36 C
Phnom Penh

សវនាការ​ឯកសារ​បង្ហាញ​ការ​រំលោភ​ធ្វើ​បាប​ដោយ​ខ្មែរ​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ក្តី​ខ្មែរក្រហម​បាន​ស្តាប់​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​ថ្ងៃ​ទី​១​នៃ​សវនាការ​ឯកសារ​ក្នុង​ដំណាក់​ទី២​នៃ​សំណុំ​រឿង​០០២​ដឹង​ថា ប្រជាជន​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រស់​នៅ​ដូច “ទាសករ” និង “សត្វ​ធាតុ” អំឡុង​របប ប៉ុល ពត។

ភ័ស្តុតាង​ជាច្រើន​ទាក់ទិន​នឹង​ការ​សម្លាប់​និង​ការ​ធ្វើ​បាប​អតីត​ទាហាន លន់ នល់ ព្រះសង្ឃ និង​ប្រជាជន ដែល​ត្រូវ​ជម្លៀស “ដោយសេរី” អំឡុង​របប​នេះ ត្រូវ​បាន​បង្ហាញ​ដោយ​សហ​ព្រះរាជអាជ្ញា នៅ​ពេល​ដែល​ក្រុម​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​អាន​សេចក្តី​ដក​ស្រង់​ពី​បណ្តឹង​របស់​អ្នក​នៅ​រស់។

ក្រុម​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​អាន​បណ្តឹង​ពីកូន​ក្តី​ប្រាំ​នាក់​របស់​ខ្លួន ដែល​មិន​មាន​ឱកាស​ផ្តល់​សក្ខី​កម្ម​នៅ​ផ្នែក​ដំបូង​នៃ​ដំណាក់​កាល​ជំនុំ​ជម្រះ​នេះ ដែល​បាន​ផ្តោត​លើ​ស្រុក​ត្រាំកក់ ក្នុង​នោះ​មាន​ទាំង​កូន​ក្តី សុទ្ធ វ៉ា វ៉ាន ផង។

ម៉ារី ហ្គីរ៉ូដ សហ​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​អន្តរជាតិ បាន​អាន​បណ្តឹង​របស់​លោក វ៉ា វ៉ាន ថា “ជីវិត​ដូច​ជីវិត​ទាសករ។ ខ្មែរក្រហម​បាន​បង្ខំ​ប្រជាជន​ឲ្យ​ធ្វើការ​ដោយ​មិន​ឲ្យ​ឈប់​សម្រាក និង​បាន​ចោទ​ពួកគេ​ថា​ជា​ខ្មាំង។ ប្រជាជន​ត្រូវ​រស់​ដូច​សត្វ​ព្រៃ គ្មាន​អនាម័យ​និង​គ្មាន​ជម្រក”។

សវនាការ​ឯកសារ​ផ្តល់​ជូន​ភាគី​នានា​នូវ​ឱកាស​លើក​បង្ហាញ​សេចក្តី​សម្រាំង​នៃ​១០.០០០​ឯកសារ​ស្តីពី​សំណុំ​រឿង ដែល​ពួកគេ​យល់​ឃើញ​ថា​សំខាន់​បំផុត​សម្រាប់​ផ្នែក​នៃ​សំណុំ​រឿង​នេះ។

ដេល លីសាក ព្រះ​រាជអាជ្ញា​រង​ជាន់​ខ្ពស់ បាន​បង្ហាញ​ភ័ស្តុតាង​ប្រឆាំង នួន ជា និង ខៀវ សំផន ដែល​ត្រូវ​ជំនុំ​ជម្រះ​ពី​បទ​ឧក្រិដ្ឋកម្ម រួម​ទាំង​អំពើ​ប្រល័យ​ពូជសាសន៍​ផង បង្ហាញ​ការ​បញ្ជា​ត​គ្នា​តាម​ឋានានុក្រម​ក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា មាន​ទាំង​របាយការណ៍​មួយ​ពី តា អាន ប្រធាន​គុក​ក្រាំង​តា​ចេក អំពី​ការ​សួរ​ចម្លើយ​អ្នក​ទោស​ម្នាក់។

របាយការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​គុក​នេះ ដែល​មាន​មនុស្ស​ប្រមាណ​១៥.០០០​ស្លាប់ មាន​ខ្លឹមសារ​ថា “ពេល​ដែល​សមមិត្ត​របស់​យើង​ក្នុង​កងទ័ព​បាន​សួរ​ចម្លើយ​នាង នាង​ចេះ​តែ​យំ ហើយ​មុខ​របស់​នាង​ឡើង​ខ្មៅ ដែល​ជា​ការ​ធ្វើ​ពុត​របស់​នាង ហេតុ​ដូច្នេះ យោង​តាម​ការ​ពិនិត្យ​របស់​ខ្ញុំ មានតែ​ការ​ប្រើ​ធម៌​ក្តៅ​ទេ ទើប​នាង​សារភាព”។

របាយការណ៍​បន្ត​ទៀត​ថា “នៅ​ក្នុង​កន្លែង​ធ្វើការ​កងទ័ព​នៅ អង្គ​តាសោម មិន​មាន​កន្លែង​សម្ងាត់​ដើម្បី​ធ្វើការ​សួរ​ចម្លើយ​ដោយ​ស្រួល​ទេ ដូច្នេះ​ហើយ គេ​បាន​ដាក់​ស្នើ​ទៅ​បក្ស​សុំ​ព័ត៌មាន។ ពេលណា​បក្ស​សម្រេច ខ្ញុំ​រង់ចាំ​អនុវត្ត​សេចក្តី​សម្រេច​នេះ”។ សវនាការ​ឯកសារ​គ្រោង​ធ្វើ​បន្ត​នៅ​ថ្ងៃ​អង្គារ​នេះ​ទៀត៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស