26 C
Phnom Penh

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ​រួម​គ្នា​ធ្វើ​ជា​ម្ចាស់​​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​​សំណេះ​សំណាល​​នៅ​បរទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈពេល​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ កំពុង​មាន​ទំនាក់​ទំនង​ល្អ​​នឹង​គ្នា​​ លោក​ទាំង​ពីរ​គ្រោង​​នឹង​ជួបគ្នា​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ​​ នៅ​ថ្ងៃ​សៅរ៍​​​នេះ​ ដើម្បី​ធ្វើ​ជា​ម្ចាស់​កម្មវិធី​​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋខ្មែរ​ដែល​កំពុង​បម្រើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ព្រឹត្តិការណ៍​ដែល​លោក​ សម រង្ស៊ី បាន​ប្រកាស​​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នេះ​ គឺ​ជា​លើក​ទី១​ហើយ​ដែល​គូបដិបក្ខ​នយោបាយ​​​​ចាស់​វស្សា​​ទាំងពីរ​មិន​ធ្លាប់​បាន​​ធ្វើ​រួម​គ្នា​នៅ​បរទេស។

ព្រឹត្តិការណ៍​នេះ​ក៏​កើត​ឡើង​នៅ​មុន​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី​២៦ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍​​នេះ​ក្នុង​ទីក្រុង​គូឡាឡាំពួដែរ ហើយ​តាម​​ការ​រំពឹង​ទុក​ថា កម្ពុជា​ និង​ម៉ាឡេស៊ី​ នឹង​ចុះ​កិច្ច​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​បម្រើ​ការ​ងារ​ក្នុងប្រទេស​នេះ​ជា​អ្នក​ជំនួយ​ការ​មេផ្ទះ​។ ប្រទេស​កម្ពុជា​​ បាន​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​រាប់​ម៉ឺន​នាក់​​​ទៅ​បម្រើការ​ងារក្នុង​ប្រទេស​ម៉ាឡេស៊ី​ ប៉ុន្តែ​បាន​ផ្អាក​ទៅ​វិញ​​កាលពី​៤ឆ្នាំ​មុន ចំពេល​មាន​សេចក្ដី​រាយការណ៍​យ៉ាង​ផុស​ផុល​អំពី​ការ​រំលោភ​បំពាន​ពួកគេ​ពី​សំណាក់​គ្រួសារ​ដែល​ពួកគេ​ស្នាក់​នៅ​ជាមួយ​ និង​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ដែល​​បាន​​​បញ្ជូនពួកគេ​ទៅ​ទីនោះ​។

នៅ​ក្នុង​​​អ្វី​ដែល​លោក​​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ លោក​ សម រង្ស៊ី​ បាន​លើកឡើង​ថា ព្រឹត្តិការណ៍​ធ្វើ​ឡើង​រួម​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រីនេះ​មាន​គោល​បំណង​បង្ហាញ​ពី​ “វប្បធម៌​សន្ទនា​” ដែល​លោក​ទាំង​ពីរ​បាន​បង្កើត​ឡើង​ ក្រោយ​មាន​ស្ថានភាព​ចលាចល​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដ៏ចម្រូងចម្រាស​នៅ​ក្នុង​ឆ្នាំ​២០១៣។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ខ្ញុំ​ចង់​បង្ហាញ​ថា វប្បធម៌​នៃ​ការ​សន្ទនា​មាន​គ្រប់​កាលៈទេសៈ​។ ទោះបី​ពេល​យើង​ជួប​​គ្នា​​នៅ​បរទេស​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី និង​​ក្នុងឋានៈ​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្ដី ក៏​យើង​នៅ​តែ​បន្ត​គោរព​គ្នា​ និង​លើក​កម្ពស់​ករ​បង្រួប​បង្រួម​​ជាតិ​តាម​រយៈ​ការ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រទេស​ជាតិ​”។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា វា​ជា​ការ​គាប់​ជួន​ដែល​លោក​ទាំងពីរ​​គ្រោង​​ធ្វើ​ដំណើរ​ទៅ​​កាន់ទីក្រុង​គូឡាឡាំពួ​នៅ​ពេល​នោះ ដោយ​លោក សម រង្ស៊ី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ ដូច្នេះ​ហើយ​លោក​ក៏​សម្រេច​​ចិត្ត​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ជួប​គ្នា​តែម្តង​។

លោក​បាន​លើក​ឡើង​បន្ត​ថា “មេដឹកនាំ​ទាំងពីរ​បាន​ជួប​គ្នា​ញឹក​ញាប់​ណាស់​ហើយ​នៅ​​កម្ពុជា ប៉ុន្តែ​នេះ​គឺ​ជា​លើក​ទី១​ហើយ​ដែល​លោក​ទាំងពីរ​នឹង​ជួប​គ្នា​នៅបរទេស​ ដើម្បី​ជជែក​អំពី​វប្បធម៌​នៃ​ការ​សន្ទនា​។ ជំនួប​របស់​លោក​ទាំងពីរ​នៅ​ទីនោះ គឺ​មាផ្តោត​ជាសំខាន់​អំពី​ការ​អភិវឌ្ឍ​ផ្នត់​គំនិត​ប្រជាធិបតេយ្យ និង​បង្រួបបង្រួម”។

លោក យឹម សុវណ្ណ បាន​បដិសេធ​មិន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ដែល​លោក សម រង្ស៊ី ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​ការ​រិះគន់​ដែល​លើក​ឡើង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​មាន​ទំនាក់​ទំនង​ស្អិត​រមួត​ពេក​ជាមួយ​​នាយក​រដ្ឋមន្ត្រី។ មេដឹកនាំ​​ទាំង​ពីរ​​ធ្លាប់​បាន​វាយ​ប្រហារ​គ្នា​ខ្លាំងៗ​​ជាច្រើន​លើក​ច្រើន​សា​រាប់​មិន​អស់​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​​មក​នេះ ហើយ​ការ​ថត​រូប​ជាមួយ​គ្នា​​បែបស្និទ្ធស្នាល​ក្នុង​ពិធី​អបអរ​សាទរ​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ប្រពៃណីជាតិ​កាលពី​ដើម​ខែ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​ប្រឆាំង​មិន​សប្បាយ​ចិត្ត​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “​យើង​មាន​គំនិត​ខុស​គ្នា ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា យើង​ត្រូវ​ចាត់​ទុក​គ្នា​ជា​សត្រូវ​​ ហើយ​ប្រើ​អាវុធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ”។

ចំណែកឯលោក ផៃ ស៊ីផាន អ្នក​នាំពាក្យទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ​លោក​នាយក​រដ្ឋមន្ត្រី​​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​លោកនឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុងគូឡាឡាំពួ​នៅ​ថ្ងៃ​សៅរ៍នេះ​ ដើម្បី​ជួប​ជាមួយ​លោក សម រង្ស៊ី។

លោក​បាន​បញ្ជាក់​ថា ” វប្បធម៌​នៃ​ការ​សន្ទនា​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​សម្ដេច​តេជោ [លោក​ ហ៊ុន សែន​] មិន​ធ្លាប់​​មាន​ពី​មុន​មក​ទេ” ដោយ​លោក​ថែម​ទាំង​​​​បាន​ស្នើសុំ​ឲ្យ​ដក​ពាក្យ​ថា “គណបក្ស​ប្រឆាំង​” ចេញពី​ពាក្យ​នយោបាយ​របស់​កម្ពុជា​ទៀត​ផង។ លោក​បាន​បន្ត​ថា “គណបក្ស​ប្រឆាំង​នៅ​តែ​មាន ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​ជន​បរទេស​ហៅ។ ពេល​នេះ​យើង​បាន​​ព្រមព្រៀងគ្នា​ប្រើ​ប្រាស់​ពាក្យ​ថ្មី គឺ​ហៅ​ថា ដៃគូសន្ទនា​”។

ជាការ​ពិត ​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​និង​លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​វប្បធម៌​នៃ​ការ​សន្ទនា​​តាំង​ពី​​ឆ្នាំ​២០០៦មក​ម៉្លេះ​ ពោល​គឺ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​លោក​ទទួល​បាន​​ការ​លើក​លែង​ទោស​ពី​ការ​ផ្តន្ទាទោស​គួរ​ឲ្យ​សង្ស័យ និង​​ក្រោយ​ពី​ធ្វើ​មាតុភូមិ​និវត្ត​ពី​​​​ការ​និរទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង​។

ទោះ​ជាយ៉ាង​ណា ​ក្នុង​រយៈពេល​៤​ឆ្នាំ លោក​ សម រង្ស៊ី បាន​រស់​នៅ​ដោយ​និរទេស​ខ្លួន
​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង​ ដើម្បី​គេចវេះ​ពី​ការ​ផ្ដន្ទាទោស​ថ្មី​មួយ​ទៀត ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់​​ថា​ជា​រឿង​នយោបាយ។​លោក ហ៊ុន សែន បាន​រៀបចំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​លោក សម រង្ស៊ី ជាថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៣ គឺ​ចំពេល​ដែល​លោក​ សម រង្ស៊ី ត្រូវ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​​ធ្វើ​យុទ្ធនាការ​ឃោសនា​ដើម្បី​កៀរគរ​​ការគាំទ្រ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ក្នុង​ឆ្នាំ​នោះ៕ សុខុម​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស