ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ជាមន្ត្រីក្រសួងការពារជាតិត្រូវបានចោទប្រកាន់ពីបទជាមេគំនិតក្នុងការបាញ់សម្លាប់លោក អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex Group កាលពីខែវិច្ឆិកានោះ នឹងត្រូវសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ នេះបើតាមការលើកឡើងរបស់មេធាវីលោកកាលពីម្សិលមិញ។
កាលពីថ្ងៃអង្គារ លោក លឹម វណ្ណា បាននិយាយដោយភាន់ច្រឡំថា កូនក្តីរបស់លោកនឹងត្រូវសាកសួរកាលពីម្សិលមិញ។ លោក វណ្ណា បានមានប្រសាសន៍កាលពីម្សិលមិញថា “តុលាការមិនបានសាកសួរគាត់ទេនៅថ្ងៃនេះ។ ការសាកសួរនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម៉ោង២រសៀល”។
យោងតាមនគរបាលបានឲ្យដឹងថា ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលបានលាក់ខ្លួនចាប់តាំងពីខែវិច្ឆិកានោះ ត្រូវបានអាជ្ញាធរស្វែងរក ហើយបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី១៦ខែមេសា។
បន្ទាប់មក គាត់ត្រូវបានប្រគល់ឲ្យអាជ្ញាធរកម្ពុជា និងបានធ្វើការសាកសួរនៅសាលាដំបូងរាជធានីកាលពីថ្ងៃសុក្រ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ អាចប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព៕ សារុន