26 C
Phnom Penh

មន្ត្រី​ទាហាន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ជួញ​ដូរ​វត្ថុ​បុរាណ​ចូល​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាននិយាយ​កាលពី​ម្សិលមិញ​ថា មន្ត្រី​ទាហាន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ថៃ​កាលពី​​ថ្ងៃសៅរ៍​បន្ទាប់ពី​ជួញដូរ​​វត្ថុបុរាណ​ចំនួន​បី​​ឆ្លង​កាត់​ព្រំដែន​​ខេត្ត​បន្ទាយ​មាន​ជ័យ​តាម​រថយន្តរបស់​ខ្លួន។

លោក ប្រាក់ ស ប្រធាន​ច្រក​ព្រំដែន​បឹង​ត្រកួន​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​​បាន​មាន​ប្រសាសន៍ថា លោក សឿន អឿន អាយុ​៤៩ឆ្នាំ​ ជាមន្ត្រី​ស៊ើប​អង្កេត​មក​ពី​យោធ​ភូមិ​ភាគ​៥នៃកង​យោធពល​ខេមរភូមិន្ទ​​ក្នុង​ខេត្ត​បាត់​ដំបង​ ត្រូវ​បាន​ចាប់ខ្លួន​នៅម៉ោង​ប្រហែល​៥​ល្ងាច​ បន្ទាប់ពី​ឆ្លង​ព្រំដែន​តាម​ប៉ុស្តិ៍ត្រួត​ពិនិត្យ​ខាង​ភាគី​កម្ពុជាបាន​បន្តិច​មក។

លោក ប្រាក់ ស បាន​មាន​ប្រសាសន៍ថា​”​យើង​មាន​ការ​ធ្វេស​ប្រហែសមិន​បាន​ពិនិត្យ​មើល​រថយន្តនេះ​ ដែលមាន​លាក់​វត្ថុបុរាណ​ចំនួន​បី​នៅក្នុង​នោះ ប៉ុន្តែ​គាត់ត្រូវ​បានចាប់ខ្លួន​ដោយ​នគរ​បាល​ព្រំដែនថៃ”។

លោក​បាន​មាន​ប្រសាសន៍​ថា លោក អឿន តែង​ឆ្លងកាត់​ច្រក​ព្រំដែន​​នេះ​ជាប្រចាំនៅក្នុង​ឃុំអូរ​បីជាន់ ដើម្បី​ទៅ​ទិញ​​អាហារ​ ឬ​សាំង​នៅក្នុង​ប្រទេស​ថៃ។

លោក​បានមាន​ប្រសាសន៍ថា “​ជន​សង្ស័យ​រូបនេះ​ទៅមក​ៗ​រាល់ថ្ងៃ”។ លោក​បាន​បន្ថែម​ថា នគរបាល​ព្រំដែន​កម្ពុជា​​មិន​ដែល​សង្ស័យ​ពី​សកម្ម​ភាពដូច​​នេះឡើយ។

លោក ប្រាក់ ស ​បានមាន​ប្រសាសន៍ថា អាជ្ញាធរ​ថៃ បាន​ឆែក​ឆេរ​​រថយន្ត​របស់លោក អឿន នៅច្រកព្រំដែន​​ខាង​ភាគី​ថៃ​ ហើយ​បាន​រក​ឃើញ​​វត្ថុបុរាណ​ទាំង​នេះ ដែលពួកគេ​បាន​រឹប​អូស។

នគរបាល​ព្រំដែន​ថៃ​​បាន​ប្រគល់​លោក អឿន និង​រថយន្ត​មក​ឲ្យ​សមភាគី​កម្ពុជាកាលពី​យប់​ថ្ងៃសៅរ៍ ប៉ុន្តែបាន​រក្សា​ទុក​វត្ថុបុរាណ​ទាំងនេះ។

លោកវរសេនីយ៍ទោ​ ប្រាក់ ស បានមាន​ប្រសាសន៍ថា “ថ្ងៃស្អែក យើង​នឹង​បន្ត​ធ្វើ​​​ការ​លើ​រឿង​នេះ ដើម្បី​យក​វត្ថុបុរាណ​ទាំងបីនេះ​មក​វិញ ហើយ​បញ្ជូន​ជន​សង្ស័យនេះ​​ទៅ​តុលាការ។ នគរបាល​ថៃ​​មិន​បាន​អនុញ្ញាត​ឲ្យ​នគរបាល​របស់​យើង​​ប៉ះពាល់​វត្ថុបុរាណ​ទាំង​នេះទេ ដូច្នេះ​យើង​មិន​ដឹង​ថា តើ​វត្ថុបុរាណទាំងនេះ​ពិត​ ឬ​ក្លែង​ក្លាយ​នោះឡើយ”។

លោក ញេន ឡាញ់ អនុប្រធាន​ច្រក​ព្រំដែន​បឹង​ត្រកួន​បានមាន​ប្រសាសន៍ថា លោក អឿន កំពុង​ត្រូវ​បានឃុំខ្លួន​នៅ​ស្នងការ​ដ្ឋាននគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​គ្រោង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃនេះ៕ សារុន​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស