28 C
Phnom Penh

របាយការ​ណ៍លើក​ឡើង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ការ​កាប់​ឈើ​ខុសច្បាប់ក្នុង​តំបន់ព្រៃឡង់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយ​បណ្ដាញ​សហ​គមន៍​ព្រៃឡង់​​បាន​ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋា​ភិបាល​​មូលដ្ឋាន និង​ថ្នាក់​ជាតិ​​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​កាប់​ឈើ​​ខុស​ច្បាប់​ដ៏រាល​ដាល​​ ដែល​បន្ត​បំផ្លាញ​ព្រៃឡង់​នៅ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។

ព្រៃទំហំ​៦៥០.០០០​ហិកតា​នេះ​ជាប់​ខេត្ត​ព្រះវិហារ​ កំពង់ធំ ក្រចេះ​​ និង​ខេត្ត​ស្ទឹង​ត្រែង​។ បើ​ទោះ​​សេចក្ដី​ព្រាង​អនុក្រឹត្យ​ដែល​ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​ នឹង​ផ្ដល់​ការ​ការ​ពារ​ដល់​ព្រៃ​នេះផ្លូវការ​​ក៏​ដោយ ក៏​​​មិន​មានការ​ការ​ពារខ្លាំងក្លា​​ប្រឆាំង​អ្នក​កាប់​ឈើ​នៅឡើយដែរ។

ចន្លោះ​ខែ​មេសា ឆ្នាំ​២០១៣ ដល់​ខែ​មករា ឆ្នាំ​២០១៤ បណ្ដាញ​នេះ​ដែល​ជា​សមាគម​សហគមន៍​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​បាន​ធ្វើ​សម្ភាសជាមួយ​​​មន្ត្រី​មូលដ្ឋាន អ្នកភូមិ និង​មេដឹកនាំ​សហគមន៍​ក្នុង​ឃុំ​ចំនួន​៣៣​ក្នុង​តំបន់​ព្រៃឡង់។

លទ្ធផល​នៃ​របាយការណ៍​​កត់​សម្គាល់​ថា ភាគច្រើន​នៃ​ការ​សន្និដ្ឋាន​ដែលបាន​បង្ហាញ​ធ្វើ​ឡើង​តាម​រយៈ​ការ​សម្ភាស​ មិន​មែន​តាម​ការ​ស្រាវ​ជ្រាវ​ផ្អែក​លើ​ភ័ស្តុ​តាង​នោះ បាន​ឲ្យ​ដឹង​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​ជាការ​គំរាម​កំហែង​ដ៏ធំ​ចំពោះព្រៃ​ឈើ​ដដែល​។

របាយ​ការណ៍​​បន្ថែម​ថា “គម្រោង​រួម​គ្នា​ទី២​បាន​មក​ពីការ​សន្ទនា​នៅ​ក្នុង​ឃុំទាំង​នេះ​ទាក់​ទង​នឹង​មន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន និង​ថា្នាក់​ជាតិ​ ពាណិជ្ជករ និង​អ្នក​មាន​អំណាច​ផ្សេងៗ​ទៀត​ ដែលរំលោភ​អំណាច​របស់ខ្លួន​ដើម្បី​កេង​យក​ប្រយោជន៍​ពី​ធន​ធាន​ព្រៃឡង់”។

យោង​តាម​លទ្ធផល​នៃ​របាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​ហ៊ុន​ចំនួន​៥៣​កំពុង​ប្រតិបត្តិ​ការ​​លើ​ដី​សម្បទាន​នៅ​ក្នុង​តំបន់​ព្រៃ​នេះ ហើយ​​ក្រុម​ហ៊ុន​ទាំង​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្លាញ​ព្រៃឈើដ៏​រាល​ដាល។

នៅ​ពេល​​ធ្វើ​របាយការណ៍​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ លោក ស ម៉ូរី អនុ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ដែល​បាន​ជួយ​ធ្វើ​របាយការណ៍​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា មន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន​កំពុង​ធ្វើ​ការ​ជាមួយ​អ្នក​រកស៊ី​ឈើ​​ឲ្យ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​រក​ឃើញ​ថា រោង​​អារ​ឈើ​ជាង​៤០​កន្លែង​​កំពុង​កែច្នៃ​ឈើ​ប្រណីត​ទៅ​ជាគ្រឿង​សង្ហារិម​នៅ​ក្នុង​​ព្រៃឡង់ ហើយ​ភាគ​ច្រើន​នៃ​រោងអារ​ឈើ​ទាំង​នោះ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​​មន្ត្រី​ឃុំ និង​ស្រុក​នៅ​ក្នុង​ខេត្ត​នីមួយៗ​ក្នុង​ចំណោម​ខេត្ត​ទាំង​បួននោះ​”។

បន្ថែម​ទៅ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់ លោក​ ម៉ូរី បាន​មាន​ប្រសាសន៍​ថា ដី​មួយ​ផ្នែក​ធំ​ត្រូវ​បាន​រាន​សម្រាប់​​ដី​​សម្បទាន​សង្គម​កិច្ច​ដើម្បី​ផ្ដល់​ដល់​គ្រួសារ​ក្រីក្រ​។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់​​​បាន​បែង​ចែក​ដី​នេះ​ទៅ​ឲ្យ​ក្រុម​អ្នក​ភូមិ​នៅ​ឡើយ​ទេ”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស