អ្នកស្រី ទុយ ធីតា អាយុ២៨ឆ្នាំជាមន្ត្រីនគរបាលចរាចរបាននិយាយថា អ្នកស្រីមិនទទួលសំណូកទេ។ ការស្ទង់មតិពីការធ្វើចរាចរនៅចំណុចប្រសព្វនៃមហាវិថីព្រះសីហនុ និងផ្លូវលេខ៦៣ក្នុងរាជធានីភ្នំពេញ អ្នកស្រី ធីតា អាចជាមុខមាត់របស់ក្រសួងមហាផ្ទៃក្នុងការជំរុញឲ្យបង្កើនចំនួននគរបាលជាស្ត្រីក្នុងចំណោមកម្លាំងនគរបាលទូទាំងប្រទេសពីប្រហែល៥ភាគរយ ឲ្យដល់យ៉ាងតិចក៏៣០ភាគរយដែរ។
អ្នកស្រី ធីតា បាននិយាយថា “នៅពេលធ្វើការពិន័យមនុស្ស ខ្ញុំត្រូវអនុវត្តតាមច្បាប់ចរាចរណ៍។ ប៉ុន្តែខ្ញុំមិនប្រាកដពីនគរបាលផ្សេងទៀតឡើយ។ ជួនកាលពួកគាត់ស្គាល់គ្នា ដូច្នេះហើយពួកគាត់អត់ឱន ហើយអនុញ្ញាតឲ្យពួកគាត់ទៅ”។
នៅក្នុងពិធីប្រគល់សញ្ញាបត្រនៅបណ្ឌិត្យសភានគរបាលក្នុងខេត្តកណ្ដាល កាលពីខែមករា មាននគរបាលជាស្ត្រីដែលបញ្ចប់ការសិក្សាតែ៦៥នាក់ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងនគរបាលជាបុរស១.១៤២នាក់ ស្របតាមការប៉ាន់ប្រមាណរបស់លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំាពាក្យនគរបាលជាតិថា ស្ត្រីមានតែ៥ភាគរយប៉ុណ្ណោះក្នុងចំណោមនគរបាលទូទាំងប្រទេស៥៨.០០០នាក់។
នៅថ្ងៃនោះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មន្ត្រីនគរបាលជាស្ត្រីកាន់តែច្រើនជាការប្រសើរក្នុងកងកម្លាំងនគរបាល ដោយលើកឡើងថា ពួកគេមិនសូវច្រងេងច្រងាងដូចបុរសទេ។
យោងតាមមន្ត្រីនគរបាលមូលដ្ឋានដែលបានទាក់ទងកាលពីម្សិលមិញបានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានខែចាប់តាំងពីខេត្តកណ្ដាលបានបញ្ជូនស្ត្រីមួយក្រុមដំបូងមានគ្នា១២នាក់ ឲ្យចុះធ្វើចរាចរណ៍តាមផ្លូវ ខេត្តសៀមរាបបានបង្កើតស្ត្រី៨នាក់ជាបីក្រុម ដែលផ្លាស់ប្ដូរវេនគ្នា ហើយរាជធានីភ្នំពេញមានស្ត្រីសរុប១៤នាក់ រួមមានបីនាក់ជាផ្នែកនៃក្រុមឆ្លើយតបឧបទ្ទវហេតុផ្សេងៗ។
លោក ទី ឡុង អនុប្រធានសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នគរបាលចរាចរជាស្ត្រីបានបង្ហាញពីភាពជោគជ័យ។
លោកបានមានប្រសាសន៍ថា “មិនសូវមានការប្រឈមមុខជាមួយនគរបាលជាស្ត្រីទេ។ យើងជឿថា មន្ត្រីនគរបាលជាស្ត្រីរបស់យើងអាចធ្វើការបានល្អជាងនគរបាលជាបុរសទៅទៀត ពីព្រោះអត្តចរិតរបស់ពួកគេមិនសូវច្រងេងច្រងាង ហើយមានហេតុផលជាង”។
ជាទូទៅ នគរបាលចរាចរធ្វើការជាក្រុម ដោយមួយក្រុមមានគ្នា២នាក់ ដោយម្នាក់ជាអ្នកហៅអ្នកល្មើសច្បាប់ ហើយឲ្យឡើងទៅលើចិញ្ចើមផ្លូវទៅដោះស្រាយជាមួយមន្ត្រីទី២ម្នាក់ទៀត។ ជាទូទៅនគរបាលជាស្ត្រីបំពេញតួនាទីទី២ ទទួលខុសត្រូវចំពោះការសរសេរពីការពិន័យឬធ្វើការព្រមាន។
លោក សេង ចាន់ណាត នាយនគរបាលចរាចរខេត្តសៀមរាបបានមានប្រសាសន៍ថា តួនាទីនេះសក្ដិសមសម្រាប់ស្ត្រីទាំងនោះដែលបានចូលរួមបំពេញការងារ។
ដោយសំដៅដល់អ្នកល្មើសច្បាប់ដែលនគរបាលបានឃាត់ ប៉ុន្តែបានអនុញ្ញាតឲ្យចាកចេញ ដោយមិនបានធ្វើការដាក់ទោសទណ្ឌនោះ លោកបានមានប្រសាសន៍ថា ” ខ្ញុំជឿថា នគរបាលជាស្ត្រីនឹងមិនលើកលែងដល់អ្នកដែលប្រព្រឹត្តខុសដូចនគរបាលបានធ្វើក្នុងពេលកន្លងមកឡើយ”។
សម្រាប់អ្នកស្រី ធីតា វិញដែលបានធ្វើជាមន្ត្រីនគរបាលចរាចររាជធានីភ្នំពេញបន្ទាប់ពីធ្វើជាកម្មការិនីរោងចក្រ បេឡាករនៅហាងមួយ និយាយថា ការបំពេញការងារប្រកបដោយសុចរិតភាពគឺជាផ្នែកដ៏សំខាន់នៃការងារនេះ។
អ្នកស្រីបាននិយាយថា ” ខ្ញុំចង់សាកល្បងការងារជានគរបាលម្ដង។ វាមានភាពផ្សេងគ្នា។ មនុស្សជាច្រើនដែលខ្ញុំឃាត់ ព្យាយាមមិនទទួលកំហុសរបស់ខ្លួនទេ ប៉ុន្តែខ្ញុំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីធ្វើឲ្យពួកគាត់យល់ពីច្បាប់ចរាចរណ៍ និងយល់ពីកំហុសរបស់ខ្លួន”៕ សារុន