26 C
Phnom Penh

អង្គការ​​​អន្តរជាតិ​​​​ទេសន្តរ​ប្រវេសន៍​​​​​កំពុង​​​​រ៉ៃ​​​អង្គាស​​​​​ប្រាក់​​ដើម្បី​​​ជួយ​​​​ធ្វើ​​​មាតុភូមិ​​​និវត្តអ្នក​​​នេសាទ​​​ខ្មែរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៥៨​​​នាក់​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​ភាពជា​​​ទាសករ​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី កំពុង​​​រង់​​​ចាំ​​​ឯកសារ​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​មក​​​ប្រទេសកំណើត​​​វិញ​នោះ​​​​ ស្ថាប័ន​​​អន្តររដ្ឋាភិបាល​​​មួយ​​​ដែល​​​កំពុង​​​រៀប​​​ចំ​​​ជួយ​​​ឲ្យ​មាន​ការ​ធ្វើ​មាតុភូមិ​និវត្ត​កំពុង​​​តែ​​​ព្យាយាម​​​រ៉ៃ​​​អង្គាស​​​​​​ប្រាក់​​​​​​​​​​​​ ដើម្បី​​​ចំណាយ​​​​​​សម្រាប់​​​ការធ្វើ​​​ដំណើរ​​​របស់​​​ពួកគេ ព្រោះ​​​រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​បាន​​​ផ្តល់​​​មូលនិធិ​​​​ណា​​​មួយ​​​សម្រាប់​​​​​​​​​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​នេះ​​​ឡើយ​​​។

រដ្ឋាភិបាល​​​​​​ឥណ្ឌូណេស៊ី​​​បាន​​​ជួយ​​​សង្គ្រោះ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ទាំង​​​េនះ​​​​​​ជា​​​មួយ​​​អ្នក​​​នេសាទ​​​រាប់​​​រយ​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​ភាគ​​​ច្រើន​​​មក​​​ពី​​​ប្រទេស​​​ភូមា ចេញ​​​ពី​​​កោះ​​​បេនជីណា កាល​​​ពី​​​បី​​​សប្តាហ៍​​​មុន​​​ បន្ទាប់​​​ពី​​​មានការ​​​សើុប​​​អង្កេត​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌មាន​​​AP ដែល​​​លាត​​​ត្រដាង​​​ថា កោះ​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ជា​​​កន្លែង​​​សម្រាប់​​​បង្ខិត​​​បង្ខំ​​​កម្មករ​​​ឲ្យធ្វើ​​​ការ​​​។

សព្វថ្ងៃ​​​ អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​ (IOM) កំពុង​​​តែ​​​មើល​​​ថែ​​​ទាំ​​​ពួកគេ​​​​​​នៅកន្លែង​​​មួយ​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​នៅ​​​ក្នុង​​​ទីក្រុង​​​ទូអាល​​​ដែល​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​កោះ​​​បេនជីណា។ បច្ចុប្បន្ន​នៅមាន​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៣៦​​​នាក់​​​ផ្សេង​​​ទៀត​​​កំពុង​​​ជាប់​​​នៅ​​​លើ​​​កោះ​​​បេន​​​ជីណា​​​នេះ​​​។

លោក​​​ ស្ទូ ហាមីល​​​ថុន (Steve Hamilton)អនុ​​​ប្រធាន​​​បេសកកម្ម​​​របស់​​​ IOM ប្រចាំ​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សម្រាប់​​​យើង​​​ យើង​​​​​​កំពុង​​​​​​​​​រ៉ៃអង្គាស​​​ប្រាក់​​​ដើម្បី​​​​​​ជួយ​​​ពួក​​​គេ​​​នៅ​​​ឡើយ​​​។ ប៉ុន្តែ យើង​​​មិន​​​អាច​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​បាន​​​ឡើយ​​​ ប្រសិន​​​បើ​​​ពួកគេ​​​គ្មាន​​​ឯកសារ​​​ធ្វើដំណើរ​​​នោះ​​​។ យើង​​​មិនអាច​​​រៀប​​​ចំ​​​ផែនការ​​​នាំ​​​ពួក​​​គេ​​​ចេញ​​​ពី​​​ទី​​​នោះ​​​បាន​​​ឡើយ​​​ លុះ​​​ត្រា​​​តែ​​​ពួក​​​គេ​​​មាន​​​ឯកសារ​​​ធ្វើ​​​ដំណើរ​​​ជា​​​មុន​​​សិន​​​”។

លោក ហាមីលថុន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មន្ត្រី​​​មក​​​ពី​​​សា្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ទីក្រុង​​​ហ្សាការតា​​​បាន​​​សម្ភាស​​​អ្នក​​​នេសាទ​​​ខ្មែរទាំង​​​៥៨​​​នាក់​​​នេះ​​​នៅ​​​ក្នុង​​​​​​ទីក្រុង​​​ទូអាល​​​រួច​​​ហើយ ហើយ​​​បាន​​​សន្យា​​​ចេញ​​​ឯកសារ​​​ធ្វើដំណើរ​​​ឲ្យ​​​ពួក​​​គេ​​​នៅ​​​ដើម​​​ខែ​​​ឧសភា​​​។

ប៉ុន្តែ បើ​​​គ្មាន​​​មូលនិធិ​​​ដែល​​ត្រូវ​​​ការ​​​ជា​​​​ចាំបាច់​​​​​​សម្រាប់​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​អ្នក​​​នេសាទ​​​ទាំង​​​នេះ​​​ទេ​​​នោះ​​​​​​ ពួក​​​គេ​​​មិន​​​អាច​​​ទៅ​​​ណា​​​បាន​​​ឡើយ​​​។

លោក​​​ ហាមីលថុន ​​​ដែល​​​មិន​​​អាច​​​ប្រាប់​​​ពី​​​ពេលវេលា​​​ថា តើ​​​ពេល​​​ណា​​​ទើប​​​​​​មូល​​​និធិ​​​ទទួល​​​បាន​​​​​​នោះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​កំពុង​​​តែ​​​ពិភាក្សា​​​យ៉ាង​​​សកម្ម​​​ជា​​​មួយ​​​អ្នក​​​ដែល​​​អាច​​​ជា​​​ម្ចាស់​​​ជំនួយ​​​[អាច​​​មក​​​ពី​​​អូស្ត្រាលី ឬ​​​សហរដ្ឋ​​​អាមេរិក​​​]។ និយាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ម្ចាស់​​​ជំនួយ​​​វា​​​លំបាក​​​នឹង​​​កំណត់​​​ពេល​​​វេលា​​​ណាស់​​​។ ពេល​​​ណា​​​យើង​​​ទទួល​​​បាន​​​ គឺ​​​ពេល​​​នោះ​​​ហើយ​​​”។

ប្រទេសកម្ពុជា​​​គឺជា​​​ប្រទេស​​​សមាជិក​​​នៃ IOM  ហើយ​​​បាន​​​បង់​​​ប្រាក់​​​សម្រាប់ថ្លៃ​​​រដ្ឋបាល​​​ប្រហែល​​​២.០០០ដុល្លារ​​​សម្រាប់ឆ្នាំ​​​២០១៥​​​នេះ។ កម្ពុជា​​​នៅ​​​មិន​​​ទាន់​​​សម្រេច​​​ផ្តល់​​​ជំនួយ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​ណា​​​មួយ​​​ ឬ​​​ផ្តល់​​​មូលនិធិ​​​ដើម្បី​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​មាតុភូមិ​​​វិវត្ត​​​អ្នក​​​នេសាទ​​​​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ជួយ​​​សង្គ្រោះ​​​​ទាំង​នោះ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​ ហាមីលថុន បាន​​​ប៉ាន់​​​ប្រមាណ​​​ថា គេ​​​ត្រូវ​​​ការ​​​ប្រាក់​​​សរុប​​​ចំនួន​​​២លាន​​​ដុល្លារ ដើម្បី​​​ជួយ​​​សម្រួល​​​ឲ្យ​​​មាន​​​​​​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​ និង​​​ជួយ​​​ឲ្យ​​​អ្នក​​​នេសាទ​​​ប្រហែល​​​៨០០នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​មក​​​ពី​​​ប្រទេស​​​ភូមា​​​ កម្ពុជា និង​​​ប្រទេស​​​ឡាវ​​​បាន​​​ជួប​​​ជុំ​​​ក្រុម​​​គ្រួសារ​​​វិញ​​​។

លោក​​​ ហាមីល​​​ថុន បាន​​​បន្ថែម​​​ទៀត​​​ថា វា​​​ជា​​​រឿង​​​ធម្មតា​​​ទេ​​​សម្រាប់​​​ IOM ក្នុងការ​​​ចេញ​​​ថ្លៃ​​​ចាយ​​​វាយ​​​សម្រាប់​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​​​​ជន​​​រង​​​គ្រោះ​​​នៃ​​​ការ​​​ជួញ​​​ដូរ​​ ជា​​​ពិសេស​​​នៅពេល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រទេសក​​​ម្ពុជា​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ការ​​​ពិត​​​វាជា​​​រឿង​​​កាន់​​​តែ​​​ប្រសើរ​​​[ប្រសិន​​​បើ​​​កម្ពុជា​​​ជួយ​​​ចូល​​​រួម​​​ផ្តល់​​​មូល​​​និធិ​​​នោះ​​​] ប៉ុន្តែ វា​​​មិន​​​មែន​​​ស្រេច​​​តែ​​​យើង​​​នោះ​​​ទេ​​​ក្នុង​​​ការ​​​ធ្វើអត្ថាធិប្បាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​នឹង​​​បញ្ហា​​​នេះ​​​”។

រីឯលោក​​​ ប្រេត ឌីកសុន (Brett Dickson) អ្នក​​​គ្រប់​​​គ្រង​​​កម្មវិធី​​​នៅ​​​ IOM ប្រចាំ​​​កម្ពុជា​​​បាន​​​​​​លើក​​​ឡើង​​​ថា គេ​​​ត្រូវ​​​ការ​​​ប្រហែល​​​៤០.០០០ដុល្លារ​​​ដើម្បី ចំណាយ​​​លើ​​​ការ​​​ធ្វើ​​​ដំណើរ​​​សម្រាប់​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៩៤​​​នាក់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុងតែ​​​គិត​​​អំពី​​​ការ​​​នាំ​​​ពួក​​​គេ​​​ចេញ​​​ពី​​​ទីក្រុង​​​ទូអាល ទៅកាន់​​​ទីក្រុង​​​ហ្សាការតា​​​​​​តាម​​​រយៈ​​​ស្រឡាង​​​។ បន្ទាប់​​​មក​​​​​ដឹក​​​ពួកគេ​​ពី​​​ទី​​​ក្រុង​​​ហ្សាការតា​​​មក​​​រាជធានី​​​ភ្នំពេញ​​​តាម​​​យន្ត​​​ហោះ​​​”។

លោក ឌីកសុន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ធ្វើ​​​ដំណើរ​​​រយៈ​​​ពេល​​​ប្រាំថ្ងៃ​​​តាម​​​ស្រឡាង​​​មាន​​​តម្លៃ​​​៨០​​​ដុល្លារ​​​សម្រាប់​​​មនុស្ស​​​ម្នាក់​​​ៗ​​​ ហើយ​​​ការ​​​ធ្វើ​​​ដំណើរ​​​តាម​​​យន្ត​​​ហោះ​​​ត្រូវ​​​ចំណាយ​​​អស់​​​៣៣៥​​​ដុល្លារ​​​ក្នុង​​​ម្នាក់​​​ៗ។

លោក កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​បដិសេធ​​​មិន​​​បក​​​ស្រាយ​​​ថាតើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​កម្ពុជា​​​​​​មិន​​​ផ្តល់​​​ប្រាក់​​​ចំនួន​​​៤០.០០០ដុល្លារ​​​ដើម្បី ចំណាយ​​​សម្រាប់​​​​​​ការ​​​ធ្វើ​​ដំណើរ​​របស់​​​អ្នក​​​​​​នេសាទ​​​ទាំង​​​នេះ​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​ មន្ត្រី​​​មក​​​ពី​​​ស្ថានទូត​​​កម្ពុជា​​​ប្រចាំ​​​ទីក្រុង​​​ហ្សាការតា​​​ កំពុង​​​តែ​​​ធ្វើ​​​ការ​​​លើ​​​បញ្ហា​​​នេះ​​​។ យើង​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​ជាមួយ​​​អង្គការ​​​អន្តរជាតិ​​​នៅ​​​ឡើយ​។ ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​អ្វី​​​ឲ្យលើស​​​ពី​​​នេះ​​​បាន​​ទេ”។

អ្នក​​​នេសាទ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​នេសាទ​​​ទាំង​​​៥៨​​​នាក់​​​ ដែលនិយាយ​​​ក្នុង​​​លក្ខ​​​​​ខណ្ឌ​​​អនាមិក​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ពីទី​​​ក្រុង​​​ទូអាល​​​ថា ខ្លួន​​​បាន​​​ឃ្លាត​​​ឆ្ងាយ​​​ពី​​​គ្រួសារ​​​អស់រយៈ​​​ពេល​​​ប្រាំឆ្នាំ​​​មក​​​ហើយ​​​​​​ ហើយ​​​ឥឡូវ​​​នេះ​​​ចង់​​​ត្រឡប់​​​មក​​​​ស្រុក​​​កំណើត​​​វិញខ្លាំង​​​ណាស់​​​។

អ្នកនេសាទ​​​អាយុ​​​២៩​​​ឆ្នាំ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​នឹក​​​គ្រួសារ​​​ខ្ញុំខ្លាំង​​​ណាស់​​​ ហើយ​​​ឥឡូវ​​​នេះ​​​ខ្ញុំ​​​ចង់​​​ត្រឡប់​​​ទៅ​​​កម្ពុជា​​​វិញ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ថា អាច​​​ទៅ​​​ដោយ​​​របៀប​​​ណា​​​ឡើយ​​​​​​”។

អ្នក​​​នេសាទ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ខ្លួន​​​បាន​​​បង់​​​ប្រាក់​​​ទៅ​​​ឲ្យ​​​មេខ្យល់​​​​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ដើម្បី​​​ឲ្យជួយ​​​នាំ​​​ខ្លួន​​​ទៅ​​​ប្រទេស​​​ថៃ​​​ ជា​​​ទីដែល​​​គាត់​​​ត្រូវ​​​បាន​​​គេ​​​លក់​​​ទៅ​​​ឲ្យ​​​​​​ម្ចាស់​​​ទូក​​​នេសាទ​​​ថៃ​​​ ហើយ​​​គាត់​​​ត្រូវ​​​បាន​​​គេ​​​ប្រាប់​​​ថា នឹង​​​ទទួល​​​បាន​​​ប្រាក​​់ខែ​​​២១៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​សម្រាប់​​​ការ​​​នេសាទ​​​រយៈ​​​ពេល​​​៨ខែ​​​នៅ​​​ក្នុង​​​ដែន​​​ទឹក​​​ប្រទេស​​​ថៃ​​​។

ប៉ុន្តែ ម្ចាស់​​​ទូក​​​នេសាទ​​​ថៃ​​​បាន​​​នាំ​​​គាត់​​​ចាក​​​ចេញ​​​ពី​​​ដែន​​​ទឹក​​​ថៃ​​​ហើយ​​​បាន​​​ឲ្យ​​​គាត់​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​​​​អស់​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ អំឡុង​​​ពេល​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​ឥណ្ឌូណេស៊ី​។អ្នក​​​នេសាទ​​​រូប​​​នេះ​​​មិន​​​ដែល​​​ទទួល​​​បាន​​​ប្រាក់ខែ​​​ទេ​​​ ។

អ្នក​​​នេសាទរូបនេះ​​​បាន​​​និយាយ​​​ទៀត​​​ថា “ម្ចាស់ទូក​​​បាន​​​វាយ​​​ដំ​​​ខ្ញុំ​​​នឹង​​​បំពង់​​​ទីប ជួន​​​កាល​​​វាយ​​​ក្បាល​​​ ជួន​​​កាល​​​វាយ​​​ដង​​​ខ្លួន និង​​​ជួន​​​កាល​​​វាយ​​​ដៃជើង​​​ ព្រោះ​​​ខ្ញុំ​​​បាន​​​តវ៉ា​​​មិន​​​ព្រម​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​នេះ​​​ ហើយ​​​សុំ​​​ត្រឡប់​​​ទៅផ្ទះ​​​វិញ​​​”។ ទីបំផុត​​​ ម្ចាស់​​​ទូ​​​ក​​​នេសាទ​​​​​​បាន​​​នាំ​​​គាត់​​​ទៅ​​​ទម្លាក់​​​ចោល​​​នៅ​​​លើ​​​​​​កោះ​​​បេនជីណា ជា​​​ទី​​​ដែល​​​គាត់​​​បាន​​​ជាប់​​​នៅ​​​ទីនោះ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​ជួួ​​​យសង្គ្រោះ​​​។

អ្នក​​​នេសាទ​​​រូបនេះ​​​បាន​​​លើក​​​ឡើង​​​បន្ត​​ទៀត​​​ថា ឥឡូវ​​​ខ្លួនកំពុង​​​តែ​​​រស់​​​នៅ​​​ក្នុង​​​បន្ទប់​​​ដ៏ធំ​​​មួយ​​​ជាមួយ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៥៧នាក់​​​ផ្សេង​​​ទៀត​​​ ជា​​​ទីដែល​​​ពួក​​​គេ​​​ដេក​​​នៅ​​​លើ​​​កម្រាល​​​ដែលក្រាល​​​លើ​​​ឥដ្ឋ​​​។

អ្នក​​​នេសាទ​​​ម្នាក់​​​ផ្សេង​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​នេសាទ​​​ខ្មែរ​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​គេ​​​ផ្តល់​​​​​​អាហារ​​​ឲ្យ​​​បី​​​ពេល​​​​​​ក្នុង​​​មួយ​​​ថ្ងៃ ហើយ​​​​​​នៅ​​​ពេល​​​ទំនេរ​​​ពួក​​​គេ​​​នាំ​​​គ្នា​​​លែង​​​បាល់​​​ទះ​​​។

អ្នក​​​នេសាទ​​​អាយុ​​​២២​​​ឆ្នាំ ដែល​​​ក៏​​​និយាយ​​​ក្នុងលក្ខខណ្ឌ​​​អនាមិក​​​ដែរ​​​នោះ​​​​​​បាន​​​និយាយ​​​ពី​​​ទីក្រុង​​​ទូអាលមក​​​ថា “ឥឡូវ​​​នេះ​​​យើង​​​ធុញទ្រាន់​​​ខ្លាំង​​​ណាស់​​​ ខណៈ​​​កំពុង​​​រង់​​​ចាំ”។ អ្នក​​​នេសាទ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ឃ្លាត​​​ឆ្ងាយ​​​ពី​​​ប្រទេសកម្ពុជា​​​អស់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំមក​​​ហើយ​​​។

អ្នក​​​នេសាទ​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ថែម​​​ទៀត​ថា “ខ្ញុំ​​​នឹក​​​​ឪពុក​​​ម្តាយ​​​​​​ខ្ញុំ​​​ខ្លាំង​​​ណាស់។ ខ្ញុំ​​​ចង់​​​ឃើញ​​​ពួក​​​គាត់​​​ម្តង​​​ទៀត​​​”។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា កម្ពុជា​​​កំពុង​​​តែ​​​គេច​​​វេះ​​​ពី​​​​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ពល​​​រដ្ឋ​​​ខ្លួន​​​ ដោយ​​​មិន​​​​​​ព្រម​​​ចំណាយ​​​​ប្រាក់​​​ចំនួន​​​៤០.០០០​ដុល្លារ​​​ ដើម្បី​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​​​​មាតុភូមិ​​​និវត្ត​​​អ្នក​​​នេសាទទាំង​​​នេះ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​។

លោក​​​បាន​​​មាន​​​ប្រាសាសន៍​​​ថា “វា​​​គឺជាការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ជួយ​​​សង្គ្រោះ​​​ពួក​​​គេ​​​។ ជាការ​​​ពិត​​​ប្រសិន​​​បើ​​​អង្គការ​​​អន្តរ​​​ជាតិ​​​មាន​​​ឆន្ទៈ​​​ជួយ​​​ យើង​​​នឹង​​​ទទួល​​​យក​​​ជំនួយ​​​នេះ  ប៉ុន្តែ យើង​​​មិន​​​គួរ​​​ពឹង​​​ផ្អែក​​​តែ​​​ទៅ​​​លើ​​​អង្គការ​​​អន្តរជាតិ​​​នោះ​​​ឡើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ការ​​​ធ្វើ​​​ដូច្នេះ​​​ មាន​​​ន័យ​​​ថា រដ្ឋាភិបាល​​​បោះ​​​បង់​​​ចោល​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​របស់​​​ខ្លួន​​​។ ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​រដ្ឋាភិបាល​​​នីមួយៗ​​​​គឺ​​​ត្រូវ​​​មាន​​​ឆន្ទៈ​​​ និង​​​ត្រៀម​​​ខ្លួន​​​ជួយ​​​សង្គ្រោះ​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​ដែល​​​ជួប​​​បញ្ហា​​​នៅ​​​គ្រប់​​​ទីកន្លែង​​​ទាំង​​​អស់​​​ទូទាំង​​​ពិភព​​​លោក​​​ ហើយ​​​យើង​​​គួរ​​​តែ​​​ធ្វើ​​​រឿង​​​នេះ​​​ដោយ​​​ខ្លួន​​​ឯង​​​ដោយ​​​មិន​​​ត្រូវ​​​ពឹង​​​ផ្អែក​​​តែ​​​ទៅ​​​លើ​​​អង្គការ​​​ណា​​​មួយ​​​នោះ​​​ឡើយ​​​”៕ ស៊ុយ​​​ឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស