30 C
Phnom Penh

អតីត​កម្មាភិបាល​និយាយ​អំពី​ការ​តាម​ចាប់​ជន​ក្បត់​ដែល​រត់​គេច​ខ្លួន​ពី ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ថា​គាត់​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ដែល​ក្នុង​កិច្ច​ប្រជុំ​នោះ ប៉ុល ពត បាន​ដាក់​បញ្ជា​ឲ្យ​ស្វែង​រក​ក្នុង​តំបន់​មជ្ឈិម ដើម្បី​រក​ពួក​ក្បត់ ដែល​បាន “រត់​គេច​ខ្លួន​ចូល​ព្រៃ”។

លោក ពេជ្រ ជឹម អាយុ​៧៣​ឆ្នាំ ត្រូវ​បាន​អូស​ទាញ​​ឲ្យ​ចូល​បក្ស​កុម្មុយនិស្ត​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧១ ដោយ​កូន​ស្រី​របស់ តាម៉ុក ឈ្មោះ យាយ ខុម ពេល​នោះ​ជា​ប្រធាន​បក្ស​ស្រុក​ត្រាំកក់ ហើយ​ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​ស្រុក​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​តំបន់​មជ្ឈិម។

កាលពី​ថ្ងៃ​ពុធ លោក ជឹម បាន​រៀបរាប់​ប្រាប់​អំពី​កិច្ច​ប្រជុំ​មួយ​ដឹកនាំ​ដោយ ប៉ុល ពត នា​ខែ​កុម្ភៈ​១៩៧៧ ដែល​មេដឹកនាំ​រូប​នេះ​បាន​លើក​ឡើង​នូវ​កង្វល់​អំពី​មនុស្ស​ដែល​បាន “គេច​ខ្លួន​ចូល​ព្រៃ” ពី​តំបន់​មជ្ឈិម។

លោក​បាន​និយាយ​ថា “មាន​តែ ប៉ុល ពត ប៉ុណ្ណោះ​បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។ គាត់​គ្រាន់តែ​បាន​និយាយ​ថា មាន​ពួក​ក្បត់​និង​សត្រូវ​ផ្សេង​ទៀត​រត់​ចូល​ព្រៃ ហើយ​យើង​ត្រូវ​តាម​ចាប់​ពួកគេ ហើយ​បក្ស​បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​យើង​ហើយ ដូច្នេះ​យើង​ត្រូវ​បំពេញ​ភារកិច្ច​នេះ​តាម​ការ​ចាត់​តាំង”។

លោក ជឹម បាន​និយាយ​ថា លោក “មិន​អាច​ចាំ​បាន” ថា​តើ​មេដឹកនាំ​ទី​២​របស់​របប​នេះ គឺ​លោក នួន ជា ដែល​កំពុង​ត្រូវ​ជំនុំ​ជម្រះ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ រួម​ជាមួយ​អតីត​ប្រធាន​រដ្ឋ​សម័យ​ខ្មែរ​ក្រហម ខៀវ សំផន បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ឬ​យ៉ាង​ណា​ទេ បើ​ទោះ​ជា​កាលពី​មុន​នេះ​បាន​ប្រាប់​អ្នក​ស៊ើប​អង្កេត​ថា គាត់​មាន​​វត្តមាន​ក្នុង​ចំណោម​មន្ត្រី​ថ្នាក់​ខ្ពស់​ក៏​ដោយ។

សាក្សី​រូប​នេះ​ក៏​បាន​ប្រាប់​របៀប​ដែល​អតីត​ប្រធាន​តំបន់​មជ្ឈិម គឺ​លោក កែ ពក ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​២០០២ មុន​ពេល​គាត់​អាច​ប្រឈម​នឹង​ការ​កាត់់​ក្តី បាន​ត្រឡប់​ទៅ​តំបន់​នោះ​ភ្លាម ដើម្បី “បញ្ជូន​សារ” អំពី​វត្តមាន​ជន​ក្បត់។ គាត់​បាន​ពន្យល់​ថា កែ ពក ជារឿយៗ​បញ្ជា​ឲ្យ​ដក​កម្មាភិបាល​ពី​តំណែង​របស់​ពួកគេ ក្នុង​ករណី​មួយ​យ៉ាង​តិច​ពាក់ព័ន្ធ​នឹង “ការ​ក្បត់”។

អស់​មនុស្ស

លោក ជឹម បាន​និយាយ​ថា “នៅ​ពេល​ខ្ញុំ​បញ្ជូន​មនុស្ស​ទៅ​ធ្វើការ​ជាមួយ​គាត់ គាត់​ដក​ពួកគេ​ចេញ​សឹងតែ​គ្រប់​ពេល។ ខ្ញុំ​អស់​មនុស្ស​បញ្ជូន​ទៅ​ឲ្យ​គាត់ ពីព្រោះ ទោះជា​យ៉ាង​ក៏ដោយ ពួកគេ​មិន​អាច​ធ្វើការ​ជាមួយ​គាត់​បាន​ទេ”។

ក្នុង​សវនាការ​កាលពី​ថ្ងៃ​ពុធ លោក ជឹម ក៏​បាន​ផ្តល់​ភ័ស្តុតាង​ថា យាយ ខុម បាន​បញ្ជា​ឲ្យ​ផ្សឹក​ព្រះសង្ឃ​នៅ​វត្ត​អង្គ​រកា ក្នុង​ស្រុក​ត្រាំកក់ បន្ទាប់ពី​ខ្មែរ​ក្រហម​បាន​ចូល​កាន់​អំណាច ហើយ​គាត់ [យាយ ខុម] បាន​ចូលរួម​ពេល​ដែល​អ្នក​ជម្លៀស​មកពី​ក្រុង​ភ្នំពេញ ត្រូវ​គេ​បញ្ជូន​ទៅ​វត្ត ចម្បា៉ លើ នៅ​ក្នុង​ខេត្ត​តាកែវ​ដែរ កន្លែង​ដែល​កម្មាភិបាល​ម្នាក់​ទៀត​បាន​ផ្តល់​សក្ខី​កម្ម​មុន​នោះ​ថា ទាហាន លន់ នល់ ត្រូវ​បាន​គេ​ប្រមូល​ផ្តុំ ហើយ​បាន​បាត់​ខ្លួន​អស់។

ដោយ​អះអាង​ថា គាត់​មិន​បាន​ឃើញ​ទាហាន លន់ នល់ ត្រូវ​គេ​ផ្តោត​ជា​គោលដៅ​នោះ លោក​បាន​និយាយ​ថា “ខ្ញុំ​សង្ស័យ​ថា វិធានការ​បែប​នេះ​ត្រូវ​បាន​គេ​ធ្វើ​លើ​ក្រុម​មនុស្ស​អាក្រក់ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​និយាយ​អ្វី​ទេ គ្រប់គ្នា​នៅ​ស្ងៀម ពីព្រោះ​យើង​ត្រូវ​ធ្វើ​តាម​បញ្ជា​នយោបាយ”។ លោក​បាន​បន្ថែម​ថា “ដូច​ពាក្យ​ខ្មែរ​និយាយ​ថា “សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង។ រឿង​វា​អ៊ីចឹង។ ខ្ញុំ​ស្ថិត​ក្នុង​របប​ដ៏​រន្ធត់​នេះ​ដូច​អ្នក​គ្រប់​គ្នា​ដែរ”។

លោក ជឹម ដែល​បាន​ផ្តល់​សក្ខីកម្ម​ក្នុង​ដំណាក់​កាល​ទី​១​​នៃ​ការ​ជំនុំជម្រះ​ក្តី នួន ជា និង ខៀវ សំផន ដែរ​នោះ គ្រោង​នឹង​បន្ត​ផ្តល់​ភ័ស្តុតាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស