29.3 C
Phnom Penh

បុរស​រុស្ស៊ី​ត្រូវ​ចាប់​ខ្លួន​ពី​បទ​លក់​ពេជ្រ​ក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ តុលាការ​ខេត្ត​ព្រះ​សីហនុ​បាន​ចោទ​បុរស​រុស្ស៊ី​ម្នាក់​និង​អ្នក​បកប្រែ​ខ្មែរ​ម្នាក់ ពី​បទ​បោក​បន្លំ ព្រោះ​លក់​ពេជ្រ​ក្លែងក្លាយ​ទៅ​ឲ្យ​ម្ចាស់​ហាង​គ្រឿង​អលង្ការ​ម្នាក់​ក្នុង​ឃុំ​បួន​ក្រុង​ព្រះសីហនុ។

លោក វ៉ា ចាន់ថន នាយ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ បាន​ប្រាប់​ថា បុរស​រុស្ស៊ី​នោះ​មាន​អាយុ​៥០​ឆ្នាំ មាន​ឈ្មោះ​ហៅ​ក្រៅ វ៉ានីញ៉ា (Vania) ​ហើយ​អ្នក​បកប្រែ​ភាសា​របស់​គាត់ ឈ្មោះ តប់ ផល្លី អាយុ​៣៣​ឆ្នាំ។

លោក ចាន់ថន ដែល​បាន​ដឹក​នាំ​ការ​ស៊ើប​អង្កេត​នេះ បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ប្រតិបត្តិការ​មួយ​ដែល​រៀបចំ​ដោយ​កម្លាំង​រាជ​អាវុធហត្ថ ដោយ​មាន​ជំនួយ​ពី​ម្ចាស់​ហាង​គ្រឿង​អលង្ការ ឈ្មោះ មុំ ចិន្តា អាយុ​៣១​ឆ្នាំ។

លោក​បាន​មាន​ប្រសាសន៍ថា បុរស​រុស្ស៊ី រួម​ជាមួយ​នឹង​អ្នក​រួម​គំនិត​រុស្ស៊ី​ពីរ​នាក់​ទៀត ដំបូង​ឡើយ​បាន​លក់​ពេជ្រ​ក្លែងក្លាយ​ឲ្យ​អ្នក​ស្រី ចិន្តា នៅ​ផ្សារ​ថ្មី នៅ​ថ្ងៃ​ទី​៣​ខែ​មេសា តម្លៃ​៧.៣០០​ដុល្លារ និង​បាន​សន្យា​បន្ត​ទាក់ទង​គ្នា ប្រសិនបើ​គាត់​បាន​ទទួល​ពេជ្រ​ថែម​ទៀត។

អ្នក​ស្រី ចិន្តា បន្ទាប់​មក ទទួល​បាន​ពេជ្រ​ដែល​ប៉ាន់​តម្លៃ​នៅ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១២​ខែ​មេសា ហើយ​នៅ​ពេល​ត្រូវ​គេ​ប្រាប់​ថា​វា​ក្លែងក្លាយ​ទេ ក៏​បាន​ប្តឹង​ទៅ​កម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ។

នៅ​ថ្ងៃ​ទី​២១​ខែ​មេសា បុរស​រុស្ស៊ី​រូប​នេះ​បាន​ទូរស័ព្ទ​ហៅ​អ្នក​ស្រី ចិន្តា ដោយ​ប្រាប់​ថា គាត់​មាន​ពេជ្រ​តម្លៃ​៣៨.០០០​ដុល្លារ​លក់​ឲ្យ។ អ្នក​ស្រី ចិន្តា បាន​យល់​ព្រម​ជួប​គាត់​នៅ​ថ្ងៃ​សុក្រ និង​បាន​ផ្តល់​ព័ត៌មាន​ទៅ​កម្លាំង​រាជ​អាវុធហត្ថ​ជាមុន។

លោក ចាន់ថន បាន​និយាយ​ថា “ម្ចាស់​ហាង​បាន​លេង​ល្បិច”។ លោក​បាន​ពន្យល់​ថា នៅ​ពេល​ដែល​បុរស​រុស្ស៊ី​នោះ​និង​អ្នក​បកប្រែ​របស់​គាត់​មក​ហាង​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​សុក្រ អ្នក​ស្រី ចិន្តា ធ្វើ​ពុធ​ជា​តថ្លៃ​ទិញ​ពេជ្រ ខណៈ​ដែល​កម្លាំង​រាជ​អាវុធហត្ថ​ព័ទ្ធ​ជុំវិញ​ផ្សារ។

លោក​បាន​និយាយ​ថា “យើង​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​សុក្រ ពីព្រោះ​ពួកគេ​លក់​ពេជ្រ​ក្លែងក្លាយ”។

លោក រៀម ចន្ទ​ម្នី​ ព្រះរាជ​អាជ្ញា​រង​តុលាការ​ខេត្ដ​ព្រះសីហនុ បាន​និយាយ​ថា លោក​បាន​ចោទ​ជន​សង្ស័យ​ទាំង​ពីរ​កាលពី​ថ្ងៃ​អាទិត្យ និង​បាន​បញ្ជូន​សំណុំ​រឿង​របស់​ពួកគេ​ទៅ​ចៅក្រម​ស៊ើប​អង្កេត។ លោក​បាន​និយាយ​ថា “ថ្ងៃ​នេះ ក្រោយពី​ការ​សាកសួរ ខ្ញុំ​បាន​ចោទ​ពួកគេ​ពី​បទ​បោក​បន្លំ”។

លោក ចាន់ថន បាន​និយាយ​ថា ជន​សង្ស័យ​ត្រូវ​គេ​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត រង់​ចាំ​ការ​ជំនុំ​ជម្រះ ហើយ​ថា សេចក្តី​រាយការណ៍​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​បុរស​រុស្ស៊ី​នេះ បាន​ឈាន​ដល់​បណ្តឹង​ទី​២​​ចំពោះ​រូប​គាត់ ដែល​ដាក់​ដោយ​ម្ចាស់​ហាង​គ្រឿង​អលង្ការ​​ម្នាក់​ផ្សេង​ទៀត​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍។

លោក​បាន​បន្ថែម​ថា ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បុរស​រុស្ស៊ី​ពីរ​នាក់​ទៀត ដែល​រួម​ដំណើរ​ជាមួយ វ៉ានីញ៉ា ទៅ​ផ្សារ​ថ្មី កាលពី​ថ្ងៃ​ទី​៣​ខែ​មេសា៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស