ទោះបីជាមានសាលដីកាពីតុលាការកំពូលក្ដី ក៏កាលពីម្សិលមិញ មន្ត្រីនៅពន្ធនាគារព្រៃស មិនព្រមដោះលែងនារីម្នាក់ដែលបានជាប់ពន្ធនាគារតាំងពីខែវិច្ឆិកា ដោយសារវិវាទដីធ្លីដ៏ជូរចត់ជាមួយឧកញ៉ា ឃុន សៀ ឲ្យនៅក្រៅឃុំឡើយ នេះបើយោងតាមមេធាវីរបស់នាង។

កញ្ញា លី ស៊ាវមិញ អាយុ២៣ឆ្នាំ បានជាប់ឃុំនៅមណ្ឌលកែប្រែ២ នៃពន្ធនាគារព្រៃសចាប់តាំងពីខែវិច្ឆិកាមក នៅពេលនាង និងឪពុករបស់នាងត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សាទៅលើម្ចាស់អចលនទ្រព្យមា្នាក់អំឡុងពេលប្រឈមមុខដាក់គ្នាជាមួយសន្តិសុខរបស់លោក ឃុន សៀ នៅក្នុងឆ្នាំ២០១៣។ ចំណែកឯលោក លី ស្រា៊ងខេង អាយុ ៥៨ ឆ្នាំដែលត្រូវជាឪពុករបស់នាង ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែធ្នូ។
មនុស្សប្រហែល៥០នាក់ដែលរួមមានសមាជិកគ្រួសាររបស់កញ្ញា លី ស៊ាវមិញ និងមិត្តភក្តិ ព្រមទាំងមន្ត្រីអង្គការសិទ្ធិមនុស្សផងនោះ បានប្រមូលផ្ដុំគ្នានៅខាងក្រៅពន្ធនាគាររហូតដល់រសៀលរាងជ្រេ ខណៈមេធាវីរបស់នាងកំពុងព្យាយាមចរចាជាមួយមន្ត្រីពន្ធនាគារ។
ប៉ុន្តែនៅម៉ោងប្រហែល៥ល្ងាច លោក ជូង ជូងី ដែលជាមេធាវីរបស់នាង បានដើរចេញពីពន្ធនាគារតែម្នាក់ឯង។ លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “អគ្គព្រះរាជអាជ្ញានៅតុលាការកំពូលបានបង្គាប់ឲ្យដោះលែង ស៊ាវមិញ ហើយ ប៉ុន្តែមន្ត្រីពន្ធនាគារអះអាងថា យើងគ្មានឯកសារគ្រប់គ្រាន់។ ពួកគេអះអាងថា ពួកគេត្រូវការឯកសារបន្ថែមទៀតពីសាលាដំបូងរាជធានី និងសាលាឧទ្ធរណ៍”។
កញ្ញា លី ស៊ាវមិញ និងគ្រួសាររបស់នាងបានប្តឹងផ្តល់គ្នាជាមួយលោក ឃុន សៀ និងក្រុមហ៊ុនរបស់លោកអស់រយៈពេលជាច្រើនឆ្នាំមកហើយជុំវិញដីមួយឡូតិ៍ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
វិវាទនេះបានផ្ទុះឡើងកាន់តែខ្លាំងនៅខែតុលា ឆ្នាំ២០១៣ នៅពេលបាវមួយដែលមានច្រកពស់វែកចំនួនបីក្បាលត្រូវបានបោះចូលទៅក្នុងផ្ទះរបស់ពួកគេ។ គ្រួសារនេះបានចោទប្រកាន់ថា នេះជាស្នាដៃកម្មកររបស់ក្រុមហ៊ុនលោក ឃុន សៀ។
យោងតាមសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលច្បាប់ចម្លងមួយត្រូវបានប្រគល់ជូនលោក ជូង ជូងី បានឲ្យដឹងថា តុលាការបានសម្រេចកាលពីថ្ងៃពុធថា កញ្ញា លី ស៊ាវមិញ
គួរតែទទួលបានការដោះលែងឲ្យនៅក្រៅឃុំ។
សេចក្ដីសម្រេចដែលចុះហត្ថលេខាដោយលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៅតុលាការកំពូលនេះមានខ្លឹមសារដូច្នេះថា “តុលាការកំពូលសូមបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងជនជាប់ចោទ លី ស៊ាវមិញ អាយុ២៣ឆ្នាំ ឲ្យនៅក្រៅឃុំភ្លាមៗ ប្រសិនបើជននេះមិនជាប់ឃុំពីបទចោទប្រកាន់ផ្សេងទៀតទេនោះ”។
លោក ជូង ជូងី បានលើកឡើងថា លោកបានទាក់ទងទៅតុលាការកំពូលដើម្បីសុំការបញ្ជាក់ និងធានាថា លិខិតនោះគ្រប់គ្រាន់សម្រាប់ដោះលែងកូនក្តីរបស់លោកហើយ។
លោកបានបន្តថា “ខ្ញុំប្រាប់ពួកគេថា មន្ត្រីពន្ធនាគារបានទាមទារសាលដីការបស់សាលាឧទ្ធរណ៍ ហើយពួកគេពិតជាឆ្ងល់អំពីរឿងនេះ និងនិយាយថា មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិស្នើសុំសាលដីកា នោះគឺតុលាការកំពូល”។ លោកបានបន្ថែមថា លោកនឹងដាក់ពាក្យបណ្តឹងផ្លូវការទៅតុលាការនៅថ្ងៃនេះ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា លោករវល់ណាស់ គ្មានពេលឆ្លើយបំភ្លឺទេ។ ចំណែកឯលោក ខ្លូត តារា ប្រធានមណ្ឌលកែប្រែ២ មិនអាចទាក់ទងបានទេ។
រង់ចាំនៅខាងក្រៅពន្ធនាគារកាលពីរសៀលម្សិលមិញ លោក លី ស៊្រាងខេង បានមានប្រសាសន៍ថា លោកគិតមិនយល់ទេថាហេតុអ្វីបានជាកូនស្រីរបស់លោកនៅតែជាប់ពន្ធនាគារបែបនេះ។
លោកបានថ្លែងថា “ហេតុអ្វីបានជាគ្រួសាររបស់យើងត្រូវគេធ្វើបាប? សន្តិសុខរបស់ក្រុមហ៊ុនបានវាយប្រហារពួកយើង បំផ្លាញផ្ទះសំបែងរបស់ពួកយើង និងបោះពស់វែក
ចូលក្នុងផ្ទះរបស់យើង។ គ្មានអ្នកណាខ្វល់ពីរឿងនោះទេ”៕ សុខុម