34 C
Phnom Penh

ដោយ​បារម្ភ​ពីការ​លក់ដី អ្នកភូមិ​ឡពាង​​ដាក់ញត្តិ​តាម​ស្ថានទូត​នានា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ប្រហែល​១០០​នាក់​មកពី​ខេត្ត​កំពង់ឆ្នាំងបាន​ហែ​ក្បួន​កាត់​តាម​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេសនានា​​ឲ្យ​ជួយ​រារាំង​ការ​លក់​ ឬ​ការ​អភិវឌ្ឍ​ដី​មាន​វិវាទនេះ​​ដែល​ត្រូវ​បាន​អះអាង​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន​របស់​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​​​រ៉ែ និង​ថាមពល។

បន្ទាប់ពី​មាន​វិវាទ​ជាច្រើន​ឆ្នាំ​រវាង​អ្នកភូមិឡពាងក្នុង​ស្រុក​កំពង់​ត្រឡាច និង​ក្រុម​ហ៊ុន KDC International ដែល​កាន់​កាប់​ដោយ​លោក​ស្រី ជា ខេង ភរិយា​របស់​លោក ស៊ុយ​ សែម មក

អ៊ុំ សុភី ​អ្នក​តំណាង​នៃ​អ្នក​ភូមិ​ឡពាង​ ខេត្ត​កំពង់​ឆ្នាំង​ កាន់​ញត្តិ​ខាង​ក្រៅ​ការិយាល័យ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ ក្នុង​ក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ​។ រូប​ថត​ៈ​ ស៊ីវ ចាន់​ណា​
អ៊ុំ សុភី ​អ្នក​តំណាង​នៃ​អ្នក​ភូមិ​ឡពាង​ ខេត្ត​កំពង់​ឆ្នាំង​ កាន់​ញត្តិ​ខាង​ក្រៅ​ការិយាល័យ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ ក្នុង​ក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ​។ រូប​ថត​ៈ​ ស៊ីវ ចាន់​ណា​

កាលពី​ឆ្នាំ​មុន​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នេះ​​បាន​ធ្វើ​​របងបេតុងជុំវិញ​​ព្រំប្រទល់​ដី​ដែល​ក្រុម​ហ៊ុន​អះ​អាង​ថា បាន​ទិញ​ដោយ​ស្រប​ច្បាប់។

ក្រុម​អ្នកភូមិ​និយាយ​ថា ពួកគាត់​បាន​រស់​នៅ​ និង​ធ្វើ​ស្រែចម្ការ​លើ​ដី​នេះ​ច្រើន​ទសវត្សរ៍​មក​ហើយ ​ធ្វើ​ឲ្យ​ពួកគាត់​ជា​ម្ចាស់​ដី​ស្រប​ច្បាប់។

អ្នក​ដែល​បាន​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​ថា ពួកគាត់​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ដោយ​សារ​តែ​មាន​ការ​លើក​​ស្លាក​សញ្ញា​ចំនួន​ប្រាំមួយ​នៅ​លើ​ដី​នោះ​ប្រហែល​ពីរ​សប្ដាហ៍មក​ហើយ ធ្វើ​​ឲ្យ​ពួកគាត់​មាន​ការ​បារម្ភ​ថា អ្នកស្រី ជា ខេង មាន​គម្រោង​លក់​ដី​នេះ​។

បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​ស្លាក​សញ្ញា​នោះ​នៅ​ស​ស្អាត​ក៏ដោយ ក៏​អ្នកស្រី​ អ៊ុំ សុភី ​តំណាង​អ្នកភូមិ​បាន​និយាយ​ថា ពួកគាត់​បាន​សម្រេច​ចាត់​វិធានការ​ទុក​ជាមុន​ដើម្បី​រារាំង​ក្រុម​ហ៊ុន​បរទេស​នានា​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុម​ហ៊ុន​ KDC។

អ្នកស្រី​ សុភី បាន​និយាយ​ថា “​ខ្ញុំ​មិន​​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់​លាក់​អំពី​ថា​តើ​ក្រុម​ហ៊ុន​នេះ​នឹង​លក់​ឬ​ជួល​ដី​នេះ​នៅ​ឡើយទេ ប៉ុន្តែ​ខ្ញុំ​​មាន​ការ​បារម្ភ​​ ពីព្រោះ​ខ្ញុំបាន​ឃើញ​ស្លាក​សញ្ញា​សស្អាត​ចំនួន​ប្រាំមួយដាក់​​​នៅ​លើ​ដី​នោះ”។

អម​ដោយ​សន្តិសុខ​រដ្ឋាភិបាល​ប្រហែល​១២​នាក់ អ្នកភូមិ​បាន​ដាក់​ញត្តិ​ទៅ​ការិយាល័យ​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប ព្រមទាំង​ស្ថានទូត​អាមេរិក​ និង​ស្ថានទូត​ចិន​ផង​ដែរ។

អ្នកស្រី សុភី បាន​និយាយ​ថា ” ខ្ញុំ​សង្ឃឹម​ថា ស្ថានទូត​ទាំង​អស់​នឹង​ប្រាប់​ប្រជាជន​របស់​ពួក​គេ​​កុំ​ឲ្យ​វិនិយោគ​ដី​​របស់​ក្រុម​ហ៊ុន KDC ពីព្រោះ​ក្រុម​ហ៊ុន​នេះ​បាន​រំលោភ​បំពាន​ និង​ចាប់​យក​ដី​របស់​អ្នកភូមិ​ក្នុង​សហគមន៍​ឡពាង”។

លោក ផាត់ ពៅសៀង មេធាវី​តំណាង​ក្រុម​ហ៊ុន​ KDC បាន​បដិសេធ​ថា អ្នកស្រី ជា​ ខេង មិន​មាន​គម្រោង​​លក់​ដី​ដែល​មាន​វិវាទ​នេះ​ទេ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ស្លាក​សញ្ញា​នោះ​ដាក់​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន​បាន​ដាក់​ស្លាកសញ្ញា​នៅ​លើ​ដី​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​អភិវឌ្ឍន៍។ ខ្ញុំ​ប្រាកដ​ថា ស្លាក​សញ្ញា​នោះ​មិន​មែន​ដាក់​ដើម្បី​លក់​ដី​​ឡើយ”។

កាលពី​ខែ​កញ្ញា គណៈកម្មការ​សិទ្ធិ​មនុស្ស​្​រដ្ឋសភា​ដែលមានលោក អេង ឆៃអា៊ង សមា​ជិក​សភា​គណបក្ស​ប្រឆាំងជាប្រធាននោះ ​​បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​ដីធ្លី​នេះ ហើយ​បាន​សន្យា​ជួយ​រក​ដំណោះ​ស្រាយ​ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន។

ទោះ​ជាយ៉ាង​ណា រយៈ​ពេល​ជាង​៧​ខែ​ក្រោយ​មក និង​បន្ទាប់ពី​ជំនួប​ជាមួយ​តំណាង​អ្នកភូមិ​​ ក្រុម​ហ៊ុន​ និង​មន្ត្រី​មូលដ្ឋាន​មក លោក​ អេង ឆៃអ៊ាង បាន​ចង្អុល​បង្ហាញ​កាលពី​ម្សិលមិញ​ថា គណៈកម្មការ​នេះ​មាន​ភាព​ជោគជ័យ​​តិច​តួច​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើងបាន​​ប្រមូល​សំណើ​ទាមទារ​សំណង​ពី​ក្រុម​អ្នកភូមិ​រួច​ហើយ ហើយ​យើង​នឹង​យក​សំណើ​នេះ​ទៅពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន ហើយ​បន្ទាប់​មក​យើង​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ទាំង​ពីរ​ចរចា​គ្នា។ គណៈកម្មការ​​មិន​មែន​ជា​អ្នក​ដោះស្រាយ​ទេ យើង​គ្រាន់​តែ​ជា​អ្នក​សម្រុះ​​សម្រួល​​ប៉ុណ្ណោះ”។

កាលពី​ខែ​កក្កដា លោក សុរិយា ស៊ូបេឌី ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន KDC ផ្អាក​​ការ​អភិវឌ្ឍរហូត​ដល់​មាន​ដំណោះ​ស្រាយ​ប្រកប​ដោយ​តម្លាភាព​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​មិន​ត្រូវ​​បាន​ក្រុម​ហ៊ុន​យក​ចិត្ត​ទុក​ដាក់​ឡើយ។​

លោកស្រី វា៉នហៀ លី តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​របស់​លោកស្រី​កំពុង​ឃ្លាំ​មើល​ករណី​នេះ​យ៉ាង​ដិត​ដល់​។

លោកស្រី​ លី បាន​លើក​ឡើង​តាមអុីម៉េល​ថា ” យើង​បន្ត​តាម​ឃ្លាំ​មើល​ស្ថាន​ការណ៍​នេះ និង​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​ចាំបាច់​។ ទោះ​ជាយ៉ាង​ណា យើង​នឹង​មិន​ជ្រៀត​ជ្រែក​​ខណៈដែល​ការ​ចរចា​កំពុង​បន្ត​នោះ​ឡើយ។ យើង​នឹង​ពិនិត្យ​មើល​ស្ថានការណ៍​នេះ​ ដោយសារ​​សហ​គមន៍​​បាន​ធ្វើ​ការ​តវា៉​ជាថ្មី​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Colin Meyn)

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស