32 C
Phnom Penh

អ្នក​នាំពាក្យ គ.ជ.ប.ថ្មី​រំពឹង​ថា ជប៉ុន​នឹង​ជួយ​ផ្ដល់​មូលនិធិ​ដល់​ស្ថាប័ន​បោះ​ឆ្នោត​ដែល​ត្រូវបាន​ធ្វើ​កំណែទម្រង់​មួយ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​ ហង្ស ពុទ្ធា អ្នកនាំាពាក្យ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​រំពឹង​ថា ប្រទេស​ជប៉ុន​​​នឹង​ជួយ​ផ្ដល់​មូលនិធិ​ដល់​ស្ថាប័ន​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ធ្វើ​កំណែទម្រង់​ថ្មី​នេះ​ ហើយ​លោក​បាន​លើក​ឡើង​ថា អ្នក​ជំនាញ​ខាង​បោះ​ឆ្នោត​​ជប៉ុន​មួយ​រូប​នឹង​​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែ​ក្រោយ​។

លោក​បាន​​​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​គិត​ថា ជប៉ុន​នឹង​ចាប់​ផ្ដើម​​​បរិច្ចាគ​ដល់​ គ.ជ.ប. ​ចាប់​ពី​រយៈពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​​” ហើយ​លោក​មិន​ប្រាកដ​ថា រយៈ​ពេល​នោះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ។

ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​គ្រោង​​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ហើយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ក្រោយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​ឆ្នាំ​២០១៨។

លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ឯក​អគ្គរាជទូត​ជប៉ុន​​ប្រចាំ​កម្ពុជា​បាន​​សន្យា​ថា អ្ន​ក​ជំនាញ​ខាង​បោះ​ឆ្នោត​នឹង​មក​ដល់​កម្ពុជា​​នៅ​ខែក្រោយ​។ លោក​ថ្លែង​ថា “​យើង​នឹង​ពិភាក្សា​​​អំពី​គម្រោង​ពេល​វេលា​សម្រាប់​ការ​បោះ​ឆ្នោត​ ហើយ​ពេល​នោះ​​ជប៉ុន​នឹង​មើល​ឃើញ​​​រយៈ​ពេល​នោះ​…​ការ​គាំទ្រ​របស់​ពួកគេ​​ [គឺ​ត្រូវ​ការ​ជាចាំបាច់​]”។

លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ពេល​នេះ​ គ.ជ.ប.ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ដើម​ខែ​នេះ ធ្វើ​សកម្មភាព​កោះ​ប្រជុំ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ ប៉ុន្តែ​មិន​ទាន់​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ជ្រើសរើស​​បេក្ខភាព​ជំនួស​តំណែង​​លោក ទេព នីថា ​អគ្គលេខាធិការ​ គ.ជ.ប.​ ដែល​មាន​ស្រាប់​នៅ​ឡើយ​ទេ។

លោក​បាន​លើក​ឡើង​​ទៀត​ថា “​លក្ខខណ្ឌ​ និង​វិធី​សាស្ត្រ​ជ្រើស​រើស​អគ្គលេខាធិការ​មិន​ទាន​់​មាន​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ​ទេ”៕ សុខុម​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស