29 C
Phnom Penh

ការដួលរលំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកថត​​​រូប​​​ជា​​​សាក្សី​​​ចំពោះ​​​ការ​​​ចូល​​​​​​កាន់​​​កាប់​​​ក្រុង​​​ភ្នំ​​​ពេញ​​​ដោយ​​​ខ្មែរ​​​ក្រហម​​​​​​​​​​​​

មួយ​​​ថ្ងៃ​​​មុន​​​នឹង​​​ជ័យ​​​ជម្នះ​​​យោធាខ្មែរ​​​ក្រហម​​​ ជា​​​របប​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​​​​​​​មនុស្សមួយ​​​ភាគ​​​បី​​​នៃ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ទូទាំង​​​ប្រទេស​​​​​​បាន​​​បាត់​​​បង់ជីវិត​​​ក្នុង​​​រយៈ​​​ពេល​​​មិន​​​ដល់​​​៤​​​ឆ្នាំ​​​ផង​​​នោះ ភាពស្ងប់​​​ស្ងាត់​​​​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​កណ្តាល​​​ទី​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ខណៈដែល​​​មាន​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​ចុង​​​ក្រោយ​​​នៅ​​​ខាង​​​ក្រៅ​​​ទី​​​ក្រុង។​​

​លោក  រូឡង់ដ៍ ណឺវឺ សរសេរ​​​នៅ​​​ក្នុង​​​សៀវ​​​ភៅ​​​រូប​​​ថត​​​របស់​​​លោកដែល​​​មាន​​​ចំណង​​​ជើង​​​​​​ថា​​​”​​​ការ​​​ដួលរលំ​​​នៃ​​​​​​ក្រុង​​​ភ្នំពេញ”​​​​​​ថា”​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ម៉ោង​​​ មហា​​​វិថី​​​មុនីវង្ស ត្រូវ​​​កកស្ទះ​​​ ពី​​​ព្រោះ​​​មនុស្ស​​​ម្នា​​​សម្រុក​​​ចេញ​​​ពី​​​តំបន់​​​សំណង់អនា​​​ធិប​​​តេយ្យនៅ​​​ផ្នែក​​​ភាគ​​​ខាង​​​ជើង​​​នៃ​​​ទី​​​ក្រុង​​​ និង​​​តំបន់​​​ទួល​​​គោក។​​​ រូបថត​​​របស់​​​លោក​​​​​​ នឹង​​​​​​តាំង​​​​​​ពិព័រណ៌នៅ​​​ឯ​​​មេត្តា​​​ហាវ​​​ដែល​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​អង្គារ។

អ្នក​ក្រុង​ភ្នំពេញ​អប​អរ​សាទរ​ទាហាន​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​ទី​១៧ ខែមេសា​ ឆ្នាំ​១៩៧៥​ ដោយ​ជឿ​ថា ជីវិត​ធម្មតា​នឹង​វិល​ត្រឡប់​មក​វិញ​ ដោយ​សារ​តែ​សង្គ្រាម​ស៊ីវិល​បាន​ចប់​។ រូប​ថតៈ Roland Neveu
អ្នក​ក្រុង​ភ្នំពេញ​អប​អរ​សាទរ​ទាហាន​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​ទី​១៧ ខែមេសា​ ឆ្នាំ​១៩៧៥​ ដោយ​ជឿ​ថា ជីវិត​ធម្មតា​នឹង​វិល​ត្រឡប់​មក​វិញ​ ដោយ​សារ​តែ​សង្គ្រាម​ស៊ីវិល​បាន​ចប់​។ រូប​ថតៈ Roland Neveu

លោក ណឺវឺ​​​​​​ សរសេរ​​​ថា ៉មិន​​​មាន​​​ការ​​​ស្រែក​​​ ឬសញ្ញាភ័យ​​​​​​​​​ស្លន់​​​ស្លោទេ គឺ​​​គ្រាន់តែ​​​មាន​​​មនុស្ស​​​ម្នា​​​កកកុញ​​​ធ្វើ​​​ដំណើរ​​​តាម​​​រុក្ខ​​​វិថី​​​ប៉ុណ្ណោះ”។

នេះជា​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​មេសា ឆ្នាំ​​​១៩៧៥។ សង្គ្រាម​​​ស៊ី​​​វិល​​​បាន​​​ឆាប​ឆេះ​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​មក​​​ហើយ ក្នុង​​​ពេល​​​ដែល​​​កង​​​ទ័ព​​​រដ្ឋាភិបាល​​​សាធារណរដ្ឋ​​​ខ្មែរ ដែល​​​គាំ​​​ទ្រ​​​ដោយ​​​សហរដ្ឋ​​​អាមេរិក បាន​​​ប្រយុទ្ធ​​​នឹង​​​ខ្មែរ​​​ក្រហម​​​ ដែល​​​គាំ​​​ទ្រ​​​ដោយ​​​ប្រទេស​​​ចិន​​​ និង​​​អំឡុង​​​ពេល​​​​​​ប៉ុន្មាន​​​ឆ្នាំ​​​ដំបូង​​​ គាំទ្រ​​​ដោយ​​​ទ័ព​​​កុម្មុយនីស្ត​​​​​​​​​វៀតណាម​​​ខាង​​​ជើង។​​​​​​​​​​​​​​​​​​​​​​​​

ទាហាន​សាធារណរដ្ឋខ្មែរ​ រត់​ទៅ​កាន់​កណ្តាល​ទីក្រុង​ភ្នំពេញ​ ដោយ​ដៃ​ម្ខាង​កាន់​ហ្គីតា និង​ដៃ​ម្ខាង​កាន់​កាំភ្លើង​នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​ ក្នុង​ខណៈ​ដែល​កង​ទ័ព​រដ្ឋាភិបាល​ប្រយុទ្ធ​នឹង​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​។ រូប​ថតៈ Roland Neveu
ទាហាន​សាធារណរដ្ឋខ្មែរ​ រត់​ទៅ​កាន់​កណ្តាល​ទីក្រុង​ភ្នំពេញ​ ដោយ​ដៃ​ម្ខាង​កាន់​ហ្គីតា និង​ដៃ​ម្ខាង​កាន់​កាំភ្លើង​នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​ ក្នុង​ខណៈ​ដែល​កង​ទ័ព​រដ្ឋាភិបាល​ប្រយុទ្ធ​នឹង​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​។ រូប​ថតៈ Roland Neveu

ទី​​​ក្រុង​​​ទាំង​​​មូល​​​បាន​​​ស្ថិត​​​ក្រោម​​​ការ​​​ឡោម​​​ព័ទ្ធ​​​​​​របស់​​​កង​​​កម្លាំង​​​ខ្មែរ​​​ក្រ​​​ហមដែលវាយ​​​​​​រុល​​​ចូល​​​មក ហើយ​​​មិន​​​មាន​​​ម្ហូប​​​អាហារ​​​សម្រាប់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​ទេ ដែល​​​មាន​​​ចំនួន​​​កើន​​​ឡើង​​​​​​​​​ស្ទើរ​​​តែ​​​​​​ដល់​​​​​​២​​​លាន​​​នាក់​​​ ដោយ​​​សារ​​​តែ​​​ប្រ​​​ជាពល​​​រដ្ឋ​​​រត់​​​ភៀស​​​ខ្លួន​​​ចូល​​​មក​​​ទី​​​ក្រុង​​​ ដើម្បី​​​​​​គេច​​​ចេញ​​​ពី​​​តំបន់​​​សង្គ្រាម​​​នានា។​​​ នៅ​​​ក្នុង​​​​​​រូប​​​ថត​​​លោក​​​ ណឺវឺ​​​ ដែល​​​បាន​​​ថត​​​នៅ​​​ពេល​​​រសៀល​​​ថ្ងៃ​​​នោះ​​​ ប្រ​​​ជា​​​ពល​​​រដ្ឋ​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នានៅ​​​តាម​​​វិថី​​​ធំៗ​​​ ដោយ​​​មិន​​​អាច​​​ចេញ​​​ទៅ​​​ណា​​​រួច និង​​​មិន​​​បាន​​​ដឹង​​​ថា​​​តើ​​​មាន​​​អ្វី​​​នឹង​​​កើត​​​ឡើង​​​​​បន្ទាប់​​​មក​​​ទៀត​​​ទេ​​​។​​​​​​

អ្នក​​​ថត​​​រូប​​​រូប​​​នេះ​​​សរសេរ​​​ថា”​​​ពេល​​​វេលា​​​បាន​​​កន្លង​​​ផុត​​​ទៅ​​​ ដោយ​​​គ្មាន​​​សញ្ញាពិត​​​​​​ប្រា​​​កដ​​​ថា​​​ ពេល​​​ណាខ្មែរ​​​ក្រហម​​​ ដែល​​​​​​ឥឡូវ​​​បាន​​​មាន​​​លេណដ្ឋាន​​​រឹង​​​មាំ​​​នៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ នឹង​​​​​​រុល​​​ចូលកណ្តាល​​​ទី​​​ក្រុង​​​ ឬ​​​ថា​​​តើ​​​វា​​​នឹង​​​កើត​​​ឡើង​​​យ៉ាង​​​ដូច​​​ម៉្តេចនោះ”។

អ្នក​​​ថត​​​រូប​​​ជន​​​ជាតិ​​​បារាំង​​​រូប​​​នេះ​​​គឺ​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​អ្នកកាសែត​​​និង​​​អ្នក​​​ថត​​​រូប​​​ដប់នាក​​​់​​​ជាង​​​​​​ ដែល​​​មិន​​​ព្រម​​​ទៅ​​​តាម​​​ការ​​​អញ្ជើញ​​​ចុង​​​ក្រោយ​​​របស់​​​ស្ថាន​​​ទូត​​​សហ​​​រដ្ឋ​​​អា​​​មេរិក​​​ក្នុង​​​ការ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​បួន​​​ថ្ងៃ​​​មុននោះ ក្នុង​​​ពេល​​​ដែល​​​សហរដ្ឋ​​​អា​​​មេរិក​​​បិទ​​​ស្ថាន​​​ទូត​​​របស់​​​ខ្លួន​​​​​​ ហើយបាន​​​​​​ដឹក​​​ជញ្ជូន​​​ជន​​​ជាតិ​​​អាមេរិកាំង និង​​​ខ្មែរ​​​​​​​​​ចំនួន​​​ពីរ​​​បី​​​រយ​​​នាក់​​​ រួម​​​ទាំង​​​​​​ជន​​​បរទេស​​​ផ្សេង​​ទៀត​​​តាម​​​ឧទ្ធម្ភាគ​​​ចក្រ។​​​​​​​​​លោក ណឺវឺ បាន​​​មក​​​ប្រទេស​​​ខ្មែរ​​​លើ​​​ក​​​​​ដំបូង​​​ក្នុង​​​ឆ្នាំ​​​១៩៧៣​​​ដើម្បី​​​យក​​​ព័ត៌មាន​​​អំពី​​​សង្គ្រាម​​​ស៊ី​​​វិល។ វិល​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វិញ​​​ដើម្បី​​​បំពេញ​​​កាតព្វ​​​កិច្ច​​​យោធា​​​បារាំង​​​ ជា​​​អ្នក​​​ថតរូប​​​ទាហានឆត្រយោង​​​ លោក​​​វិល​​​ត្រឡប់​​​​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១​​​ខែ​​​មីនា​​​ ឆ្នាំ​​​១៩៧៥ ដើម្បីយកព័ត៌មាន​​​ពី​​​អ្វី​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នៃសង្គ្រាមទៅ​​​វិញ។​​​នៅ​​​ដើម​​​ខែ​​​មេសា អ្នក​​​ថត​​​រូប​​​អាយុ​​​២៤​​​ឆ្នាំ​​​រូប​​​នេះ​​​ មាន​​​របប​​​លុយ​​​កាក់​​​ចាយវាយតែ​​​២​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​មួ​​​យ​​​ថ្ងៃ។​​​ ហ្វិល​​​ថត​​​រូប​​​របស់​​​លោក ក៏​​​កាន​​​់តែ​​​ហោច​​​ទៅ​​​ដោយ​​​មិន​​​អាច​​​រក​​​បាន​​​ហ្វិល​​​បន្ថែម​​​ទៀតនៅ​​​ក្នុង​​​ប្រទេស​​​ឡើយ។​​​​​​ ដោយ​​​ព្រលាន​​​យន្ត​​​ហោះ​​​ពោធិចិន​​​តុង​​​ត្រូវ​​​ផ្លោង​​​ដាក់​​​រាល់​​​ថ្ងៃនោះ​​​ ភ្លាម​​​នោះ​​​ ​​​លោក​​​​​មិន​​​អាច​​​បញ្ជូន​​​រូប​​​ថត​​​របស់​​​លោក​​​ទៅ​​​កាន់​​​ទី​​​ភ្នាក់​​​ងារ​​​រូប​​​ថត​​​ហ្គាម្មានៅ​​​​​​ក្នុង​​​ប្រទេស​​​បារាំង​​​បាន​​​ទេ ដែល​​​លោក​​​បាន​​​​​​ធ្វើ​​​ជាអ្នក​​​កាសែត​​​សេរី។​​​ ប៉ុន្តែ​​​អ្នក​​​ថតរូប​​​រូប​​​នេះ​​​ មិន​​​មាន​​​បំណង​​​ចាក​​​ចេញ​​​ទេ។​​​​​​​​​​​​​​​​​

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែមេសា ឆ្នាំ​១៩៧៥​ តាម​មហាវិថីមុនីវង្ស​ ដោយ​រត់​ភៀស​ខ្លួន​ពី​ជាយ​ក្រុង​ភ្នំពេញ​ ដែល​សង្គ្រាម​កំពុង​តែ​កើត​ឡើង​។ រូប​ថតៈ Roland Neveu
មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែមេសា ឆ្នាំ​១៩៧៥​ តាម​មហាវិថីមុនីវង្ស​ ដោយ​រត់​ភៀស​ខ្លួន​ពី​ជាយ​ក្រុង​ភ្នំពេញ​ ដែល​សង្គ្រាម​កំពុង​តែ​កើត​ឡើង​។ រូប​ថតៈ Roland Neveu

លោក ណឺវឺ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​បទ​​​សម្ភាស​​​ថា”​​​វា​​​ជា​​​បញ្ហានៅ​​​ទី​​​នេះដើម្បី​​​​​​ធ្វើ​​​ជា​​​សាក្សី​​​ គឺ​​​មា​​​ន​​​វត្ត​​​មាន​​​នៅ​​​ចុង​​​ប​​​ញ្ចប់​​​នៃ​​​​​​ជម្លោះ​​​នេះ”។​​​​​​

នៅ​​​រាត្រី​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​មេសា​​​ លោក​​​​​​ ណឺវឺ និង​​​អ្នក​​​កាសែត​​​ពីរ​​​បី​​​នាក​​់​​​ផ្សេង​​​ទៀត​​​ បាន​​​សម្រេច​​​ចិត្ត​​​ស្នាក់​​​នៅ​​​ឯ​​​ស្ថាន​​​ទូត​​​បារាំង​​​​​​តាម​​​មហាវិថី​​​មុនី​​​វង្ស​​​។​​​ នៅ​​​ពេល​​​នោះ​​​ បុគ្គលិក​​​ទាំង​​​អស់​​​របស់​​​សណ្ឋាគារ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក បាន​​​នាំ​​​គ្នា​​​ចាក​​​ចេញ​​​អស់រលីង​​​​​​ ហើយ​​​ស្ថាន​​​ទូត​​​ ទំនង​​​ជា​​​ជម្រើសមាន​​​​​​សុវត្ថិភាព​​​។

លោក ណឺវឺ សរសេរ​​​ថា”​​​បន្ទាប់​​​ពី​​​ម៉ោង​​​៤​​​ភ្លឺ​​​​​​បន្តិច​​​ ការ​​​ប្រយុទ្ធ​​​គ្នា​​​យ៉ាង​​​ខ្លាំង​​​ បាន​​​ផ្ទុះ​​​ឡើង​​​នៅ​​​ជុំ​​​វិញ​​​ស្ថានីយ​​​អគ្គិសនី​​​ធំ​​​នៃ​​​ទី​​​ក្រុង​​​ និង​​​ប៉ម​​​ទូរ​​​គមនាគមន៍​​​​​​ ដែល​​​​​​នៅ​​​​​​កៀក​​​បង្កើយ​​​ភាគ​​​ពាយព្យ​​​នៃ​​​ស្ថានទូត​​​បារាំង​​​។​​​ ការ​​​ប្រយុទ្ធ​​​គ្នា​​​​​​បាន​​​កើត​​​ឡើង​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​រះព្រាងៗ…. ពេល​​​ព្រឹក​​​​​​មាន​​​ថ្ងៃ​​​រះ​​​ចែស​​​ ប៉ុន្តែ​​​ភាព​​​ស្ងាត់ជ្រងំ​​​​​​បាន​​​គ្រប​​​ដណ្តប់​​​លើ​​​ទី​​​ក្រុង​​​នេះ”។​​​​​​​​​​​​​​​​​​

សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ភ្នំពេញ​​​ ថ្ងៃ​​​ទី​​​១៧​​​ខែ​​​មេសា​​​ ឆ្នាំ​​​១៩៧៥ គឺ​​​ជា​​​ភាព​​​ច្របូក​​​ច្របល់​​​និង​​​ភាព​​​មិន​​​ប្រាកដប្រជា​​​ ដែល​​​កើត​​​រាល​​​ដាល​​​​​​ក្នុង​​​រយៈ​​​ពេល​​​​​​៣​​​ឆ្នាំ ៨ខែ​​​ ២០​​​ថ្ងៃ​​​ស្ថិត​​​ក្រោម​​​របប​​​ប៉ុល ពត។​​​​​​​​​

ដូច​​​បង្ហាញ​​​នៅ​​​ក្នុង​​​រូប​​​ថត​​​របស់​​​លោក​​​ ណឺវឺ ​​​នោះ ទាហាន​​​ខ្មែរ​​​ក្រហម​​​ដំបូង​​​គេ​​​ ដែល​​​បាន​​​មក​​​ដល់មហាវិថី​​​មុនី​​​វង្ស​​​​​​ក្បែរ​​​ស្ថាន​​​ទូត​​​បារាំង​​​ ពិត​​​ជា​​​ញញិម​​​ញញែម ក្នុង​​​ពេល​​​ដែល​​​​​​យុវជន​​​ចោម​​​រោម​​​ពួក​​​គេ​​​ ស្រែក​​​អបអរ​​​សាទរ​​​ ហើយ​​​​​​ឲ្យ​​​​​​បារី​​​ដល់​​​ពួក​​​គេ។​​​ ទាហាន​​​រដ្ឋា​​​ភិបាល​​​ម្នាក់​​​ បាន​​​ឱបទាហាន​​​ខ្មែរ​​​ក្រហម​​​ម្នាក់​​​។ ពួក​​​គេ​​​មកពី​​​ភូមិជាមួយ​​​គ្នា ហើយ​​​ទើប​​​តែ​​​បាន​​​ស្គាល់​​​គ្នា។​​​

ដើរ​​​​​​សំដៅ​​​ទៅ​​​ទិស​​​ខាង​​​ត្បូងតាម​​​មហា​​​វិថី​​​ ដោយ​​​មិន​​​បានដឹង​​​ថាតើ​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​នឹង​​​មាន​​​ប្រតិកម្ម​​​​​​ចំពោះ​​​ការ​​​ថត​​​រូប​​​​​​ពួក​​​គេ​​​យ៉ាង​​​ដូច​​​ម៉្តេច​​​នោះ លោក ណឺវឺ បាន​​​ថត​​​រូប​​​មនុស្ស​​​ម្នាអបអរ​​​សាទរ​​​កង​​​ទ័ព​​​ដែល​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​។​​​ រំពេច​​​នោះ​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​ ដែល​​​​​​​​​បាន​​​ចូល​​​មក​​​ដល់​​​ពី​​​គ្រប់​​​ទិស​​​ទី​​​ មិន​​​មាន​​​ទឹក​​​មុខ​​​ញញិម​​​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​ៗ​និង​យុវជន​វ័យ​ជំទង់​ស្វាគមន៍​ទាហាន​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​។ រូប​ថតៈ Roland Neveu
ក្មេង​ៗ​និង​យុវជន​វ័យ​ជំទង់​ស្វាគមន៍​ទាហាន​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​។ រូប​ថតៈ Roland Neveu

​លើក​​​លែង​​​តែ​​​កង​​​ពិសេស​​​នៃ​​​ទាហាន​​​រដ្ឋា​​​ភិបាលប៉ុណ្ណោះ​​​ ដែល​​​បាន​​​បន្ត​​​ប្រ​​​យុទ្ធ​​​គ្នា​​​នៅ​​​​​​ថ្ងៃនោះ ប៉ុន្តែ​​​​​ទាហាន​​​រដ្ឋា​​​​​​ភិបាល​​​ភាគ​​​ច្រើន បាន​​​ទម្លាក់​​​អាវុធ​​​ចុះ​​​ចូលយ៉ាង​​​ស្ងៀម​​​ស្ងាត់​​​ ហើយ​​​រង់​​​ចាំ​​​បទ​​​បញ្ជា​​​ពី​​​ខ្មែរ​​​ក្រហម។​​​ លោក ណឺវឺ​​​ សរសេរ​​​ថា ក្នុង​​​ពេល​​​ដែល​​​​​​គំនរ​​អាវុធ​​​កាន់​​​តែគរ​​​ច្រើន​​​ឡើង​​​នៅ​​​តាម​​​មហាវិថី​​​មុនី​​​វង្សនោះ​​​ ទាហាន​​​ដែល​​​ចុះ​​​ចាញ់​​​ ដើរ​​​​​​ជាក្បួន​​​យ៉ាង​​​ស្ងៀម​​​ស្ងាត់​​​ទៅ​​​កាន់​​​ពហុកីឡ​​​ដ្ឋាន​​​អូឡាំពិក​​​ ដែល​​​ពួកគេ​​​ភាគ​​​ច្រើន​​​ត្រូវ​​​បាន​​​សម្លាប់​​​នៅ​​​ទី​​​នោះ។​​​​​​​​​​​​​​​​​​​​​

នៅ​​​ថ្ងៃ​​​នោះ មាន​​​ភាព​​​​​​ភាន់​​​ច្រឡំ​​​មិន​​​ដឹង​​​ថា​​​ ទាហាន​​​​​​ដែល​​​​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ផ្សេង​​​ៗ​​​គឺ​​​ជា​​​ទាហាន​​​ក្រុម​​​ណា​​​ពិត​​​ប្រាកដ​​​ទេ។​​​ លោក លន់ ណុន ជា​​​ប្អូន​​​ប្រុស​​​លោក លន់ នល់​​​ ប្រធាន​​​សាធារណ​​​រដ្ឋ​​​ រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​១​​​ខែ​​​មេសា ឆ្នាំ​​​១៩៧៥ បាន​​​បំពាក់​​​អាវុធ​​​ដល់​​​កង​​​ពលធំ​​​ផ្ទាល​​​់​​​របស់​​​លោក ហើយ​​​​​មាន​​​បំណង​​​ឆ្លៀត​​​កេង​​​ចំណេញ​​​ពី​​​ការ​​​បរាជ័យ​​​របស់​​​រដ្ឋា​​​ភិបាល​​​ ដើម្បី​​​ដណ្តើម​​​អំណាច។

គម្រោង​​​ការ​​​របស់​​​លោក​​​ ត្រូវ​​​ទប់​​​ស្កាត់​​​បាន​​​ភ្លាមៗ​​​ ហើយ​​​លោក​​​គឺ​​​​​​ស្ថិត​​​ក្នុង​​​ពួក​​​មន្ត្រី​​​ដំបូង​​​គេ​​​​​​ដែល​​​សម្លាប់​​​ដោយ​​​ខ្មែរ​​​ក្រហម។​​​​​​ ប៉ុន្តែ​​​តែ​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​ប៉ុណ្ណោះ​​​នៅ​​​តាម​​​មហា​​​វិថី​​​មុនី​​​វង្ស ទាហាន​​​ដែល​​​ស្រែក​​​ហ៊ោ​​​កញ្ជ្រៀវ​​​របស់​​​លោក​​​ លន់ ណុន ​​​​​​បាន​​​ដើរ​​​​​​ក្បួន​​​​​​​​​ក្នុង​​​សម្លៀក​​​បំពាក់​​​ស្អាតៗ​​​ មាន​​​កាន់​​​អាវុធ​​​គ្រប់​​​ដៃ​​​ និង​​​កាន់​​​ទង់​​​ជាតិ​​​ដែល​​​មាន​​​សញ្ញា​​​ខ្វែង​​​ចម្លែក​​​។​​​ នៅ​​​ក្នុង​​​សៀវ​​​ភៅ​​​របស់​​​លោក​​​នោះ​​​ លោក​​​ ណឺ​​​វឺហៅ​​​ពួក​​​គេ​​​ថា ក្រុម​​​​​​ចលនា​​​ជាតិ​​​។​​​​​​

ទាហាន​រដ្ឋាភិបាល​ចុះ​ចូល​ជាមួយ​នឹង​ខ្មែរ​ក្រហម​យ៉ាង​ស្ងៀម​ស្ងាត់​ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​។ ពួក​គេ​ភាគ​ច្រើន​ត្រូវ​បាន​សម្លាប់​ចោល​។ រូប​ថតៈ Roland Neveu
ទាហាន​រដ្ឋាភិបាល​ចុះ​ចូល​ជាមួយ​នឹង​ខ្មែរ​ក្រហម​យ៉ាង​ស្ងៀម​ស្ងាត់​ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​។ ពួក​គេ​ភាគ​ច្រើន​ត្រូវ​បាន​សម្លាប់​ចោល​។ រូប​ថតៈ Roland Neveu

ប៉ុន្តែ​​​​​​ក្នុង​​​ពេល​​​ដែល​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​បន្ត​​​​​​ច​​​ូល​​​​​​ពពាក់​​​ពពូន​​​​​​​​​មក​​​ក្នុង​​​ទី​​​ក្រុង ស្ថាន​​​ការណ៍នៅ​​​តាម​​​មហាវិថី​​​នោះ​​​​​​បាន​​​ផ្លាស់​​​ប្តូរ។​​​ នៅ​​​ត្រង់​​​ចំណុច​​​មួយ​​​ លោក ណឺវឺ ​​​បាន​​​ដឹង​​​ខ្លួនថា​​​ លោក​​​គឺ​​​ជា​​​ជន​​​បរទេស​​​តែ​​​ម្នាក់​​​គត់​​​ឈរ​​​នៅ​​​លើផ្លូវ​​​នោះ​​​ ហើយ​​​បាន​​​ព្រួយ​​​បារម្ភ​​​ថា គេ​​​នឹង​​​រឹប​​​អូស​​​ម៉ាស៊ីន​​​ថត​​​របស់​​​លោក​​​​​​ ហើយ​​​បន្ទាប់​​​មក​​​ក៏​​​បាន​​​សម្រេច​​​ចិត្ត​​​ដើរ​​​​​​ត្រឡប់​​​មក​​​​​​ស្ថាន​​​ទូត​​​បារាំង​​​វិញ។

​​​​​​​​​​​​​​​​​​​​​​​​អ្នក​​​ថតរូប​​​រូប​​​នេះ បាន​​​បន្ត​​​ថតរូប​​​ ទោះ​​​បី​​​ជា​​​លោក​​​មាន​​​ការ​​​​​​ត្បិត​​​ត្បៀត​​​ដោយ​​​មិន​​​ប្រើ​​​ហ្វិល​​​ឲ្យ​​​អស់​​​ទេ ដោយ​​​ទុក​​​ហ្វិល​​​ខ្លះ​​​សម្រាប់​​​ថត​​​នៅ​​​ឯ​​​​​​សន្និសីទ​​​កាសែត ដែល​​​អ្នក​​​កាសែត​​​រំពឹង​​​ថា​​​ រដ្ឋាភិបាល​​​ថ្មី​​​នឹង​​​ប្រកាស​​​ខ្លួន​​​ថា​​​ជា​​​មេដ​​​ឹក​​​នាំ​​​ប្រទេស។​​​ ប៉ុន្តែ​​​មិន​​​មាន​​​ការ​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​ទេ ហើយ​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ឆ្នាំ​​​បាន​​​កន្លង​​​ផុត​​​ទៅ​​​ មុននឹង​​​លោក ប៉ុល​​​ ពត​​​ បាន​​​ប្រកាស​​​នៅ​​​តាម​​​វិទ្យុ​​​ថា អង្គ​​​ការ​​​​​​ជា​​​ពាក្យ​​​ដែល​​​ប្រើ​​​ដោយ​​​ខ្មែរ​​​ក្រហម​​​ដើម្បី​​​រៀប​​​រាប់​​​ពី​​​ថ្នាក់​​​ដឹក​​​នាំ​​​របប​​​នោះ តាម​​​ពិត​​​ទៅ​​​គឺ​​​ជា​​​គណបក្ស​​​កុម្មុយនិស្ត​​​កម្ពុជា។​​​

ពេល​​​វិល​​​ត្រ​​​ឡប់​​​មក​​​កាន់​​​ស្ថាន​​​ទូត​​​បារាំងវិញ​​​នៅ​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​មេសា លោក​​​ ណឺវឺ បាន​​​ដឹង​​​ថា​​​គេ​​​បាន​​​ប្រាប់​​​ឲ្យ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចាក​​​ចេញ​​​ពី​​​ទី​​​ក្រុង​​​យ៉ាង​​​ប្រ​​​ញាប់​​​។​​​​​​​​​ ពី​​​ខ្លោង​​​ទ្វារ​​​ស្ថាន​​​ទូត​​​ អ្នក​​​ថត​​​រូបរូប​​​នេះ​​​បាន​​​ឈរ​​​មើល​​​​​​ក្រុមមនុស្ស​​​​​​ ដែល​​​ធ្វើ​​​ដំណើរ​​​​​​​​​ជាមួយ​​​អីវ៉ែ​​​អី​​​វ៉ាន់​​​របស់​​​គេ​​​ទៅ​​​ទិស​​​ខាង​​​​​ជើង​​​។​​​​​​​​​​​​​​​​​​​​​​​​​​​

គំនរ​អាវុធ​ដែល​ប្រគល់​ឲ្យ​ដោយ​ទាហាន​រដ្ឋាភិបាល​នៅ​គរ​គ្នា​លើមហាវិថី​ព្រះ​មុនីវង្ស​ នៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ​១៩៧៥​។ រូប​ថតៈ Roland Neveu
គំនរ​អាវុធ​ដែល​ប្រគល់​ឲ្យ​ដោយ​ទាហាន​រដ្ឋាភិបាល​នៅ​គរ​គ្នា​លើមហាវិថី​ព្រះ​មុនីវង្ស​ នៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ​១៩៧៥​។ រូប​ថតៈ Roland Neveu

ជន​​​បរទេស​​​ទាំង​​​អស់​​​ ត្រូវ​​​បាន​​​នាំ​​​មក​​​ស្ថាន​​​ទូត​​​បារាំង​​​។​​​ ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​មិន​​​អាច​​​បង្ហាញ​​​ភ័ស្តុតាង​​​ថា ពួក​​​គេ​​​​​​បាន​​​រៀប​​​ការ​​​ស្រប​​​ច្បាប់​​​ជាមួយ​​​ជន​​​បរទេស​​​ និង​​​បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ទាំង​​​អស់​​​ដែល​​​បាន​​​ចូល​​​ជ្រក​​​កោន​​​​​​ក្នុង​​​ស្ថាន​​​ទូត ត្រូវ​​​បាន​​​បញ្ជា​​​​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​បរិវេណ​​​ស្ថាន​​​ទូត។​​​​​​​​​​​​​​​

ពួក​​​គេ​​​​​​បាន​​​ស្នាក់​​​នៅ​​​ឯ​​​ស្ថាន​​​ទូត​​​បារាំងជា​​​ច្រើន​​​សប្តាហ៍​​​ មុននឹង​​​ត្រូវ​​​បញ្ជូន​​​តាម​​​ក្បួន​​​រថយន្ត​​​​​​ពីរ​​​ខ្សែ​​​​​​ទៅ​​​កាន់​​​ប្រទេស​​​ថៃ។​​​ លោក ណឺវឺ បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​ក្បួន​​​រថយន្ត​​​ទី​​​ពីរ​​​ ដែល​​​បាន​​​ចេញ​​​ដំណើរ​​​នៅ​​​ក្នុង​​​ដើម​​​ខែ​​​ឧសភា។​​​ ក្នុង​​​រយៈ​​​ពេល​​​ធ្វើ​​​ដំណើរ​​​​​​បី​​​ថ្ងៃ​​​​​​ទៅ​​​កាន់​​​ព្រំ​​​ដែន​​​ លោក ណឺវឺ រំឭក​​​ថា”​​​​​​យើង​​​មិនដែល​​​បាន​​​ជួប​​​អ្នក​​​រស់​​​នៅ​​​ទី​​​ក្រុង​​​ទេ ដែល​​​ត្រូវ​​​គេ​​​​​​បញ្ជូន​​​ទៅ​​​តាម​​​ភូមិថ្មីៗ​​​របស់​​​គេ។​​​​​​ អាជ្ញាធរ​​​ថ្មី​​​ បាន​​​រៀប​​​ចំ​​​យ៉ាង​​​ផ្ចិត​​​ផ្ចង់​​​ ដើម្បី​​​កុំ​​​ឲ្យ​​​យើង​​​ឃើញ​​​កម្ពុជា​​​ថ្មី​​​របស់​​​ពួក​​​គេ”។

​​​​​​​​ការ​​​យក​​​ព័ត៌មាន​​​​​​អំពី​​​កម្ពុជា​​​របស់​​​​លោក ណឺវឺ មិន​​​បាន​​​បញ្ចប់​​​នៅ​​​​​​ត្រឹម​​​នេះ​​​​​​ទេ។​​​ ក្នុង​​​ខែ​​​សីហា ឆ្នាំ​​​១៩៧៥​​​ លោក​​​បាន​​​ជួប​​​​​​ជន​​​ភៀស​​​ខ្លួន​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ថៃ​​​ខ្មែរ​​​ ហើយ​​​បាន​​​ដឹង​​​អំពី​​​ភាពឃោរឃៅ​​​របស់​​​ខ្មែរ​​​ក្រហម​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ខ្មែរ។​​​ លោក​​​ បានវិល​​​ត្រឡប់​​​មក​​​ព្រំ​​​ដែន​​​វិញ​​​ក្នុង​​​ឆ្នាំ​​​១៩៧៧​​​ និង​​​១៩៧៨​​​ ដើម្បី​​​ទទួល​​​បាន​​​ព័ត៌មាន​​​បន្ថែម​​​ ដោយ​​​ព្យា​​​យាម​​​គេច​​​ចេញ​​​ពី​​​កង​​​ទាហាន​​​ថៃ​​​ ពី​​​ព្រោះ​​​ប្រទេស​​​ថៃ​​​ បាន​​​ប្រកាស​​​ប្រើ​​​ច្បាប់​​​អាជ្ញា​​​សឹក​​​នៅ​​​ក្នុង​​​តំបន់​​​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ក្រុង​​​បាង​​​កក​​​ពី​​​ឆ្នាំ​​​១៩៧៩​​​ដល់​​​ឆ្នាំ​​​១៩៨២ លោក ណឺវឺ យក​​​ព័ត៌មាន​​​​​​តាម​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​​​​ដែល​​​បាន​​​បង្កើត​​​ឡើងតាម​​​​​​ព្រំ​​​ដែន​​​ ក្នុង​​​ពេល​​​ដែល​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​រាប់​​​ពាន់​​​នាក់​​​​​​បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​ បន្ទាប់​​​ពី​​​ការ​​​បរាជ័យ​​​​​​របស់​​​ខ្មែរ​​​ក្រហម​​​​​​ក្នុង​​​ឆ្នាំ​​​១៩៧៩។​​​

លោក​​​ សរសេរ​​​ថា”​​​ខ្ញុំ​​​បាន​​​ឃើញ​​​ផ្ទាល់​​​ភ្នែក​​​នូវ​​​ដំណាក់​​​កាល​​​ដំបូង​​​នៃ​​​អ្វី​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​វិបត្តិ​​​ជន​​​ភៀស​​​ខ្លួន​​​ដ៏​​​ធំ​​​បំផុត​​​មួយ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​”។​​​​​ ​យោង​​​តាមរបាយការណ៍​​​សហប្រជាជាតិ​​​ឆ្នាំ​​​១៩៩២​​​ឲ្យ​​​ដឹង​​​ថា មាន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ប្រមាណ​​​​​​៦៨០,០០០​​​នាក់​​​​​​បាន​​​រស់​​​នៅ​​​​​​ក្នុង​​​ជំរំ​​​ទាំង​​​៨​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​នៅ​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​១៩៧៩។

មនុស្ស​ម្នា​រង់​ចាំ​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ស្ថាន​ទូត​បារាំង​ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ រូប​ថតៈ Roland Neveu
មនុស្ស​ម្នា​រង់​ចាំ​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ស្ថាន​ទូត​បារាំង​ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ រូប​ថតៈ Roland Neveu

ក្នុង​​​ខែ​​​មករា ឆ្នាំ​​​១៩៨១​​​ លោក ណឺ​​​វឺ ទទួល​​​បាន​​​ការ​​​អនុញ្ញាតធ្វើ​​​ដំណើរ​​​មក​​​ក្រុង​​​ភ្នំ​​​ពេញ។​​​ លោក​​​ត្រូវ​​​បាន​​​គេ​​​នាំ​​​​​​ទៅ​​​​​​មើល​​​មន្ទីរ​​​ទារុណ​​​កម្ម​​​​​​ទួល​​​ស្លែង​​​ និង​​​វាល​​​ពិឃាត​​​ជើង​​​ឯក​​​ ដែល​​​អាជ្ញាធរ​​​ខ្មែរ​​​​​​បាន​​​តម្រៀម​​​លលាដ៍​​​ក្បាល​​​នៅ​​​លើ​​​ដី​​​ ដើម្បី​​​រាប់​​​ចំនួន​​​ថា​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​ត្រូវ​​​គេ​​​​​​សម្លាប់​​​នៅ​​​ទី​​​នោះ។

​​​លោក ណឺ​​​វឺ សរសេរ​​​ថា”​​​នៅ​​​ពេល​​​នោះ​​​ហើយ​​​ដែល​​​ភ្នែក​​​របស់​​​ខ្ញុំ​​​បាន​​​មើល​​​ឃើញ​​​នូវ​​​ទំហំធំ​​​ធេង​​​នៃ​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើងពិត​​​ប្រាកដ​​​”​​​ក្នុង​​​របប​​​ខ្មែរ​​​ក្រហម។ អស់​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​ក្រោយ​​​មក​​​ លោក ណឺវឺ​​​ បាន​​​យក​​​ព័ត៌មាន​​​ពី​​​វិបត្តិ​​​ផ្សេង​​​ៗ​​​ទូទាំង​​​ពិភព​​​លោក​​​ ពោលគឺ​​​ជម្លោះ​​​នៅ​​​អាហ្វហ្គាន​​​ីស្តាន​​​ ការ​​​ឡោម​​​ព័ទ្ធ​​​នៃ​​​ក្រុង​​​បេរុត​​​ និង​​​សង្គ្រាម​​​នៅ​​​ក្នុង​​​ប្រទេស​​​លីបង់​​​ រហូត​​​ដល់​​​ការ​​​បះ​​​បោរ​​​តួរ៉េកក្នុង​​​ប្រទេស​​​ម៉ាលី​​​ និង​​​វិបត្តិ​​​ជន​​​ភៀស​​​ខ្លួន​​​ឃឺត​​​ បន្ទាប់​​​ពី​​​សង្គ្រាម​​​ឈូង​​​សមុទ្រទី​​​១។

បន្ទាប់​​​មក លោក​​​បាន​​​ធ្វើ​​​ការ​​​ក្នុង​​​ហូល្លីវូត​​​ ជា​​​អ្នក​​​ថតរូបហ្វិក រួម​​​មាន​​​រឿង​​​​​​ខ្សែ​​​ភាពយន្ត​​​ អូលី​​​វឺ​​​ ស្តូន”ផ្លាទូន”​​​​​​ដែល​​​ទាក់​​​ទង​​​នឹង​​​សង្គ្រាម​​​ឥណ្ឌូចិនរវាង​​​​​​សហរដ្ឋ​​​អាមេរិក​​​ និងវៀតណាម​​​ខាង​​​ជើង។ឥឡូវ​​​នេះ​​​ លោក ណឺវឺ​​​ មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ក្រុង​​​បាង​​​កក​​​ ធ្វើ​​​គម្រោង​​​ពាណិជ្ជ​​​កម្ម​​​ ក៏​​​ដូច​​​ជា​​​ការ​​​យក​​​ព័ត៌មាន​​​នៅ​​​ក្នុង​​​តំបន់​​​ បន្ថែម​​​លើ​​​​​​ការ​​​ធ្វើ​​​ការ​​​លើ​​​សៀវ​​​ភៅ​​​ផ្សេងៗ​​​​​​តាម​​​រយៈ​​​គ្រឹះ​​​ស្ថាន​​​បោះ​​​ពុម្ព​​​រ​​​បស់​​​លោក គឺ អាស៊ីហ័ររីហ្សុនប៊ុក។

លោកបាន​​​សម្រេច​​​ចិត្ត​​​បោះ​​​ពុម្ព​​​ពង្រីក​​​សៀវ​​​ភៅ​​​ឆ្នាំ​​​២០០៩​​​របស់​​​លោក ដែល​​​មាន​​​ចំណង​​​ជើង​​​ថា”​​​ការដួល​​​រលំ​​​នៃ​​​ក្រុង​​​ភ្នំ​​​ពេញ”​​​ ជាភាសា​​​បារាំង​​​​​​ និង​​​ភាសា​​​អង់​​​គ្លេស​​​ រីឯ​​​ភាសា​​​ខ្មែរ​​​​​​​​​នឹង​​​ត្រូវ​​​បោះ​​​ពុម្ព​​​ផ្សាយ​​​ ពេល​​​ណា​​​ដែល​​​លោក​​​រកបាន​​​​​​ជំនួយ​​​ថវិកា ដើម្បី​​​រំឭក​​​ខួប​​​ជ័យ​​​ជម្នះ​​​ខ្មែរ​​​ក្រហម​​​កាល​​​ពី​​​បួន​​​ទសវត្សរ៍​​​​​​កន្លង​​​មក​​​នេះ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណឺវឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​កិច្ច​​​សម្ភាស​​​នៅ​​​ខែ​​​នេះ​​​ថា”​​​ប្រវត្តិ​​​នេះ​​​ នឹង​​​ក្លាយ​​​ជា​​​ហេតុការណ៍​​​ប្រវត្តិ​​​សាស្ត្រ។​​​ ក្នុង​​​ពេល​​​មិន​​​យូរ​​​មិន​​​ឆាប់​​​ ក៏​​​នឹង​​​មាន​​​មនុស្ស​​​កាន់​​​តែ​​​ត​​​ិច​​​ទៅៗ​​​ ដែល​​​នៅ​​​រស់​​​ បាន​​​​​​ឆ្លង​​​កាត់​​​​​​របបនោះ”។

ទាហាន​ខ្មែរ​ក្រហមចូល​មក​ដល់​កណ្តាល​ក្រុង​ភ្នំ​ពេញ​ ពី​សមរភូមិ​មុខ​ ដែល​ប្រយុទ្ធ​នឹង​ទាហាន​រដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា ឆ្នាំ​១៩៧៥​។ រូប​ថតៈ Roland Neveu
ទាហាន​ខ្មែរ​ក្រហមចូល​មក​ដល់​កណ្តាល​ក្រុង​ភ្នំ​ពេញ​ ពី​សមរភូមិ​មុខ​ ដែល​ប្រយុទ្ធ​នឹង​ទាហាន​រដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា ឆ្នាំ​១៩៧៥​។ រូប​ថតៈ Roland Neveu

​​​ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក ណឺវឺ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុង​​​ភ្នំពេញ​​​កំពុង​​​តែ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​យ៉ាង​​​ឆាប់​​​រហ័ស។​​​

លោក ណឺវឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា”​​​​​​មួយរយៈ​​​នេះ…. ក្រុង​​​ភ្នំពេញ​​​នៅ​​​តែ​​​ស្ថិត​​​នៅ​​​កៀក​​​នឹង​​​ទី​​​ក្រុង​​​កាល​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​នៅ​​​ឡើយ​​​ទេ​​​បើ​​​តាម​​​ភូមិ​​​​​​សាស្ត្រ សោភ័ណភាព។​​​ សព្វ​​​ថ្ងៃ​​​ ជាប្រទេស​​​មួយ​​​ដែល​​​កំពុង​​​តែ​​​បើក​​​ទំព័រ​​​ថ្មី”។​​​​​​​​​​​​​​​​៕​​​រើន​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស