28 C
Phnom Penh

បេសកកម្ម​​​កោះណូរូ​​ បញ្ចប់​​ដោយ​មាន​តែជន​ភៀស​ខ្លួន​​បួន​នាក់​​ស្ម័គ្រ​ចិត្ត​មក​​រស់​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​នេះ ​ជន​ភៀស​ខ្លួន​បី​នាក់​បន្ថែម​ទៀត​​ដែល​ប្រទេស​អូស្ត្រាលី ​កំពុង​ឃាត់​ខ្លួន​នៅ​លើ​កោះ​ណូរូ ​បាន​យល់​ព្រម​ទទួល​​យក​សំណើ​មក​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ ដោយ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​លើក​ឡើង​ថា ការ​​បញ្ជាក់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​របស់​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នេះទើប​តែ​ទទួល​បាន​ការ​អនុម័ត​ក្នុង​សប្ដាហ៍​កន្លង​ទៅ​ប៉ុណ្ណោះ​ជំរុញ​​ដំណើរ​ការ​ផ្លាស់​ចេញ​របស់​ពួក​គេ​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ជន​ភៀស​ខ្លួន​ថ្មី​ទាំង​បី​នាក់​ដែល​សុទ្ធ​តែ​ជា​ជនជាតិ​អុីរ៉ង់ បាន​ចូល​រួម​ជាមួយ​បុរស​ជន​ជាតិ​រ៉ូហុីងយ៉ា​ ម្នាក់​មក​ពី​ប្រទេស​ភូមា ដែល​បាន​ស្ម័គ្រ​ចិត្ត​កាលពី​សប្ដាហ៍​មុន។លោក​បាន​បញ្ជាក់​​ថា ” ពេល​នេះ​យើង​មាន​បួន​នាក់ ម្នាក់​មក​ពី​​ [ភូមា] និង​បី​នាក់​ទៀត​មកពី​អុីរ៉ង់”។

លោក​មាន​ប្រសាសន៍​បន្ត​ថា គណៈប្រតិភូ​​កម្ពុជា​ ដែល​បាន​ចេញ​ដំណើរ​​ទៅ​កាន់​ប្រទេស​ដែន​កោះ​នៅ​កណ្ដាល​មហាសមុទ្រ​បា៉ស៊ីហ្វិក​ខាង​ត្បូង​មួយ​​នេះ​កាលពី​ជាង​​មួយ​សប្ដាហ៍​មុន ដើម្បី​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​នៅ​ទី​នោះ​ បាន​ត្រឡប់​មក​វិញ​ហើយ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​បួន​នាក់​អាច​នឹង​មក​ដល់​កម្ពុជា​ ក្នុង​រយៈ​ពេល​ “ប៉ុន្មាន​សប្ដាហ៍​ទៀត”។

ការ​មក​ដល់​របស់​​ជន​ភៀស​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គឺ​ជា​ផ្នែក​នៃ​កិច្ច​​ព្រមព្រៀង​ដ៏ចម្រូង​ចម្រាសមួយ​ដែល​​កម្ពុជា ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អូស្ត្រាលី​ កាលពី​ឆ្នាំ​មុន ដោយ​យល់​ព្រម​ទទួល​តាំង​លំនៅ​ជន​ភៀស​ខ្លួន​ក្នុង​ចំនួន​គ្មាន​កំណត់ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃាត់​ខ្លួន​នៅ​លើ​កោះ​ណូរូ ​​មិន​ព្រម​ទទួល​យក​ខ្លួន​ឯង​។ កិច្ច​​ព្រមព្រៀង​នេះ​រួម​មាន ជំនួយ​បន្ថែម​ចំនួន​៣១​លាន​ដុល្លារ​សម្រាប់​កម្ពុជា ហើយ​មួយ​ផ្នែក​ក្នុង​ចំណោមជំនួយ​​នោះ​ប្រទេស​អូស្ត្រាលី​ បាន​សន្យា​ចំណាយ​លើ​​ការ​អភិវឌ្ឍ​សហគមន៍​ដែល​ជនភៀស​ខ្លួន​ទាំង​នេះ​ត្រូវ​តាំង​លំនៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក អៀន រីនថូល (Ian Rintoul) អ្នក​នាំពាក្យ​​អង្គការ​សម្ព័ន្ធ​សកម្មភាព​ជន​ភៀស​ខ្លួន​ (Refugee Action Coalition) ដែល​​បាន​រក្សា​ទំនាក់​ទំនង​ជាមួយ​អ្នក​​នៅ​​លើ​កោះ​ណូរូ បាន​មាន​ប្រសាសន៍​ថា បី​នាក់​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​បួន​នាក់​កំពុង​​ត្រូវ​បាន​ឃុំ​ឃាំង​ដាច់​ដោយ​ឡែក​ពី​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​​ផ្សេង​ទៀត​នៅ​លើ​កោះនេះ។

លោក​បាន​លើក​ឡើង​សំដៅ​ដល់​​មជ្ឈមណ្ឌល​ដំណើរ​ការ​​​ជ្រើស​រើស​ជនភៀស​ខ្លួន​ឯនាយ​សមុទ្រ​ទី១​ (Offshore Processing Center 1) ថា ” ខ្ញុំ​អាច​បញ្ជាក់​បាន​ថា មាន​ប្ដី​ប្រពន្ធ​ជនជាតិ​អុីរ៉ង់ ​ពីរ​នាក់​​បូក​រួម​ជាមួយ​ជន​ជាតិ​អុីរ៉ង់ ​ម្នាក់​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​មជ្ឈមណ្ឌល OPC1”។

យោង​តាម​គេហទំព័រ​​មួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​​វស្ដីអំពី​ជំរំ​នៅ​លើ​កោះ​ណូរូ​ បាន​ឲ្យ​ដឹង​ថា មជ្ឈ​មណ្ឌលOPC1 គឺ​ទុក​សម្រាប់​អ្នក​ដែល​​ត្រូវ​គេ​ផ្ទេរ​ និង​បុគ្គលិក​មជ្ឈមណ្ឌល មិន​មែន​​ទុក​សម្រាប់​ជន​ភៀស​ខ្លួននោះ​ទេ។

លោក អៀន រីនថូល បាន​មាន​ប្រសាសន៍​ថា ​អ្នក​ទាំងបី​គឺ​ជា​ជន​ស្វែង​រកសិទ្ធិ​ជ្រក​កោន ដែល​ការ​បញ្ជាក់ឋានៈជា​​ជន​ភៀស​ខ្លួន​របស់​ពួកគេ​ទើប​តែត្រូវ​បាន​​អនុម័ត​ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដោយ​ប្ដី​ប្រពន្ធ​ជនជាតិ​អុីរ៉ង់​ ​ទទួល​បាន​ការ​អនុម័ត​កាល​ពី​ថ្ងៃសៅរ៍។

ស្ថិត​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ជាមួយ​​អូស្ត្រាលី​ ​ប្រទេស​កម្ពុជា ​បាន​យល់​ព្រម​ទទួល​យក​តែ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​​ការ​បញ្ជាក់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​របស់​ពួកគេ​ត្រូវ​បាន​អនុម័ត​រួច​រាល់​ប៉ុណ្ណោះ។

ប៉ុន្តែ​ ប្រទេស​អូស្ត្រាលី ​បាន​​ខិត​ខំ​​បញ្ចុះ​បញ្ចូល​ជន​ភៀស​ខ្លួន​ទាំង​នោះ​ឲ្យ​ស្ម័គ្រ​ចិត្ត និង​ចាប់​ផ្ដើម​បញ្ចុះ​បញ្ចូល​​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​​កោន ហើយ​ជា​លទ្ធផល ​គណៈប្រតិភូ​ពីរ​ក្រុម​ដំបូង​ដែល​កម្ពុជា ​​បញ្ជូន​ទៅ​កាន់​កោះ​ណូរូ បាន​ត្រឡប់​មក​វិញ​ដោយ​ដៃទទេ​។

យោង​តាម​លោក អៀន រីនថូល ​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​អុីរ៉ង់​ ដែល​នៅ​លីវ​បាន​និយាយ​ថា ​គាត់​​ទទួល​បាន​ការ​សន្យា​ថា ការ​ដាក់​ពាក្យ​សុំ​​ឋានៈ​ជា​ជន​ភៀស​ខ្លួន​របស់​គាត់​​នឹង​ទទួល​បាន​ការ​អនុម័ត ​ប្រសិន​បើ​​គាត់​ព្រម​​ផ្លាស់​មក​កម្ពុជា។ ​លោក​មាន​ប្រសាសន៍​ទៀត​​ថា “​ខ្ញុំ​មិន​​ទាន់​អាច​បញ្ជាក់​​បាន​​ទេ​សម្រាប់​ពីរ​​នាក់​ប្ដីប្រពន្ធ ប៉ុន្តែ​ខ្ញុំ​ច្បាស់​ណាស់​សម្រាប់​​បុរស​ជន​ជាតិ​អុីរ៉ង់​ ដែល​នៅ​លីវ”។

លោក​បាន​​លើក​ឡើង​បន្ត​ថា ប្រទេស​​អូស្ត្រាលី ​ក៏​បាន​និង​កំពុង​បញ្ចុះ​បញ្ចូល​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​តាម​រយៈ​ការ​ផ្ដល់​សាច់​ប្រាក់​ក្នុង​ម្នាក់ៗ​រហូត​ដល់​ទៅ​១១.៧០០​ដុល្លារ​ផង​ដែរ។

ចំណែក​ឯក្រសួង​អន្តោប្រវេសន៍​របស់អូស្ត្រាលី ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​​ជុំ​វិញ​បញ្ហា​​​សាច់​ប្រាក់​ ឬ​អំពី​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ស្ម័គ្រ​ចិត្ត​សម្រាប់​កម្មវិធី​នេះ​ទេ។

លោក ខៀវ សុភ័គ​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា​ ការ​​បញ្ជាក់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​បួន​នាក់​នេះ​ត្រូវ​បាន​អនុម័ត​ពេល​ណា ឬ​ថា តើ​​អូស្ត្រាលី​ បាន​បង្ខំ​ពួកគេ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង ឬយ៉ាង​ណា​​ឡើយ​។

ប្រទេស​អូស្ត្រាលី​ សង្ឃឹម​ថា នឹង​បញ្ជូន​​ជនភៀស​ខ្លួន​ដំបូង​​តាម​ជើង​ហោះហៅ​ចេញ​ពី​កោះ​ណូរូ​ កាលពី​មួយ​សប្ដាហ៍​មុន​ ប៉ុន្តែ​បាន​ពន្យារ​ពេល​ជើង​ហោះ​ហើរ​​វិញ​ដោយ​សារ​មាន​ “បញ្ហា​ភ័ស្តុភារ” ​ជាមួយ​កម្ពុជា នេះ​បើ​យោង​តាម​លោក ភីតធើ ដាត់ធិន (Peter Dutton) រដ្ឋមន្ត្រី​​អន្តោប្រវេសន៍​អូស្ត្រាលី​​​ បាន​លើក​ឡើង​កាលពី​សប្ដាហ៍​មុន។

ចំណែកឯក្រសួង​មហាផ្ទៃ​របស់​កម្ពុជា​​ បាន​លើក​ឡើង​ថា ខ្លួន​ចង់​ត្រួត​ពិនិត្យ​អ្នក​ស្ម័គ្រ​ចិត្ត​​ទាំង​នេះ និង​ប្រវត្តិ​របស់​ពួកគេ​ឲ្យ​បាន​ល្អិត​ល្អន់សិន ​មុន​​ពេល​អនុញ្ញាត​ឲ្យ​ពួកគេ​ចុះ​ចត​នៅ​លើ​ទឹកដី​កម្ពុជា។

ប្រទេស​អូស្ត្រាលី​ បាន​សន្យា​ចេញ​រាល់​ការ​ចំណាយ​សម្រាប់​​ការ​រស់​នៅរបស់​​ជន​ភៀស​ខ្លួនដែល​ផ្លាស់​ចេញ​ពី​កោះ​ណូរូ​ មក​កាន់​ប្រទេស​កម្ពុជា ​សម្រាប់​រយៈ​ពេល​យ៉ាង​ហោច​ណាស់​​១ឆ្នាំ និង​ផ្ដល់​គ្រឿង​លើក​ទឹក​ចិត្ត​បន្ថែម​សម្រាប់​អ្នក​ដែល​ចុះ​ហត្ថលេខា​​​បាន​ឆាប់​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​សាច់​ប្រាក់​នៅ​ក្នុង​ដៃ​ និង​គណនី​ធនាគារ​​ផង​ដែរ។ ប្រទេស​នេះ​បាន​លើក​ឡើង​ថា អ្នក​ដែល​រង់ចាំ​ក្រោយ​​ប្រហែល​ជា​មិន​ទទួល​បាន​អត្ថប្រយោជន៍​​ដូច​នេះ​ទេ។

ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​ប្រទេស​អូស្ត្រាលី ​ក៏​បាន​ផ្ដល់​ព័ត៌មាន​​បំភាន់​ដល់​អ្នក​រស់​នៅ​លើ​កោះ​ណូរូ​ ផង​ដែរ​ជុំវិញ​​ស្ថាន​ភាព​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នៅ​តែ​ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​បំផុត និង​ពុក​រលួយ​បំផុត​មួយ​ក្នុង​ពិភព​លោក​នៅ​ឡើយ​​។

​ប្រទេស​អូស្ត្រាលី​ ​បាន​ប្រាប់ពួកគេ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​​ “សេវា​​ថែទាំ​សុខភាព​ដែល​មាន​ស្តង់ដារ​ខ្ពស់ មាន​សេរីភាព​គ្រប់​បែប​យ៉ាង​ក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​មិន​ប្រឈម​បញ្ហា​ឡើយ​ជាមួយ​នឹង​បទ​ល្មើស​ហិង្សា”។ តែ​ទោះ​ជាយ៉ាង​ណា ដំបូន្មាន​​​ទេសចរណ៍​ផ្ទាល់​ខ្លួន​​​របស់​រដ្ឋាភិបាល​អូស្ត្រាលី ​ស្ដីពី​​ប្រទេស​កម្ពុជា ​បាន​លើក​ឡើង​ផ្ទុយ​ពី​នេះ​ស្រឡះ​​​៕ សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស