កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបន្តសាកសួរឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ជុំវិញការជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតឧកញ៉ា អឹុង ម៉េងជឺ កាលពីខែវិច្ឆិកា។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលត្រូវបានចោទប្រកាន់កំបាំងមុខខណៈពេលរត់គេចខ្លួនពីបទញុះញង់ឲ្យប្រព្រឹត្តអំពើមនុស្សឃាតដោយគិតទុកជាមុននោះ ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងប្រទេសវៀតណាម។

លោកត្រូវបានសាកសួររយៈពេលពីរម៉ោងកាលពីថ្ងៃសុក្រ និងបីម៉ោងទៀតកាលពីម្សិលមិញដោយចៅក្រមស៊ើបសួរ លី សុខឡេង។
លោក គា អា៊វ មេធាវីរបស់ឧត្តមសេនីយ៍ទោរូបនេះបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការថា”តុលាការបានបន្តសាកសួរគាត់ពីពេលមុនមក។ ខ្ញុំអាចនិយាយត្រឹមតែថា តុលាការមិនទាន់បានបញ្ចប់ការសាកសួរគាត់កាលពីសប្តាហ៍មុននៅឡើយទេ ហើយបានសាកសួរគាត់ក្នុងពេលនេះលម្អិតបន្ថែមទៀត”។
លោក គា អ៊ាវ បានបដិសេធមិននិយាយពីខ្លឹមសារនៃការសាកសួរទេ ហើយបានលើកឡើងថា លោកមិនដឹងថា តើតុលាការនឹងសាកសួរនៅពេលក្រោយទៀតឬយ៉ាងណានោះឡើយ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើមិនគ្រប់គ្រាន់ គាត់នឹងត្រូវបន្តសាកសួរទៀត។ វាជាការសម្រេចរបស់តុលាការ”។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានទេ ខណៈពេលចាកចេញពីតុលាការ ហើយត្រូវបានដឹកត្រឡប់ទៅពន្ធនាគារព្រៃសវិញ កន្លែងដែលលោកកំពុងត្រូវឃុំខ្លួនដើម្បីរង់ចាំការជំនុំជម្រះ។ លោកចៅក្រម សុខឡេង ក៏បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានដែរ។
ឧត្តមសេនីយ៍ទោរូបនេះកំពុងជាប់ពន្ធនាគារជាមួយអង្គរក្សប្រាំនាក់ទៀត ដែលបានសារភាពចំពោះការបាញ់សម្លាប់លោក អឹុង ម៉េងជឺ នៅមុខហាងលក់ផ្លែឈើមួយតាមបញ្ជារបស់ចៅហ្វាយខ្លួន។
ទោះជាយ៉ាងណា អង្គរក្សខ្លះបាននិយាយនៅពេលនោះថា ពួកគេសារភាពដោយសារការធ្វើទារុណកម្ម។ អង្គរក្សម្នាក់បានអះអាងថា នគរបាលបានវាយបំបាក់ជើងរបស់គាត់។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ បានរត់លាក់ខ្លួនភ្លាមៗបន្ទាប់ពីការសម្លាប់ ហើយត្រូវបានចាប់ខ្លួនក្នុងប្រទេសវៀតណាមកាលពីយប់ថ្ងៃទី១៦ ខែ មេសា។ លោកត្រូវបាននិរទេសភ្លាមៗ ហើយអាជ្ញាធរកម្ពុជាបានមកទទួលក្នុងខេត្តស្វាយរៀង៕ សារុន