បន្ទាប់ពីការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុនក្នុងការរារាំងមេដឹកនាំសង្គមស៊ីវិល ដែលត្រូវបានជ្រើសរើសដោយឯករាជ្យមិនឲ្យធ្វើជាតំណាងកម្ពុជាសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (ACSC) ប្រធានសន្និសីទនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលមួយចំនួនបានធ្វើឲ្យ “មានការខកចិត្តយ៉ាងខ្លាំង”។
ទោះបីជាមានការជ្រើសរើសលោកស្រី ធីតា ឃឹះ ប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយដោយអង្គការសង្គមស៊ីវិលកាលពីដើមខែនេះ ដើម្បីធ្វើជាតំណាងកម្ពុជាសម្រាប់កិច្ចប្រជុំ ដែលធ្វើឡើងនៅក្នុងទីក្រុងគូឡាឡាំពួក៏ដោយ តែក្រសួងការបរទេសបានច្រានចោលការសម្រេចនេះ ហើយបានជ្រើសរើសលោក ដួង វីរ័ត្ន អតីតប្រធាននាយកដ្ឋាន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងសិទ្ធិមនុស្សនៃទីស្តីការគណៈរដ្ឋមន្ត្រីជំនួសវិញ។
នៅក្នុងកិច្ចសម្ភាសមួយកាលពីម្សិលមិញ លោក ជេរ៉ល ចូសេហ្វ (Jerald Joseph) ប្រធានសន្និសីទសង្គមស៊ីវិលអាស៊ានបានលើកឡើងថា ប្រទេសកម្ពុជា និងសិង្ហបុរី គឺជាប្រទេសតែពីរគត់នៅក្នុងតំបន់ដែលបញ្ជូនតំណាងរបស់ខ្លួន ដោយគ្មានការជ្រើសរើសពីអង្គការមូលដ្ឋាន។
លោកបានមានប្រសាសន៍ថា “យើងបានសង្ឃឹមថា រដ្ឋាភិបាលទាំងអស់នឹងគោរពតាមដំណើរការនៃការធានាឲ្យមានអង្គការសង្គមស៊ីវិលឯករាជ្យចូលរួមពិភាក្សាជាមួយមេដឹកនាំ [ប្រទេស] សមាជិកអាស៊ាន។ តែជាអកុសល រដ្ឋាភិបាលកម្ពុជាមិនបានធ្វើដូច្នេះឡើយ”។
លោកបានមានប្រសាសន៍បន្ថែមថា “ប្រសិនបើអ្នកចង់ចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំប្រទេសនីមួយៗ អ្នកចាំបាច់ត្រូវតែជ្រើសរើសអង្គការមិនមែនរដ្ឋាភិបាលពិតប្រាកដដើម្បីផ្តល់ឲ្យអ្នកនូវការវាយតម្លៃដ៏ត្រឹមត្រូវ និងស្មោះត្រង់បំផុតអំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ មិនមែនអ្នកដែលនឹងនិយាយត្រាប់ ឬនិយាយពីអ្វីដែលអ្នកចង់ឮនោះទេ”។ លោកបានបន្ថែមថា ប្រទេសកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបីដែលមិនបញ្ជូនតំណាងដែលត្រូវបានជ្រើសរើសដោយឯករាជ្យដើម្បីចូលរួមព្រឹត្តិការណ៍កាលពីឆ្នាំមុនផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃច័ន្ទ លោក ចូសេហ្វ បានមានប្រសាសន៍ថា “នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ចាប់តាំងពីសន្និសីទសង្គមស៊ីវិលអាស៊ានលើកទី១នៅក្នុងទីក្រុងគូឡាឡាំពួមក កិច្ចប្រជុំនេះពុំសូវមានដំណើរការទៅមុខដោយរលូនឡើយ ហើយតែងតែត្រូវបានធ្វើឲ្យខកចិត្តយ៉ាងខ្លាំងដោយរដ្ឋាភិបាលមួយចំនួនជាច្រើនលើកច្រើនសារ”។
លោកស្រី ធីតា ឃឹះ ដែលជានាយការអង្គការសីលការ និងជាសកម្មជនការពារសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប បានលើកឡើងថា លោកស្រីត្រូវបានគេជូនដំណឹងថា លោកស្រីនឹងមិនត្រូវបានជ្រើសរើសឲ្យធ្វើជាតំណាងកម្ពុជាឡើយប្រាំថ្ងៃមុនសន្និសីទកាលពីសប្តាហ៍មុន។
លោកស្រីបានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជាឡើយមិនបានចាត់ទុកយើងជាស្ថាប័ន ឬតួអង្គសំខាន់ឡើយ។ ពួកគេធ្វើការជ្រើសរើសតាមតែចិត្តឯង ហេតុដូច្នេះវាមិនមែនជាតំណាងឯករាជ្យរបស់អង្គការសង្គមស៊ីវិលឡើយ”។
ពេលទាក់ទងកាលពីម្សិលមិញ លោក វីរ័ត្ន បានលើកឡើងថា បច្ចុប្បន្នលោកមិនមែនធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រីឡើយដោយបង្វែរសំណួរអំពីដំណើរជ្រើសរើសនេះទៅលោក សួង ហួត ប្រធានសមាគមអ្នកអប់រំជាតិដើម្បីអភិវឌ្ឍន៍។
លោក សួង ហួត បានលើកឡើងថា អង្គការ”សង្គមស៊ីវិលកម្ពុជា” ជាសម្ព័ន្ធអង្គការដែលលោកនិយាយថា រួមមានអង្គការសង្គមស៊ីវិលប្រមាណ២០០បានជ្រើសរើសលោក វីរ័ត្ន ឲ្យទៅចូលរួមសន្និសីទនេះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើនិយាយអំពីអង្គការសង្គមស៊ីវិល វាមានអង្គការខុសៗគ្នា។ អង្គការរបស់ខ្ញុំបានជ្រើសរើសលោក វីរ័ត្ន ហើយអង្គការរបស់លោកស្រី ធីតា ឃឹះ បានជ្រើសរើសលោកស្រី ប៉ុន្តែ បុគ្គលដែលត្រូវបានជ្រើសត្រូវតែមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងការបរទេស”។
គេមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសបានឡើយ៕ ស៊ុយឈាង