29 C
Phnom Penh

តុលាការ​សាកសួរ​អ្នក​ភូមិ​ជុំវិញ​ការ​ចាប់​អ្នក​បើក​បរ​ត្រាក់ទ័រ​ជា​ចំណាប់ខ្មាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ប្រាំពីរ​នាក់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ធ្វើការ​សាកសួរ​កាលពី​ម្សិលមិញ ជុំវិញ​ហេតុការណ៍​មួយ​កាល​ពី​ខែ​ធ្នូ ដែល​អំឡុង​ពេល​នោះ​ពួកគាត់​បាន​ចាប់​ត្រាក់​ទ័រ​ពីរ​គ្រឿង​ដែល​​ត្រូវបាន​ប្រើដើម្បី​​រាន​ដី​ដែល​មាន​វិវាទទុក​ ហើយ​បាន​ចាប់​​អ្នក​បើក​បរ​ជា​ចំណាប់​​ខ្មាំង។

ហេតុការណ៍​នេះបាន​កើត​ឡើង​​ពាក់​ព័ន្ធ​វិវាទ​ដីធ្លី​មួយ​រវាង​អ្នកភូមិជនជាតិ​ដើមភាគ​តិច​កួយ​៣៦៧​គ្រួសារ នៅ​ក្នុង​ស្រុក​ត្បែង​មាន​​ជ័យ ខេត្ត​ព្រះវិហារ និង​ក្រុម​ហ៊ុន​ចិន Lan Feng ដែល​ទទួល​បាន​ដីសម្បទាន​ទំហំ​៩.០០០​ហិកតា​ ដើម្បី​ធ្វើ​ចម្ការ​អំពៅ​កាលពី​ឆ្នាំ​២០១១​លើ​ដីដែល​អ្នកភូមិ​ជានជាតិ​ដើម​ភាគ​តិច​កួយ​និយាយ​ថា ពួកគាត់​បាន​រស់​នៅ​លើ​ដី​នោះ​ច្រើន​ទស​វត្សរ៍​មក​ហើយ។

អ្នកភូមិ​បាន​​ឲ្យ​អ្នក​បើក​បរ​ត្រាក់​ទ័រ​ពីរ​នាក់​ត្រឡប់​ទៅ​វិញបន្ទាប់ពី​ឃាត់ខ្លួន​មួយ​ថ្ងៃ​ ប៉ុន្តែ​បាន​ចាប់​គ្រឿង​ចក្រ​នោះ​ទុក។

យោង​តាម​​អ្នកភូមិ​ដែល​ត្រូវ​បាន​កោះ​ហៅ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Lan Feng បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពួក​គាត់​ពីបទ​បង្ខាំងមនុស្ស​​ខុស​ច្បាប់ និង​ប៉ុន​ប៉ង​មនុស្ស​ឃាត​តាម​ការ​ចោទ​ប្រកាន់ថា ប្រដាប់ដោយ​កាំបិត​គំរាម​អារ​ករ​អ្នក​បើក​បរ​ទៀត​ផង។

លោក​ រឿង ខាន់ តំណាង​សហគមន៍​បាន​មាន​ប្រសាសន៍​ថា អ្នកភូមិ​ប្រាំពីរ​នាក់​ត្រូវ​បាន​សាក​សួរ​កាលពី​ម្សិលមិញ ហើយ​ពីរ​នាក់​ទៀត​​គ្រោង​សាក​សួរ​នៅ​ថ្ងៃ​នេះ។

លោក ភូ ភេត ​អាយុ​៣៥​ឆ្នាំ ជាមនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​​ដែល​ត្រូវ​បាន​សាកសួរ​បាន​និយាយ​ថា ” តុលាការ​បាន​សួរ​ខ្ញុំ​ថា តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចាប់​ត្រាក់​ទ័រ​​ទុក​ និង​បង្ខាំង​អ្នក​បើក​បរ​​​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ពីព្រោះ​ពួកគេ​បានឈូស​ឆាយ​ដីស្រែ​របស់​ខ្ញុំ ហើយ​​ដោយសារ​យើង​បាន​ប្រាប់​​ពួក​គេ​ច្រើន​លើក​ច្រើន​សាមក​ហើយ ប៉ុន្តែ​ពួកគេ​មិន​ដែល​ស្ដាប់​ឡើយ​។ ហេតុ​ដូច្នោះ​ហើយ ​យើង​បាន​​ចាប់​ពួកគេ​ជា​ចំណាប់​ខ្មាំង​តែ​ម្ដង​ទៅ”។

លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ដែលបាន​ដឹកនាំ​ការ​សាកសួរ និង​ក្រុម​ហ៊ុន​ Lan Feng មិន​អាច​ទាក់​ទង​សុំ​​អត្ថាធិប្បាយ​បាន​ទេ៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស