27.5 C
Phnom Penh

លោក ប៉ូលុន​ស្គី ប្តឹង​កូនប្រុស​លោក នីកូឡៃ ដូរ៉ូសិនកូ​ ជំុវិញការ​អះ​អាង​ពី​ប្រាក់​សំណូក​ ២៥០.០០០ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​លោក​ សេរហ្គេ ប៉ូលុនស្គី​ ជន​ជាតិ​រុស្សី​​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​​ចោទប្រកាន់​កូន​ប្រុស​របស់​អតីត​ដៃគូ​ជំនួញ​របស់លោក​បីបទ​បរិហារ​កេរ្តិ៍​ចំពោះ​ការ​ចែក​ចាយ​លិខិត​​​ដែល​អះ​អាង​ថា លោក​ ប៉ូលុនស្គី បាន​ចំណាយ​ប្រាក់​ដល់​ក្រុម​មន្ត្រី​ចំនួន​ ២៥០.០០០ដុល្លារ​ឲ្យ​ចាប់ឪពុករបស់លោក​ដាក់ពន្ធនាគារ។

លោក នីកូឡៃ ដូរ៉ូសិនកូ អាយុ​៥៤ឆ្នាំ​ជាជន​ជាតិ​រុស្សី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋាន Snake House របស់ក្រុមគ្រួសារ​លោក​នៅក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី​២៥ ខែ​មីនា ហើយ​ត្រូវ​បាន​បញ្ជូនទៅ​​ពន្ធនាគារ​ខេត្ត​​ដើម្បីរង់ចាំការ​ជំនុំជម្រះពី​បទ​ឆបោក​ទាក់ទង​ទៅ​នឹង​ការកិបកេង​ប្រាក់រាប់លាន​ដុល្លារ​។

កាលពី​សប្តាហ៍មុន លោក អូសថេប កូនប្រុសរបស់លោក​​ ដូរ៉ូសិនកូ បាន​ចែកចាយ​លិខិត​​ដែល​បាន​ចោទប្រកាន់​លោក ប៉ូលុនស្គី ថា បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ចំនួន​ ២៥០.០០០​ដុល្លារ​​ឲ្យ​គេ​ចាប់​ឪពុករបស់លោក​ដាក់ពន្ធនាគារ ហើយ​កាលពីម្សិលមិញ លោក បែនសុន សម័យ មេធាវីរបស់លោក ប៉ូលុនស្គី​​ បានមាន​ប្រសាសន៍ថា លោក​បាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ឆ្លើយ​តបរឿងនេះ។

លោក​បានមាន​ប្រសាសន៍ថា “​ខ្ញុំបានដាក់ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​​កាល​ពី​ថ្ងៃសុក្រ​ ទាមទារ​ឲ្យលោក អូសថេប ដូរ៉ូសិនកូ បង្ហាញ​ភ័ស្តុតាង​ដល់យើង ហើយ​គាត់​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍កូនក្តីរបស់ខ្ញុំ ប្រសិន​បើ​គាត់មិន​មាន​ភ័ស្តុតាង​ទេ​នោះ”។

សាលាឧទ្ធរណ៍គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃនេះអំពី​សំណើ​ទី​២របស់​លោក នីកូឡៃ ដូរ៉ូសិនកូ​ សុំនៅក្រៅឃុំ​។

សំណើ​សុំនៅក្រៅឃុំលើក​ដំបូង​របស់លោក​ត្រូវ​បានសាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ច្រាន​ចោល​កាលពី​ខែមុន៕ សារុន​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស