35 C
Phnom Penh

ការ​យល់​ដឹង​នៅ​ជនបទ​អំពី​លាមក​ក្មេង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​សិក្សា​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ជិត​ពាក់​កណ្តាល​នៃ​គ្រួសារ​ប្រជាជន​ជនបទ​ជឿ​ថា លាមក​របស់​ក្មេងៗ ស្អាត​ជាង​លាមក​សត្វ ឬ​មនុស្ស​ធំ ដែល​ជំនឿ​បែប​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ចុះរាក ដែល​ជា​ឃាត​ករ​សាមញ្ញ​សម្លាប់​ក្មេងៗ​អាយុ​ក្រោម​៥​ឆ្នាំ។

សាលា​ស្រាវជ្រាវ​អនាម័យ​ផ្ទាល់​ខ្លួន​និង​វេជ្ជសាស្ត្រ​ត្រូពិក និង WaterSHED នៅ​ក្រុង​ឡុង ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ផ្តោត​លើ​ការ​បង្ការ​ជំងឺ​និង​អនាម័យ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​បោះ​ចោល​លាមក​ក្នុង​ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៤​នៅ​ខេត្ត​កំពង់ស្ពឺ និង​បាត់​ដំបង។

អ្នក​និពន្ធ​របាយការណ៍​នេះ​បាន​ធ្វើ​សម្ភាស​ប្រជាជន​១៣០​គ្រួសារ ដោយ​យ៉ាង​ហោច​ណាស់​មាន​ក្មេង​ម្នាក់​អាយុ​ក្រោម​៥​ឆ្នាំ ដើម្បី​ឲ្យ​ដឹង​ថា គ្រួសារ​ទាំង​នោះ​ចោល​លាមក​ក្មេង​របៀបណា។

យោង​តាម​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ៩៨​ភាគរយ​នៃ​គ្រួសារ​ស្ទង់​មតិ​ទាំង​នោះ​បាន​គិត​ថា លាមក​កុមារ​ស្អាត​ជាង​លាមក​មនុស្ស​ចាស់ ៤៣​ភាគរយ​ជឿ​ថា វា​ស្អាត​ជាង​អាចម៍​សត្វ និង​៣៥​ភាគរយ​គិត​ថា វា​ស្អាត​ជាង​ដី។ ក៏​ប៉ុន្តែ របាយការណ៍​នេះ​បាន​និយាយ​ថា នេះ​ជា​ការ​ភាន់​ច្រឡំ ព្រោះ​ថា លាមក​ក្មេង​ជា​ការ​ពិត​ងាយ​ចម្លង​ជំងឺ​ជាង​លាមក​មនុស្ស​ធំ។

ដោយ​ដក​ស្រង់​ឯកសារ​ស្រាវជ្រាវ​សិក្សា​ជាច្រើន របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា “លាមក​ក្មេងៗ​រឹតតែ​មាន​ភ្នាក់ងារ​បង្ក​ជំងឺ​ពោះវៀន​ច្រើន​ជាង​លាមក​មនុស្ស​ចាស់​ទៅ​ទៀត ហើយ​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ដោយ​ក្មេងៗ ធ្វើ​ឲ្យ​កខ្វក់​បរិស្ថាន​ផ្ទះ​សំបែង ដែល​ជា​កន្លែង​សំខាន់​សម្រាប់​ការ​ចម្លង​ជំងឺ​ចុះរាក​ទៅ​កុមារ”។

យោង​តាម​ទិន្នន័យ​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ក្នុង​ឆ្នាំ​២០១៣​បាន​ឲ្យ​ដឹង​ថា ជំងឺ​ចុះរាក​ជា​មូលហេតុ​បណ្តាល​ឲ្យ​ស្លាប់​ច្រើន​ទី២​នៅ​ទូទាំង​ពិភព​លោក​ចំពោះ​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ ដោយ​មាន​ក្មេង​ស្លាប់​ប្រហែល​៧៦០.០០០​នាក់​រាល់​ឆ្នាំ។

អ្នក​ស្រី លីនសេ វ៉យគ៍ សហ​អ្នក​និពន្ធ​របាយការណ៍​នេះ និង​ជា​អ្នក​ឯកទេស​ខាង​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់ WaterSHED បាន​និយាយ​ថា ការ​យល់​ឃើញ​ថា លាមក​កុមារ​ស្អាត​ជាង មាន​ន័យ​ថា មនុស្ស​ជាច្រើន​ចង់​កាន់​វា។

អ្នកស្រី វ៉យគ៍ បាន​និយាយ​ថា “ពួកគេ​ក៏​ប្រហែល​ជា​មិន​សូវ​ប្រយ័ត្ន​ប្រយែង​នឹង​ការ​លាង​ដៃ​ទេ បន្ទាប់ពី​ប៉ះ​លាមក​ក្មេង”។ អ្នក​ស្រី​បាន​បន្ថែម​ថា ការ​មិន​លាង​ដៃ​អាច​ធ្វើ​ឲ្យ​ជំងឺ​ចុះ​រាក​ឆ្លង​រាលដាល​ខ្លាំង។

របាយការណ៍​នេះ​ឲ្យ​ដឹង​ថា ៨០​ភាគរយ​នៃ​មនុស្ស​ដែល​គេ​ស្ទង់​មតិ បាន​និយាយ​ថា ពួកគេ​លាង​ដៃ​បន្ទាប់ពី​សម្អាត​លាមក​កូនៗ​របស់​ខ្លួន។ របាយការណ៍​បាន​បន្ថែម​ថា “ទោះជា​យ៉ាង​នេះ​ក្តី តាម​ការ​ពិនិត្យ​ដល់​ទី​កន្លែង ច្រើនតែ​មិន​មាន​សាប៊ូ​នៅ​ក្បែរ​ប្រភព​ទឹក​ទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស