28 C
Phnom Penh

អ្នក​នាំពាក្យ​រដ្ឋាភិបាល​​និយាយ​ថា លោក កឹម សុខា ជា​ជន​កុម្មុយនិស្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អ្នក​នាំពាក្យ​រដ្ឋាភិបាលដែល​​​បាន​បញ្ចេញ​ខ្សែវីដេអូ​​​មួយ​រយៈ​ពេល​២០​នាទី​ បាន​ចោទ​ប្រកាន់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា លួច​មាន​និន្នាការ​ “កុម្មុយនិស្ត” ហើយ​ការ​​លើក​ឡើង​បែប​នេះ​​កើត​មាន​​ឡើង​​​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក កឹម សុខា ​បាន​ប្រើ​​ពាក្យ​តែមួយ​នេះ​ដើម្បី​ពណ៌នា​អំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។

លោក កែវ រ៉េមី អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​ដែល​ពេល​នេះ​មាន​ឋានៈ​ជា​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៅ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ វោហារសាស្ត្រ​​​នយោបាយ​គាំទ្រ​អ្នក​ក្រ​តែ​សម្បក​ក្រៅ​ដែល​គាំទ្រ​ដោយ​គណបក្ស​ប្រឆាំង​​របស់​លោក កឹម សុខា បាន​ធ្វើ​ឲ្យ​​លោក កឹម សុខា ​កាន់​តែ​​​កុម្មុយនីស្ត​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ទៀត​។

​នៅ​ក្បាល​ដំបូង​នៃ​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នេះ​​ លោក កែវ រ៉េមី បាន​លើក​ឡើង​​​ថា ” អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​ជួប​ជាមួយ​ប្រជាពល​រដ្ឋ​មួយ​ចំនួន ហើយ​និយាយ​​បំផ្លើស​ការ​ពិត​។ គាត់​ប្រើ​ពាក្យ​ថា រដ្ឋាភិបាល​ និង​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ជា​ជន​កុម្មុយនីស្ត​ និង​ផ្ដាច់​ការ​”។

បន្ទាប់​មកលោក​បាន​ពន្យល់​ថា ពាក្យ​ថាកុម្មុយនិស្ត​​ “​នៅ​ក្នុង​ន័យ​សេដ្ឋកិច្ច” សំដៅ​ដល់​តម្លៃ​ និង​ឧស្សាហកម្ម​​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ មុន​ពេល​ច្រាន​ចោល​ការ​វិភាគ​របស់​លោក កឹម សុខា។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា ” យើង​អនុវត្ត​ទីផ្សារ​សេរី​ ហើយ​ប្រជាពលរដ្ឋ​អាច​ធ្វើ​អាជីវកម្ម​បាន​ដោយ​សេរី។ រដ្ឋាភិបាល​​​ជា​ពិសេស​ដែល​ដឹក​នាំ​ដោយ​សម្ដេច​ ហ៊ុន សែន បាន​ផ្ដល់​ឱកាស​​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ប្រកួត​ប្រជែង​ក្នុង​អាជីវកម្ម​​ដោយ​សេរី និង​ដោយ​គ្មាន​ការ​គាបសង្កត់។ គំនិត​របស់​​គណបក្ស​ប្រឆាំង​គឺ​ស្អប់​អ្នក​មាន ហើយ​កាត់​បន្ថយ​អ្នក​មាន​​ឲ្យ​មក​ក្រ​ស្មើ​គ្នា​។ ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រឆាំង​តែង​តែ​ប្រើ​ប្រាស់​ការ​ឃោសនា​​ទៅ​លើ​ប្រជាពល​រដ្ឋ ហើយ​បញ្ឆេះ​កំហឹង​របស់​ប្រជាពល​រដ្ឋ​ និង​កម្មករ​ឲ្យ​ស្អប់​អ្នក​មាន និង​និយោជក។ គំនិត​ទាំង​នេះ​ជា​គំនិត​របស់​ពួក​កុម្មុយនិស្ត​”។

គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​នេះ បាន​កៀរគរ​​ការ​គាំទ្រ​តាម​រយៈ​ការ​អំពាវ​នាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ចេញ​នូវ​គោល​នយោបាយ​នានា​ រួម​ទាំង​ការ​គ្រប់​គ្រង​ថ្លៃ​ជួល​​ផ្ទះ​សម្រាប់​កម្មករ​កាត់​ដេរ ព្រមទាំង​ការ​ដំឡើង​ប្រាក់​ខែ​គោល​ផង​ដែរ។

លោក កឹម សុខា​ មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក មុត ចន្ថា ប្រធាន​ខុទ្ទកាល័យ​របស់​លោក​ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា វីដេអូ​របស់​លោក កែវ រ៉េមី នឹង​ទទួល​បាន​ជោគ​ជ័យ​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ជឿ​ថា គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក កឹម សុខា​ ​កុម្មុយនីស្ត​។

លោក មុត ចន្ថា បាន​មាន​ប្រសាសន៍​​ទៀត​ថា ” ប្រជាពល​រដ្ឋ​កម្ពុជា​​បាន​ឆ្លង​កាត់​របប​ជា​ច្រើន និង​​មេដឹកនាំ​ជាច្រើន​ដែល​ជា​ជន​​កុម្មុយនិស្ត​ ហើយ​យល់​ច្បាស់​ថា អ្នក​ណា​ជា​ពួក​កុម្មុយ​និស្ត​ និង​អ្នក​ណា​ជា​អ្នក​ប្រជាធិបតេយ្យ​។ លោក កឹម សុខា គឺ​ជា​អ្នក​ប្រជាធិបតេយ្យ​។ គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​​មាន​​ច្បាប់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​មាន​ការ​រស់​នៅ​ល្អ”។

លោក កឹម សុខា បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ថា “កុម្មុយនិស្ត​” អំឡុង​​ពិធី​ជួប​ជុំ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃច័ន្ទ ដោយ​លើក​ឡើង​​ពី​ឫសគល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​ប្រសូត​ចេញពី​គណបក្ស​តែ​មួយ ​គឺ​គណបក្ស​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។

របប​នោះ​ក៏​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែរ និង​ឥស្សរជន​ជាន់​ខ្ពស់​បំផុត​ជាច្រើន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ហើយ​បាន​ប្រែខ្លួន​ទៅ​ជា​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​​ចូលរួម​ប្រកួតប្រជែង​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ​។

ដូច​មេដឹកនាំ​ជាច្រើន​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ គឺ​​លោក កែវ រ៉េមី ​មាន​ឫសគល់​ចេញពី​ចលនា​ប្រឆាំង​នឹង​របប​នោះ ដោយ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​ក្នុង​​នាម​ជា​សកម្មជន​​​នៅ​ខាង​អ្នក​ដែល​ប្រឆាំង​នឹង​កុម្មុយនិស្ត។

លោក​បាន​ក្លាយ​ជា​តំណាង​រាស្ត្រ​សម្រាប់​គណបក្ស​ហ្វុ៊នស៊ិនប៉ិច បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​១៩៩៨ ហើយ​បន្ទាប់​មក​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ សម រង្ស៊ី មិន​យូរ​ប៉ុន្មាន​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៣ ដោយ​ធ្វើ​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​។

នៅពេល​លោក កឹម សុខា បង្កើត​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​នៅ​ខែ​មេសា ឆ្នាំ​២០០៧ លោក កែវ រ៉េមី ក៏​បាន​ចុះ​ចូល​​ទៀត​ ហើយ​បាន​ក្លាយ​ជា​អនុប្រធាន​​​របស់​លោក កឹម សុខា មុន​ពេល​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខែ​តុលា ឆ្នាំ​២០០៨ ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស។

ចំណែក​ឯ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​សមាជិក​​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ទៀត​​ដែល​បាន​ចូល​រួម​ជាមួយ​គណបក្ស​នេះ​ក្រោយ​ការ​​ប្រែក្លាយ​ទៅ​​​ជា​គណបក្ស​ថ្មី​នៅ​ក្នុង​ឆ្នាំ​១៩៩១​ បាន​មាន​​ប្រសាសន៍​ថា ការ​បន្ត​ប្រើ​​ពាក្យ​ “កុម្មុយនិស្ត​” ពី​សំណាក់​លោក កឹម​ សុខា ដើម្បី​ពណ៌នា​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ហួស​សម័យ​​ហើយ។

លោក ផៃ ស៊ីផាន ដែល​ជា​កង​កុម្ម៉ង់ដូ​​​ប្រឆាំង​កុម្មុយនីស្ត​របស់​សាធារណរដ្ឋ​ខ្មែរ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ បាន​លើក​ឡើង​ថា “អ្នក​ខ្លះ​ធ្វើ​ការ​ចោទ​ប្រកាន់​​បែប​នេះ​ ប៉ុន្តែ​ពួកគេ​មិន​យល់​ថា​កុម្មុយនីស្ត​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ទេ”។

លោក ផៃ​ ស៊ីផាន បាន​ចំណាយ​ពេល​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្រោយ​ការ​​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣ ហើយ​លោកស្ថិត​ក្នុង​ចំណោម​​អាណិកជន​​ខ្មែរ​អាមេរិក​​តិច​តួច​ដែលហ៊ាន​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​បើក​ចំហ។

លោក​មាន​ប្រសាសន៍​ថា ” គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​គណបក្ស​អន្តរកាល​។ ពួកគេ​​​បាន​​ប្រយុទ្ធ​ជាមួយ​ខ្មែរ​ក្រហម ហើយ​ក៏​​បាន​ក្លាយ​ជា​ជន​សង្គម​និយម​នៅ​ពេល​មួយ​ដែល​ពិភព​លោក​មិន​គាំទ្រ​ ឬទទួល​ស្គាល់​គណបក្ស​នេះ​។ គណបក្ស​នេះ​បាន​ព្យាយាម​​បង្រួប​បង្រួម​​ប្រទេស​ និង​ធ្វើ​កំណែទម្រង់​។ ពេល​នេះ​​គណបក្ស​ប្រជាជន​កម្ពុជា​​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ។ យើង​គាំទ្រ​ទីផ្សារ​សេរី សារព័ត៌មាន​សេរី និង​ការ​បោះ​ឆ្នោត​ដោយ​សេរី។ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ដក​ចេញពី​កុម្មុយនិស្ត​ហើយ។ គឺ​លោក​ កឹម សុខា ទៅ​វិញទេ​ដែល​ជា​ជន​កុម្មុយនីស្ត​ ព្រោះ​គាត់​មិន​គាំទ្រ​វិមជ្ឈការ​”៕ សុខុម​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស