តំណាងប្រាំមួយនាក់របស់អ្នកភូមិខេត្តកោះកុងប្រហែល៣០០នាក់ ដែលចោទប្រកាន់ក្រុមហ៊ុនបូមខ្សាច់ដែលបានបូមខ្សាច់ហួសពីតំបន់អនុញ្ញាតរបស់ខ្លួន និងធ្វើឲ្យហិនហោចបរិមាណត្រីក្នុងមូលដ្ឋាននោះ

បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញដើម្បីសុំឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍។
ពួកគាត់បានដាក់ញត្តិទៅរដ្ឋសភា និងក្រសួងរ៉ែ និងថាមពល សុំឲ្យមន្ត្រីទាំងនោះធ្វើុយ៉ាងណាឲ្យក្រុម Rainbow International បញ្ឈប់ការបូមខ្សាច់នៅកោះកាពិ។
អ្នកនេសាទមួយចំនួនបានប្រមូលផ្តុំគ្នាកាលពីដើមខែនេះ ដើម្បីបណ្ដេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុននេះ។
លោក សុះ ណារ៉ា អ្នកនេសាទម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញបាននិយាយថា ” យើងមិនមានដីធ្លីដើម្បីធ្វើស្រែចម្ការទេ យើងពឹងផ្អែកលើសមុទ្រ។ យើងសុំឲ្យរដ្ឋសភាធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការបូមខ្សាច់នេះ”។
លោក គង់ សុភា សមាជិកសភាគណបក្សប្រឆាំងដែលជាប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាបានទទួលយកញត្តិនេះ ហើយបានលើកឡើងថា លោកនឹងបញ្ជូនទៅគណៈកម្មការកសិកម្ម ដែលគណបក្សប្រឆាំងជាប្រធានផងដែរ។
នៅពេលត្រូវបានទាក់ទងតាមទូរស័ព្ទលោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា ក្រសួងរបស់លោកក៏បានទទួលញត្តិនេះដែរ ប៉ុន្តែបានអះអាងថា វិវាទនេះត្រូវបានដោះស្រាយរួចហើយ ពីព្រោះសាឡង់ទាំងនោះបានបញ្ឈប់ការបូមខ្សាច់តាមបទបញ្ជារបស់រដ្ឋាភិបាលហើយ។
អាជ្ញាធរខេត្តកោះកុងបានបញ្ជាឲ្យក្រុមហ៊ុននេះផ្អាកប្រតិបត្តិការរបស់ខ្លួនកាលពីសប្ដាហ៍មុន ប៉ុន្តែអ្នកភូមិបារម្ភថា ការបូមខ្សាច់អាចបន្ត ពីព្រោះសាឡង់ជាច្រើនស្ថិតនៅក្នុងតំបន់នេះដដែល៕ សារុន