37 C
Phnom Penh

លោក ដូរ៉ូសិនកូ ដាក់​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទៅ​​​សាលា​​​ឧទ្ធរណ៍​​​ តែ​​​ត្រូវ​​​រង់​​​ចាំ​​​​​​សេច​​​ក្ដី​​​​​​សម្រេច​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ នីកូឡៃ ដូរ៉ូសិនកូ ជាអ្នក​​​ជំនួញ​​​ជនជាតិ​​​រុស្ស៊ី ដែល​​​ត្រូវ​​​បាន​​​បញ្ជូនទៅ​​​ពន្ធនាគារ​​​​​​កាល​​​ពីខែ​​​មីនា ក្រោម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆ​​​បោក​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជម្លោះជា​​​មួយ​​​អតីត​​​ដៃ​​​គូ​​​ជំនួញ​​​របស់​​​លោក​​​ គឺ​​​លោក សេរហ្គេ ប៉ូលុនស្គី សេដ្ឋីជន​​​ជាតិ​​​រុស្សី​​​​​​ដែល​​​រត់​​​គេច​​​ខ្លួន​​​នោះ នឹង​​​​​​ទទួល​​​បាន​​​សេចក្តី​​​សម្រេច​​​ពី​​​សាលា​​​ឧទ្ធរណ៍​​​អំពី​​​សំណើរ​​​ចុង​​​ក្រោយ​​​សុំ​​​នៅក្រៅ​​​ឃុំ​​​របស់​​​លោក​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​​​​។

បន្ទាប់​​​ពីការ​​​បើក​​​សវនាការ​​​អស់​​​រយៈ​​​ពេល​​​៣០​​​នាទី​​​នៅ​​​សាលាឧទ្ធរណ៍​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​លោក ឃុន​​​ លាង​​​ម៉េង ចៅ​​​ក្រម​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ ​​​ បាន​​​លើក​​​ឡើង​​​ថា លោក ដូរ៉ូសិនកូ អាយុ​​​៥៤​​​ឆ្នាំ​​​ត្រូវ​​​តែ​​​រង់​​​ចាំ​​​លទ្ធផល​​​ថា តើ​​​លោក​​​នឹ​ង​​​ត្រូវ​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះសីហនុ​​​ដែរ​​​ ឬ​​​អត់​​​។

ចៅក្រម​​​ ឃុន លាងម៉េង បា​​​ន​​​មាន​​​ប្រសាសន៍​​​ដោយ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ច្រើន​​​​​​ថា “ចៅ​​​ក្រម​​​ដែល​​​បាន​​​បើក​​​សវនាការ​​​កំពុង​​​តែ​​​ត្រួត​​​ពិនិត្យ​​​ឯកសារ​​​ឡើង​​​វិញ​​​នៅ​​​ឡើយ​​​ ហើយ​​​យើង​​​នឹង​​​ប្រកាស​​​[លទ្ធផល​​​]​​​ នៅ​​​ថ្ងៃ​​​ទី​​​២៧​​​ ខែមេសា”។

លោក ដូរូ៉សិនកូ ​​​ដែល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅឃុំ​​​លើក​​​ដំបូង​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​បដិសេធ​​​ដោយ​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​នោះ​​​​​​មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​ឡើយ​​​ អំឡុង​​​ពេល​​​បើក​​​សវនាការ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ហើយ​​​លោក​​​ ណាច ទ្រី ដែល​​​ជា​​​មេធាវី​​​របស់​​​លោក​​​ជា​​​អ្នក​​​មក​​​ជំនួស​​​។

នៅ​​​ខាង​​​ក្រៅ​​​សាលាឧទ្ធរណ៍​​​​​​កាល​​​ពីម្សិលមិញ លោក​​​ ណាច​​​ ទ្រី បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​សំណុំ​​​រឿង​​​កូន​​​​​ក្តី​​​លោក​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​និយាយ​​​ដោយ​​​មិន​​​គិត​​​មុខ​​​ក្រោយ​​​​​​អំពី​​​សំណុំ​​​រឿង​​​នេះ​​​បាន​​​ឡើយ។ ប្រសិន​​​បើ​​​យើង​​​ហាន​​​និយាយ​​​ ប្រហែលជា​​​ភាគី​​​ម្ខាង​​​ទៀត​​​នឹង​​​ធ្វើ​​​ការ​​​វាយ​​​ប្រហារ​​​ពាក្យ​​​សម្តី​​​​​​មួយ​​​ផ្សេង​​​ទៀត​​​​​​”។

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ចាប់​​​ខ្លួន​​​លោក ដូរ៉ូសិន​​​កូ ដែល​​​មាន​​​សញ្ជាតិ​​​ខ្មែរ​​​និង​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ជា​​​យូរ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ភោជនីយដ្ឋាន​​​ផ្ទះ​​​ពស់​​​របស់​​​គ្រួសារ​​​លោក​​​ កាល​​​ពីថ្ងៃ​​​ទី​​​២៥​​​ ខែមីនា ដោយ​​​សារ​​​លោក​​​មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក​​​្នុង​​​ការ​​​បើក​​​សវនាការ​​​ចំនួន​​​ពីរ​​​លើក​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា លោក​​​​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​ ដើម្បី​​​បោក​​​ប្រាស់​​​យកប្រាក់​​​ពី​​​លោក ប៉ូលុនស្គី អាយុ​​​៤២​​​ឆ្នាំ​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក អូសថេប ដូរ៉ូ​​​សិន​​​កូ ដែល​​​ជា​​​កូន​​​ប្រុស​​​របស់​​​លោក ដូរ៉ូសិនកូ ​​​​​​​​​​​​និង​​​ដែល​​​ជា​​​អនុ​​​សេនីយ៍ឯក​​​ក្នុង​​​កង​​​កម្លាំង​​​នគ​​​របាល​​​អន្តោប្រវេសន៍​​​ខេត្ត​​​ព្រះសីហនុ​​​​​​បាន​​​រៀប​​​រាប់​​​​​​ថា ឪពុក​​​របស់​​​ខ្លួន​​​គឺ​​​ជា​​​មនុស្ស​​​ដែល​​​មាន​​​កេរ្តិ៍​​​ឈ្មោះ​​​ល្អ​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​​​​ដោះ​​​លែង​​​ឪពុក​​​ខ្លួន។

សេចក្តី​​​ថ្លែងការណ៍​​​នេះ​​​ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា លោក ប៉ូលុនស្គី ជា​​​ជន​​​ដែល​​​គេ​​​តាម​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុ​​​ងប្រទេស​​​រុស្សី​​​ពីបទ​​​កិប​​​កេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារនោះ​​​ ​​​​​​បាន​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​២៥០.០០០ដុល្លារ​​​ដើម្បីឲ្យ​​​មាន​​​ការ​​​ចាប់ខ្លួន​​​គូប្រជែង​​​របស់​​​ខ្លួន​​​ដាក់​​​ពន្ធនាគារ ប៉ុន្តែការ​​​អះ​​​អាង​​​នេះ​​​ត្រូវ​​​ប្រឈម​​​នឹង​​​ការ​​​គំរាម​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​ដោយ​​​លោក​​​ បែន​​​សុន សម័យ មេធាវី​​​របស់​​​​​​លោក ប៉ូលុនស្គី។

លោក​​​ បែន​​​សុន​​​ សម័យ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​មិញ​​​ថា “កូន​​​ក្តី​​​របស់​​​ខ្ញុំ និង​​​ខ្ញុំ​​​កំពុង​​​តែ​​​រៀប​​​ចំ​​​ឯកសារ​​​ដើម្បី​​​ប្តី​​​លោក អូសថេប ពីបទ​​​បរិហារកេរ្តិ៍។ ខ្ញុំ​​​នឹង​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ដោយ​​​ស្នើ​​​សួរ​​​រក​​​ថា តើ​​​នរណា​​​ដែល​​​ត្រូវ​​​គេ​​​ផ្តល់​​​សំណូក​​​ និង​​​ថា តើ​​​ភ័ស្តុ​​​តាង​​​នៅ​​​ឯណា​​​”។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញលោក អូសថេប បាន​​​លើក​​​ឡើង​​​ថា លោក​​​ទទួល​​​បាន​​​ដំណឹង​​​នេះ​​​ពី​​​អាជ្ញាធរ​​បុណ្យ​​​ស័ក្តិ​​​ខ្ពស់​​​​​​ ដែល​​​​​​ថាលោក​​​ ប៉ូលុន​​​ស្គី បាន​​​ផ្តល់​​​ប្រាក់​​​ឲ្យគេ​​​ដើម្បី​​​ចាប់​​​ឪពុក​​​លោក​​​ដាក់​​​ឃុំ​​​។

លោក​​​បាន​​​និយាយ​​​ថា “ពល​​​រដ្ឋ​​​ខ្មែរ​​​មាន​​​ទ្រព្យសម្បត្តិ​​​ច្រើន​​​ និងបុណ្យ​​​ស័ក្តិ​​​ខ្ពស់​​​បាន​​​និយាយ​​​​​​ជាមួយ​​​ខ្ញុំ​​​ ហើយ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​អំពី​​​បញ្ហា​​​នេះ។ ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​ឈ្មោះ​​​ពួក​​​គេ​​​បាន​​​ឡើយ ប៉ុន្តែ ពួក​​​គេ​​​មិន​​​មែន​​​ជា​​​មនុស្ស​​​ធម្មតា​​​ទេ​​​៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Matt Blomberg)​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស