កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់សមាជិករណសិរ្សរំដោះជាតិខ្មែរ១០រូបដែលជាប់ពន្ធនាគារ ជាក្រុមតស៊ូមតិផ្នែកនយោបាយដែលប្រឆាំងគណបក្សប្រជាជនកម្ពុជា ដោយលើកឡើងថា ចាំបាច់ត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀត។

សមាជិក១០រូបរបស់រណសិរ្សរំដោះជាតិខ្មែរត្រូវបានចាប់ខ្លួនកាលពីខែតុលា និងចោទប្រកាន់ពីបទញុះញង់ឲ្យមានការប្រើអំពើហិង្សាពាក់ព័ន្ធការចែកចាយសារបែបអុជអាល និងមានផែនការតវ៉ានៅមុខស្ថានទូតវៀតណាមនៅក្នុងរាជធានីភ្នំពេញ។
នៅក្នុងសវនាការបិទទ្វារនៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ លោកចៅក្រម ភូ ពៅស៊ុន បានតម្កល់សេចក្ដីសម្រេចនោះដោយឲ្យបុរសទាំងនេះជាប់ពន្ធនាគារដដែលដើម្បីរង់ចាំការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ។
ចៅក្រម ពៅស៊ុន បានមានប្រសាសន៍តាមទូរស័ព្ទបន្ទាប់ពីសវនាការថា ” យើងបានតម្កល់សាលក្រមប្រឆាំងការសុំនៅក្រៅឃុំនេះ ពីព្រោះយើងមិនទាន់បានបញ្ចប់ដំណើរការស៊ើបអង្កេតនៅឡើយទេ។ ដូច្នេះ យើងចាំបាច់ស្វែងរកភ័ស្តុតាងដើម្បីដាក់បន្ទុក ឬដោះបន្ទុករបស់ពួកគេជាមុនសិន”។
លោកចៅក្រម ពៅស៊ុន បានមានប្រសាសន៍ថា បុរសទាំង១០នាក់នេះអាចប្ដឹងទាស់ទៅតុលាការកំពូលបាន ប្រសិនបើពួកគេចង់ប្ដឹង ប៉ុន្តែលោកបានលើកឡើងថា ការប្ដឹងទាស់បែបនេះអាចពន្យារពេលដល់នីតិវិធីរបស់តុលាការក្នុងការនាំពួកគេទៅជំនុំជម្រះ។
លោកបានមានប្រសាសន៍ថា ” ប្រសិនបើពួកគេមិនទទួលយកទេនោះ ពួកគេអាចប្ដឹងឧទ្ធរណ៍បាន ប៉ុន្តែប្រសិនបើពួកគេទទួលយក តុលាការនឹងបន្តការស៊ើបអង្កេត”។
កាលពីថ្ងៃទី២១ ខែមេសា បុរសទាំងនេះបានសម្រេចចូលរួមសវនាការសាលាឧទ្ធរណ៍ស្ដីពីសំណើសុំនៅក្រៅឃុំរបស់ខ្លួនដោយមិនមានវត្តមានមេធាវីរបស់ខ្លួនគឺលោក ជូង ជូងី ដែលនៅពេលនោះលោកជាប់រវល់នៅសាលាដំបូងរាជធានី។
លោក ជូង ជូងី បានមានប្រសាសន៍កាលពីម្សិលមិញថា “ពួកគេអន្ទះសាចង់ទទួលបានយុត្តិធម៌ ដូច្នេះហើយពួកគេមិនបានរង់ចាំខ្ញុំទេ។ ពួកគេគួរតែរង់ចាំសិន”។
អ្នកប្រឆាំងទាំងនេះរួមមាន លីវ យី អាយុ៣០ឆ្នាំ ឃុន ណាគង់ អាយុ២៩ឆ្នាំ ឈុន ឆាត អាយុ៣០ឆ្នាំ ច្រាច មុជ អាយុ២៤ឆ្នាំ ឡាត់ លីហេង អាយុ២២ឆ្នាំ ចាន់ ស្នា អាយុ២៧ឆ្នាំ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ អាន ចាន់ អាយុ៣៥ឆ្នាំ ចាន់ រ៉ា អាយុ២៣ឆ្នាំ និង ឆាយ វិត អាយុ៤០ឆ្នាំ ដែលពួកគេភាគច្រើនជាកម្មករ និងកសិករ ហើយពីដំបូងត្រូវបានចោទប្រកាន់ពីបទព្យាយាមផ្ដួលរំលំរដ្ឋាភិបាលកាលពីឆ្នាំមុន”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោកផ្ទាល់បានចាត់ទុករណសិរ្សរំដោះជាតិខ្មែរថា ជាក្រុមភេរវកម្ម និងលោក សម សេរី មេដឹកនាំរបស់ក្រុមនេះដែលរស់នៅនិរទេសខ្លួនឯងក្នុងប្រទេសដាណឺម៉ាក ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងផែនការដាក់គ្រាប់បែកកាលពីឆ្នាំ២០០៩ក្នុងរាជធានីភ្នំពេញ។
សមាជិករណសិរ្សរំដោះជាតិខ្មែរមួយក្រុម១៣នាក់ផ្សេងទៀត បច្ចុប្បន្ននេះកំពុងប្ដឹងឧទ្ធរណ៍ពីការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំពោះផែនការផ្ដួលរំលំរដ្ឋាភិបាល ដែលត្រូវបានសម្រេចកាលពីខែមេសាឆ្នាំមុន បន្ទាប់ពីសវនាការជំនុំជម្រះរយៈពេល១៥នាទីនៅសាលាដំបូងរាជធានី។
បន្ទាប់ពីសវនាការជំនុំជម្រះនៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ សមាជិកទាំង១០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែតុលានោះ បានស្រែកថា “អយុត្តិធម៌” ខណៈដែលពួកគេត្រូវបាននគរបាលនាំខ្លួនទៅកាន់បន្ទប់រង់ចាំ ដើម្បីបញ្ជូនខ្លួនទៅពន្ធនាគារព្រៃសវិញ។
បុរសម្នាក់បានអំពាវនាវឲ្យលោក ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងធ្វើអន្តរាគមន៍ក្នុងរឿងក្ដីរបស់ខ្លួនចំពេលដែលមានទំនាក់ទំនងនយោបាយល្អប្រសើរឡើងវិញ។
លោក លី ហេង ដែលមានអាយុក្មេងជាងគេនៅក្នុងក្រុមនេះបាននិយាយថា “ខ្ញុំសង្ឃឹមថា សម្ដេច ហ៊ុន សែន និងឯកឧត្ដម សម រង្ស៊ី នឹងបន្ត ‘វប្បធម៌នៃការសន្ទនា’ ដើម្បីដោះលែងពួកយើង”។
លោកបានបន្ថែមថា “វប្បធម៌នៃការសន្ទនាបានបញ្ចប់វិបត្តិនយោបាយ ដូច្នេះហេតុអ្វីយើងជាអ្នកស្នេហាជាតិនៅជាប់ពន្ធនាគារដដែលនោះ?។ ករណីរបស់យើងគឺជាករណីនយោបាយ ដូច្នេះយើងគួរត្រូវបានដោះលែង”៕ សារុន