ប័ណ្ណសារ

សាលា​ឧទ្ធរណ៍​បដិសេធ​មិន​ផ្តល់​ការ​នៅក្រៅ​ឃុំដល់​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០រូប

By

April 29, 2015

កាលពី​ម្សិលមិញ សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​​​របស់​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​រូប​ដែល​ជាប់​ពន្ធនាគារ​ ជា​ក្រុម​តស៊ូ​មតិ​ផ្នែក​នយោបាយ​ដែល​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លើក​ឡើង​ថា ចាំបាច់​​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​។

សមាជិក​រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ​ ត្រូវ​បណ្តើរ​ចេញ​ពី​បន្ទប់​សវនាការ​ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ​។ រូប​ថត​ៈ​ ស៊ីវ​ ចាន់​ណា​

សមាជិក​១០​រូប​របស់​រណសិរ្សរំដោះ​ជាតិ​ខ្មែរ​​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​តុលា និង​​​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ពាក់​ព័ន្ធ​ការ​ចែក​ចាយ​សារ​បែប​អុជ​អាល​ និង​មានផែនការ​​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​វៀត​ណាម​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ។

នៅ​ក្នុង​សវនាការ​បិទ​ទ្វារ​នៅ​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ លោកចៅក្រម​​ ភូ ពៅស៊ុន បាន​តម្កល់​សេចក្ដី​សម្រេចនោះ​​ដោយ​​ឲ្យ​បុរស​ទាំង​នេះ​​ជាប់​ពន្ធនាគារដដែល​ដើម្បី​​រង់​ចាំ​ការ​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

ចៅក្រម​ ពៅស៊ុន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​បន្ទាប់ពី​សវនាការ​ថា ” យើង​បាន​តម្កល់​សាល​ក្រម​ប្រឆាំង​ការ​សុំ​នៅ​ក្រៅឃុំ​នេះ ពីព្រោះ​យើង​មិន​ទាន់​បាន​បញ្ចប់​ដំណើរ​ការ​ស៊ើបអង្កេត​នៅ​ឡើយ​​ទេ។ ដូច្នេះ​​ យើង​ចាំបាច់​ស្វែង​រក​ភ័ស្តុតាង​ដើម្បី​ដាក់​បន្ទុក​ ឬ​ដោះ​បន្ទុក​របស់​ពួកគេ​ជាមុន​សិន​”។

លោក​ចៅក្រម ពៅស៊ុន បានមាន​ប្រសាសន៍​ថា បុរស​ទាំង​១០​នាក់​នេះ​អាច​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​បាន ​ប្រសិន​បើ​ពួកគេ​ចង់​ប្ដឹង​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ការ​ប្ដឹង​ទាស់​បែប​នេះ​អាច​​​ពន្យារ​ពេលដល់​​​នីតិ​វិធី​​របស់​តុលាការ​​ក្នុង​ការ​នាំ​ពួកគេ​ទៅ​ជំនុំជម្រះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​ពួកគេ​មិន​ទទួល​យក​ទេ​នោះ ពួកគេ​អាច​ប្ដឹង​ឧទ្ធរណ៍បាន ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ទទួល​យក​ តុលាការ​នឹង​បន្ត​ការ​ស៊ើបអង្កេត​​”។

កាលពី​ថ្ងៃទី​២១ ខែ​មេសា បុរស​ទាំង​នេះ​​បាន​សម្រេច​​​ចូល​រួម​សវនាការ​សាលាឧទ្ធរណ៍​ស្ដីពី​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ខ្លួន​​ដោយ​មិន​មាន​វត្តមាន​មេធាវី​របស់ខ្លួនគឺលោក ជូង ជូងី ដែល​នៅ​ពេល​នោះ​លោក​​​​ជាប់​រវល់​នៅ​សាលា​ដំបូង​រាជធានី។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ពួកគេ​អន្ទះសា​ចង់​​ទទួលបាន​​យុត្តិធម៌ ដូច្នេះ​ហើយពួកគេ​មិន​បាន​រង់​ចាំ​ខ្ញុំ​ទេ។ ពួកគេ​គួរ​តែ​រង់ចាំ​សិន”។

អ្នកប្រឆាំងទាំង​នេះ​រួមមាន លីវ យី អាយុ​៣០​ឆ្នាំ ឃុន ណាគង់ អាយុ​២៩​ឆ្នាំ ឈុន ឆាត អាយុ​៣០​ឆ្នាំ ច្រាច​ មុជ អាយុ​​​​២៤​ឆ្នាំ ឡាត់ លីហេង អាយុ​២២​ឆ្នាំ ចាន់ ស្នា អាយុ​២៧​ឆ្នាំ ឈឹម ស្ម័គ្រ អាយុ​៥៧​ឆ្នាំ អាន ចាន់ អាយុ​៣៥​ឆ្នាំ ចាន់​ រ៉ា អាយុ​២៣​ឆ្នាំ និង​ ឆាយ វិត អាយុ​៤០​ឆ្នាំ ដែលពួកគេ​​ភាគ​ច្រើន​ជា​កម្មករ​ និង​កសិករ​ ហើយពី​ដំបូង​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​មុន​”។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​លោក​ផ្ទាល់​បាន​ចាត់​ទុក​រណសិរ្សរំដោះ​ជាតិ​ខ្មែរ​​ថា ជា​ក្រុម​ភេរវកម្ម​ និងលោក សម សេរី មេដឹកនាំ​របស់​ក្រុម​នេះ​ដែល​រស់​នៅ​និរទេស​ខ្លួនឯង​ក្នុង​ប្រទេស​ដាណឺម៉ាក ត្រូវ​បាន​ចោទ​​ប្រកាន់​ពីបទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ផែនការ​​ដាក់​គ្រាប់​បែក​កាល​ពី​ឆ្នាំ​២០០៩​ក្នុង​រាជធានី​ភ្នំពេញ។

​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​មួយ​ក្រុម​១៣​នាក់ផ្សេងទៀត​​ ​បច្ចុប្បន្ន​នេះ​កំពុង​ប្ដឹង​​ឧទ្ធរណ៍​​ពី​ការ​​​ផ្ដន្ទាទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ចំពោះ​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​សម្រេច​កាលពី​ខែ​មេសា​ឆ្នាំ​មុន បន្ទាប់ពី​សវនាការ​ជំនុំជម្រះ​រយៈ​ពេល​១៥​នាទី​នៅ​សាលា​ដំបូង​រាជធានី​។

​បន្ទាប់ពី​សវនាការជំនុំជម្រះ​​នៅ​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ សមាជិក​ទាំង​១០​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​តុលា​នោះ បាន​ស្រែក​ថា “អយុត្តិធម៌” ខណៈ​ដែល​ពួកគេ​​ត្រូវ​បាន​​នគរ​បាល​នាំខ្លួន​ទៅ​កាន់​បន្ទប់​​រង់ចាំ​ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃស​វិញ​។

បុរស​​ម្នាក់បាន​អំពាវ​នាវ​ឲ្យ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​ធ្វើ​អន្តរាគមន៍​ក្នុង​រឿងក្ដី​របស់​ខ្លួនចំពេល​ដែល​មាន​ទំនាក់​ទំនង​នយោបាយ​ល្អប្រសើរ​ឡើង​​វិញ​។

លោក លី ហេង ដែល​មាន​អាយុ​ក្មេង​ជាង​គេ​នៅ​ក្នុង​ក្រុម​នេះ​​​​បាន​​និយាយ​ថា “ខ្ញុំ​សង្ឃឹម​ថា សម្ដេច​ ហ៊ុន សែន និង​ឯក​ឧត្ដម​ សម រង្ស៊ី នឹង​បន្ត​​ ‘វប្បធម៌​នៃ​ការ​សន្ទនា’ ​​ដើម្បី​ដោះ​លែង​ពួក​យើង​”។

លោក​បាន​បន្ថែម​ថា “វប្បធម៌​នៃ​ការ​សន្ទនា​បាន​បញ្ចប់​វិបត្តិ​នយោបាយ​​ ដូច្នេះ​​​ហេតុ​អ្វី​យើង​ជា​អ្នក​ស្នេហា​ជាតិ​នៅ​ជាប់​ពន្ធនាគារដដែល​​នោះ?។ ករណី​របស់​យើង​​គឺ​ជា​ករណី​នយោបាយ​ ដូច្នេះ​យើង​គួរ​ត្រូវ​បាន​ដោះលែង​”៕ សារុន​