41.3 C
Phnom Penh

សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​​លោក ដូរ៉ូសិនកូ នៅ​ក្រៅ​ឃុំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករ​ជន​ជាតិ​រុស្ស៊ី​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេចឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ម្សិលមិញ រយៈពេល​ជាង​១ខែ​បន្ទាប់ពី​លោក​បាន​ជាប់​ពន្ធនាគារ​​ក្នុង​ក្រុង​ព្រះសីហនុ ជុំវិញ​ការ​ដែល​លោក​មិន​បាន​​​បង្ហាញ​ខ្លួន​តាម​ដីកាកោះ​ហៅ​របស់​តុលាការ​ចំនួន​​ពីរ​លើក​ពាក់​ព័ន្ធ​វិវាទ​ជាមួយ​លោក សេរហ្គេ ប៉ូលុនស្គី អតីត​ដៃគូវិនិយោគ​របស់​ខ្លួន​។

លោក ឃុន លាងម៉េង ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បានមាន​ប្រសាសន៍​បន្ទាប់ពី​​សវនាការ​បិទ​ទ្វារ​​ថា ” យើង​បាន​សម្រេច​ដោះលែង​គាត់​ឲ្យនៅ​ក្រៅ​ឃុំ​”។

ដោយ​បដិសេធ​មិន​ធ្វើ​​​អត្ថា​ធិប្បាយបន្ថែម​ ​លោក​បានមានប្រសាសន៍​បន្ថែម​​​ថា ” គាត់​ជា​ពាណិជ្ជករ​ម្នាក់​ គាត់​មាន​អាសយដ្ឋាន​ពិត​ប្រាកដ​ គាត់​បាន​ប្រគល់​លិខិត​ឆ្លង​ដែន​ទៅ​តុលាការ ហើយ​គាត់​បាន​ប្រគល់ឯកសារ​ទាក់ទង​​​អចលនទ្រព្យ​របស់​គាត់​”។

យោង​តាម​លោក សម សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា គិតត្រឹម​ម៉ោង​៧​យប់​ម្សិលមិញ លោក ដូរ៉ូសិនកូ នៅ​ជាប់​ឃុំ​នៅ​ឡើយ​។

លោក សុផល ​បាន​មាន​ប្រសាសន៍​ថា ” យើង​រង់ចាំ​មើល​​ដីកា​ដោះលែង​របស់​សាលា​ឧទ្ធរណ៍​​ បន្ទាប់​មក​​​យើង​នឹង​ដោះលែង​គាត់​”។

លោក ដូរ៉ូសិនកូ អាយុ​៥៤​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្រុង​ព្រះសីហនុ​យូរ​មកហើយ​ក៏​មាន​សញ្ជាតិ​ខ្មែរផងនោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភោជនីយដ្ឋាន​ Snake House របស់​ក្រុម​គ្រួសារ​លោក​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា បន្ទាប់ពី​ខក​ខាន​មិន​បាន​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ចំនួន​ពីរ​លើក​ជំុវិញ​វិវាទ​មួយ​ក្នុង​ចំណោម​វិវាទ​ជាច្រើន​ជាមួយ​លោក ប៉ូលុនស្គី អាយុ​៤២​ឆ្នាំ​ដែល​គេ​ស្វែង​រក​ចាប់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​​ជា​ប្រទេស​កំណើត​របស់​លោក​ពាក់​ព័ន្ធការ​ចោទ​ប្រកាន់​ពីបទ​កិប​កេង​ប្រាក់​រាប់​លាន​ដុល្លារ​ផង​ដែរ។

បន្ទាប់ពី​ការ​ចាប់​ខ្លួន​ លោក ដូរ៉ូសិនកូ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះ​តាម​ការ​ចោទ​ប្រកាន់​ពីបទ​​ក្លែង​ហត្ថលេខា ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ​ និង​រំលោភ​សេចក្ដី​​ទុក​ចិត្ត​ ជា​បទ​ឧក្រិដ្ឋ​ដែល​តាម​ចោទ​ថា លោក​បាន​ឆបោក​ប្រាក់​១០​លាន​ដុល្លារ​ ដែល​លោក​ ប៉ូលុនស្គី បាន​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ក្រុម​ហ៊ុន​ Sea Snake Investment Group រួម​គ្នា​។ សំណើ​សុំនៅ​ក្រៅ​ឃុំដំបូង​របស់​លោក​​ត្រូវ​បាន​ច្រាន​ចោល​​ដោយ​សាលា​ដំបូង​ខេត្ត​កាលពី​ដើម​ខែ​នេះ។

បន្ទាប់ពី​​សាលា​ឧទ្ធរណ៍​បាន​ចេញ​សេចក្ដី​សម្រេច​កាលពី​ម្សិលមិញ លោក ណាច ទ្រី មេធាវី​​លោក ដូរ៉ូសិនកូ បាន​អះអាង​ថា លិខិត​ឆ្លង​ដែន​ និង​ឯកសារ​កាន់កាប់ដី​របស់​កូនក្ដី​លោក​ត្រូវ​បាន​ប្រគល់​ឲ្យ​ ហើយ​ថា ទឹក​ប្រាក់​ក្នុង​ចំនួន​មិន​ជាក់​លាក់​ត្រូវ​បាន​ដាក់​នៅ​តុលាការ​​ជា​ប្រាក់ធានា​ផង​ដែរ។

ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម ​លោក ណាច ទ្រី បាន​មាន​ប្រសាសន៍​ថា ” គាត់​មិន​អាច​គេច​ខ្លួន​ពី​ប្រទេស​កើត​ទេ ពីព្រោះ​​ពួកគេ​បាន​រក្សា​ទុក​លិខិត​ឆ្លង​ដែន អចលនទ្រព្យ និង​ភាគ​ហ៊ុន​របស់​គាត់​​”។

លោក អូសថេប អាយុ​៣៦​ឆ្នាំ ជាកូន​ប្រុស​របស់​លោក ដូរ៉ូសិនកូ ដែល​ក៏​ជា​អនុសេនីយ៍​ឯក​ក្នុង​កម្លាំង​នគរ​បាល​អន្តោ​ប្រវេសន៍​ខេត្ត​ព្រះសីហនុ​ផង​ដែរ​នោះ កាលពី​សប្ដាហ៍​មុន​បាន​អះ​អាង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក ប៉ូលុនស្គី បាន​ចំណាយ​ប្រាក់​​ចំនួន​២៥០.០០០​ដុល្លារ​ដល់​អាជ្ញាធរ​​ដើម្បី​ឲ្យ​គេ​ចាប់​ខ្លួន​ឪពុក​របស់​លោក ប៉ុន្តែ​​មិន​បាន​​ផ្ដល់​ភ័ស្តុ​តាង​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ខ្លួន​ឡើយ​។

កាលពី​ថ្ងៃសុក្រ លោក បែនសុន សម័យ មេធាវី​របស់​លោក ប៉ូលុនស្គី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ចោទ​ប្រកាន់​លោក អូសថេប ដូរ៉ូសិនកូ ពីបទ​បរិហារកេរ្តិ៍​ជុំវិញ​ការ​​​ចោទ​ប្រកាន់​ពីបទ​ផ្ដល់​សំណូក​​។គេ​មិន​អាច​ទាក់​ទង​លោក អូសថេប ដូរ៉ូសិនកូ បាន​ទេ​កាលពី​ម្សិលមិញ។

​ លោក​ កាស្បា៉ សេកូទីន មេធាវី​ម្នាក់​ទៀត​របស់​លោក​ ប៉ូលុនស្គី បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ការ​ដែល​ថា លោក ដូរ៉ូសិន​កូ ត្រូវ​បាន​ដោះលែង​នៅ​ក្រៅឃុំ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ចំពោះ​សាល​ក្រម​នេះ ពីព្រោះ​មាន​ករណី​ច្រើន​ណាស់​​ប្រឆាំង​រូប​គាត់​ ដោយ​មាន​ភ័ស្តុតាង​​រឹង​មាំ​​ទៀត​។ ប្រហែល​ជា​គាត់​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​តុលាការ​​ ហើយ​ឆ្លើយ​បំភ្លឺ​ ​ឬ​គាត់​អាច​មាន​ផែន​ការ​ផ្សេង​ទៀត​”៕ សារុន (រាយ​ការណ៍​បន្ថែម​ដោយ Matt Blomberg)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស