រោយ​​​​ផ្ទុះ​​អំពើ​ហិង្សា​​។

លោក កុល ប៊ុន ព្រះ​រាជអាជ្ញារង​​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​បាន​ចោទ​ប្រកាន់​ឈ្មោះ​ ឌួង ឆាយ បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​​ជុំវិញ​ការ​ផ្ទេរ​​នេះទេ ដោយ​បង្វែរ​សំណួរ​ទៅ​ចៅក្រម​ស៊ើបសួរ​ ហេង កេសារ៉ូ ដែល​បាន​មាន​ប្រសាសន៍​ថា លោក​មិន​មែន​ជា​អ្នក​ចាត់​ការ​លើ​សំណុំរឿង​នេះ​ឡើយ​។

សូម ​រំឭក​ថា កាលពី​ឆ្នាំ​២០១៣ ឈ្មោះ ឌួង ឆាយ បាន​ជាប់​ពន្ធនាគារ​ប៉េហ្ស៊ី​រយៈ​ពេល​​៦​ខែ ពីបទ​វាយ​បុរស​ម្នាក់​នឹង​ស្នាប់​កាំភ្លើង​នៅ​ភោជនីយដ្ឋានមួយ​កន្លែង​ក្នុង​ រាជធានី​ភ្នំពេញ៕ សុខុម​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស