សាលាក្តីខ្មែរក្រហមបានស្តាប់កាលពីថ្ងៃច័ន្ទក្នុងថ្ងៃទី១នៃសវនាការឯកសារក្នុងដំណាក់ទី២នៃសំណុំរឿង០០២ដឹងថា ប្រជាជនត្រូវបានគេបង្ខំឲ្យរស់នៅដូច “ទាសករ” និង “សត្វធាតុ” អំឡុងរបប ប៉ុល ពត។
ភ័ស្តុតាងជាច្រើនទាក់ទិននឹងការសម្លាប់និងការធ្វើបាបអតីតទាហាន លន់ នល់ ព្រះសង្ឃ និងប្រជាជន ដែលត្រូវជម្លៀស “ដោយសេរី” អំឡុងរបបនេះ ត្រូវបានបង្ហាញដោយសហព្រះរាជអាជ្ញា នៅពេលដែលក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណីអានសេចក្តីដកស្រង់ពីបណ្តឹងរបស់អ្នកនៅរស់។
ក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានអានបណ្តឹងពីកូនក្តីប្រាំនាក់របស់ខ្លួន ដែលមិនមានឱកាសផ្តល់សក្ខីកម្មនៅផ្នែកដំបូងនៃដំណាក់កាលជំនុំជម្រះនេះ ដែលបានផ្តោតលើស្រុកត្រាំកក់ ក្នុងនោះមានទាំងកូនក្តី សុទ្ធ វ៉ា វ៉ាន ផង។
ម៉ារី ហ្គីរ៉ូដ សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីអន្តរជាតិ បានអានបណ្តឹងរបស់លោក វ៉ា វ៉ាន ថា “ជីវិតដូចជីវិតទាសករ។ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការដោយមិនឲ្យឈប់សម្រាក និងបានចោទពួកគេថាជាខ្មាំង។ ប្រជាជនត្រូវរស់ដូចសត្វព្រៃ គ្មានអនាម័យនិងគ្មានជម្រក”។
សវនាការឯកសារផ្តល់ជូនភាគីនានានូវឱកាសលើកបង្ហាញសេចក្តីសម្រាំងនៃ១០.០០០ឯកសារស្តីពីសំណុំរឿង ដែលពួកគេយល់ឃើញថាសំខាន់បំផុតសម្រាប់ផ្នែកនៃសំណុំរឿងនេះ។
ដេល លីសាក ព្រះរាជអាជ្ញារងជាន់ខ្ពស់ បានបង្ហាញភ័ស្តុតាងប្រឆាំង នួន ជា និង ខៀវ សំផន ដែលត្រូវជំនុំជម្រះពីបទឧក្រិដ្ឋកម្ម រួមទាំងអំពើប្រល័យពូជសាសន៍ផង បង្ហាញការបញ្ជាតគ្នាតាមឋានានុក្រមក្នុងបក្សកុម្មុយនិស្តកម្ពុជា មានទាំងរបាយការណ៍មួយពី តា អាន ប្រធានគុកក្រាំងតាចេក អំពីការសួរចម្លើយអ្នកទោសម្នាក់។
របាយការណ៍ដែលចុះហត្ថលេខាដោយប្រធានគុកនេះ ដែលមានមនុស្សប្រមាណ១៥.០០០ស្លាប់ មានខ្លឹមសារថា “ពេលដែលសមមិត្តរបស់យើងក្នុងកងទ័ពបានសួរចម្លើយនាង នាងចេះតែយំ ហើយមុខរបស់នាងឡើងខ្មៅ ដែលជាការធ្វើពុតរបស់នាង ហេតុដូច្នេះ យោងតាមការពិនិត្យរបស់ខ្ញុំ មានតែការប្រើធម៌ក្តៅទេ ទើបនាងសារភាព”។
របាយការណ៍បន្តទៀតថា “នៅក្នុងកន្លែងធ្វើការកងទ័ពនៅ អង្គតាសោម មិនមានកន្លែងសម្ងាត់ដើម្បីធ្វើការសួរចម្លើយដោយស្រួលទេ ដូច្នេះហើយ គេបានដាក់ស្នើទៅបក្សសុំព័ត៌មាន។ ពេលណាបក្សសម្រេច ខ្ញុំរង់ចាំអនុវត្តសេចក្តីសម្រេចនេះ”។ សវនាការឯកសារគ្រោងធ្វើបន្តនៅថ្ងៃអង្គារនេះទៀត៕ និត