27 C
Phnom Penh

សកម្មជន​​​ដែល​​​និរទេស​​​ខ្លួនទៅ​ក្រៅ​​​​ថា លោក ហ៊ុន សែន នឹង​​​អនុញ្ញាត​​​ឲ្យ​​​ខ្លួន​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ មឿង សុន ជា​​​សកម្មជន​​​នយោបាយ​​​​​​ដែល​​​និរទេស​​​ខ្លួន​​​ទៅក្រៅ​​​ប្រទេស​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កំហុស​​​ពីបទ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​មិន​​​ពិត​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ ២០០៩ជុំ​​​វិញ​​​ការ​​​អះ​​​អាង​​​ថា ការ​​ដំឡើង​​​អំពូល​​​ភ្លើង​​​នៅ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ប្រាសាទ​​​នោះ​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​សន្យា​​​ជួយ​​​ឲ្យ​​​លោក​​​វិល​​​ត្រឡប់​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយសេរី។

ខណៈ​​​ការ​​​អះ​​​អាង​​​ដូច្នេះ​​​​​​មិន​​​អាច​​​បញ្ជាក់​​បាន​​​​ដោយ​​​អាជ្ញាធរ​​​នោះ​​​​​​​​​ លោក​​​ មឿង​​​ សុន បាន​​​លើក​​​ឡើ​​​ងថា លោក​​​ទទួល​​​បាន​​​ការ​​​សន្យា​​​ពី​​​លោក ហ៊ុន សែន អំឡុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​ជាមួយ​​​​​​រូប​​​លោក​​​ និង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​គូឡាឡាំពួ ជា​​​ទី​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី និង​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​បើក​​​កិច្ច​​​ប្រជុំ​​​ជា​​​សាធារណៈ​​​រួម​​​គ្នា​​​កាល​​​ពីថ្ងៃ​​​សៅរ៍​​​។

លោក​​​ មឿង​​​ សុន បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពីម្សិលមិញ​​​ថា “សម្តេច ហ៊ុន សែន បា​​ន​​​សួរ​​​ថា ‘តើ​​​ឥឡូវ​​​​​​រស់​​​នៅ​​​ឯណា​​​?​​​មាន​​​អាយុ​​​៦៨​​​ឆ្នាំ​​​ហើយ​​​ ឥឡូវ​​​វា​​​សម​​​ល្មម​​​​​​​ត្រូវ​​​វិល​​​ត្រឡប់​​​ចូល​​​ស្រុក​​​​​​វិញ​​​ហើយ​​​’”។

លោក មឿន សុន​​​ បាន​​​បន្ត​​​ដោយ​​​និយាយ​​​ថា លោក​​​បាន​​​ប្រាប់​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថា សំណុំ​​​រឿង​​​របស់​​​លោក​​​ត្រូវ​​​បាន​​​បិទ​​​ជា​​​យូរ​​​មក​​​ហើយ​​​ដោយ​​​មាន​​​សាលក្រម​​​ផ្តន្ទា​​​ទោស​​​នោះ​​​ថា “សម្តេច​​​ ហ៊ុន សែន បាន​​​សួរ​​​ខ្ញុំ​​​ ‘​​​ម៉េច​​​ដែរ​​​រឿង​​​តុលាការ​​​ដល់​​​ណា​​​ហើយ​​​?’”។

លោក មឿង សុន បាន​​​ដក​​​ស្រង់​​​សម្តីរបស់​​​លោក ហ៊ុន សែន ថា “សំណុំ​​​រឿង​​​តុលាការ​​​ត្រូវ​​​បាន​​​បញ្ចប់​​​ហើយ​​​មែន​​​ទេ?។ ខ្ញុំ​​​នឹង​​​ជួយ​​​លោក ព្រោះ​​​លោក​​​មាន​​​អាយុ​​​៦៨​​​ឆ្នាំ​​​ហើយ​​​”។

លោក​​​ មឿង​​​ សុន បាន​​​បន្ត​​​ទៀត​​​ថា “ពីមុន​​​ខ្ញុំ​​​មិ​​​ន​​​ហ៊ាន​​​ទៅ​​​ជួប​​​សម្តេច​​​ ហ៊ុន សែន ទេ ព្រោះ​​​ខ្ញុំ​​​ខ្លាច​​​លោក​​​នឹង​​​បន្ទោស​​​ខ្ញុំ​​។ ប៉ុន្តែ នៅ​​​ពេល​​​ខ្ញុំ​​​បាន​​​ជួប​​​លោក​​​ លោក​​​បាន​​​បង្ហាញ​​​អារម្មណ៍​​​ទំនង​​​​​​ជា​​​អាណិត​​​ខ្ញុំ​​​”។

ជា​​​ប្រធាន​​​អង្គការ​​​មូល​​​និធិ​​​ទ្រទ្រង់​​​អរិយ​​​ធម៌​​​ខ្មែរ​​​ និង​​​ជា​​​អតីត​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ លោក មឿង​​​ សុន បាន​​​អះ​​​អាង​​​អំឡុង​​​សន្និសីទ​​​កាសែត​​​កាល​​​ពីខែ​​​ឧសភា​​​ ឆ្នាំ​​​២០០៩​​​ថា ការ​​​ដំឡើង​​​អំពូល​​​ភ្លើង​​​នៅ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ប្រាសាទ​​​។

ការ​​​លើក​​​ឡើង​​​ដូច្នេះ បាន​​​ធ្វើ​​​ឲ្យ​​​លោក ប៉ាល់​​​ ចាន់​​​ដារ៉ា​​​ មេធាវី​​​រដ្ឋាភិបាល​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ថា លោក មឿង​​​ សុន បាន​​​បង្ខូច​​​កេរ្តិ៍​​​ឈ្មោះ រដ្ឋាភិបាល​​​ ហើយ​​​សកម្មជន​​​រូប​​​​​​នេះ​​​ត្រូវ​​​បាន​​រក​​​ឃើញ​​​ថា ​​​​​​​​​មាន​​​ទោស​​​កំហុស​​​ពីបទ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​។

ក្រោយ​​​មក​​​ការ​​​ចោទ​​​ប្រកាន់​​​លោក​​​ មឿង សុន ដែល​​​ភៀស​​​ខ្លួន​​​ទៅ​​​ប្រទេស​​​បារាំង​​​ត្រូវ​​​បាន​​​ប្តូរ​​​ទៅជា​​​បទ​​​ញុះញង់​​​អំឡុង​​​ដំណើរ​​​ការ​​​​​​ឧទ្ធរណ៍​​​ដែល​​​បាន​​​តម្កល់​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​របស់​​​លោក ទោះ​​​បី​​​ជា​​​លោក​​​បាន​​​សន្យា​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា នឹង​​​មិន​​​ប្រមាថ​​​​​​រដ្ឋាភិបាល​​​ម្តង​​​ទៀត​​​ក៏​​​ដោយ​​​។

ចាប់​​​តាំង​​​ពី​​​សាល​​​ក្រម​​​លើក​​​ដំបូង​​​មក​​​ សកម្មជន​​​រូប​​​នេះ​​​មិន​​​ហ៊ាន​​​ព្យាយាម​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ឡើយ​​​។

លោក​​​ មឿង សុន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា “ខ្ញុំ​​​នឹង​​​សប្បាយ​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ ប្រសិន​​​បើ​​​ខ្ញុំ​​​អាច​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កំណើត​​​វិញ​​​ យើង​​​បាន​​​រង់​​​ចាំ​​​អស់​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ …ខ្ញុំ​​​នឹង​​​រង់​​​ចាំ​​​​​​ព្រះមហាក្សត្រ​​​​​​ព្រះរាជ​​​ទាន​​​ការ​​​លើក​​​លេង​​​ទោស​​​ជា​​​ផ្លូវ​​​ការ​​​”។

ទាំង​​​លោក អៀង សុផាលែ្លត និង​​​លោក ស្រីុ ថាំរ៉ុង ដែល​​​សុទ្ធ​​​តែ​​​ជា​​​ជំនួយ​​​ការ​​​លោក​​​ ហ៊ុន សែន មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ លោក​​​មេធាវី ចាន់ដារ៉ា ​​​​​​​​​ដែល​​​ក៏​​​ជា​​​ទីប្រឹក្សា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដែរ​​​នោះ​​​បាន​​​​​​លើក​​​ឡើង​​​​​​ថា លោក​​​មិន​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​អំពី​​​ការ​​​សន្យា​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​សកម្ម​​​ជន​​​រូប​​​នេះ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺជា​​​ការ​​​សម្រេច​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី”។

លោក សម រង្ស៊ី ដែល​​​គ្រោង​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​កាល​​​ពី​​​យប់​​​មិញ​​​​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​​​​នឹង​​​សំណួរ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​​​​ឡើយ​​​។ លោក​​​ យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​មិន​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ទីក្រុង​​​គូឡាឡាំពួ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ការ​​​ជួប​​​ប្រជុំ​​​ជាមួយ​​​លោក មឿង​​​ សុន​​​ ទេ ។

លោក សុក សំអឿន មេធាវី​​​ការ​​​ពារក្តី​​​ដែល​​​តំណាង​​​ឲ្យ​​​លោក មឿង​​​ សុន អំឡុង​​​ពេល​​​បើក​​​សវនាការ​​​ កាល​​​ពីឆ្នាំ​​​២០០៩​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា លោក​​​​​​មិន​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​​​​ការ​​​ដែល​​​ថា​​​ អាច​​​មាន​​​ការ​​​ព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា ពេល​​​ណា​​​ដែល​​​លោក​​​បាន​​​ទាក់​​​ទង​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​ជាមួយ​​​លោក​​​ មឿង សុន ​​​នោះ​​​ថា “មក​​​ដល់​​​ឥឡូវ​​​នេះ​​​វា​​​មាន​​​រយៈ​​​ពេល​​​ជា​​​​​​ច្រើន​​​ឆ្នាំ​​​ហើយ​​​”៕ស៊ុយឈាង​​​ (រាយការណ៍​​​បន្ថែម​​​ដោយ Alex Willemyns)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស