38.1 C
Phnom Penh

ស្ថាប័ន​បោះ​ឆ្នោត​ថ្មី​ជួប​ជាមួយ​គណៈប្រតិភូ​ជប៉ុន និង​ សហភាព​អឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​ដល់​ពីរ​សប្ដាហ៍​ផង​បន្ទាប់​ពី​​ត្រូវ​បាន​បង្កើត​ឡើងមក​​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​ត្រូវ​បាន​ធ្វើ​កំណែទម្រង់​ នឹង​កោះ​ប្រជុំ​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​​ជា​លើក​ដំបូង ដើម្បី​ជួប​​ជាមួយ​គណៈប្រតិភូ​មកពី​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប ជា​អ្នក​ឧបត្ថម្ភ​ពីរ​ក្នុង​ចំណោម​អ្នក​ឧបត្ថម្ភ​ធំបំផុត​កន្លង​មក​ដល់​កំណែទម្រង់​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​។

គ.ជ.ប.​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១៣ ខែ​មេសា រយៈ​ពេល​ជិត​៩​ខែ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដែល​បាន​បញ្ចប់​​ការ​ធ្វើ​ពហិការ​ក្រោយ​ការ​បោះ​ឆ្នោត​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​បាន​ចាត់​ថា ជា​ដំណោះ​ស្រាយ​ចំពោះ​វិវាទ​ដែល​បាន​កើត​ឡើង​​បន្ទាប់ពី​ការ​បោះ​ឆ្នោត​នីមួយៗ​ក្នុង​ចំណោម​ការ​បោះ​ឆ្នោត​ប្រាំលើក​​កាលពី​ឆ្នាំ​១៩៩៣​មក។

លោក ស៊ិក ប៊ុនហុក ​ប្រធាន​គ.ជ.ប.​ថ្មី​ បាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​នឹង​ចាប់​ផ្ដើម​ពិភាក្សា​អំពី​​ថា តើ​សហភាព​អឺរ៉ុប​ និង​ជប៉ុន​អាច​ជួយ​ដល់​ស្ថាប័ន​នេះ​ដោយ​របៀប​ណា​ក្នុង​ការ​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​មានភាព​យុត្តិធម៌។

លោក​បាន​មាន​ប្រសាសន៍​ថា ​” វា​ជា​​ជំនួប​​​លើក​ដំបូង​ជាមួយ​គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​ជប៉ុន​នៅ​ថ្ងៃ​ស្អែក ដើម្បី​ពិភាក្សា​​ថាតើ​វិស័យ​ទាក់​ទង​​ការ​បោះ​ឆ្នោត​ណាមួយ​ជា​អាទិភាព​​ដែលត្រូវ​ទទួលបាន​ជំនួយ​ពី​ពួកគេ​ ហើយ​ខ្ញុំ​គិត​ថា នឹង​មាន​ការ​ពិភាក្សា​អំពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ផងដែរ។

លោក ស៊ិក ប៊ុនហុក​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោក ហង្ស ពុទ្ធា អតីត​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវនៅកម្ពុជា​ ដែល​ឥឡូវ​នេះ​ជា​សមាជិក​អព្យាក្រឹត​​មួយ​រូប​របស់​គ.ជ.ប.នោះ ត្រូវ​បាន​តែង​តាំង​ជា​អ្នក​នាំពាក្យ​ គ.ជ.ប.។

លោក​បាន​មាន​ប្រសាសន៍​ពី​លោក ហង្ស ពុទ្ធា ថា ” គាត់​ជាមនុស្ស​ស័ក្ដិសម​សម្រាប់​តួនាទី​នេះ”។ សមាជិក​​ គ.ជ.ប. ប្រាំបី​រូប​ទៀត​ គឺ​ជា​ការ​ជ្រើស​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​កាលពី​ឆ្នាំ​មុន។

លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ជំនួប​នៅ​ថ្ងៃ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ គ.ជ.ប. ​ក្នុងការ​ស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែមដើម្បី​កែ​តម្រូវ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​មាន​បញ្ហា​ក្នុង​ពេល​កន្លង​មក​​ពី​បញ្ហា​ឈ្មោះ​ពីរ​និង​ការ​បាត់​ឈ្មោះជាដើម។

លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា គណៈប្រតិភូ​មកពី​ប្រទេស​ជប៉ុន និង​សហភាព​ជប៉ុន​មិន​ត្រឹម​តែ​ពិភាក្សា​ពី​បញ្ហា​ចុះ​ឈ្នោះ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ.ជ.ប.​ក៏​អាច​បញ្ចុះ​បញ្ចូល​​សុំ​ការ​​រៃអង្គាសមូលនិធិ​ផង​ដែរ​”។

តំណាង​មក​ពី​ស្ថានទូត​​ជប៉ុន​ និង​គណៈប្រតិភូ​​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ម្សិល​មិញ​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​គម្រោង​ពិភាក្សា​មុន​ពេល​​ជំនួបឡើយ​។

លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប. ​ក៏បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ផង​ដែរ​ថា លោក​ ទេព នីថា អគ្គលេខាធិការ​គ.ជ.ប.​ចាស់​នឹង​បន្ត​កាន់​តួនាទី​របស់​លោក​​ក្រោម
​គ.ជ.ប.​ថ្មី​។

តាម​ច្បាប់​គ.ជ.ប. ដែល​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​តែង​តាំង​​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រងរបស់ស្ថាប័ននេះ​ ហើយ​ក៏​ត្រូវ​​អនុម័ត​​បទ​បញ្ជា​ផ្ទៃ​ដែល​កំណត់​ការ​ងារ​រដ្ឋបាល​ផង​ដែរ។

លោក ស៊ិក ប៊ុនហុក បាន​មាន​ប្រសាសន៍​ថា ដូច្នេះ​ហើយ​យើង​​នៅ​ប្រើ​​អគ្គ​លេខា​ធិការដ្ឋាន​​ដែលមាន​ស្រាប់​របស់​ គ.ជ.ប. ដដែល​ មាន​ន័យ​ថា លោក​ ទេព នីថា នៅ​កាន់​តួនាទី​របស់​លោក​ជា​អគ្គលេខាធិការ​គ.ជ.ប.​ ដដែល។

លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា មាន​ឱកាស​ដែល​លោក​ ទេព នីថា មិន​ត្រូវ​បាន​ជំនួស​​ ហើយ​អាច​បន្ត​កាន់​តួនាទី​របស់​លោក​រហូត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ លោក​ ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​​ការ​សម្រេច​របស់​សមាជិក គ.ជ.ប.”៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស